ជាមួយនឹងការងារដែលរវល់ពេញមួយថ្ងៃ រាងកាយនិងខួរក្បាលរបស់យើង ប្រាកដជាត្រូវការការបន្ធូរអារម្មណ៍ និងសម្រាកយកកម្លាំង ទាំងកាយ និងចិត្តមកវិញ។
ការងារ ការសិក្សា រឿងផ្ទាល់ខ្លួន និងការធ្វើដំណើរ សុទ្ធតែជាសកម្មភាពប្រចាំថ្ងៃ ដែលមនុស្សគ្រប់គ្នាឆ្លងកាត់។ ថ្ងៃខ្លះយើងមានការងារច្រើនត្រូវបំពេញ រហូតមានអារម្មណ៍ថា ហត់ទាំងកាយ ហត់ទាំងចិត្ត ឬគេហៅថាអារម្មណ៍តានតឹង (stress)។ ជាមួយនឹងការងារដែលរវល់ពេញមួយថ្ងៃ រាងកាយនិងខួរក្បាលរបស់យើង ប្រាកដជាត្រូវការការបន្ធូរអារម្មណ៍ និងសម្រាកយកកម្លាំង ទាំងកាយ និងចិត្តមកវិញ។
យោងតាមសមាគមផ្នែកចិត្តសាស្ត្រសហរដ្ធអាមេរិក American Psychological Association បានបង្ហាញ ថា ភាពតានតឹងជាប្រតិកម្មធម្មតា កើតឡើងជាទូទៅនៅ ពេលដែរយើងមានសម្ពាធប្រចាំថ្ងៃ។ ភាពតានតឹងនេះ ចែកជា ភាពតានតឹងវិជ្ជមាន និង ភាពតានតឹងបែបអវិជ្ជមាន (Positive and Negetive Stress)។
ថ្វីត្បិតតែភាពតានតឹងអាចកើតឡើងជាប្រចាំ រហូតធ្វើយើងមានអារម្មណ៍ថាទម្លាប់នឹងវា តែនៅរយៈពេលយូរ ភាពតានតឹងនេះអាចជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្ត និងប៉ះពាល់ដល់សមត្ថភាពការងារ ជាពិសេសនៅ ពេលតានតឹងបែបអវិជ្ជមាន កើតឡើងច្រើនដង។
អ្នកជំនាញចិត្តសាស្ត្រ បានណែនាំទម្លាប់មួយចំនួន ដែលត្រូវបានទទួលស្គាល់ថា អាចជួយរំសាយអារម្មណ៍ ក្រោយពេលបំពេញការងារមមាញឹក។ Focus សូមណែនាំទម្លាប់មួយចំនួន ដូចខាងក្រោម ៖
–ការសរសេរកំណត់ហេតុ (journal writing) : ការសរសេរកំណត់ត្រាពីអារម្មណ៍របស់ខ្លួន រឿងសំងាត់ ការតាំងចិត្តសម្រាប់ឆ្នាំថ្មី ព្រឹត្តិការណ៍សំខាន់ៗ ផែនការជីវីត សុទ្ធតែអាចជួយឲ្យយើងបញ្ចេញអារម្មណ៍ និងស្វែងយល់ពីខ្លួនឯង។ គ្មានការកំណត់ណាមួយថា អ្នកត្រូវតែសរសេរ ជារៀងរាល់ថ្ងៃ សរសេរបែបណាទើបត្រឹមត្រូវនោះទេ ពីព្រោះក្នុងការសរសេរកំណត់ហេតុរបស់មនុស្សម្នាក់ៗ មានរចនាបទ និង បែបផែននៃការសរសេររៀងខ្លួន។ អ្វីដែលសំខាន់ ការបង្កើតទម្លាប់សរសេរជាប្រចាំ ព្រោះវាអាចជួយឱ្យមុខងារនៃការយល់ដឹងរបស់យើង មានភាពប្រសើរឡើង (improve cognitive function)។ ម៉្យាងទៀត ការសរសេរពីព្រឹត្តិការណ៍ដែលជះឥទ្ធិពលមកលើយើង ក៍អាចធ្វើឱ្យយើងមានភាពងាយស្រួល ក្នុងការបញ្ជេញគំនិតនិងអារម្មណ៍ទៅលើរៀងរ៉ាវទាំងនោះ។
-តន្ត្រី ឬ ភាពយន្ត វាជាសកម្មភាពកម្សាន្តផ្ទាល់ខ្លួន តែក៍អាចដើរតួរជាជំនួយការបំបាត់ភាពតានតឹង។ ការស្ដាប់ចម្រៀង ឬតន្ត្រីបែបក្លាសិក អាចមានប្រសិទ្ធិភាពយ៉ាងខ្លាំង ក្នុងការជួយបន្ធូរភាពតានតឹងទៅលើចិត្ត និងរាងកាយរបស់យើង ជាពិសេសតន្ត្រីដែលមានចង្វាក់បែបយឺត។ ដោយសារការស្ដាប់តន្ត្រី អាចស្រូបយកចំណាប់អារម្មណ៍របស់យើង ហើយវាក៍អាចជួយបង្វែរការគិតរបស់យើង ចេញពីរឿងស្មុគស្មាញបានមួយរយៈ។ ភាពយន្ត ក៍ដូចជាតន្ត្រី វាជា ផ្នែកមួយចំណង់ចំណូលចិត្តរបស់មនុស្ស និងអាចប្រើប្រាស់ជាការកម្សាន្តបែបអប់រំផងដែរ។
-បន្ធូរស្មារតីជាមួយការប្រើទៀនក្រអូបឬប្រេងក្រអូប (scented candle/aroma oil) : ស្ដាប់មើលទៅវាអាចជាទម្លាប់ថ្មី តែវាជាការពិតដែរថា ការអុចទៀនក្រអូបឬប្រេងក្រអូប ដែលមានក្លិនក្រអូប នៅក្នុងបន្ទប់អំឡុងពេលបំពេញការងារ ឬអំឡុងពេលសម្រាក អាចជួយឲ្យមានការផ្តោតអារម្មណ៍ល្អប្រសើរជាងមុន និងស្ងប់អារម្មណ៍។ ទៀនក្រអូបនិងប្រេងក្រអូប ជាទូទៅចម្រាញ់ចេញពីធម្មជាតិដូចជា ផ្កាឡាវ៉េនដឺ ក្រូចឆ្មារ ស្លឹកគ្រៃ ជីរអង្គាម វ៉ានីឡា ជាដើម។ បើសិនអ្នកចង់ចាប់ផ្ដើមប្រើទៀនក្រអូប ឬប្រេងក្រអូប អ្នកអាចសាកល្បងប្រើទានតូចៗ ជាមុនសិន ឬប្រេងក្រអូបដែលមានក្លិនស្រាល។
-ស្វែងរកទម្លាប់ដែលខ្លួនឯងចូលចិត្ត: គ្មានការធានាថាការអនុវត្តដូចទៅអ្វីដែលអ្នកដ៍ទៃនិយមធ្វើ ពិតជាមានប្រសិទ្ធភាព ចំពោះមនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែវិធីបន្ធូរបន្ថយភាពតានតឹង ក៍រាប់បញ្ចូលទាំងការចំណាយពេលវេលាជាមួយរបស់ដែលខ្លួនស្រលាញ់ ចំណង់ចំណូលចិត្ត ឬការចំណាយពេលជាមួយមនុស្សនៅជុំវិញខ្លួន។ ការគូររូប លេងតន្ត្រី សរសេរឬអាន ការងារបែបសិល្បៈ ផឹកកាហ្វេ ជជែកកំសាន្ត ជិះកង់ សុទ្ធសឹងជាទម្លាប់ខុសៗគ្នា ដែលមនុស្សម្នាក់ៗមាន ហើយរឿងរ៉ាវតូចៗទាំងនេះហើយ ដែលអាចជួយរំសាយអារម្មណ៍ ក្រោយពេលដែលអ្នករវល់។
-ការសម្រាកពីការងារក្នុងរយៈពេលកំណត់ណាមួយ (Retreat) : ការធ្វើ Retreat មានបែបបទខុសគ្នា ដូចជាការ Retreat បែបសុខភាព ដោយចំណាយពេលជាមួយការសមាធិ យូហ្គា ឬការ retreat បែបដំណើរកំសាន្ត។ គេចខ្លួនមួយរយៈពីទីក្រុង ពីសម្លេងអ៊ូអរ និងពីទិដ្ឋភាពនៅក្នុងការិយាល័យរបស់អ្នក រួចចំណាយពេលវេលាជាមួយធម្មជាតិ ដំណើរកំសាន្តតាមដងផ្លូវ ផ្សងព្រេង និងជួបមនុស្សថ្មីៗបង្កើតមិត្តភាព។
មិនថាជម្រើសបែបណាក៍ដោយ ការបន្ធូរអារម្មណ៍ សម្រាកផ្លូវកាយនិងផ្លូវចិត្ត ពិតជាសំខាន់ ហើយទម្លាប់ទាំងនេះក៍គួរអនុវត្តជារឿយៗ ដើម្បី ជៀសវាងកុំឱ្យភាពតានតឹងរបស់អ្នក គរឡើងដូចភ្នំ ស្មុគស្មាញ ចាក់ស្រេះ ពិបាកដោះស្រាយ ឬបាក់ទឹកចិត្តតាមក្រោយ៕