កាលពីដើមខែកញ្ញានេះ Focus បានជួបជាមួយអគ្គនាយករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ខេមបូឌា គឺលោក Justin Helferich ដើម្បីពិភាក្សាលើប្រធានបទ រំពឹងទុកនូវអ្វីដែលមិនដែលបានព្រាងទុក និងការពារនូវអ្វីដែលសំខាន់សម្រាប់បុគ្គលនីមួយៗ។ លោក Justin Helferich ក៏បានធ្វើការចែករំលែកគន្លឹះមួយចំនួន ទៅកាន់យុវជនកម្ពុជា អំពីរបៀបនៃការគ្រប់គ្រងនូវហិរញ្ញវត្ថុផ្ទាល់ខ្លួន។
គន្លឹះ៣យ៉ាង ពីអគ្គនាយកវ័យក្មេងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ខេមបូឌា អំពីរបៀបនៃការគ្រប់គ្រងនិងចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន៖
បង្កើតការការពារជាមុន រួចរកទ្រព្យសម្បត្តិបន្ថែម៖ ត្រូវធានាថា អ្នកមានម្ចាស់ការផ្នែកហិរញ្ញវត្ថុ សម្រាប់មនុស្សដែលកំពុងពឹងផ្អែកលើខ្លួនអ្នក និងជាពិសេសសម្រាប់ខ្លួនអ្នកផ្ទាល់។ គួរទុកខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក ជាអាទិភាព។
ការសន្សំប្រាក់៖ អ្នកគួរតែមានប្រាក់សន្សំបំរុងទុក ដែលអាចចាយបានក្នុងរយៈពេល៦ខែ ក្នុងករណីមានកិច្ចការជាបន្ទាន់ ឬអាសន្នណាមួយ។ គួរព្យាយាមប្រើប្រាស់លុយរបស់ខ្លួនលើការវិនិយោគ ឬទ្រព្យសកម្ម ដែលមើលទៅអាចធានាសុវត្ថិភាពសម្រាប់ទ្រព្យធនរបស់ខ្លួនបាន។ ក្នុងករណី ដែលប្រាក់ចំណូលរបស់អ្នកទទួលរងការបង្អាក់ អ្នកអាចមានថវិកាបម្រុង សម្រាប់ប្រើប្រាស់បាន។
ការវិនិយោគ៖ គួរធ្វើការវិនិយោគលុយរបស់អ្នក ឱ្យបានត្រឹមត្រូវ ហើយត្រូវចេះថ្លឹងថ្លែងអំពីហានិភ័យ។ អ្នកគួរបង្កើនទ្រព្យសម្បត្តិ ខណៈដែលត្រូវសន្សំសំចៃ សម្រាប់ពេលចូលនិវត្តន៍ផងដែរ។ ក្នុងបរិបទការសន្សំប្រាក់និងការវិនិយោគ ការណ៍ដែលអ្នកអាចចាប់ផ្តើមធ្វើបានកាន់តែឆាប់ នោះអ្នកនឹងទទួលផលសងមកវិញ នាពេលអនាគតសម្រាប់ការរស់នៅប្រកបដោយភាពសុខដុម និងការទិញអ្វីផ្សេងទៀត។
ទន្ទឹមនឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន លោក Helferich ក៏ក្រើនរំលឹកឱ្យមានការយកចិត្តទុកដាក់ ថែរក្សាសុខភាព ដំណាលគ្នាផងដែរ។ លោកបានបន្ថែមថា សុខភាពគឺជារឿងចម្បងសម្រាប់យុវជនកម្ពុជា ក្នុងនោះផងដែរ ត្រូវមាន របបអាហារត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ និងការហាត់ប្រាណឱ្យបានទៀងទាត់។ នេះគឺជាពេល ដែលត្រូវយកចិត្តទុកដាក់ ទាំងលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការសន្សំទុក ក៏ដូចជាការថែរក្សាសុខភាព។