ជំងឺកូវីដ១៩ បានធ្វើឱ្យសាស្រ្តាចារ្យ និងនិស្សិត ផ្លាស់ប្តូរទម្លាប់ពីការរៀន ក៏ដូចជាបង្រៀនក្នុងថ្នាក់ មករៀន និងបង្រៀនអនឡាញ ចាប់ពីខែមីនា កន្លងមកនេះ។ តើពួកគេ បានរៀនអ្វីខ្លះពីការសិក្សាអនឡាញ ហើយបទពិសោធន៍នេះធ្វើឱ្យពួកគេមើលមកលើការសិក្សាក្នុងថ្នាក់យ៉ាងដូចម្តេចខ្លះ? ម្យ៉ាងទៀត តើទំនាក់ទំនងរវៀងគ្រូនឹងសិស្ស មានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ?
ការសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល ត្រូវបានអនុវត្តអស់រយៈពេលជាង៥ខែមកហើយ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីថ្ងៃទី១២ ខែតុលាកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានឧត្ដមសិក្សាបើកដំណើរឡើងវិញ។ សេចក្ដីប្រកាសនេះ មានន័យថា និស្សិតនឹងត្រូវផ្លាស់ប្ដូរពីការសិក្សាតាមប្រព័ន្ធឌីជីថល មកការសិក្សានៅក្នុងថ្នាក់ដូចដើមវិញ តែត្រូវគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ចែងដោយក្រសួង។
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានអប់រំគ្រប់កម្រិតត្រូវបានផ្អាកដំណើរកាលពីខែមីនា ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងពេលនោះដែល ដើម្បីបន្តការសិក្សានិងការបង្រៀនដើម្បីឱ្យទាន់កម្មវិធីសិក្សា សិស្ស និស្សិតក៏ដូចសាស្រ្តាចារ្យត្រូវសម្របខ្លួនលើការផ្លាស់ប្តូរមករៀន និងបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងនោះរួមមាន ការរៀនតាមកម្មវិធី Zoom វីដេអូមេរៀនបង្កើតនិងផ្សព្វផ្សាយដោយក្រសួង វីដេអូចែកចាយដោយបុគ្គលនានាលើអុីនធឺណិត និងវីដេអូ Youtube ជាដើម។
ក្នុងអំឡុងពេល ការសិក្សាពីចម្ងាយនោះដែរ មានមតិសាធាណជន ជាពិសេសអាណាព្យាបាល លើកឡើងអំពីកង្វល់មកលើប្រសិទ្ធភាពនៃការសិក្សាតាមប្រព័ន្ធឌីជីថល និងការសម្របខ្លួនមិនទាន់ជាដើម។ ទន្ទឹមគ្នានេះដែល មានសារព័ត៌មានជាច្រើន ធ្វើការរាយការណ៍ដើម្បីស្វែងយល់អំពីការយល់ឃើញ ក៏ដូចជាផលវិបាកទាក់ទងនឹងការផ្លាស់ប្តូរមករៀន និងបង្រៀនតាមប្រព័ន្ធឌីជីថលនេះ។ ចម្លើយដែលទទួលបាន ខុសគ្នាទៅតាម លទ្ធភាព ជីវភាពគ្រួសារ កម្រិតអក្ខរកម្មឌីជីថល (Digital Literacy) និងចំណង់ចំណូលចិត្តរបស់សិស្ស អាណាព្យាបាល និសិ្សត និងគ្រូបង្រៀនម្នាក់ៗ។
ដោយសារ រយៈពេលដែលនិស្សិតថ្នាក់ឧត្ដមសិក្សាចំណាយលើការសិក្សាតាមប្រព័ន្ធឌីជីថល យូរជាងសិស្សានុសិស្សក្នុងកម្រិតសិក្សាផ្សេងៗ និស្សិតមួយចំនួនបានចាប់ផ្តើមស៊ាំនឹងការសិក្សាពីចម្ងាយនេះ។
ខណៈដែលក្រសួងអប់រំ ប្រកាសអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរមករៀនក្នុងថ្នាក់វិញ ការណ៍នេះក៏ធ្វើឱ្យសិស្ស និស្សិត មានចំណាប់អារម្មណ៍ផ្សេងៗគ្នាទៅតាមនោះដែរ។ អ្វីដែលយើងដឹង គឺវិធានការការពារដែលនិស្សិតត្រូវអនុវត្តតាម ដែលក្នុងនោះរួមមាន ការស្ទង់កម្ដៅ ពាក់ម៉ាស និង រក្សាគម្លាតសង្គមជាដើម។ ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយពីការយល់ឃើញរបស់និស្សិត និងសាស្រ្តាចារ្យទៅលើ ការត្រឡប់ទៅរៀននៅក្នុងថ្នាក់រៀនផ្ទាល់វិញ និងថាតើអ្វីជាមេរៀនទទួលបានពីបទពិសោធន៍ (Lesson Learnt) នៃការរៀននិងបង្រៀនតាមប្រព័ន្ធឌីជីថល។
Focus បានធ្វើការសាកសួរ និស្សិត និងសាស្រ្តាចារ្យ តាមសាកលវិទ្យានានានៅភ្នំពេញ អំពីការយល់ឃើញរបស់ពួកគេ។ សុខ ចាន់សុី ២៨ឆ្នាំ សាស្ត្រាចារ្យភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ «ខ្ញុំចង់ត្រឡប់ទៅបង្រៀនក្នុងថ្នាក់វិញណាស់ ព្រោះវាមិនសូវមានអារម្មណ៍តានតឹងដូចបង្រៀនតាមអនឡាញ ហើយខ្ញុំមានពេលផ្ដោតអារម្មណ៍បានល្អជាង។ ម្យ៉ាងទៀត វាងាយស្រួលក្នុងការតាមដានការសិក្សារបស់និស្សិតដោយផ្ទាល់។ បទពិសោធន៍នៃការបង្រៀនអនឡាញអស់រយៈពេល៨ខែនេះ ធ្វើឱ្យខ្ញុំយល់ពីបច្ចេកវិទ្យាជាងមុន តាមរយៈការប្រើប្រាស់កម្មវិធីអប់រំថ្មីៗមួយចំនួន។ ប៉ុន្តែ វាពិបាកក្នុងការទំនាក់ទំនងគ្នាជាមួយសិស្ស។ អ្វីដែលជាបញ្ហាប្រឈមចម្បងនោះ គឺពេលសេវាអុីនធឺណិតរអាក់រអួល។ លើសពីនេះទៀត ខាងសាលាមិនបានចាយលុយលើសេវាអុីនធឺណិត និងថ្លៃភ្លើងឱ្យនោះទេ។ មួយទៀត គឺសម្លេងរំខានពេលបង្រៀនពីអ្នកជិតខាង ព្រោះពួកគាត់ច្រៀងខារ៉ាអូខេមិនឈប់ឈរ។»
ង៉ែត លីហ្សា ២២ឆ្នាំ និសិ្សតឆ្នាំទី៤ ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៖ «ការត្រឡប់ទៅរៀននៅក្នុងថ្នាក់ធម្មតាវិញ ធ្វើឱ្យខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំបានទៅជួបមិត្តភក្តិ ហើយណាមួយ ខ្ញុំផ្ចង់អារម្មណ៍បានល្អ ជាងពេលរៀនអនឡាញ។ រយៈពេល ៤ទៅ៥ខែនេះ ធ្វើឱ្យខ្ញុំក្លាយទៅជាអ្នកសិក្សាដោយឯករាជ្យជាងមុន ព្រោះវាធ្វើឱ្យខ្ញុំខិតខំស្រាវជ្រាវពីមេរៀនកាន់តែច្រើន។ ហើយមួយទៀតវាធ្វើឱ្យខ្ញុំយកចិត្តទុកលើរឿងតូចៗដូចជា ការពិនិត្យសេវាអុីនធឺណិត និងជ្រើសរើសទីតាំងក្នុងផ្ទះសមរម្យមុនពេលរៀនជាដើម។ ប៉ុន្តែការមើលអេក្រង់យូរពេក ធ្វើឱ្យខ្ញុំមានភាពតានតឹងពេលខ្លះ។ ខ្ញុំចូលចិត្តការរៀនក្នុងថ្នាក់ជាង បើនិយាយពីទំនាក់ទំនងរវាងគ្រូនឹងសិស្ស ព្រោះគ្រូមិនគ្រាន់តែអានមេរៀនតាមបទបង្ហាញដូចថ្នាក់អនឡាញនោះទេ។ បញ្ហា វាអាចមកពី ពួកគាត់ទាន់ដឹងពីការបង្រៀនតាមឱ្យមានប្រសិទ្ធភាពនៅឡើយ។ សម្រាប់និស្សិតពេទ្យដូចខ្ញុំ ការរៀននៅក្នុងសាលានៅតែជាកត្តាដែលចាំបាច់បំផុត។»
សែម ប៉ារូដា ២១ឆ្នាំ និស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៖ «ពេលដែលដឹងថា នឹងត្រូវត្រឡប់ទៅរៀនក្នុងថ្នាក់ធម្មតាវិញ ខ្ញុំមានអារម្មណ៍ច្របូកច្របល់មិនប្រាកដ ព្រោះការសិក្សាទាំងពីរប្រភេទ មានទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ការរៀនអនឡាញអស់ជាង៦ខែនេះ ធ្វើចេះបែងចែកពេលវេលាល្អជាងមុន ចេះផ្តោតអារម្មណ៍ និងចេះឱ្យតម្លៃលើសារៈសំខាន់នៃអុីនធឺណិតល្អ ព្រោះនៅពេលអុីនធឺណិតរអាក់រអួល វាស្មើរនឹងមិនអវត្តមាន។ ម្យ៉ាងទៀត ការរៀនអនឡាញជានិច្ចកាលតែងតែធ្វើឱ្យមានការយល់ខុស ដែលមិនអាចជៀសវាងបាន។ ទោះបីជាខ្ញុំស៊ាំនឹងការររៀនអនឡាញក៏ដោយ ខ្ញុំនៅតែចូលចិត្តររៀននៅក្នុងថ្នាក់ជាង ព្រោះវាធ្វើឱ្យខ្ញុំយល់មេររៀនប្រសើរជាង។ ហើយ ក្នុងថ្នាក់មានភាពងាយក្នុងការពិភាក្សារវាងគ្រូនឹងសិស្សជាងការរៀនអនឡាញ។»
ម៉ៅ ពេជ្រពន្លឺ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤នៅដេប៉ាតឺម៉ង់ភាសាបារាំងវិទ្យាស្ថានភាសាបរទេស៖ «ខ្ញុំសប្បាយចិត្តនៅពេលដឹងថាគេបើកសាលាឱ្យចូលរៀនក្នុងវិញ ទោះបីជាខ្ញុំចប់ហើយក៏ដោយ។ រៀនអនឡាញពិបាកជាងរៀននៅក្នុងថ្នាក់ ព្រោះយើងអាចធ្វើសកម្មភាពបានច្រើនពេលរៀននៅក្នុងថ្នាក់។ ណាមួយដោយសារខ្ញុំយកឯកទេសគ្រូ ត្រូវចុះទៅអង្កេតមើលថាគ្រូបង្រៀនសិស្សឆ្នាំទី១ដូចម្តេចខ្លះ។ ប៉ុន្តែតាមអនឡាញយើងបានតែស្តាប់។ សម្រាប់ការធ្វើបទបង្ហាញវិញខ្ញុំចូលចិត្តធ្វើនៅក្នុងថ្នាក់ជាងដែល ព្រោះយើងទទួលបានការយល់ឃើញពីគ្រូភ្លាមៗ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយកចិត្តទុកដាក់រៀនជាងពេលរៀននៅសាលា មូលហេតុមកពីគ្រូនៅនឹងមុខ។»
សុខ ហុង អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី១ ជំនាញ E-commerce នៅវិទ្យាស្ថានជាតិនិបទីក (NIPTICT)៖ «ពេលដឹងថា នឹងត្រូវចូលរៀនក្នុងសាលាវិញ ខ្ញុំសប្បាយចិត្តផង កើតទុក្ខផង។ សប្បាយចិត្ត ដោយសារបានជួបមិត្តភក្តិ និងគ្រូ បានជជែកគ្នា ព្រោះពេលរៀនអនឡាញ ដូចនៅតែឯងៗ ខ្វះការទំនាក់ទំនង។ កើតទុក្ខ ព្រោះត្រូវចាកចេញពីប៉ាម៉ាក់ ឡើងទៅភ្នំពេញជាថ្មី។ បទពិសោធន៍ការរៀនអនឡាញធ្វើឱ្យខ្ញុំមានឱកាសបានស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗច្រើនហើយវាបានបង្រៀនខ្ញុំឱ្យមានភាពជាម្ចាស់ការជាងមុនក្នុងការសិក្សាដោយការធ្វើស្វ័យសិក្សា និងចេះកំណត់កាលវិភាគសិក្សាបានល្អជាងមុន។ ប៉ុន្តែ ខ្ញុំនៅតែចូលចិត្តរៀនក្នុងថ្នាក់ជាង ព្រោះខ្ញុំបាននិយាយជាមួយមិត្តភក្តិ និងគ្រូៗដោយផ្ទាល់ ដែលវាបង្កឱ្យមានភាពងាយស្រួលក្នុងការពិភាក្សាគ្នា។ហើយមួយវិញទៀតប្រទេសយើងមិនទាន់មានដំណើរការបច្ចេកទេសស្រួលនៅឡើយ ដែលបង្ករឱ្យមានភាពរអាក់រអួលកើតឡើងក្នុងថ្នាក់អនឡាញ។»