ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រៅពីព័ត៌មានអំពីស្ថានភាពកូវីដ១៩ក្នុងប្រទេសកម្ពុជា មានរឿងមួយទៀតដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍លើយ៉ាងខ្លាំង នោះគឺការដែលជនជាតិអៀរឡង់ម្នាក់ត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន VICE ពីការថែមពណ៌តាមឌីជីថលលើរូបភាពជនរងគ្រោះនៅអតីតមន្ទីរស២១របស់ខ្លួន។
រឿងរ៉ាវទាំងអស់ចាប់ផ្តើមនៅពេលដែលសារព័ត៌មាន VICE ចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា «These People Were Arrested by The Khmer Rouge and Never Seen Again» ដែលបកប្រែជាភាសាខ្មែរថា «មនុស្សទាំងនេះ ត្រូវបានចាប់ដោយខ្មែរក្រហម ហើយមិនត្រូវបានឃើញសារជាថ្មីនោះទេ» កាលពីថ្ងៃទី៩ ខែមេសាកន្លងមកនេះ។
អត្ថបទត្រូវបានសរសេរជាប្រភេទបទសម្ភាសន៍ទម្រង់សំណួរចម្លើយដោយ អ្នកកាសែតហាត់ការឈ្មោះ Eliza McPhail ដើម្បីសំណេសសំណាលជាមួយលោក Matt Loughrey ជនជាតិអៀរឡង់ អំពីការងារបន្ថែមពណ៌រូបភាពសខ្មៅរបស់ជនរងគ្រោះនៅអតីតមន្ទីរស-២១ ទៅជាពណ៌ធម្មជាតិ។
ភ្លាមៗក្រោយពីអត្ថបទនេះត្រូវបានចុះផ្សាយ មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចែករំលែកអត្ថបទខាងលើ ខ្លះពីគេហទំព័រផ្ទាល់ ខ្លះតាមមិត្តភក្តិហ្វេសប៊ុករបស់ខ្លួន។ ក្នុងនោះ តាមការសង្តេតរបស់អ្នករាយការណ៍ ឃើញថាមិនសូវមានប្រតិកម្មអវិជ្ជមានលើទង្វើនេះនៅឡើយនោះទេ ដែលការណ៍នេះអាចបង្ហាញថា មនុុស្សមួយចំនួនបានគិតថារូបភាពទាំងនោះ ជារូបភាពពិត ដែលទើបនឹងត្រូវបានរកឃើញ និងបន្ថែមពណ៌ដោយលោក Loughrey។
ប៉ុន្តែនៅថ្ងៃទី១០ អ្នកថតរូបជាតិបែលហ្សិក ដែលធ្លាប់ធ្វើការនៅកម្ពុជាចន្លោះឆ្នាំ២០០០-២០១៦ លោក John Vink បានបង្ហោះសារលើ Twitter ដោយយករូបកែឆ្នៃមកធៀបនឹងរូបថតដើម ព្រមទាំងអះអាងថា ការងារនោះមិនមែនជាការងារបន្ថែមពណ៌នោះទេ ប៉ុន្តែជាក្លែងបន្លំប្រវត្តិសាស្ត្រ។លោក Matt Loughrey បានកែមុខរបស់ជនរងគ្រោះ ដោយបន្ថែមស្នាមញញឹមទៅក្នុងរូបពណ៌ធម្មជាតិ ដែលខុសពីរូបថតដើមទាំងស្រុង។ សារនេះត្រូវបាន Retweet ក្នុងTwitter ចំនួន ៣ ៨៦៩ដង និងចុចចូលចិត្តរហូតដល់ ១ម៉ឺន៤ពាន់នាក់ (គិតត្រឹមថ្ងៃ១២)។ អ្នកបានឃើញសារនេះ មានទាំងជនជាតិខ្មែរ និងជនជាតិបរទេស។
នៅខាងក្រោមសាររបស់លោក John Vink មានអ្នកបញ្ចេញមតិមិនពេញចិត្តនឹងទង្វើបំពានការពិតនេះយ៉ាងច្រើន។ ក្នុងនោះមតិភាគច្រើន យល់ឃើញថាទង្វើរនេះជាទង្វើរមិនត្រឹមត្រូវ ព្រោះវាប៉ះពាល់ដល់ប្រវត្តិសាស្រ្តកម្ពុជា និង អត្ថបទនេះមានលក្ខណៈមិនច្បាស់លាស់ ហើយភាន់ច្រឡំលើច្រើនចំណុច។
ថ្វីបើការកែប្រែមុខមាត់លើរូបថតនេះ អាចសម្គាល់បានយ៉ាងឆាប់រហ័ស សម្រាប់ជនជាតិខ្មែរ និងអ្នកជំនាញលើប្រវត្តិសាស្ត្រខ្មែរក្រហម សាររបស់លោក John Vinh លើ Twitter ត្រូវបានថតជារូបអេក្រង់ និងត្រូវបានចែករំលែកតរៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីផ្តល់ជាព័ត៌មានដល់សាធារណៈជន និងទាមទារការបកស្រាយពីសិល្បករផ្ទាល់ និងស្ថាប័នសារព័ត៌មានខាងលើ។
ភ្លាមៗអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាពីការពិតនេះ ហើយអ្នកខ្លះបានលុបការចែករំលែកពីអត្ថបទរបស់សារព័ត៌មាន VICE ពីគណនីរបស់ខ្លួនចោលផងដែរ ដោយមិនចង់ឱ្យអ្នកដទៃទៀតយល់ច្រឡំ។ ចំនួនអ្នកចែករំលែកពីការពិតចេះតែកើនឡើង ជាច្រើនពីនៅលើហើយក៏បានទទួលដឹងឮដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌បានចេញសេចក្តីជូនដំណឹងមួយជុំវិញករណីនេះ នៅម៉ោង៣រសៀលនាថ្ងៃទី១១ ដោយចាត់ទុកថាទង្វើនេះ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធនៃកាប្រើប្រាស់រូបថតរបស់សារមន្ទីរ» និង ស្នើសុំឱ្យសិល្បករ ក៏ដូចជាសារព័ត៌មានលុបរូបភាពទាំងអស់ចោល។
ស្របគ្នាជាសេចក្តីជូនដំណឹងរបស់ក្រសួង ដំណរចុះឈ្មោះការដាក់ញត្តិអនឡាញមួយ ទាមទារឱ្យសិល្បករក៏ដូចជាសារព័ត៌មានលុបររូបភាពទាំងអស់ចោលត្រូវបានបង្កើតដោយ Southeast Asia Research and Cultural Heritage Center ត្រូវបានចែករំលែក។ ហើយ មកទល់ពេលនេះ ញត្តិអនឡាញនេះ ត្រូវបានចុះឈ្មោះបង្ហាញការគាំទ្រដោយមនុស្សចំនួន ៧ ៣៨៨នាក់។
ដោយបានទទួលសេចក្តីជូនដំណឹងរបស់ក្រសួង និងប្រហែលជាបានឃើញពីញត្តិអនឡាញខាងលើ បូករួមទាំងការបញ្ចេញមតិយោបល់រិះគន់ដោយផ្ទាល់លើផេកហ្វេសប៊ុករបស់ VICE Asia សារព័ត៌មាន VICE បានធ្វើការលុបអត្ថបទទាំងស្រុងពីគេហទំព័ររបស់ខ្លួន និងនៅលើបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី១១ ដោយមិនមានការបកស្រាយអ្វីនោះទេ។
ប៉ុន្តែនៅថ្ងៃទី១២ ខែមេសា សារព័ត៌មាននេះ បានចេញសេចក្តីប្រកាសមួយ ជុំវិញអត្ថបទដែលត្រូវបានលុបចោលនេះ។ សេចក្តីប្រកាសនោះបាន លើកឡើងថា អត្ថបទនេះមិនត្រឹមត្រូវតាមស្តង់ដាររបស់ស្ថាប័ព័ត៌មានរបស់ខ្លួន។ ក្នុងសេចក្តីប្រកាសន៍ដដែលនេះ VICE បានបន្តអះអាងថា ខ្លួនសោកស្តាយពីកំហុងឆ្គងនេះ ហើយនឹងស៊ើបអង្កេតពីដើមហេតុនៃកំហុសនេះ។
គិតមកដល់ពេលនេះផងដែរ គណនីលើបណ្តាញសង្គម Facebook និង Twitter របស់លោក Matt Loughrey គឺមិនមានទៀតទេ ដែលអាចជាការលុបគណនីចោល ឬផ្អាក។
ក្នុងនេះ យើងឃើញថាសេចក្តីជូនដំណឹងខាងលើ មិនមានការចេញមកសុំទោសជាសាធារណៈនោះទេ ដែលនាំឱ្យឈានដល់ការបង្កើតញត្តិអនឡាញមួយទៀត ទាមទារការសុំទោសជាសាធារណៈពីលោក Matt Loughrey និងសារព័ត៌មាន VICE ផ្ទាល់។ មកទល់ពេលនេះ ញត្តិអនឡាញថ្មីនេះ អ្នកចុះសរុបចំនួន ១៦៥០នាក់ ហើយចំនួនបាននឹងកំពុងកើនឡើងជាបន្តបន្ទាប់៕