ការយល់ដឹងពីគន្លឹះងាយៗក្នុងការសួរ ជាចំណេះជំនាញមួយ ដែលមនុស្សម្នាក់ៗគួរតែស្ពាយជាប់ខ្លូន ព្រោះវាអាចពាំនាំមកនូវសារៈប្រយោជន៍ជាច្រើន សម្រាប់ជីវិតរស់នៅ ប្រចាំថ្ងៃ និង ការប្រាស្រ័យទាក់ទងនៅក្នុងសង្គម។
មនុស្សគ្រប់រូបមិនសុទ្ធតែមានភាពក្លាហាន គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ក្នុងការសួរសំណួរ ឬបង្ហាញភាពងឿងឆ្ងល់របស់ខ្លួន ជាសាធារណៈនោះទេ។ ទោះបីជាយ៉ាងណា ទម្លាប់នៃការសួរសំណួរ ជាវិធីសាស្ត្រមួយ យ៉ាងចាំបាច់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីតែម្តង។
កង្វះពេលវេលា កង្វះទំនុកចិត្ត និងភាពភ័យខ្លាចពីការវាយតម្លៃពីអ្នកជុំវិញខ្លួនជាកត្តាជំរុញដែលអោយយុវជនខ្មែរភាគច្រើន មិនសូវមានទម្លាប់ចូលចិត្តសួរសំណួរច្រើន។ ពួកគេច្រើនធ្វើការប្រឹក្សា ឬចែករំលែកទៅកាន់តែក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធប៉ុណ្ណោះ នេះបើផ្អែកលើ តាមការសិក្សាមួយដែលធ្វើឡើងដោយ BBC Media Action កាលពីចុងឆ្នាំ២០២០ កន្លងមកនេះ ស្តីពីយុវជន និងការចូលរួមកិច្ចការសង្គម។
របាយការណ៍ស្រាវជ្រាវដដែលនេះ ក៏បានរកឃើញដែរថា យុវជនខ្មែរ ត្រឹមតែ២៩ភាគរយប៉ុណ្ណោះ ដែលចូលរួមពិភាក្សាពីបញ្ហាក្នុងស្រុក និងអន្តរជាតិ ជាមួយអ្នកជុំវិញខ្លួន។ ហើយមានប្រមាណតែ៤៣ភាគរយប៉ុណ្ណោះ ដែលចែករំលែក
ការយល់ឃើញរបស់ខ្លួនតាមប្រព័ន្ធអនឡាញ និងគណនីសង្គម។ ការណ៍នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីស្ថានភាពទូទៅរបស់យុវជនក្នុងការសួរសំណួរប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលនៃទម្លាប់នៃការមិនសួរសំនួរនេះ បានញាំងឱ្យយុវជនខ្មែរមិនសូវមានភាពក្លាហាន ក្នុងការបញ្ចេញមតិយោបល់ នឹងប្រធានបទរសើប ដូចជានយោបាយ និងបញ្ហាសង្គមជាដើម។
ទាក់ទងនឹងប្រធានបទនេះ Focus បានជួបសម្ភាសន៍ជាមួយ លោក អ៊ឹម សុធី ជានាយកប្រតិបត្តិនៃអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) ជាអង្គការក្នុងស្រុក ដែលធ្វើការលើកម្ពស់ការចូលរួម និងផ្តល់សិទ្ធអំណាចទៅកាន់យុវជន នៅប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជាការចែករំលែករបស់លោក អ៊ឹម សុធី នូវចំណុចសំខាន់ៗមួយចំនួន ដែលជួយឱ្យយុវជនអាចមកប្រើប្រាស់ សម្រាប់ពង្រឹងសមត្ថភាពក្នុងការសួរសំណួរបាន។
ចេះស្វែងយល់ពត៌មានដោយខ្លួនឯង
ចំណុចសំខាន់ទី មួយ ដែលលោក អ៉ឹម សុធី មើលឃើញថាជាការចាប់ផ្តើមដំបូងបង្អស់នោះគឺការបង្កើតទម្លាប់ក្នុងការចេះសិក្សាស្វែងយល់ព័ត៌មានដោយខ្លួនឯង។ ទម្លាប់នេះ អាចជួយអោយអ្នកមានចំណេះដឹងថ្មីៗនៅក្នុងខ្លួន ហើយវាធ្វើអ្នកមានភាពក្លាហានច្រើន នៅក្នុងការប្រាស្រ័យទាក់ទងនៅក្នុងសង្គម ដូចជា ការបញ្ចេញមតិយោបល់ និងការសួរសំណួរជាដើម។
តាមបទពិសោធន៍ ធ្វើការជាមួយយុវជនអស់ពេលជិត២០ឆ្នាំ លោកយល់ថា ភាពក្លាហានរបស់យុវជនខ្មែរ ច្រើនកើតមានតាមរយៈការយល់ដឹង ឬចំណេះដឹងរបស់ខ្លួន។
ស្គាល់នូវអ្វីដែលខ្លួនចង់បាន
អ្នកជំនាញធ្វើការជាមួយយុវជន និងសហគមន៍រូបនេះយល់ថា នៅពេលដែលយុវជនដឹងនូវអ្វីដែលខ្លួនចង់បាន វាជាកត្តាជំរុញមួយសំខាន់ក្នុងស្វែងរកវា។ ហើយវាប្រៀបដូចជាការសំណួរទៅកាន់នរណាម្នាក់ជាដើមអ្នកប្រាកដជាមានភាពក្លាហាន តាំងចិត្តក្នុងការលើកឡើងសួរនូវសំណួររបស់ខ្លួន ដើម្បីស្រាយរាល់ចម្ងល់បញ្ហាបាន ប្រសិនបើអ្នកយល់ច្បាស់ថា អ្នកសួរសំណួរទាំងនេះ នៅក្នុងគោលបំណងអ្វី ព្រោះមូលហេតុអ្វី ឬចង់បានអ្វី ពីការសួរសំណួរនេះ។
ហេតុនេះ ស្គាល់នូវអ្វីដែលខ្លួនចង់បាន ហ៊ានស្វះស្វែងរកចម្លើយ អាចជួយអោយអ្នកមានភាពក្លាហានដោយមិនដឹងខ្លួន ក្នុងការប្រាស្រ័យទាក់ទងទូទៅជាមួយនឹងអ្នកដទៃ។
រៀនបើកចិត្តសួរ
តាមបទពិសោធន៍ការងាររបស់ខ្លួន លោកសុធី បានលើកឡើងថា ការបើកចិត្តឱ្យទូលាយទទួលយកចំណេះដឹងថ្មីៗ ប្រៀបបីដូចជាការរៀនសង្កេតមើលពីអ្វីៗ ដែលកើតមានឡើងជុំវិញខ្លួន។ ហេតុនេះផ្នត់គំនិតរបស់អ្នក នឹងមានភាពទូលំទូលាយជាងមុន បើសិនអ្នកបើកចិត្តហ៊ានសួរ ដើម្បីទទួលយកអ្វីដែលថ្មី។
មិនតែប៉ុណ្ណោះវា ក៏ជាចំណុចមួយ ជួយអោយមនុស្សម្នាក់ៗនៅក្នុងសង្គម ចេះចែករំលែកការយល់ដឹងរបស់ខ្លួន មិនប្រកាន់ច្រើន នៅពេលដែលគេសួរសំណួរដូចគ្នា។
ចេះប្រើប្រាស់ភាសាកាយវិការ និង ពាក្យសម្តីត្រឹមត្រូវ
ចំណុចសំខាន់ចុងក្រោយ ដែលលោក អ៉ឹម សុធីបានធ្វើការណែនាំនោះគឺការប្រើប្រាស់កាយវិការសមរម្យ និងពាក្យសម្តីដែលសមរម្យ មិនច្រងែងច្រងាង ក៏ជាតិចនិកដែលគួរយកមកអនុវត្ត មិនថាអ្នកសួរក្នុងកាលទេសៈ ឬគោលបំណងអ្វីក៏ដោយ។
វាគឺជាវិធីមួយក្នុងការបង្ហាញក្តីគោរពទៅកាន់អ្នកដទៃ ហើយអ្នកក៏អាចបន្ធូរបន្ថយភាពតានតឹង សម្រាប់ខ្លួនឯង និងអ្នកដែលត្រូវឆ្លើយដូចគ្នា។ ជាពិសេស អ្នកអាចបង្កើតកិច្ចសន្ទនាមួយ ដែលមានបរិយាកាសល្អ មិនតានតឹង។
មនុស្សមួយចំនួនតូច នៅមិនទាន់បើកចិត្តទូលាយ សម្រាប់ឆ្លើយសំណួរជាមួយអ្នកដទៃនៅឡើយទេ ព្រោះគេយល់ថា វាជាការដេញដោល ឬផ្ចាញ់ផ្ចាលក៏មាន។ ជាពិសេស ប្រធានបទទាក់ទងនឹងបញ្ហាសង្គម នយោបាយ និងភាពដឹកនាំរបស់បុគ្គលណាម្នាក់ ឬស្ថាប័នជាដើម។ ដូច្នេះការសួរសំនួរដោយគោរព ប្រកបដោយកាយវិការសមរម្យ នឹងមិនធ្វើឱ្យស្ថានភាពមើលទៅ មានលក្ខណៈប្រឈមខ្លាំង នៅពេលសួរសំនួររស៊ើប។
ជាចុងក្រោយ លោកក៏បានសង្កត់ធ្ងន់ផងដែរថា កត្តាសង្គមក៏ដើរតួយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្ត ឱ្យយុវជនមានភាពក្លាហានក្នុងការសួរសំណួរ ដោយផ្ដល់បរិយាកាសសុវត្ថិភាព និងអោយតម្លៃនៃការបញ្ចេញមតិយោបល់របស់យុវជន៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទីមួយរបស់យើងគឺដែលនិយាយអំពី៖ «ម៉េចបានអត់ហ៊ានសួរ?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz