រីករាយខែមោទនភាព!
ការយល់ដឹងពីសុខភាពផ្លូវភេទមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប មិនថាអ្នកមាននិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រអ្វីនោះទេ។ តើអ្នកបានដឹងអ្វីខ្លះអំពីសុខភាពផ្លូវភេទរបស់ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា?
តោះទៅឈ្វេងយល់ចំណុចសំខាន់ខ្លីៗទាំងអស់គ្នាជាមួយ ណុច ធារ៉ូ ដែលមានបទពិសោធន៍ធ្វើការលើគម្រោង យុទ្ធនាការ និងការបណ្តុះបណ្តាលជាច្រើនជុំវិញសុខភាពផ្លូវភេទ និងប្រធានបទសំខាន់ៗនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដូចជាកម្មវិធីទីសុវត្ថិភាព (SafeSpace) នៅខេត្តបាត់ដំបងដែលទើបតែប្រព្រឹត្តទៅកាលពីថ្មីៗនេះជាដើម។
ជាទូទៅ ការនិយាយពីសុខភាពផ្លូវភេទជាសាធារណៈ និងការអប់រំអំពីបញ្ហាសុខភាពផ្លូវភេទ នៅតែត្រូវបានគេចាត់ទុកថា ជារឿងដ៏គួរឱ្យអៀនខ្មាស និងបញ្ហាផ្ទាល់ខ្លួននៅឡើយ។ សម្រាប់សហគមន៍ LGBTQ+ វិញ វាជាការដាក់បន្ទុកកាន់តែធ្ងន់ និងជារនាំងបិតបាំងក្នុងការពិភាក្សាអំពីប្រធានបទនេះ ព្រោះបើយើងក្រឡេកមកមើលតថភាពជាក់ស្តែងនៅក្នុងសង្គមវិញ ភាគច្រើនពួកគាត់នៅតែជួបប្រទះនឹង ការរើសអើង និងការមាក់ងាយក្នុងសង្គម។ ស្របពេល ដែលការលើកទឹកចិត្ត និងទីកន្លែងសុវត្ថិភាព ដែលអាចស្វែងរកជំនួយ និងការគាំទ្រនៅមានកម្រិតនៅឡើយ។
មែនទែនទៅ ការទទួលបានឱកាសនិង ទីកន្លែងដើម្បីពិភាក្សា ពីប្រធានបទអ្វីមួយដោយបើកចំហ ដោយគ្មានការរើសអើង គឺជាផ្នែកមួយនៃសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិសម្រាប់មនុស្សគ្រប់រូបនៅក្នុងសង្គម។
ទន្ទឹមនឹងនេះវាក៏ជាមូលហេតុសំខាន់មួយ ដែលជំរុញឱ្យអតីតអ្នកសារព័ត៌មានផ្នែកកម្សាន្តរូបនេះ ក្លាយខ្លួនជាអ្នកតស៊ូមតិមួយរូប ហើយចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់សុខភាព ផ្លូវភេទរបស់សហគមន៍LGBTQ+។ ម្យ៉ាងវិញទៀត វាជាការងារមួយ ដែលបានឆ្លុះបញ្ចាំងពីបទពិសោធន៍ នៃជីវិតផ្ទាល់ខ្លួនផងដែរ។
ដំបូងឡើយ យុវជនគំរូរូបនេះ គ្មានសេចក្ដីក្លាហានក្នុងការចេញមកបង្ហាញខ្លួនជាសាធារណៈ ថាខ្លួនជានរណាពិតប្រាកដនោះទេ។ ប៉ុន្តែអ្វីគ្រប់យ៉ាងបានចាប់ផ្តើមផ្លាស់ប្តូរ តាមរយៈបទពិសោធន៍ក្នុងការចូលរួម និងធ្វើការនៅក្នុងគម្រោងផ្សេងៗ ទាក់ទងនឹងសហគមន៍ LGBTQ+ ដូចជា ខែមោទនភាព(Pride Month)ជាដើម។ ការងារទាំងអស់នោះ បានធ្វើឱ្យអ្នកតស៊ូមតិវ័យក្មេងរូបនេះ ចាកចេញពីភាពឯកោ ហើយទទួលបាននូវសេរីភាពក្នុងការបញ្ចេញមតិ។ ជាពិសេសឱកាសការងារជាមួយមនុស្សដែលមានគោលបំណងដូចគ្នា និងដំណើរជីវិតស្រដៀងគ្នា បានជម្រុញទឹកចិត្តគាត់ឱ្យកាន់តែចាប់អារម្មណ៍ធ្វើការងារមួយនេះ ដែលមនុស្សភាគច្រើនតែងតែមើលរំលងពីសារៈសំខាន់ និងតម្លៃរបស់វា។
យ៉ាងណាមិញដើម្បីបំពេញតួនាទីនេះ ធារ៉ូក៏ត្រូវជម្នះនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ ចំណុចសំខាន់ទីមួយនោះគឺ ការផ្លាស់ប្តូរត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងច្រើន។ ដើម្បីធ្វើឱ្យមនុស្ស ចាប់ផ្តើមនិយាយអំពីរឿងដែលពួកគេតែងតែចៀសវាង វាត្រូវចំណាយពេលវេលា និងការលះបង់ច្រើនពីសំណាក់អ្នកចូលរួមទាំងអស់។
ចំណុចទីពីរនោះគឺ ការបញ្ជ្រាបសារទៅកាន់ទស្សនិកជននៅមានកម្រិតនិងតូចចង្អៀតនៅឡើយ។ ជាពិសេសនៅតំបន់បណ្តាខេត្ត និងទីជនបទ។ ទោះបីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម អាចជួយការងារបានលឿន និងងាយស្រួលជាងមុនពិតមែនក្តី។ ប៉ុន្តែការចូលទៅដល់ក្រុមគោលដៅពិតប្រាកដ នៅមានបញ្ហាប្រឈមច្រើននៅឡើយ។ ម្យ៉ាងទៀត វាត្រូវការចំណាយធនធាន និងពេលវេលាច្រើនទៀត ដើម្បីធ្វើឱ្យការចែករំលែកទាំងអស់នោះមានប្រសិទ្ធភាព និងមានឥទ្ធិពល។
ក្រៅពីនេះ កង្វះការគាំទ្រ និងលើកទឹកចិត្ត ជាបញ្ហាចម្បងមួយផងដែរ ព្រោះរាល់ការងារ និងសារដែលធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្លាស់ប្តូរក្នុងសហគមន៍ ត្រូវទទួលបានការរិះគន់ និងវិនិច្ឆ័យដោយមនុស្សមកពីរង្វង់ដូចគ្នា ដែលវាជាការប៉ះទង្គិចផ្លូវចិត្តមួយដល់រូបគាត់ផងដែរ។
ជាចុងក្រោយគាត់សង្ឃឹមថា ដើម្បីចូលរួមបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមទាក់ទងនឹង សហគមន៍LGBTQ+ វាអាចចាប់ផ្តើមបានដោយការបើកចិត្តទូលាយក្នុងការស្វែងយល់ពី សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ឬបង្ហាញជាការគាំទ្រ មិនថាអ្នកជាសមាជិកនៅក្នុង សហគមន៍ ឬក៏អត់នោះទេ។ ដូចគ្នានឹង ការបញ្ចេញជាមតិ និងការបង្ហាញចំណាប់អារម្មណ៍ របស់អ្នកក្នុងកម្រិតណាមួយ គឺជាសញ្ញានៃការផ្លាស់ប្តូរដូចគ្នាផងដែរ។
អ្វីដែលសំខាន់ជាងនេះទៀតនោះ ប្រសិនបើនរណាម្នាក់ នៅក្នុងគ្រួសារ ឬបងប្អូនមិត្តភក្កិដែលអ្នកស្គាល់ បង្ហាញខ្លួនមកថាជាអ្នកស្រឡាញ់ភេទដូចគ្នា អ្នកនឹងអាចបើកចិត្តទទួល និងមិនរើសអើងពួកគាត់។ ជាពិសេស សង្គមរបស់យើងទាំងមូល នឹងទទួលយកសហគមន៍ LGBTQ+ ហើយចាប់ផ្តើមពិភាក្សាពីប្រធានបទផ្សេងៗទាក់ទងនឹង LGBTQ+ ដូចប្រធានបទទូទៅដទៃទៀតដែរ៕