ទោះពេលវេលាបានឆ្លងផុតទៅយូរឆ្នាំយ៉ាងណាក្តី សមិទ្ធផលចម្រៀងរបស់ អធិរាជសម្លេងមាស សុីន សុីសាមុត នៅតែស្ថិតក្នុងចិត្តប្រជាជនកម្ពុជាជានិច្ច។ មកស្គាល់ចៅស្រីបង្កើតរបស់អធិរាជ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា។
«វត្ថុក្នុងលោកស្លាប់ហើយតែរស់ មានតែកេរ្តិ៍ឈ្មោះ និងស្នេហាពិត ខ្លួនស្លាប់ទៅហើយនៅឡើយអាណិត ឱ្យគូជីវិតឱបរឹតគ្រប់គ្រា»។
ឃ្លាខាងលើនេះ គឺជាវគ្គបន្ទរ របស់បទ «ជីវិតមួយបេះដូងបី» ជាបទដែលមហាជនភាគច្រើនមិនសូវស្គាល់របស់អធិរាជសម្លេងមាស ស៊ីន សុីសាមុត។ ប៉ុន្តែ នេះគឺជាបទដែល ចៅស្រីបង្កើតរបស់អធិរាជសម្លេងមាស ចូលចិត្តជាងគេក្នុងចំណោម ស្នាដៃនិពន្ធ និងចម្រៀងរាប់ពាន់បទដទៃទៀតរបស់លោកតារបស់ខ្លួន។
កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា វ័យ២៧ឆ្នាំ ចាត់ទុកបទនេះជាបទដែលខ្លួនចូលចិត្តបទជាងគេរបស់ជីតារបស់ខ្លួន ដោយសាររបៀបនៃការតាក់តែងនិពន្ធទំនុកច្រៀង ការប្រើប្រាស់ពាក្យពេចន៍ និង អត្ថន័យជ្រាលជ្រៅរបស់បទនេះ។
ការនិពន្ធចម្រៀងដែលបង្កប់ន័យប្រៀបធៀប ជ្រាលជ្រៅអន្លង់អន្លោចបែបនេះ ជាទេពកោសល្យតន្ត្រី ដែលសុជ្ឈតាប្រាថ្នាចង់ចេះ ក្នុងនាមជាតារាចម្រៀងសម័យនិងជាអ្នកនិពន្ធទំនុកច្រៀងថ្មីម្នាក់ ក្នុងវិស័យតន្ត្រីនៅកម្ពុជា ក្រោមផលិតកម្ម KlapYahandz។
សេដ្ឋសុជ្ឈតា ធំដឹងក្តីក្នុងបរិយាកាសមួយ ដែលឡោមព័ទ្ធដោយតូរ្យតន្ត្រី។ នាងជាកូនស្រីពៅក្នុុងគ្រួសាររបស់ក្រតូល «ស៊ីន» ដែលមានម្ដាយ គឺអ្នកស្រី សម សាន្ត ជាអតីតជ័យលាភីចម្រៀងថ្នាក់ជាតិក្នុងទសវត្សរ៍ទី៨០ និងឪពុក គឺលោក ស៊ីន ច័ន្ទឆាយា ជាតំណក់ឈាមចុងក្រោយ របស់អធិរាជសម្លេងមាស ហើយធ្លាប់ជាអតីតអ្នកចម្រៀងឯករាជ្យ។
ប៉ុន្តែ ការចាប់អាជីពជាអ្នកចម្រៀង ហើយនិពន្ធទំនុកច្រៀងដោយខ្លួនឯងមិនមែនជាអាជីពក្នុងក្តីស្រមៃរបស់សុជ្ឈតាតាំងពីតូចមកនោះទេ។
សំនៀងរបស់លោក ស៊ីន ច័ន្ទឆាយា មិនមានប្រជាប្រិយភាពល្បីរន្ទឺទូទាំងប្រទេសពីសំណាក់ប្រជាជនកម្ពុជា ដូចឪពុកខ្លួនឡើយ។ លោកធ្លាប់បានប្រកបមុខរបរជាអ្នកធ្វើការនៅវិទ្យុជាតិកម្ពុជា គ្រូបង្រៀនចម្រៀង និងអ្នកចម្រៀងតាមភោជនីយដ្ឋាននិងរង្គសាលនានា។
«តាមពិតទៅមានអ្នកគាំទ្រសម្លេង និងការសម្ដែងរបស់ប៉ាខ្ញុំ។ តែទិដ្ឋភាពនៃការមិនឱ្យតម្លៃ ជាអ្វីដែលដក់ជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំរហូតមក។»
ដោយសារមើលឃើញទិដ្ឋភាពមិនអំណោយផលរបស់ វប្បធម៌នៃការមិនឱ្យតម្លៃ និងការគិតអវិជ្ជមានពីសាធារណៈជនទូទៅមកលើសិល្បករនាជំនាន់នោះ ធ្វើឱ្យសុជ្ឈតា ប្រាថ្នាកាន់តែឆ្ងាយទៅៗពីវិថីសិល្បៈ។
ប៉ុន្តែ សុជ្ឈតាតែងតែមានអារម្មណ៍ស្រឡាញ់ និងចង់ឃើញការវិវត្តិប្រកបដោយវិជ្ជមាន លើវិស័យសិល្បៈនៅកម្ពុជា។ កន្លងមក សុជ្ឈតាតែងតែ ស្រឡាញ់ការងារសិល្បៈភាពយន្ត ទាក់ទងនឹងការសរសេររឿងកុន និងដឹកនាំរឿងជាដើម។ នាងបានចូលសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យបញ្ញាស្ត្រ។

សម័យកាលចេះតែវិវត្តទៅមុខយ៉ាងលឿន ហើយបាននាំយកការផ្លាស់ប្តូរជាច្រើន មិនថា ការយល់ដឹងរបស់សិល្បករលើតន្ត្រី និង គំនិតរបស់សាធារណៈជនមកលើសិល្បករក្ដី។
«ខ្ញុំគិតថាបច្ចុប្បន្ននេះ អ្វីៗប្រសើរជាងមុនខ្លាំងមែនទែន។ ហើយ ៧ទៅ៨ឆ្នាំមុន ចំពោះខ្ញុំជា ចំណុចចាប់ផ្ដើមនៃការវិវត្តល្អប្រសើរនៃវិស័យសិល្បៈនៅកម្ពុជាទាំងតន្ត្រីនិងកុន។»
«តម្លៃនៃអ្នកសិល្បៈយើងឃើញមានឡើងមកវិញច្រើន។ ហើយ បើគិតឱ្យមែនទែនទៅ តាមពិតទៅតម្លៃរបស់មនុស្សម្នាក់ៗមិនមែនតែអ្នកសិល្បៈនោះទេ គឺស្ថិតនៅលើខ្លួនឯង។ បើយើងចេះឱ្យតម្លៃខ្លួនឯង មិនគោរពខ្លួនឯង យើងរំពឹងឱ្យអ្នកដទៃមកគោរពយើងបានយ៉ាងម៉េច?»
ឱកាសនិងដំណើរ ក្លាយជាអ្នកសិល្បករកើតឡើងដោយចៃដន្យ និងមិនបានព្រាងទុកបំផុតចំពោះសុជ្ឈតា។
អ្វីៗបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០១៨ នៅពេលដែលនាងបានឃើញសេចក្ដីប្រកាសមួយស្វែងរកតួសម្ដែងស្រីម្នាក់ ដែលចេះច្រៀង និងលេងហ្គីតា សម្រាប់សម្ដែងក្នុងរឿងភាគខ្លី Music Magic Love។ ពេលឃើញប្រកាសនោះភ្លាម សុជ្ឈតា មិនគិតថា ខ្លួនឯងសមនឹងតួអង្គដែលគេស្វែងរកនោះទេ ហើយណែនាំមិត្តភក្តិឱ្យដាក់ជំនួសវិញ។
ប៉ុន្តែអ្នកដឹកនាំរបស់រឿងភាគនោះដដែល បានទាក់ទងឱ្យនាងច្រៀង បន្ទាប់ពីស្គាល់ សុជ្ឈតាតាមរយៈវីដេអូ Cover ចម្រៀងមិនបង្ហាញមុខនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។ ពេលនោះហើយ ទើបសុជ្ឈតាមានឱកាសបង្ហាញទេពកោសល្យសំឡេងម្លេងរបស់ខ្លួន នៅក្នុងចម្រៀងអមរឿងភាគខ្លី Music Magic Love។ សម្រាប់គម្រោងនេះផ្ទាល់ សុជ្ឈតា បានជួយកែសម្រួលទំនុកច្រៀង ចំនួន៣បទ ដែលត្រូវបានគេនិពន្ធម្ដងរួចមកហើយ ដើម្បីឱ្យមានចាប់ចុងចួន និងមានអត្ថន័យជាងមុន។
«ពេលត្រូវបានគាត់ទាក់ទងមកដំបូង ខ្ញុំមានការសង្ស័យលើខ្លួនឯងមិនដឹងថា ខ្លួនឯងធ្វើកើតឬក៏អត់នោះទេ។ ពេលហ្នឹងហើយជាពេលដែលខ្ញុំដឹងពីខ្លួនឯង ថាខ្លួនឯងមានសមត្ថភាពក្នុងការតាក់តែងនិពន្ធ។ ហើយ ខ្ញុំគិតថាខ្ញុំបានដុងនេះ ពីប៉ារបស់ខ្ញុំ»។
នៅក្នុងឆ្នាំ ២០១៩ សុជ្ឈតា ត្រូវបានអញ្ជើញជាអ្នកចម្រៀងកិត្តិយស ដើម្បីធ្វើឡើងវិញនៃបទ «ចំប៉ាបាត់ដំបង» ជាការឧទ្ទិសដល់ជីតារបស់នាង ជាម្ចាស់បទដើម។ ការធ្វើឡើងវិញនៃបទ «ចំប៉ាបាត់ដំបង» គឺដើម្បីធ្វើជាចម្រៀងអមខ្សែភាពយន្តខ្នាតធំរឿង «តន្ត្រីជីវិត/In the life of Music» ដែលរឿងនេះ ឆ្លុះបញ្ចាំងពីការផ្សាភ្ជាប់៣ជំនាន់ខុសគ្នា ក្នុងគ្រួសារមួយ តាមរយៈបទ «ចំប៉ាបាត់ដំបង» របស់អធិរាជសម្លេងមាស ស៊ីន សុីសាមុត។
ឱកាសបានបង្ហាញសម្លេងរបស់ខ្លួននៅក្នុងខ្សែភាពយន្តបានធ្វើឱ្យសុជ្ឈតាមានជំនឿចិត្តលើសមត្ថភាព និងសក្ដានុពលរបស់ខ្លួនឯងជាងមុន។ ហើយក៏ជា ចំណុចចាប់ផ្តើមមួយនៃការចង់ចាប់យកអាជីពជាអ្នកចម្រៀង ដើម្បីបន្តកេរតំណែលរបស់គ្រួសារ ដែលត្រូវបានសាងមកតាំងពីជំនាន់លោកតារបស់ខ្លួន។ ហើយខ្លួន មិនដែលគិតថា ការបន្តតំណែងនេះជាអំរែកនោះទេ ប៉ុន្តែជាកាតព្វកិច្ចមួយដែលខ្លួនត្រូវតែបំពេញដើម្បីគ្រួសារ។
ប៉ុន្តែតាំងពីកុមារភាពមក សុជ្ឈតាតែងតែច្រៀងលេង ឱ្យអ្នកផងដូចជា គ្រូបង្រៀន មិត្តិភក្តិ និងអ្នកជិតខាងស្តាប់លេងកំសាន្តអារម្មណ៍ ជាមួយសម្លេងផ្អែមស្រទន់ហើយច្បាស់ៗរបស់ខ្លួន។ អ្នកដែលធ្លាប់បានស្តាប់ជាមួយសម្លេងក្រអួនក្រអៅមួយនេះ អ្នកដែលធ្លាប់បានស្តាប់តែងតែលើកទឹកចិត្តឱ្យសុជ្ឈតាច្រៀងបន្ថែម។ ចំពោះថ្នាក់បថមវិញ សុជ្ឈតាតែងតែត្រូវបានគ្រូហៅឱ្យឡើងសូត្រូកំណាព្យ និងបទគោរពទង់ជាតិជារឿយៗ។
ក្រៅពីដឹងថា ខ្លួនជាចៅរបស់អ្នកចម្រៀងម្នាក់ ពេលនៅក្មេង សុជ្ឈតា មិនបានដឹងពីប្រជាប្រិយភាពដ៏មហាសាលរបស់ជីតារបស់ខ្លួននោះទេ។ រហូតដល់ពេលមួយ គាប់ជួនមានសំណេរម៉ោងភាសាខ្មែរនៅថ្នាក់បឋមសិក្សា ដែលតម្រូវឱ្យសរសេររៀបរាប់ពី អតីតអ្នកចម្រៀង ស៊ីន សុីសាមុត និង រស់ សិរីសុទ្ធា ទើបសុជ្ឈតាសួរអាណាព្យាបាលខ្លួនពីប្រវត្តិ និង បទចម្រៀងរបស់ជីតាខ្លួនបន្ថែម។
ទន្ទឹមនឹងនេះ សុជ្ឈតាបានជ្រាបច្បាស់ពីសេចក្តីស្រឡាញ់ និងគោរពប្រជាជនកម្ពុជាមានលើតន្ត្រីរបស់ជីតាខ្លួន តាមរយៈការសរសើរមិនដាច់ពីមាត់ពីអាណាព្យាបាលមិត្តភក្តិថ្នាក់បឋមរបស់ខ្លួន។

សុជ្ឈតា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ឪពុកខ្លួន ក្នុងការទាមទារបានកម្មសិទ្ធបញ្ញាលើបទចម្រៀងរបស់ស៊ីន សុីសាមុត។ វីឯបងប្រុសច្បងរបស់ខ្លួនវិញ បានដើរលើវិថីជាអ្នកសិល្បៈ បន្តពីឪពុក តាំងពីដើម រហូតដល់ថ្ងៃលាចាកលោក ដោយរោគាពាធនៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ទោះបីមានការគាំទ្របន្តិចបន្តួចក្តី។
«ខ្ញុំមោទណភាពចំពោះអ្វីៗដែលជីតារបស់ខ្ញុំបានបង្កើតឡើង។ ហើយពេលខ្លះ ខ្ញុំគិតថាវាជាសុបិន្តទេដឹង ដែលខ្លួនជាចៅស្រីបង្កើតរបស់អធិរាជសម្លេងមាសដែលអ្នករាល់គ្នាទទួលស្គាល់? ប៉ាខ្ញុំបានបញ្ចប់បេសកកម្មរបស់គាត់ហើយ។»
«ខ្ញុំមិនចូលចិត្តការប្រៀបធៀបនោះទេ ព្រោះខ្ញុំជាខ្ញុំ លោកតារបស់ខ្ញុំជាលោកតារបស់ខ្ញុំ។ ខ្ញុំមិនដែលហ៊ានប្រៀបធៀបខ្លួនឯងជាមួយលោកតាទេ សូម្បីតែម្ដង។ ហើយ ខ្ញុំមានមោទនភាពជានិច្ចលើការពិត ដែលចម្រៀងរបស់គាត់ត្រូវបានគេទទួលស្គាល់ មិនមែនលើការពិតដែលខ្ញុំជាចៅស្រីរបស់គាត់នោះទេ។»
សម្រាប់វិថីជាអ្នកចម្រៀងអាជីព សុជ្ឈតាគ្រោងចេញបទចម្រៀងទំនុកដើមជាផ្លូវការលើកដំបូង នៅដើមឆ្នាំ២០២១នេះ។ សុជ្ឈតាបានត្រៀមបទចម្រៀងថ្មី៣បទ ដែលនឹងចេញបន្តៗគ្នាមួយដងមួយបទ។ ហើយបទទាំង៣នោះ ជាប្រភេទបទចម្រៀងលើកទឹកចិត្ត ដែលខ្លួនតាក់តែងនិពន្ធទំនុកច្រៀងផ្ទាល់ ផ្អែកតាមបទពិសោធន៍ជីវិតផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួនដែលបានឆ្លងកាត់។ ក្នុងនោះបូករួមទាំងការបាត់បង់លោកឪពុក និងបងប្រុសជាទីគោរពរបស់ខ្លួនផងដែរ។ បទដំបូងមានចំណងជើងថា «ទទួលស្គាល់ការពិត»។
ដោយយល់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាតែងតែមានរសនិយមផ្នែកចម្រៀងចម្រុះផ្សេងៗគ្នា និងមតិខុសៗគ្នាទៅលើស្នាដៃសិល្បៈ ការរំពឹងទុករបស់សុជ្ឈតាតែមួយគត់លើការចេញបទចម្រៀងរបស់ខ្លួនលើកដំបូង គឺការផ្ដល់ សារក្នុងអត្ថន័យបទចម្រៀងដែលបញ្ចេញទៅ បានទៅដល់អ្នកស្ដាប់ ហើយបានផ្ដល់ផលប្រយោជន៍ សម្រាប់ពួកគាត់នៅផ្នែកណាមួយនៅក្នុងជីវិត។
«នេះគឺជាការរំពឹងទុកតែមួយគត់របស់ខ្ញុំ ប្រសិនបើសួរថាពេលចេញទៅសង្ឃឹមថាមានអ្នកគាំទ្រច្រើនឬក៏អត់ ខ្ញុំមិនរំពឹងបែបនេះនោះទេ។ តែខ្ញុំឱ្យតម្លៃនិងអរគុណ អ្នកដែលឱ្យតម្លៃការងារខ្ញុំទាំងអស់ តាមចំនួនជាក់ស្ដែង ព្រោះវាមានន័យថា ពួកគាត់ជាអ្នកស្ដាប់ពិតប្រាកដ។ ទស្សនិកជនពិតប្រាកដ៕»