គម្រោងអភិវឌ្ឍន៍របស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា តែងតែបានដើរតួជាមូលដ្ឋានគ្រឹះ ក្នុងការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តុំនៃសេវាជំនួយសម្រាប់ការអភិវឌ្ឍសង្គម ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ច ។
ប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៦៧មកម្ល៉េះ ហើយបានប្រារព្ធខួបទី៥០ នៃទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៧ ។
ដំណើរការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនេះ តែងតែធ្វើការផ្តោតសំខាន់ខ្លាំងទៅលើ សសរស្តម្ភធំៗ៣គឺ ការអភិវឌ្ឍ ធុរកិច្ច និងភាពជាដៃគូវប្បធម៌។ ក្នុងគោលបំណងជម្រុញដល់វឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ការពង្រឹងវិស័យសុខាភិបាល ក៏ដូចជា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សង្គមស៊ីវិល និងរដ្ឋបាលសាធារណៈ។
ដោយទទួលបានការគាំទ្រពី ក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានកម្មវិធីជាច្រើនត្រូវបានបង្កើតឡើង ដោយផ្តោតសំខាន់ទៅលើ កម្មវិធីពង្រឹងសមត្ថភាព វគ្គបណ្តុះបណ្តាលដើម្បីអនុវត្តគម្រោង ក៏ដូចជា ការផ្តល់ជំនួយ និងលទ្ធភាពទទួលបានប្រាក់កម្ចី ដែលអនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់អាល្លឺម៉ង់ (GIZ) និងអង្គការមិនមែនរដ្ឋាភិបាល ដូចជា Brot feur die Welt និងមូលនិធិអង្គការនយោបាយនានា ដែលបានយកគម្រូតាមមូលនិធិ Konrad-Adenauer។
សកម្មភាពទាំងអស់នេះ ធ្វើឱ្យដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា កាន់តែប្រសើរ ដោយឈានទៅរកការរីកចម្រើន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កម្មវិធីអភិវឌ្ឍន៍ទាំងនេះ បានលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនជាងមួយលានគ្រួសារ នៅតាមតំបន់ជនបទ ដែលជាលទ្ធផលនៃជំនួយប្រមាណ៣៧លានអឺរ៉ូ នៅក្នុងមូលនិធិអភិវឌ្ឍន៍ ដែលផ្តល់ដោយប្រទេសអាល្លឺម៉ង់ នៅក្នុងឆ្នាំ ២០១៧ និង ២០១៨។
អាល្លឺម៉ង់មានចក្ខុវិស័យច្បាស់លាស់ ក្នុងការពង្រឹងវិស័យធុរកិច្ចជាមួយកម្ពុជា តាមរយៈការផ្តល់ជូនព័ត៌មាន ទាក់ទិននឹងទីផ្សារកម្ពុជា ទៅដល់ក្រុមហ៊ុនអាល្លឺម៉ង់ ក៏ដូចជា ការបង្កើតកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើតឯកសារស្រាវជ្រាវពីទីផ្សារ ការភ្ជាប់ទំនាក់ទំនងដៃគូអាជីវកម្ម និងជាពិសេសបង្កើតកម្មវិធីផ្សព្វផ្សាយ ដើម្បីជម្រុញពាណិជ្ជកម្ម និងកិច្ចសន្ទនា រវាងកម្ពុជានិងអាល្លឺម៉ង់ ។
យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ មិនអាចប្រព្រឹត្តទៅបានដោយជោគជ័យនោះទេ ប្រសិនបើគ្មានការជ្រោមជ្រែង ពីស្ថាប័នសេដ្ឋកិច្ចបីសំខាន់ៗគឺ សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជា (ADW) បណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍន៍ (Business Scouts for Development) និងប្រតិភូឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់នៅមីយ៉ាន់ម៉ា (AHK Myanmar)។
សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជា ក៏ជាសមាជិកស្ថាបនិកដ៏សំខាន់ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាផងដែរ។ បន្ថែមលើសពីនេះទៀត បណ្តាញពាណិជ្ជកម្ម និងវិនិយោគអាល្លឺម៉ង់(GTI) ក៏បានផ្តល់ព័ត៌មានអំពីទីផ្សាររបស់កម្ពុជា ទៅដល់ក្រុមហ៊ុនអាល្លឺម៉ង់នានា ដែលកំពុងសម្លឹងរកមើលការធ្វើជំនួញជាមួយកម្ពុជា និងនៅក្នុងប្រទេសកម្ពុជា។
នៅមិនឆ្ងាយពីមែងធាងវប្បធម៌ ដែលគ្របដណ្តប់លើការរស់នៅរបស់មនុស្ស។ ផ្នែកដៃគូវប្បធម៌ បានខិតខំ ជម្រុញឱ្យមានសកម្មភាពជាច្រើនសម្រាប់សាធារណជន ដូចជា កម្មវិធីលើកកម្ពស់សិល្បៈដ៏រស់រវើករបស់លោកខាងលិច តាមរយៈកម្មវិធីតាំងពិព័រណ៍សិល្បៈសហសម័យ ការចាក់បញ្ចាំងភាពយន្តឯករាជ្យនានា ការសម្តែងសិល្បៈ ថ្នាក់បង្រៀនភាសាអាល្លឺម៉ង់ និងសកម្មភាពអប់រំផ្សព្វផ្សាយនៅតាមសាលារៀន និងសាកលវិទ្យាល័យជាច្រើន។
ផ្ទះមេត្តា (Meta House) គឺជាគម្រូដ៏ល្អមួយ ដែលបង្ហាញពីច្របាច់ចូលគ្នា រវាងវប្បធម៌ប្រពៃណីគួបផ្សំនឹងសិល្បៈសហសម័យ យ៉ាងសម្បូរបែប។ ដោយសហការជាមួយមូលនិធិវប្បធម៌អាល្លឺម៉ង់ ផ្ទះមេត្តា មានដាក់តាំងបង្ហាញគំនូររបស់សិល្បករឯករាជ្យនានា ដែលជាការប្រមូលផ្សំរបស់ផ្ទះមេត្តាផ្ទាល់ ក៏ដូចជា បានផ្តល់ទីតាំងធ្វើជាសាលតាំងពិព័រណ៍ និងរៀបចំកម្មវិធី មានសាលាបណ្តុះបណ្តាលភាសា បណ្ណាល័យ និងជាភោជនីយដ្ឋានថែមទៀតផង។
ដៃគូសំខាន់មួយផ្សេងទៀត គឺមូលនិធិ Art Plus Foundation ក៏បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជម្រុញការអភិវឌ្ឍតន្ត្រីបុរាណរបស់បស្ចឹមប្រទេសនៅក្នុងកម្ពុជា តាមរយៈការប្រគុំតន្ត្រីនៅផ្ទះមេត្តា និងកន្លែងផ្សេងទៀត។
ការចូលរួមរបស់ប្រទេសអាល្លឺម៉ង់ នឹងនៅតែបន្តដំណើររបស់ខ្លួន ឆ្ពោះទៅរកភាពរុងរឿង សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អនាគត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ លោកស្រី បីយ័ងកា អ៊ុនធីក អ្នកសម្របសម្រួលបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍ
លេខទូរស័ព្ទ៖ +855 89 290492 និង អ៊ីម៉ែល ៖
កំណត់សម្គាល់៖ នេះគឺជាអត្ថបទមួយនៃកម្រងអត្ថបទរបស់ដៃគូផ្សព្វផ្សាយអំពីបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍ និងទទួលការគាំទ្រមូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)