Stress និង Burnout ជាអាការៈពីរខុសគ្នា ដែលតែងតែមានភាពយល់ច្រឡំ ក្នុងចំណោមមនុស្សទូទៅថា វាមានឥទ្ធិពលប្រហែលគ្នា តែការពិត burnout ជាអាការៈមួយខុសដាច់ពី stress ធម្មតា។
ពេលយើងនិយាយពីស្ត្រេស (stress) អ្វីដែលអ្នកគិតមុនគេគឺ ការតានតឹងផ្លូវចិត្ត ស្មុគស្មាញ គិតច្រើន អារម្មណ៍ផ្លាស់ប្ដូរជាញឹកញាប់។ល។
ស្ត្រេស អាចបង្កឡើយដោយកត្តាជាច្រើនរាប់ចាប់ពី ការងារ គ្រួសារ រឿងផ្ទាល់ខ្លួន ទំនាក់ទំនងជាមួយអ្នកដ៏ទៃ ហើយវាមានក្នុងចំណោមមនុស្សគ្រប់វ័យ។ នៅក្នុងអត្ថបទមុន Focus បានលើកឡើងពីទម្លាប់មួយចំនួន ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្តបាន។
រីឯ ការអស់កម្លាំងចិត្តកម្លាំងកាយ (burnout) អាចជាអាការៈមួយផ្សេងទៀត ដែលមានមនុស្សមួយចំនួនយល់ច្រលំថា គ្រាន់តែជាស្រ្តេសពីការងារ។
អ្នកជំនាញចិត្តសាស្រ្ត ជនជាតិអាមេរិកដើមកំណើតអាឡឺម៉ង់ លោក Herbert Freudenberger ត្រូវបានគេស្គាល់ថាជាមនុស្សដំបូង ដែលបានបញ្ចូលពាក្យ burnout ទៅក្នុងការសិក្សាស្រាវជ្រាវ។ លោក Herbert Freudenberger ប្រើប្រាស់ពាក្យថា burnout នៅក្នុង សំណេរស្រាវជ្រាវរបស់គាត់ ចេញផ្សាយនៅឆ្នាំ 1974។ ហើយវាក៏ក្លាយជាចំនុចចាប់ផ្ដើមនៃការស្វែងយល់ពីអាការៈផ្លូវចិត្ត ដែលកើតមានឡើងលើអ្នកធ្វើការ។
លោក Herbert ឲ្យនិយមន័យ burnout ថាជាអាការៈដែលកើតឡើង នៅពេលបុគ្គលណាម្នាក់ មានការបាត់បង់កម្លាំងចិត្តលើការងារលក្ខណៈធ្ងន់ធ្ងរ មានភាពហត់នឿយខ្លាំង ទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលមូលហេតុចម្បង អាចមកពី ការធ្វើការច្រើនជ្រុល មិនបានសំរាក និងពេលខ្លះដោយសារ តែមិនទទួលបានការយកចិត្តទុកដាក់។
មានធាតុសំខាន់៣ ដែលអាចឱ្យគេអាចកំណត់ថា វាជាអាការៈ burnout បាន៖
-ភាពហត់នឿយខ្លាំងពីការងារ
-មានអារម្មណ៍ថា ឃ្លាតឆ្ងាយពីការងារ/លែងមានអារម្មណ៍ចង់ធ្វើការ
-សមត្ថភាពការងារធ្លាក់ចុះ
Burnout កើតឡើងក្នុងចំណោមអ្នកធ្វើការ ឬម្យ៉ាងទៀតគេហៅថា “occupational phenomena”។ អង្គការសុខភាពពិភពលោក ចាត់ទុកអាការៈ burnout ចូលក្នុង “ចំណាត់ថ្នាក់ជំងឺអន្តរជាតិ” (International Classification of Diseases ឬ ICD-11) ។ Burnout មានលក្ខណៈធ្ងន់ធ្ងរជាងស្ត្រេស ព្រោះវាអាចប៉ះពាល់ខ្លាំងសុខភាពផ្លូវចិត្តហើយ បើសិនមិនមានការព្យាបាលត្រឹមត្រូវទេ burnout អាចវិវត្តទៅជា ជម្ងឺបាក់ទឹកចិត្ត។
វាជារឿងខុសមួយ ប្រសិនបើយើងគិតថា burnout គ្រាន់ជាអារម្មណ៍ធម្មតាមួយ ដែលកើតឡើង ក្រោយការធ្វើការងារយូរពេក ឬមានភាពលំបាក។ ប៉ុន្តែមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានអះអាងថា Burnout មានឥទ្ធិពលខ្លាំងផ្នែកផ្លូវចិត្ត ជាជាងបញ្ហាការងារ។ ការស្ទង់មតិជាច្រើន ក្នុងចំនោមអ្នកធ្វើការ បង្ហាញថា ចំនួនមនុស្សដែលជួបប្រទះបញ្ហា burnout មានចំនួនកើនឡើងយ៉ាងគំហុក ជាពិសេសនៅបណ្ដាប្រទេសឧស្សាហកម្ម។ ហើយអាការៈនេះ ក៏ត្រូវគេយល់ច្រលំថា បណ្ដាលមកការងារតែមួយមុខ តែតាមពិតទៅ ទាំងសមីខ្លួន និង ស្ថាបន័ការងារ សុទ្ធតែជាកត្តាបង្ក។
នៅអត្ថបទបន្ទាប់ Focus នឹងធ្វើការបង្ហាញពី ដំណោះស្រាយទៅលើបញ្ហានេះ ដោយមានការសន្ទនាជាមួយ លោកគ្រូបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅលើអាការៈអស់កម្លាំងចិត្តកម្លាំងកាយនេះ។