តើអ្នកដែលគិតស្រម៉ៃទេថាសុភាសិតខ្មែរ«ក្អែកមួយជាក្អែកដប់»នៅតែបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងសម័យកាលទំនើប នៃការចែករំលែកព័ត៌មានតាមបណ្តាញសង្គម?
«ក្អែកមួយជាក្អែកដប់»ជាសុភាសិតខ្មែរបុរាណជាន័យធៀបអំពីការនិយាយតគ្នាពីមាត់មួយទៅមាត់មួយទៀតប៉ុន្តែខ្លឹមសារដែលចែករំលែកក្នុងន័យនេះត្រូវបានម្នាក់ពន្លើសបន្តិច ម្នាក់ទៀតពន្លើសបន្តិចទៀត ដែលបណ្តាលឱ្យបាត់បង់នូវអត្ថន័យដើម និងមិនត្រឹមត្រូវ។
បើក្រឡេកមកមើលសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុបន្បន្ននេះវិញការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមកាន់តែមានភាពងាយស្រួលនិងឆាប់រហ័សជាងមុនការណ៍នេះបានធ្វើឱ្យការសាយភាយនៃព័ត៌មានកាន់តែមានឥទ្ធិពលខ្លាំងជាងមុន។
តួយ៉ាងករណីស្លាប់នារីអូតេសហ្វីលីពីន Christine Angelica Daceraដែលត្រូវបានគេសង្ស័យថាត្រូវបានគេរំលោភកាលពីថ្មីៗកន្លងមកនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃការសាយភាយឆាប់រហ័សនៃព័ត៌មានដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់។
នៅតាមប្រព័ន្ធអ៊ីនធឺណិតការណ៍នេះបង្កឱ្យមានការបន្ទោសចោទប្រកាន់ប៉ះពាល់ កិត្តិយស ទៅលើបុគ្គលពាក់ព័ន្ធ ដែលមិនទាន់ឆ្លងកាត់ប្រព័ន្ធយុត្តិធម៌។
ការចែករំលែកព័ត៌មានមិនមែនជារឿងខុសឆ្គងនោះទេ ប៉ុន្តែការចែករំលែកព័ត៌មានដែលមិនត្រឹមត្រូវ មិនមានវិជ្ជាជីវៈ ទើបជារឿងដែលគួរជៀសវាង។ អ្នកអាចក្លាយខ្លួនជាអ្នកចែករំលែកដែលមានទំនួលខុសត្រូវនិងឈ្លាសវៃមួយរូបដោយធ្វើការពិចារណាទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១.គោលបំណងនៃការចែករំលែក
មានហេតុផលផ្សេងៗដែលជម្រុញឱ្យមនុស្សចែករំលែកព័ត៌មាននៅតាមបណ្តាញសង្គម ដូចជា បង្កើតទំនាក់ទំនង បង្ហាញការគាំទ្រទៅលើអ្វីមួយ បង្ហាញពីភាពជាខ្លួនឯង ការកំសាន្ត និងការចែករំលែករឿងល្អៗជាដើម។
ប៉ុន្តែអ្នកក៏គួរគិតផងដែរថា តើព័ត៌មានអ្នកដែលអ្នកចែករំលែកទៅ នៅក្នុងគោលបំណងអ្វី?តើវាត្រឹមត្រូវ ឬក៏ផ្តល់ផលអវិជ្ជមានដល់អ្នកដទៃដែរឬទេ?
២.ផលប៉ះពាល់នៃព័ត៌មាន
មនុស្សម្នាក់ៗមានការយល់ឃើញខុសៗពីគ្នាហើយពេលខ្លះអ្នកអាចពិបាកក្នុងការសន្និដ្ឋានបានដែរថា តើបុគ្គលដែលមើលឃើញព័ត៌មានពីការចែករំលែករបស់អ្នកនោះ នឹងទទួលរងសម្ពាធ ឬរងផលប៉ះពាល់អ្វីខ្លះជាពិសេសបើព័ត៌មាននោះអ្នកគ្រាន់តែធ្វើការចែករំលែកបន្តនៅលើបណ្តាញសង្គមដោយមិនបានចូលអានឱ្យបានត្រឹមត្រូវនិងមិនបានគិតដល់លទ្ធផលរបស់អ្នកដែលជាប់ពាក់ព័ន្ធនឹងព័ត៌មាននោះ។ អ្នកមានសិទ្ធក្នុងការចែករំលែក ប៉ុន្តែវាគួរតែស្ថិតនៅក្នុងខ្សែបន្ទាត់ណាមួយ ដែលមិនប៉ះពាល់ដល់កិត្តិយស ឬអារម្មណ៍អ្នកដទៃ ឬបង្កផលវិបាកណាមួយដល់សង្គម។
៣.ប្រភពនៃព័ត៌មាន
ការស្វែងយល់ពីប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងធ្វើការចែករំលែកពិតជាមានសារៈសំខាន់ខ្លាំងណាស់។ស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈអាចជួយការពារអ្នកពីការទទួលយកនូវព័ត៌មានខុសនិងការយល់ច្រឡំចំនួននៃការស៊ែរ និងការចូលចិត្តច្រើន មិនអាចបញ្ជាក់សម្អាងថា ព័ត៌មានត្រឹមត្រូវទាំងអស់នោះទេ។ ការតាមដានព័ត៌មាន ដែលមកពីស្ថាប័នអាចជឿទុកចិត្តបាន និងមានវីជ្ជាជីវៈក្នុងការរាយការណ៍ គឺជាគន្លឹះសំខាន់។
៤.ទស្សនិកជន
ការចែករំលែកអ្វីមួយ នៅតាមបណ្តាញសង្គម អាចឱ្យមនុស្សគ្រប់គ្នាដែលស្ថិតនៅក្នុងរង្វង់បណ្តាញសង្គមរបស់អ្នក បានមើលឃើញពីមាតិកានោះ។ ដូច្នេះ អ្នកគួរតែធ្វើការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចែករំលែកអ្វីមួយ ពីព្រោះវាអាចឆ្លុះបញ្ចាំងពីចំណុចជាច្រើនអំពីខ្លួនអ្នក ថាអ្នជាមនុស្សប្រភេទណា។
៥.រយៈកាល
អ្នកអាចមានអារម្មណ៍ខឹងសម្បារឬមិនសប្បាយជាមួយនឹងអ្វីមួយនៅក្នុងថ្ងៃនេះ។ប៉ុន្តែថ្ងៃស្អែកអ្នកអាចមានអារម្មណ៍ប្រសើរ និងគិតស្រឡះជាងមុនវិញ។ រីឯការចែករំលែកព័ត៌មាននៅក្នុងបណ្តាញសង្គម នៅពេលដែលចែករំលែកទៅហើយគឺវានឹងត្រូវបានផ្សាយចេញទៅហើយទោះបីជាអ្នកអាចលុបចោលវិញក្តីព័ត៌មានទាំងនោះអាចនឹងស្ថិតនៅក្នុងការចងចាំរបស់បុគ្គលណាម្នាក់រយៈពេលខ្លីប៉ុន្តែវានៅតែត្រូវបានរក្សាទុកជាទិន្នន័យនៅលើប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេលជាច្រើនឆ្នាំ។
ដូច្នេះសូមចៀសវាងការចែករំលែកព័ត៌មាន ឬបង្ហោះសារ តាមចិត្តក្តៅនៃកំហឹងរបស់អ្នក៕