ឈ្វេងយល់ពីស្នៀតសំខាន់ៗ ដែលអាចជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការតស៊ូមតិ។ ជំនាញតស៊ូមតិ ត្រូវបានទទួលស្គាល់ថាជាជំនាញមួយដ៏សំខាន់ ដែលមានអត្ថប្រយោជន៍។ ជាពិសេស សម្រាប់យុវជនក្នុងស្ថានភាពជាច្រើន ដែលអាចឱ្យពួកគេដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងសង្គម។
«ការតស៊ូមតិ» មិនមែនបង្កើតឡើងសម្រាប់នរណាម្នាក់ដែលមានអំណាច ឬមានឥទ្ធិពលនោះទេ ដោយឡែកមនុស្សគ្រប់រូប សុទ្ធតែមានសិទ្ធិតស៊ូនូវការយល់ឃើញរបស់ពួកគេ។ ពាក្យ «តស៊ូមតិ» សំដៅលើសកម្មភាព ដែលធ្វើឡើងដោយបុគ្គល ឬក្រុមណាមួយ ដើម្បីដោះស្រាយបញ្ហា ផ្តល់សិទ្ធិ និងជាពិសេសអាចផ្តល់ជាផលប្រយោជន៍ផ្នែកច្បាប់នៅក្នុងសង្គមណាមួយ។
ជាក់ស្ដែង ការតស៊ូមតិ របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា RoCK
លើការខិតខំតស៊ូមតិ លុបបំបាត់ការរើសអើងមកលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដើម្បីទទួលបានសិទ្ធិស្មើគ្នា ការទទួលស្គាល់ ព្រមទាំងកិច្ចការពារស្របច្បាប់ផងដែរ។
យ៉ាងណាមិញ ដើម្បីឱ្យការតស៊ូមតិ អាចធ្វើទៅបានលុះត្រាតែបុគ្គលណាម្នាក់ ឬក្រុមណាមួយមានជំនាញ និងយល់ដឹងពីគន្លឹះតស៊ូមតិផ្សេងៗ ដែលអាចជួយពួកគេ យល់ដឹងពីការគ្រប់គ្រងកាន់តែប្រសើរឡើង លើស្ថានភាពណាមួយ ដើម្បីដោះស្រាយបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធភាព។
ថ្ងៃនេះ ផតខាស់គួរក្រៅម៉ោងរបស់ Focus នឹងចែករំលែកនូវចំណុចសំខាន់ៗមួយចំនួន តាមរយៈអត្ថបទមួយរបស់ SUSHANT UNIVERSITY ដែលជួយឱ្យយុវជនអាចមកប្រើប្រាស់ សម្រាប់ពង្រឹងសមត្ថភាព ក្នុងកាតស៊ូមតិរបស់ពួកគេ។
យល់ឱ្យច្បាស់ពីបញ្ហា
ការកំណត់បញ្ហាឱ្យបានច្បាស់លាស់ ជាចំណុចចាប់ផ្ដើមសំខាន់សម្រាប់ជំនាញតស៊ូមតិ។ អ្នកគួរស្វែងយល់ឱ្យបានច្បាស់ពីបញ្ហា និងឈ្វេងយល់ពីគ្រប់ទិដ្ឋភាពនៃបញ្ហាអ្វីមួយឱ្យស៊ីជម្រៅជាមុនសិន ចៀសវាងការខ្ជះខ្ជាយពេល និងធនធានឥតប្រយោជន៍។ ម៉្យាងទៀត មធ្យោបាយដ៏ល្អបំផុតក្នុងការអភិវឌ្ឍ ជំនាញបែបនេះ គឺការបង្រៀនខ្លួនឯងអំពីទិដ្ឋភាពផ្សេងៗ នៃបញ្ហាជាក់លាក់ណាមួយ និងការស្រាវជ្រាវ ឱ្យបានហ្មត់ចត់ ក្នុងការយល់ពីបញ្ហាស្រដៀងគ្នា ដែលបានកើតឡើងកាលពីអតីតកាល ដើម្បីស្វែងយល់ ពីវិធីផ្សេងៗដែលដោះស្រាយ និងស្វែងរកដំណោះស្រាយថ្មី។
ការរក្សាកំណត់ត្រាត្រឹមត្រូវ
ដូចដែលយើងដឹងហើយថា ដើម្បីឱ្យការតស៊ូមតិសម្រេចទៅបានជោគជ័យ លុះត្រាតែមានការចូលរួមជាសំឡេង កិច្ចពិភាក្សា និងការស្ទង់មតិ ដើម្បីជាសញ្ញាបញ្ជាក់វាពិតជាបញ្ហា ដែលគួរតែទទួលបានដំណោះស្រាយ។ ម្យ៉ាងទៀត វាប្រៀបបីដូចជាកំណត់ត្រា ដែលអ្នកអាចដឹងពីចំនួនមនុស្ស ដែលគាំទ្រ និងមើលឃើញពីបញ្ហាដូចអ្នកដែរ ហើយវាអាចធ្វើឱ្យការតស៊ូមតិរបស់ អ្នកកាន់តែមានទម្ងន់។ ម៉្យាងទៀត ការកត់ត្រា ដោយមានលាយលក្ខណ៍ អក្សរត្រឹមត្រូវ និងការប្រជុំ ការសន្ទនាតាមទូរស័ព្ទ ជាដើម អាចជួយកាត់បន្ថយបញ្ហាណាមួយ ដែលអាចកើត មានឡើងនៅពេលទំនាក់ទំនងគ្នា ឬ ព័ត៌មានមិនត្រឹមត្រូវ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការ នៃការតស៊ូមតិរបស់អ្នក។
ការរក្សាអាកប្បកិរិយាត្រឹមត្រូវ
ការរក្សាអាកប្បកិរិយាត្រឹមត្រូវ គឺជាធាតុផ្សំសំខាន់សម្រាប់ការតស៊ូមតិ។ ដើម្បីអភិវឌ្ឍជំនាញនេះ ពេលខ្លះអ្នកត្រូវរៀនធ្វើមិនអើពើ នឹងសម្ដីបន្ទុកបង្អាប់របស់ជនខិលខូច ដែលព្យាយាម បំបាក់ទឹកចិត្ត និងបង្វែរអារម្មណ៍របស់អ្នកក្នុងការដើរដល់គោលដៅ។ ទន្ទឹមនឹងនោះ ប្រសិនបើអ្នកពិតជាចង់តស៊ូមតិ ទៅលើអ្វីមួយពិតប្រាកដមែន អ្នកត្រូវមានអំណត់អត់ធន់និងម៉ឺងម៉ាត់ចំពោះទស្សនៈរបស់ខ្លួន ដោយមិននៅស្ងៀមស្ងាត់ឡើយ នៅពេលដែលជួបប្រទះបញ្ហាអ្វីមួយ។
ការបន្តយកចិត្តទុកដាក់ និងតាមដាន
ការតស៊ូមតិ ត្រូវការពេលវេលា និងភាពជាប់លាប់ ក្នុងការតាមដានជាប្រចាំ ដោយវាដើរតួយ៉ាងសំខាន់ ដើម្បីទទួលបានលទ្ធផលក្នុងការតស៊ូមតិ ព្រោះវាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការបង្កើតឱ្យមាន ការផ្លាស់ប្តូរអ្វីមួយ។ ហេតុនេះ ទោះបីជាជួបបញ្ហាប្រទះនូវបញ្ហាប្រឈម អ្នកត្រូវមានភាពក្លាហាន ជឿជាក់ និងស្វែងរកដំណោះស្រាយក្នុងការបន្តដំណើរតស៊ូមតិរបស់អ្នកទៅទៀត។ ដូច្នេះ ការយកចិត្តទុកដាក់ និងតាមដានឱ្យបានខ្ជាប់ខ្ជួននេះហើយ ក៏អាចជួយកាត់បន្ថយបញ្ហា និងហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី៣ របស់យើងគឺដែលនិយាយអំពី៖ «ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz