«តើយើងមានផ្ទះក្នុងក្តីស្រម៉ៃឬទេ?» នោះគឺជាសំនួរដែលស្ថាបនិកម្នាក់របស់ The Gentry ឧស្សាហ៍សួរ នៅពេលដែលគេសួរថា Gentry ជាអ្វី។
ទើបតែបង្កើតឡើងកាលពីដើមខែកញ្ញា ឆ្នាំ២០២០ The Gentry បានទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុក ហើយមានអ្នកតាមដានជាង4មុឺននាក់ ។ ទំព័រហ្វេសប៊ុកមួយនេះ ផ្តោតលើការចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីពីផ្នែកស្ថាបត្យកម្ម ក៏ដូចជាផ្នែករៀបចំទីក្រុង។
ជាពិសេសនោះ The Gentry មានគោលបំណងចង់ឱ្យប្រជាជនកម្ពុជា ស្វែងយល់ពីផ្ទះនៃក្តីស្រមៃរបស់ខ្លួន ដោយប្រើប្រាស់វេទិការបស់ទំព័រហ្វេសប៊ុកនេះ ដើម្បីទទួលបានព័ត៌មានពីស្ថាបត្យកម្ម។ ក្រោយទទួលបានព័ត៌មានគ្រប់គ្រាន់ ទស្សនិកជនអាចធ្វើកាសម្រេចចិត្តថា ជ្រើសរើសស្ថាបត្យកម្មបែបណាមួយ ដែលសមស្របទៅនឹងចំណង់ចំណូលចិត្ត និងគោលគំនិតពីគុណភាពនៃការរស់នៅ (quality of life) របស់ខ្លួន។
លោក ផុន ប៊ុនហេង ដែលជាសហស្ថាបនិកមួយរូប បានប្រាប់ដល់ Focus ថា៖ “យើងចង់ឱ្យយុវជន ស្រឡាញ់ និងយល់ពីស្ថាបត្យកម្ម យល់ពីខ្លួនគាត់ យល់ពីផ្ទះ ឬស្ថាបត្យកម្មណា ដែលខ្លួនចូលចិត្ត។ ដូច្នេះ ពួកគាត់អាចស្វែងរកផ្ទះនៃក្តីស្រមៃរបស់ខ្លួនបាន។”
“ម្យ៉ាងទៀត យើងរើសផ្ទះ មិនមែនតែរើសផ្ទះនោះទេ យើងរើសតំបន់ផងដែរ” នេះជាព័ត៌មានស្ថាបត្យកម្មដែល The Gentry ព្យាយាមផ្តល់ជូន។
ឈ្មោះនៃទំព័រហ្វេសប៊ុកជាភាសាអង់គ្លេសថា The Gentry មានប្រភពមកពីភាសាឡាតាំង ហើយត្រូវបានជ្រើសរើសឡើង មានអត្ថន័យបង្កប់អំពីពាក្យនេះ សំដៅលើវណ្ណៈនៅក្នុងសង្គមមួយ ដែលក្នុងការរស់នៅរបស់ក្រុមនេះ ផ្តល់តម្លៃលើគំនិតនៃសិល្បៈ រួមមានទាំងផ្នែកស្ថាបត្យកម្មផងដែរ។
ទំព័រនេះ ភាគច្រើនធ្វើការចែករំលែកព័ត៌មានស្ថាបត្យកម្មជាវីដេអូ ដោយក្នុងរយៈពេលមួយខែ ពួកគេ មានគម្រោងចេញ ៤ វីដេអូ ហើយក្នុងចន្លោះពេលវីដេអូនីមួយៗ The Gentry មានការចេញផ្សាយជា រូបភាព ឬមាតិការព័ត៌មានទូទៅ។
នៅខាងក្រោយការបង្កើតចេញជាវីដេអូល្អៗ ប្លែកៗ ទាក់ទងនឹងការចែករំលែក ចំណេះដឹងលើវិស័យស្ថាបត្យកម្ម មានបុរស២នាក់ ដែលបានរួមទាញបញ្ចូលគ្នា តាមរយៈការស្រឡាញ់ ផ្នែកស្ថាបត្យកម្ម។ ពួកគេ សុទ្ធតែជាយុវជនកម្ពុជា ដែលទទួលបានការអប់រំផ្នែកស្ថាបត្យកម្ម ទាំងក្នុងស្រុក និងនៅបរទេស។
លោក ផុន ប៊ុនហេង មានវ័យ២៩ឆ្នាំ ដើមកំណើតមកពីខេត្តកំពង់ចាម ទទួលបានបរិញ្ញាបត្រផ្នែកស្ថាបត្យកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយបានបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសស៊ុតអែត សាកលវិទ្យាល័យ Lund ឯកទេស ការរៀបចំទីក្រុងប្រកបដោយចីរភាព (Sustainable Urban Design)។
រីឯលោក ហ៊ុន ពិសិដ្ឋ ដែលជាសហស្ថាបនិកមួយរូបទៀត អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ហើយចប់បរិញ្ញាបត្រពីសាលាវិចិត្រសិល្បៈ និងទទួលបានសញ្ញាប័ត្រពីប្រទេសអូស្ត្រាលី នៅសកលវិទ្យាល័យ The University of Queensland ក្រោមអាហារូបករណ៍ Australian Awards ផ្នែកផែនការទីក្រុងនិងតំបន់ (Urban and Regional Planing)។ បច្ចុប្បន្ន យុវជនទាំងពីរជាគ្រូបង្រៀនផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Paragon។
នៅពេលដែលត្រូវបានសួរអំពីការវិវត្តស្ថាបត្យកម្មនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ស្ថាបនិកទាំង២បានឱ្យដឹងថា ពួកគេមានមោទនភាពខ្លះដែរ ព្រោះក្នុងនាមជាស្ថាបត្យករខ្មែរ ខ្លួនគឺជាផ្នែកមួយនៃការអភិវឌ្ឍរចនាសម្ព័ន្ធទីក្រុង សម្រាប់ការរស់នៅរបស់មនុស្ស។ នេះជាការងារមួយ ដែលផ្តល់រូបរាងច្បាស់ឱ្យសង្គម។
ដោយមានសាវតាសិក្សានៅប្រទេសប៉ែកអឺរ៉ុប លោកប៊ុនហេង បាននិយាយថា ប្រជាជននៅតំបន់អឺរ៉ុប មានការគិតទំនើប ប៉ុន្តែពួកគេផ្តល់តម្លៃទៅលើស្ថាបត្យកម្មបែបបុរាណ ដែលមានការរួមបញ្ចូលភាពទំនើប (modern concept) ដូចជា បច្ចេកវិទ្យានៅក្នុងការរស់នៅ។
យ៉ាងណាមិញ អ្នកទាំងពីរសង្កេតឃើញពីការវិវត្តផ្នែកស្ថាបត្យកម្មនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន យុវជនចាប់ផ្ដើមស្វែងយល់បន្តិចម្តងៗ បើកទូលាយ ងាយទទួលយកគំនិតថ្មី ល្គឹកណាគំនិតទាំងនោះសមហេតុសមផល។ ដូច្នេះ នេះជាពេលល្អមួយ ក្នុងការបញ្ជ្រាបចូលនូវគំនិតល្អដល់យុវជនស្រទាប់ក្រោយ។
The Gentry គឺស្ថិតនៅដំណាក់កាលនៃការពង្រីកកិត្តិនាម ដោយផ្តោតលើការស្វែងរកនូវមាតិកាដែលបំពេញនូវការចង់ស្វែងយល់របស់ទស្សនិកជន ឬចំណុចណាមួយទាក់ទងពីបញ្ហានៃស្ថាបត្យកម្មរបស់ទីក្រុង។
ស្ថាបនិកទាំងពីរបានឱ្យដឹងថា ក្នុងរយៈពេល៣ខែដំបូង The Gentry ផ្ដោតមាតិកាទៅលើការរៀបចំទីក្រុង(urban planing) និងតំបន់ ហើយនាពេលថ្មីៗនេះ យើងផ្ដោតលើស្ថាបត្យកម្ម ពីព្រោះ ពួកគេចង់ចាប់ផ្ដើមពីប្រធានបទធំៗ ពីទីក្រុងនិងតំបន់ ហើយក្រោយមកនិយាយពី ស្ថាបត្យកម្មរបស់ផ្ទះ។
ដោយសារទំព័រ The Gentry នេះ កាន់តែមានភាពល្បីល្បាញ ពួកគេក៏កំពុងស្វែងរកសមាជិកម្នាក់ទៀតជួយ លើការបង្កើតវីដេអូ ហើយក្នុងពេលអនាគត។ ពួកគេ មានគម្រោងចេញផ្សាយ ១០ វីដេអូ ក្នុងមួយខែ ទាក់ទងទៅនឹងការធ្វើមាតិកាជាលក្ខណៈធ្វើសេចក្ដីវាយតម្លៃ (house review) និងបង្ហាញពីគុណតម្លៃរបស់ស្ថាបត្យកម្មផ្ទះ តាមប្រភេទផ្សេងៗ។
អ្នកទាំងពីរបញ្ចេញនូវអារម្មណ៍ទាក់ទងនឹងការងារលើផ្នែកស្ថាបត្យកម្មថា អ្នកធ្វើការលើជំនាញនេះ មើលទៅហាក់ដូចជាមានភាពអស្ចារ្យ និងទទួលបានការកោតសរសើរច្រើនពីសង្គម។ ដោយឡែក កត្តាសង្គម សម្ពាធគ្រួសារ និងគោលជំហាររបស់ស្ថាបត្យករនិមួយៗ ក៏អាចបណ្ដាលឱ្យមានការបាត់បង់នូវការឱ្យតម្លៃលើស្ថាបត្យកម្ម ព្រមទាំងផ្តល់ភាពពិបាក ក្នុងសម្ដែងនូវគោលគំនិតច្នៃប្រឌិតរបស់ខ្លួន។
ស្តីពីការសិក្សាលើវិស័យនេះ ពីមុនជួបការលំបាកច្រើនដោយសារការកង្វះឯកសារ ហើយការសិក្សាភាគច្រើនតាមបច្ចេកទេស។ ដោយឡែក ប៊ុនហេង សង្កេតឃើញថា នាពេលបច្ចុប្បន្ន មានឯកសារសិក្សាច្រើននៅកម្ពុជា ដែលរួមមានទាំង ផ្ទះវីឡា (villa) ខុនដូ(condominium) ដែលនេះបានធ្វើឱ្យការសិក្សា ការស្រាវជ្រាវរបស់និស្សិតស្ថាបត្យកម្ម កាន់តែទូលំទូលាយ ជាងមុន ដើម្បីរួមចំណែកលើការរីកចម្រើន លើវិស័យស្ថាបត្យកម្ម។
ទំព័រហ្វេសប៊ុក The Gentry ដែលជាវេទិកាមួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ប្រើប្រាស់បានស្វែងយល់បានពីផ្ទះនៃក្តីស្រមៃរបស់ខ្លួន អាចឆ្លុះបញ្ចាំងពីអនាគតនៃទំនោរផ្នែកស្ថាបត្យកម្មផ្ទះរបស់ប្រទេសកម្ពុជាផងដែរ ព្រោះថា កាលណាមនុស្សមានការយល់ច្បាស់ពីអ្វីដែលខ្លួនចង់បាន ដែលខ្លួនស្រឡាញ់ នោះស្ថាបត្យករនឹងអាចបំពេញបំណងរបស់ពួកគេផងដែរ៕