ការស្វែងយល់ឱ្យច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់ផលិតផលឬ អាហារបំប៉នសុខភាព អាចជួយអ្នកជ្រើសរើសផលិតផល ដែលមិនប៉ះពាល់ដល់សុខភាព ខាតបង់ពេលវេលា និង ប្រាក់កាសរបស់អ្នក។
ការទទួលទានអាហារ បន្លែ ផ្លែឈើឱ្យបានគ្រប់គ្រាន់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្សគ្រប់វ័យ។ បន្ថែមពីនេះ ការងាកទៅរកផលិតផលបំប៉នសុខភាពបន្ថែម អាចជាជម្រើសបន្ថែម ដែលមនុស្សមួយចំនួនអាចគិតដល់ ដើម្បីធ្វើឱ្យសុខភាពរបស់ខ្លួន កាន់តែល្អប្រសើរ។
ផលិតផល ឬអាហារបំប៉នសុខភាព ច្រើនផ្សំឡើងដោយ វីតាមីន សារធាតុរ៉ែ អាសុីតអាមីណូ អង់ហ្សុីម និង រុក្ខជាតិថ្នាំធម្មជាតិជាដើម ហើយវាត្រូវបានដាក់លក់នៅទីផ្សារក្នុងទម្រង់ដូចជា ថ្នាំបន្ទះ ថ្នាំគ្រាប់ ជេល ម្ស៉ៅលាយទឹកពិសារ និង ជាសារធាតុរាវជាដើម។ ផលិតផល ឬអាហារបំប៉នសុខភាព គ្រាន់តែមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកម្លាំងតែប៉ុណ្ណោះ តាមរយៈការបំពេញបន្ថែមកង្វះខាតនៃសារធាតុចាំបាច់ ដែលសរីរាង្គកាយត្រូវការ ដើម្បីបំពេញមុខងារសរីរាង្គ ប៉ុន្តែផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមិនអាចជំនួសចំណីអាហារ ដែលគួរតែបរិភោគប្រចាំថ្ងៃបានទេ។
តើចំណុចសំខាន់អ្វីខ្លះ ដែលអ្នកអាចមិនដឹងពីផលិតផល ឬអាហារបំប៉នសុខភាព ដែលមានដាក់លក់នៅទីផ្សារទាំងនោះ?
ការប្រើប្រាស់ពាក្យពេចន៍
ការប្រើប្រាស់ពាក្យពេចន៍ ជាយុទ្ធសាស្ត្រទីផ្សារមួយដែលពេញនិយមក្នងការទាក់ទាញអតិថិជន។ នៅពេលដែលយើងលឺពាក្យ ផលិតផលធម្មជាតិ មិនមែនមានន័យថា វាជាផលិតផលល្អគ្មានគ្រោះថ្នាក់នោះទេ។ ការប្រើប្រាស់ពាក្យពេចន៍ខ្លះ អាចធ្វើឱ្យអ្នកមានការយល់ច្រឡំបាន។
បើយើងក្រឡេកមកមើលទីផ្សារនៃការដាក់លក់ និងឃោសនាលក់ផលិតផលអាហារបំប៉ន មានភាពធំទូលាយ និងមានច្រើនជម្រើសជាងមុន ហើយការប្រើប្រាស់ពាក្យពេចន៍របស់ផលិតផលខ្លះ បានបង្កប់នូវខ្លឹមសារភូតកុហក និងបង្កឱ្យមានការយល់ច្រឡំ ដោយប្រជាជនខ្លះបានប្រើប្រាស់ផលិតផលបំប៉នទាំងនោះ ដើម្បីព្យាបាលជំងឺផ្សេងៗទៅវិញ។ ជាក់ស្តែងកាលពី កាលពីខែ មីនា កន្លងមកនេះ តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាជនឱ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ចំពោះបញ្ហានេះ។
ក្រសួងបានណែនាំពន្យល់ច្បាស់ៗថា «ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺដូចជាជំងឺមហារីក ជំងឺឈឺសន្លាក់ ជំងឺទឹកនោមផ្អែម លើសឈាម និងរោគផ្សេងៗទៀតបានឡើយ។ ផ្ទុយទៅវិញ ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមួយចំនួន អាចង្កឲ្យមានហានិភ័យចំពោះសុខភាព និងជួនកាលបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។»
វិធីសាស្ត្រក្នុងការឃោសនាផលិតផល
ការផ្សព្វផ្សាយផលិតផលនៅតាមបណ្តាញសង្គម ការប្រើប្រាស់បុគ្គលល្បីៗដែលមានការគាំទ្រច្រើន និងអ្នកតំណាងលក់ចែកចាយគ្រប់ទូទាំងខេត្តក្រុង អាចធ្វើឱ្យការឃោសនាលក់ផលិតផលកាន់តែ
មានភាពងាយស្រួល និងប្រសិទ្ធភាពកាន់តែខ្ពស់។
ក្នុងបរិបទនេះ យើងគួរត្រិះរិះពិចារណាថា តើភាពពេញនិយមនេះ ពិតជាមានជាប់ទាក់ទងនឹងប្រសិទ្ធភាព នៃផលិតផលដែរឬទេ? តើផលិតផលមានតម្លៃថ្លៃ សុទ្ធតែល្អមែនដែរឬទេ ហើយអ្នកយល់ច្បាស់ប៉ុណ្ណា ពីផលិតផលនោះ ? តើផលិតផលមួយ ដែលល្អត្រឹមត្រូវ គួរតែត្រូវបានណែនាំ និងមានប្រភពមកពីណា?
ការសិក្សាជាច្រើនបានបង្ហាញថា មានតែការពិគ្រោះជាមួយក្រុមគ្រូពេទ្យ និងការណែនាំដោយអ្នកជំនាញសុខភាពទេ ដែលអាចឱ្យអ្នកស្វែងរកនូវផលិតផលមួយ ដែលសមស្របទៅនឹងសុខភាពរបស់អ្នកផ្ទាល់ ពីព្រោះសុខភាពរបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗពីគ្នា។
ផ្លាកសញ្ញា និងស្តង់ដារផលិតផល
ផ្លាកសញ្ញា និងព័ត៌មាននៅលើផលិតផលមានសារៈសំខាន់ ក្នុងការជួយអ្នកឱ្យស្វែងយល់ច្បាស់ពីផលិតផលកាន់តែច្បាស់ មុននឹងប្រើប្រាស់។
សម្រាប់ប្រទេសកម្ពុជា រាល់ផលិតថ្នាំពេទ្យ គ្រឿងសម្អាង និងផលិតផលអាហារបំប៉នផ្សេងៗទៀត នៅពេលដែលនាំចូលមកលក់នៅក្នុងទីផ្សារ ត្រូវសុំការអនុញ្ញាតផ្សព្វផ្សាយ ដោយមានបញ្ជាក់ទីតាំងអាសយដ្ឋានផលិតច្បាស់លាស់ មានចុះបញ្ជីកា និងការត្រួតពិនិត្យគុណភាពត្រឹមត្រូវ ដែលមានត្រូវទទួលស្គាល់ពីក្រសួងសុខាភិបាល។
ម្យ៉ាងវិញទៀត មនុស្សភាគច្រើនយល់ថា ឱ្យតែផលិតផលមានត្រានិងសញ្ញាសម្គាល់ល្បីពីបរទេសសុទ្ធតែជាផលិតផលល្អ។ តួយ៉ាងដូចនៅសហរដ្ឋអាមេរិក ទីភ្នាក់ងារស្បៀងអាហារនិងឱសថ (Food And Drug Administration) បានសរសេរណែនាំថា ជាទូទៅថា ទីភ្នាក់ងាររបស់ខ្លួនគ្មានសិទ្ធិធានាពីប្រសិទ្ធិភាពរបស់ផលិតផលមុននឹងចែកចាយលក់នៅក្នុងទីផ្សារនោះទេ។
រាល់ពេលសារធាតុផ្សំថ្មី ត្រូវបានបញ្ចូលក្នុងសារធាតុផ្សំក្នុងអាហារបំប៉ន អ្នកផលិតត្រូវតែជូនដំណឹងទៅខាង FDA អំពីសារធាតុថ្មីនោះ មុននឹងចែកចាយទៅទីផ្សារ។ ទោះយ៉ាងណា ការពិនិត្យឡើងវិញដោយ FDA គឺពួកគេនឹងពិនិត្យទៅលើតែស្តង់ដារសុវត្ថិភាពប៉ុណ្ណោះ តែមិនមែនធានាប្រសិទ្ធិភាពរបស់ផលិតផលនោះទេ។