តើអ្នកចង់ដឹងទេថា ដំណើរជីវិតការងារជាអ្នកចិត្តសាស្ត្រមានលក្ខណៈដូចម្តេច? ឈ្វេងយល់អាជីពជាអ្នកចិត្តសាស្ត្រតាមរយៈ អ្នកនាង យឹម សុធារី ដែលមានបទពិសោធន៍ជាង១៥ឆ្នាំបម្រើការងារនៅក្នុងអាជីពនេះ។
តើអ្នកចង់ដឹងទេថា ដំណើរជីវិតការងារជាអ្នកចិត្តសាស្ត្រមានលក្ខណៈដូចម្តេច? ឈ្វេងយល់អាជីពជាអ្នកចិត្តសាស្ត្រតាមរយៈ អ្នកនាង យឹម សុធារី ដែលមានបទពិសោធន៍ជាង១៥ឆ្នាំបម្រើការងារនៅក្នុងអាជីពនេះ។
តាំងពីកុមារភាព អ្នកនាង យឹម សុធារី តែងតែចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិតដើម្បីជួយព្យាបាលជំងឺដល់មនុស្សនៅក្នុងសហគមន៍របស់ខ្លួន។ ប៉ុន្តែដោយសារតែ កត្តាលទ្ធភាពគ្រួសារបានធ្វើឲ្យក្តីសុបិន្តរបស់កុមារីរូបនេះ រំកិលកាន់តែឆ្ងាយទៅៗ និងមិនច្បាស់លាស់ក្នុងដំណើរដ៏វែងឆ្ងាយដើម្បីទៅរកគោលដៅអាជីពរបស់ខ្លួន។
ដោយបានមើលឃើញពីស្ថានភាពគ្រួសារមិនសូវមានភាពល្អប្រសើរ និងមិនចង់ផ្តល់បន្ទុកកាន់តែខ្លាំងដល់គ្រួសារ។ ជាពិសេស ដោយមានគំនិតចង់ជួយសម្រាលកិច្ចការងារផ្ទះរបស់អ្នកម្តាយផងដែរនោះ។អ្នកស្រីបានសម្រេចចិត្តមិនបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រដូចបងប្រុសរបស់ខ្លួនឡើយ។ទោះបីជាយ៉ាងណាក្តីអ្នកនាង សុធារី មិនដែលមានអារម្មណ៍ខកចិត្តនឹងក្រុមគ្រួសារ ឬអស់សង្ឃឹម ហើយបោះបង់ចោលក្តីសុបិន្តរបស់ខ្លួន ដើម្បីក្លាយជាអ្នកព្យាបាលមនុស្សនោះឡើយ។
អ្នកនាងចាប់ផ្តើមប្រឡូកការងារដំបូងជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់ថ្នាក់អនុវិទ្យាល័យមួយ អស់រយៈពេលជាងបីឆ្នាំ មុននឹងសម្រេចចិត្តបោះបង់ការងារបង្រៀននេះ ហើយចាប់យកនូវការងារ ដែលស័ក្កសមទៅនឹងខ្លួនពិតប្រាកដ។ ឱកាសបានផ្តល់ឱ្យអ្នកនាងសុធារី នៅពេលដែលអ្នកនាង ធ្វើជាជំនួយការក្នុងស្រុកមួយរូប ក្នុងគម្រោងមួយដែលសិក្សាអំពីផ្លូវចិត្តរបស់ជនរងគ្រោះដោយសាររបបខ្មែរក្រហម នៅឆ្នាំ ២០០៦ ។
ទស្សនាភាគទីមួយនៃកម្មវិធីទស្សនាចរណ៍អាជីព ៖ យឹម សុធារី – អ្នកចិត្តសាស្ត្រ
អ្នកនាងបានរៀបរាប់ដោយស្នាមញញឹមថានោះ គឺជាចំណុចចាប់ផ្តើមរបស់ខ្លួនក្នុងអាជីពជាអ្នកព្យាបាលផ្លូវចិត្ត។ក្នុងការសិក្សាស្វែងយល់ពីចិត្តវិទ្យាកាន់តែរីកធំឡើងនិងជម្រុញទឹកចិត្តក្នុងការបោះជំហានយ៉ាងធំចូលទៅក្នុងការងារមួយនេះ អ្នកនាង សុធារី បានបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកចិត្តវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៨ អមជាមួយនឹងគោលដៅក្នុងការជួយផ្លាស់ប្តូរជីវិតខ្លួនឯង និងអ្នកដទៃ។
“ខ្ញុំអាចជួយឱ្យអ្នកដទៃផ្លាស់ប្តូរជីវិតរបស់គេ ស្របពេលដែលអ្នកដទៃអាចជួយផ្លាស់ប្តូរជីវិតរបស់ខ្លួនឯងដែរ វាប្រៀបបីដូចជាការរាំ ដែលយើងបោះជំហានទៅមុខទាំងអស់គ្នា»។
ក្នុងនាមជាអ្នកជំនាញចិត្តសាស្ត្រម្នាក់ជារឿយៗតែងបានសិក្សា និងស្វែងយល់ពីរឿងរ៉ាវជាដើមចមនៃការធ្វើទុក្ខបុកម្នេញរបស់អ្នកមកទទួលការព្យាបាល។ ការយល់ដឹងពីឬសគល់ទាំងនោះគឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការវិនិច្ឆ័យឱ្យបានត្រឹមត្រូវហើយអាចផ្សះផ្សាឬព្យាបាលរបួសទាំងនោះបាន តាមរយៈការព្យាបាលតាមបែបចិត្តសាស្ត្រ ប្រកបមានប្រសិទ្ធភាព។
មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីរូបនេះក៏ជាអ្នកខ្វល់ខ្វាយរឿងស្ត្រី និងសន្តិភាពនៅក្នុងសង្គមមួយរូប ដែលយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានិងព្យាបាលជំងឺរ៉ាំរ៉ៃនៃបញ្ហាយេនឌ័រនៅក្នុងសង្គមខ្មែរមួយរូបផងដែរ។មិនខុសពីអ្នកម្តាយដទៃទៀតដែរ នៅពេលដែលអ្នកត្រូវធ្វើការថ្លឹងថ្លែង រវាងការងារនិងគ្រួសារ អំរែកនេះ បានធ្វើឱ្យទំនាស់តួនាទី លេចរូបរាងឡើង។
ប៉ុន្តែដោយសារតែក្តីស្រឡាញ់ធំធេងក្នុងនាមជាអ្នកម្តាយ អ្នកប្រឹក្សាផ្លូវចិត្តរូបនេះ តែងតែនាំកូនរបស់ខ្លួនទៅជាមួយនៅពេលបំពេញការងារ។ អ្នកនាង សុធារី បានរំឭកថាមានពេលមួយកូនរបស់អ្នកស្រីលាន់មាត់សួរអំពីអាជីពរបស់អ្នកស្រីថា “តើម៉ាក់ធ្វើការអ្វី?ហេតុអ្វីបានជាមនុស្សនិយាយជាមួយម៉ាក់តែងតែយំ?”
ការយល់ច្រឡំចំពោះវិជ្ជាជីវៈមួយនេះ មិនត្រឹមតែកើតមានឡើងជាមួយកូនប្រុសរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែជាការយល់ខុសទូទៅរបស់បុគ្គល និងសង្គមមកលើការងារមួយនេះ។
« គេមិនថាខ្ញុំជាអ្នកចិត្តសាស្ត្រនោះទេ គេថាខ្ញុំជាអ្នកធ្វើការជាមួយមនុស្សឆ្កួត ឬធ្វើការជាមួយមនុស្សមានវិបត្តិផ្លូវចិត្តអីចឹងទៅ ឬជាមនុស្សដែលអាចអានចិត្តគំនិតរបស់អ្នកក៏មានច៊ឹងគួរតែគួរតែនៅឱ្យឆ្ងាយល្អជាង»។
ការព្យាបាលរបួសចាស់ ដែលបានកប់ជ្រៅនៅក្នុងក្រអៅបេះដូងរបស់បុគ្គលណាមួយ ឬក្នុងសង្គមមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែអ្នកត្រូវតែជីកកកាយបំបៅចាស់នោះ យកមកព្យាបាល ដើម្បីសេចក្តីសុខសម្រាប់ពេលអនាគតខាងមុខ។ ហើយការធ្វើបែបនេះ គឺមានផលវិបាកផ្នែកអារម្មណ៍ សម្រាប់អ្នកប្រឹក្សាចិត្តសាស្ត្រ ដែលធ្វើការផ្ទាល់ បានដឹងលឺ រឿងជាច្រើន។
អ្នកនាង សុធារី បានឱ្យដឹង នៅពេលប្រឹក្សាយោបល់ ការប៉ះទង្គិចអារម្មណ៍អាចនឹងកើតមានឡើង ជាពិសេសនៅពេលដែលបញ្ហានោះ ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន ប៉ុន្តែអ្នកនាងសុធារី បានលើកឡើងថា អ្វីដែលសំខាន់ គឺការចេះដោះស្រាយបញ្ហា និងគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួន ។
«ស្តាប់រឿងគេច្រើន ធ្វើឱ្យអ្នកនៅតែគិត ទោះបីជាខ្ញុំមានជំនាញក៏ដោយ ប៉ុន្តែជាធម្មតា ប្រសិនបើអ្នកស្តាប់រឿងច្រើន ប្រៀបបីដូចជាទឹកមួយធុង បើយើងដឹងតែចាក់ៗ វាប្រាកដជាហៀរមិនខាន។ ដូច្នេះ យើងត្រូវចេះរកវិធីដើម្បីបង្ហូរវាឱ្យចេញខ្លះ ជាពិសេសបើរឿងនោះ វាប៉ះទៅនឹងខ្លួនអ្នកដែរ គឺកាន់តែពិបាក »។
ហេតុនេះការរិះរកនូវមធ្យោបាយផ្ទាល់ខ្លួនដើម្បីទប់ស្កាត់នូវបញ្ហានិងភាពស្មុគស្មាញទាំងអស់នោះដែលចូលមកប៉ះទង្គិចលើមកក្នុងជីវិតប្រចាំថ្ងៃនិងអាជីពរបស់ខ្លួនគឺជាគន្លឹះសំខាន់។អ្នកចិត្តសាស្ត្ររូបនេះតែងតែធ្វើការប្រឹក្សាជាមួយនឹងរៀមច្បង និងមិត្តភក្កិរបស់ខ្លួន ដើម្បីរំសាយក្តីទុក្ខនិងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ។
ម្យ៉ាងវិញទៀតអ្នកស្រីនិយាយថាការធ្វើលំហាត់ប្រាណទាំងផ្លូវកាយនិងផ្លូវចិត្តក៏អាចជួយបន្សាបជាតិពុលនៃបញ្ហានៅក្នុងជីវិតនិងការងារផងដែរ។រំឭកដល់ដំណើរជីវិតការងារអ្នកស្រីបានផ្តល់ដំបូន្មានថា“ការរស់នៅតាមការរំពឹងទុករបស់អ្នកដទៃ គឺ ពិបាកណាស់”។ នោះគឺជាអ្វីដែលអ្នកនាងចង់ប្រាប់មកសុធារីខ្លួនឯងក្នុងវ័យ១៥ឆ្នាំ។
ជាមួយនឹងបទពិសោធន៍រយៈពេល ១៥ឆ្នាំ ក្នុងការបម្រើការងារក្នុងផ្នែកចិត្តសាស្ត្រ និងអង្គការជាច្រើន វាជាដំណើរដ៏វែងឆ្ងាយមួយរបស់អ្នកព្យាបាលដំបៅចាស់រូបនេះ។អ្នកនាងបាននិយាយបន្ថែមទាំងទឹកមុខញញឹមថា«ធ្វើជាខ្លួនអ្នក ស្តាប់ខ្លួនឯង ហើយអ្នកត្រូវហ៊ានតស៊ូមតិ ដើម្បីជីវិតខ្លួនឯង ពីព្រោះបែបនេះ ទើបអ្នកអាចរស់នៅដោយសប្បាយចិត្ត»៕