អ្វីដែលសំខាន់សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាពរបស់ប្រទេសណាមួយគឺ ការគ្រប់គ្រងធនធានធម្មជាតិដែលទាមទារឱ្យមានយុទ្ធសាស្ត្រឆ្ពោះទៅមុខ ហើយមជ្ឈមណ្ឌលធនធានធម្មជាតិ និងបរិស្ថាន(CNRE) នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការវិភាគទិដ្ឋភាពធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងក្នុងការណែនាំអ្នកបង្កើតគោលនយោបាយ។
ប្រទេសកម្ពុជាគឺជាលំនៅស្ថានសម្បូរទៅដោយធនធានធម្មជាតិ និងកំណប់អេកូឡូស៊ី ដែលគេអាចសង្កេតឃើញបានតាមរយៈវត្តមាននៃកោះក្បែរតំបន់ត្រូពិច និងព្រៃកោងកាងនៅតាមតំបន់ឆ្នេរ រហូតដល់ព្រៃខ្ពង់រាប និងលក្ខណៈពិសេសផ្សេងទៀតផ្នែកធារាសាស្ត្រនៃទន្លេសាប។ ការគ្រប់គ្រងធនធានធម្មជាតិទាំងនេះ បានដើរតួរជាផ្នែកមួយដ៏សំខាន់នៃជីវិត នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនសតវត្សមកហើយ។ យ៉ាងណាមិញ នាបច្ចុប្បន្ន ការការពារធនធានធម្មជាតិទាំងនេះ គឺមានភាពបន្ទាន់ជាងពេលមុនៗ ដោយសារតែការកំពុងលេចឡើងនូវការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ និងការឆ្ពោះទៅមុខយ៉ាងផុសផុលនៃវឌ្ឍនភាពសេដ្ឋកិច្ច។
លោកបណ្ឌិត ញឹម ទុំ នាយកមជ្ឈមណ្ឌលធនធានធម្មជាតិ និងបរិស្ថាន ហៅកាត់ថា CNRE បានមានប្រសាសន៍ថា «ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដោយសារតែកំណើនសេដ្ឋកិច្ច និងចំនួនប្រជាជន ការប្រើប្រាស់ដី ទឹក និងធនធានធម្មជាតិ កំពុងមានសំទុះយ៉ាងខ្លាំង»។
លោកបានបន្តទៀតថា «ទោះបីជាយ៉ាងនេះក្តី ការចាប់អារម្មណ៍លើសារៈសំខាន់នៃបរិស្ថាន និងធនធានធម្មជាតិ និងមាគ៌ាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក៏កំពុងកើនឡើងខ្លាំងគួរឱ្យគត់សម្គាល់ផងដែរ ជាជាងគ្រាន់តែផ្តោតទៅលើកំណើនសេដ្ឋកិច្ច»។
ការស្រាវជ្រាវរបស់ CNRE ផ្ដោតសំខាន់លើការកំណត់ផ្លូវសម្រាប់គោលនយោបាយ ដែលអាចដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតមួយ ដែលប្រកបដោយចីរភាព។
ប្រៀបដូចប្រទេសកម្ពុជាផ្ទាល់ ប្រព័ន្ធទន្លេមេគង្គក៏បានដើរតួនាទីចម្បងមួយ ក្នុងការងារស្រាវជ្រាវរបស់ជ្ឈមណ្ឌលនេះ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងអន្តររដ្ឋាភិបាល គឺនៅតែជាគន្លឹះដ៏សំខាន់សម្រាប់រាល់បញ្ហាស្មុគស្មាញ នៃការគ្រប់គ្រងប្រព័ន្ធទន្លេមេគង្គ ដែលឆ្លងកាត់ព្រំដែនជាច្រើនប្រទេស។
ការស្រាវជ្រាវក្រោមប្រធានបទ «ការទូតក្នុងការគ្រប់គ្រងទឹកនៅអាងទន្លេមេគង្គ៖ ការប្រើប្រាស់អាងទន្លេជារួមដើម្បីសម្រេចបាននូវភាពរុងរឿង» ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩ បានចំណាយពេលជាង ២ឆ្នាំលើការស្រាវជ្រាវ និងការវិភាគ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានាមកពីប្រទេសចិន ឡាវ ថៃ និងវៀតណាម។ ការស្រាវជ្រាវនេះបានកំណត់បញ្ហាប្រឈម របស់ប្រទេសជាសមាជិកមេគង្គ-ឡានឆាង និងបានស្រាវជ្រាវឡើងដើម្បីជះឥទ្ធិពលដល់ការបង្កើតគោលនយោបាយ និងលើកកម្ពស់សមត្ថភាព និងការយល់ដឹងរបស់អ្នកពាក់ព័ន្ធនៅគ្រប់កម្រិត។
ខណៈដែលបញ្ហាទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ ជាផ្នែកដែលត្រូវបានផ្តោតសំខាន់ក្នុងការស្រាវជ្រាវ ការរំខានដល់សណ្ឋានអាកាសធាតុ ដែលកំពុងតែមានការកើនឡើង ក៏ជាផ្នែកមួយគួរឱ្យព្រួយបារម្ភផងដែរ។
លោក នង មុនិន្ទ ដែលជាអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលធនធានធម្មជាតិ និងបរិស្ថានបានពន្យល់ថា «ប្រជាជនកម្ពុជាភាគច្រើនរស់នៅក្នុងតំបន់ជនបទ ដោយពឹងផ្អែកលើទឹកភ្លៀងសម្រាប់ធ្វើកសិកម្ម និងទន្លេសម្រាប់រកអាហារ។» លោកបានបន្តទៀតថា «ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ី នឹងប្រាកដជាអាចផ្ដល់ផលអវិជ្ជមានដល់ពួកគាត់ទាំងនោះ ដូច្នេះហើយអ្នកបង្កើតគោលនយោបាយត្រូវតែបង្កើតយុទ្ធសាស្រ្ត ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។
របាយការណ៍ដែលបានចេញផ្សាយឆ្នាំ២០២០ ស្តីពី «ការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផ្អែកលើយេនឌ័រ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់សហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា» បានពិនិត្យពី មូលហេតុនៃភាពងាយរងគ្រោះដោយផ្អែកលើការវិភាគតាមយេនឌ័រ និងស្វែងយល់ពីរបៀបដែលប្រជាជនមូលដ្ឋានប្រឈមនឹងភាពតានតឹងទាំងនោះ។ អ្នកស្រាវជ្រាវព្យាយាមផ្តល់នូវធាតុផ្សំគោលនយោបាយ សម្រាប់ជាការឆ្លើយតបរបស់រដ្ឋាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុផ្អែកលើយេនឌ័រ តាមរយៈករណីសិក្សាលើសហគមន៍ព្រៃឈើ និងនេសាទក្នុងខេត្តព្រះវិហារ និងខេត្តកំពត។
មជ្ឈមណ្ឌលធនធានធម្មជាតិ និងបរិស្ថាន បាននឹងកំពុងពិនិត្យមើល ប្រសិទ្ធភាពនៃគោលនយោបាយ នៅពេលដែលអាជ្ញាធរកំពុងអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ ដើម្បីត្រៀមប្រទេសកម្ពុជាពីការប្រែប្រួលអាកាសធាតុដែលមិនអាចជៀសផុត។ ការផ្តល់អនុសាសន៍គោលនយោបាយដែលមានចំនងជើង «ឥទ្ធិពលនៃកម្មវិធីស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ភាពងាយរងគ្រោះ ភាពក្រីក្រ និងយេនឌ័រ» ដែលចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០២១ បានផ្តោតសំខាន់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំតំបន់កោះដែលស្ថិតតាមបណ្តោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមរយៈការសាងសង់ផ្លូវបេតុង ការតម្លើងស្ថានីយ៍បូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការពង្រីកប្រភពចំណូលរបស់ប្រជាជនក្នុងភូមិ។
ថ្វីបើភាពជោគជ័យត្រូវបានទទួលស្គាល់ ហើយចំនុចដែលត្រូវការការកែលម្អបន្ថែមត្រូវបានកំណត់ក្តី អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលធនធានធម្មជាតិ និងបរិស្ថាន នូវតែប្តេជ្ញាបន្តការសិក្សាស្រាវជ្រាវ សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ដោយសារតែយើងអាចសង្កេតឃើញនូវភាពជាក់ស្តែង នៃការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពល បន្ថែមទៀតដល់សាធារណៈជន ហើយអ្នកពាក់ព័ន្ធក៏ត្រូវត្រៀមសម្រាប់ភាពមិនប្រាកដប្រជាផ្សេងៗផងដែរ។
លោកបណ្ឌិតទុំ បានមានប្រសាសន៍ថា «យើងមិននឹងបញ្ឈប់នោះទេ ថ្វីបើមានឧបសគ្គមួយចំនួននូវតែកើតឡើងក៏ដោយ»។ លោកបានបន្តដូច្នេះថា «យើងនឹងបន្តស្វែងរកឱកាសផ្សេងៗដើម្បីឲ្យប្រទេសកម្ពុជាអាចអភិវឌ្ឍន៏ខ្លួនឆ្ពោះទៅរកមាគ៌ាប្រកបដោយចីរភាព»៕
អត្ថបទនេះគឺជាផ្នែកមួយនៃភាពជាដៃគូជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាការសារទរដល់ដំណើរការរយ:ពេលខួប ៣០ ឆ្នាំរបស់វិទ្យាស្ថាន និងបង្ហាញពីការងាររបស់ពួកគេក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ សូមស្វែងយល់បន្ថែមពីការងារស្រាវជ្រាវរបស់ CDRI និងបន្តធ្វើបច្ចុប្បន្នភាពជាមួយគម្រោងរបស់ពួកគេនៅលើទំព័រ Facebook ផ្លូវការរបស់វិទ្យាស្ថាន។ ស្វែងយល់បន្ថែមអំពីភាពជាដៃគូនៅទីនេះ។