បន្ទាប់ពីធ្លាប់បានទទួលរងនូវការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងរងការបំពានដោយការអភិវឌ្ឍ វិស័យអេកូទេសចរណ៍ និងការអភិរក្សបានស្រោចស្រង់ព្រៃកោងកាងនៅខេត្តកំពត។
ព្រៃកោងកាងគឺជាប្រព័ន្ធអេកូឡូសុីប្លែកខុសពីគេ។ វាដើរតួយ៉ាងសំខាន់ក្នុងនាមជាចំណុចប្រសព្វនៃដងស្ទឹង និងសមុទ្រដែលជាជម្រកប្រភេទសត្វជាច្រើន ហើយក៏ជាកាតាលីករចម្បងសម្រាប់ជីវិតសត្វ និងរុក្ខជាតិក្នុងតំបន់នោះ។ នៅកម្ពុជា ព្រៃឈើទាំងនោះត្រូវបានរងការគំរាមគំហែងពីការអភិវឌ្ឍ ការបំពុលបរិស្ថាន និងការទាញយកធនធានធម្មជាតិមកប្រើប្រាស់ដោយខុសច្បាប់។
នៅតាមបណ្តោយឆ្នេរសមុទ្រដែលស្ថិតនៅភាគខាងត្បូងខេត្តកំពត ក្នុងប្រទេសកម្ពុជា សមាជិកសហគមន៍នេសាទត្រពាំងសង្កែបានក្លាយជាឆ្មាំការពារព្រៃកោងកាង ដែលស្ថិតនៅក្បែរចំណុចប្រសព្វរវាងដៃសមុទ្រ និងសមុទ្រ ដែលពួកគាត់ចាត់ទុកថាជាផ្ទះរបស់ពួកគាត់។ ហើយព្រៃកោងកាងរបស់ពួកគេនេះទាមទារឱ្យមានការការពារ។
មួយផ្នែកធំនៃគម្រោងអភិវឌ្ឍន៍គ្មានចីរភាព បានធ្វើឱ្យព្រៃកោងកាងជាច្រើនត្រូវបានកាប់បំផ្លាញនៅក្នុងតំបន់ ដែលគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី។ ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដោយកាត់បន្ថយការហូរច្រោះដី និងការបំពុល ហើយថែមទាំងជាជម្រកសម្រាប់ត្រី ក្តាម និងប្រភេទសត្វក្នុងទឹកផ្សេងទៀតធ្វើការពងកូន ដែលជាមូលដ្ឋានគ្រឹះនៃវដ្តអាហារ និងសេដ្ឋកិច្ចក្នុងតំបន់។ ប៉ុន្តែព្រៃកោងកាងទាំងនោះកំពុងស្ថិតនៅក្រោមការគំរាមកំហែង។
យោងតាមអង្គការអេកសិនអេត (Action Aid) ជាអង្គការអន្តរជាតិ ដែលសហការជាមួយសហភាពអឺរ៉ុបបានឱ្យដឹងថា ព្រៃកោងកាងនៅខេត្តកំពត និងខេត្តកែបបានថយចុះ ៦២% ចាប់តាំងពីឆ្នាំ ១៩៩២។ ការបន្តរេចរឹលនៃប្រព័ន្ធអេកូឡូស៊ីអាចបង្កមហន្តរាយដល់មនុស្ស និងសត្វដែលអាស្រ័យលើព្រៃកោងកាង។ ដោយយល់ដឹងពីភាពចាំបាច់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃក្នុងតំបន់នេះ មេដឹកនាំសហគមន៍បានទាក់ទងតំណាងរដ្ឋាភិបាល និងសង្គមស៊ីវិលដើម្បីរកវិធីសាស្រ្តប្រកបដោយចីរភាពមកដោះស្រាយបញ្ហាក្នុងសហគមន៍ពួកគាត់។
ដោយទទួលបានជំនួយពីអង្គការអេកសិនអេត សហគមន៍នេសាទត្រពាំងសង្កែត្រូវបានបង្កើតឡើង ជាមួយចក្ខុវិស័យទាក់ទងនឹងការការពារតំបន់នេះពីការទាញយកធនធានមកប្រើប្រាស់ និងការថែរក្សាព្រៃកោងកាង ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ ព្រៃកោងកាងនេះត្រូវបានចុះបញ្ជីដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ ២០០៩ ដោយបានទទួលស្គាលសហគមន៍ជាផ្លូវការ ពាក់ព័ន្ធនឹងកម្មសិទ្ធដីធ្លី និងជាជំហានដំបូងដ៏សំខាន់ក្នុងការការពារតំបន់នោះ។ ប៉ុន្តែក្រោយមកមេដឹកនាំសហគមន៍ក៏បាននឹកឃើញថា ការចែករំលែកនូវសម្បត្តិធម្មជាតិក្នុងតំបន់នេះជាមួយនឹងភ្ញៀវទេសចរ។ ចក្ខុវិស័យនេះអាចធ្វើឱ្យសហគមន៍កាន់តែទទួលបានភាពទាក់ទាញ ហើយអាចឈានទៅដល់ការអភិរក្ស និងធ្វើឱ្យដើមកោងកាងនៅតែបន្តឈរចាក់ឬស ដែលវាពិតជាមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ព្រមទាំងជីវភាពរស់នៅដែលពឹងផ្អែកលើការនេសាទរបស់សហគមន៍។
បន្ទាប់ពីមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ដែលបានរៀបចំគម្រោងអភិរក្សនេះជាផ្លូវការ និងផ្តល់ការបណ្តុះបណ្តាលដល់សមាជិកសហគមន៍លើផ្នែកបដិសណ្ឋារកិច្ច និងបរិស្ថានរួចមក គ្រាប់ពូជ (ចំណេះដឹង) ក៏ត្រូវបានសាបព្រោះពាសពេញសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ភ្ញៀវទេសចររាប់ម៉ឺននាក់បានស្នាក់នៅ និងបានដាំកូនកោងកាង នៅក្នុងសហគមន៍នេះ ហើយថែមទាំងបានប្រែក្លាយព្រៃកោងកាង និងជីវភាពរបស់ប្រជាជនក្នុងសហគមន៍ទៀតផង។
មានបឹងហ្គាឡូសម្រាប់ទទួលភ្ញៀវទេសចរដែលចង់ស្នាក់នៅក្នុងសហគមន៍ ដោយផ្តល់នូវកន្លែងស្នាក់នៅយ៉ាងពិសេស គឺស្ថិតចំពីលើផ្ទៃទឹក និងជាដៃសមុទ្រដែលមានទឹកជោរ និងទឹកនាច។ ផ្ទះស្នាក់ហូមស្ទេយ៍ក៏ជាជម្រើសសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់បន្ថែមពីជីវិតរបស់អ្នកភូមិ។ នៅពេលថ្ងៃ សម្រាប់អ្នកដែលស្នាក់នៅក្នុងសហគមន៍អាចនាំអ្នកជិះទូកតាមដងស្ទឹង ដែលកាត់តាមដងស្ទឹង មុនពេលធ្វើដំណើរទៅកាន់សមុទ្រសម្រាប់ការមើលថ្ងៃលិច។ ការយល់ដឹងពីភូមិសាស្រ្ត និងការស្គាល់អំពីប្រភេទសត្វដែលរស់នៅក្នុងតំបន់នេះ បានធ្វើឱ្យអ្នកនេសាទក្នុងសហគមន៍ដើរតួជាមគ្គុទ្ទេសក៍ទេសចរណ៍ដើម្បីបន្ថែមប្រាក់ចំណូលរបស់ពួកគេ។ ចំណូលបន្ថែមពីវិស័យអេកូទេសចរណ៍នេះ ក៏ធ្វើឱ្យពួកគេមិនសូវងាកទៅរកការនេសាទខុសច្បាប់ និងការកាប់ឈើដែលបានរួមចំណែកដល់ការខូចខាតនូវប្រព័ន្ធអេកូឡូស៊ីកាលពីអតីតកាលដែរ។
ទូកកាយ៉ាក់ក៏មានសម្រាប់ជួលផងដែរ។ ជាការពិតណាស់ យើងអាចជាវកូនកោងកាងដែលដាំដុះដោយអ្នកស្រុក ទៅដាំនៅតំបន់ដាំកូនឈើដែលខាងសហគមន៍បានកំណត់។
អេកូទេសចរណ៍ គឺជាវិស័យមួយដែលកំពុងតែរីកដុះដាលខ្លាំងនៅជុំវិញពិភពលោក ដែលជាតម្រូវការរបស់អ្នកទេសចរណ៍ដែលយល់ដឹង និងគិតគូរអំពីបរិស្ថាន។ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត សេវាកម្មល្អ និងការយកចិត្តទុកដាក់ក្នុងការអភិរក្សបរិស្ថាន សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែផ្តល់នូវឧទាហរណ៍ដ៏ល្អមួយអំពីរបៀបដែលប្រទេសកម្ពុជាអាចស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ ដោយមិនបំផ្លិចបំផ្លាញធម្មជាតិដ៏មានតម្លៃរបស់ខ្លួន។