ហេតុអ្វីបានជាពេលខ្លះ បុគ្គលមួយចំនួនលេចចេញនូវអារម្មណ៍ភ័យខ្លាំង ខឹងសម្បារ គេងមិនលក់ បញ្ចេញសកម្មភាពខុសធម្មតា ខ្លាចឡាន ឬទូក ខ្លាចភាពងងឹត ឬឃើញពណ៌មួយណាហើយ មានប្រតិកម្ម ហើយពេលខ្លះទៀត ជៀសវាងទៅកន្លែងណាមួយ។ តើអ្វីដែលធ្វើឱ្យពួកគាត់មានប្រតិកម្មបែបនេះ?
ក្នុងការរស់នៅ មនុស្សមួយចំនួនបានជួបប្រទះនូវបញ្ហាផ្សេងៗដូចជា ការបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារឧប្បត្តិហេតុណាមួយ ការបាត់បង់ផ្ទះសម្បែងដោយសារភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ សង្គ្រាម ភេរវកម្ម ការរំលោភ ការគំរាមកំហែងសម្លាប់ និងអំពើហិង្សាផ្សេងៗទៀត។
ការជួបប្រទះ ឬឆ្លងកាត់ផ្ទាល់នូវព្រឹត្តិការណ៍រន្ធត់ គ្រោះថ្នាក់ ឬ ហេតុការណ៍គំរាមកំហែងជីវិត អាក្រក់ពីមុនៗ អាចបណ្តាលឱ្យបង្កទៅជាជំងឺប៉ះទង្គិចផ្លូវចិត្តម្យ៉ាង ដែលក្នុងភាសាអង់គ្លេសហៅថា Post-traumatic stress disorder (PTSD)។ ជំងឺប៉ះទង្គិចផ្លូវចិត្ត ដែលប្រជាជនភាគច្រើនអាចស្គាល់ថាជា ជំងឺបាក់ស្បាតនេះ អាចកើតឡើងលើបុគ្គលគ្រប់រូប មិនថាក្មេង ឬចាស់ បន្ទាប់ពីបានឆ្លងកាត់នូវព្រឹត្តិការណ៍រន្ធត់ណាមួយ។ យោងតាមគេហទំព័ររបស់សមាគមចិត្តសាស្ត្ររបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ស្ត្រីមានហានិភ័យជាអាចវិវត្តទៅជាជំងឺប៉ះទង្គិចផ្លូវចិត្ត PTSD ច្រើនជាងបុរស ហើយហ្សែនរបស់គ្រួសារក៏អាចជាកត្តាចូលរួមនៃជំងឺនេះ។
អ្នកមានជំងឺនេះ អាចមានការគិត និងអារម្មណ៍រំជួលរំខានខ្លាំង ដែលទាក់ទងទៅនឹងបទពិសោធន៍អាក្រក់ក្នុងអតីតកាល។ ពួកគេអាចនឹកឃើញត្រឡប់មកវិញ ក្នុងទម្រង់ជាសុបិនអាក្រក់ ដែលបណ្តាលឱ្យមានអារម្មណ៍សោកសៅ ភ័យខ្លាច ខឹង ឬក្តុកក្តួល។
ជាមួយគ្នានេះ ពួកគេអាចមានអារម្មណ៍ថាចង់ផ្តាច់ខ្លួន ឬរក្សាគម្លាតពីអ្នកដ៏ទៃ។ អ្នកដែលមាន PTSD ព្យាយាមជៀសវាងស្ថានភាព ឬមនុស្ស ដែលអាចឱ្យពួកគេនឹកឃើញដល់ព្រឹត្តិការណ៍ដ៏តក់ស្លុត ហើយអ្នកជំងឺអាចមានប្រតិកម្មឆ្លើយតបខ្លាំងជាអវិជ្ជមានទៅលើរឿងធម្មតា ដូចជាសំឡេងលឺខ្លាំងៗ ឬការប៉ះដោយចៃដន្យ។
រោគសញ្ញានៃជំងឺប៉ះទង្គិចផ្លូវចិត្ត PTSD អាចលេចចេញក្នុងរយៈ ៣ ខែដំបូង ហើយពេលខ្លះរយៈពេលច្រើនឆ្នាំ ក្រោយជួប ឬឆ្លងកាត់ព្រឹត្តិការណ៍រន្ធត់។ រោគសញ្ញាដែលត្រូវកើតមានលើសពី១ខែ ហើយមានអាការៈធ្ងន់ធ្ងរ ដែលរំខានដល់ទំនាក់ទំនង ឬការងារប្រចាំថ្ងៃ។
អ្នកជំងឺខ្លះ ជាសះស្បើយក្នុងរយៈពេល ៦ ខែ ហើយចំណែកអ្នកផ្សេងទៀតអាចមានរោគសញ្ញារយៈពេលយូរជាងនេះ ដែលប្រហែលជាអាចស្ថិតនៅក្នុង ស្ថានភាពរ៉ាំរ៉ៃ។
វិទ្យាស្ថានសុខភាពថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក (National Institute of Mental Health) ផ្តោតទៅលើការស្រាវជ្រាវសុខភាព ជីវសាស្ត្រ និងសុខភាពសាធារណៈ បានកំណត់រោគសញ្ញានៃជំងឺ PTSD ដែលកើតមានឡើងក្នុងអំឡុងពេលយ៉ាងតិច១ខែ ដែលនេះរួមមាន៖
- ១ក្នុងចំណោមរោគសញ្ញានៃប្រភេទជួបប្រទះឡើងវិញ (re-experiencing systoms)៖ សុបិនអាក្រក់ គំនិតភ័យខ្លាច រូបភាពដិតជាប់ក្នុងអារម្មណ៍ ដែលរួមមានទាំង ផ្នែករាងកាយ ដូចជា ចង្វាក់បេះដូងលោតញាប់ ឬបែកញើស។ ប្រភេទរោគសញ្ញានេះ ពាក្យសម្ដី សម្ភារៈ រូបភាព ឬស្ថានភាពមួយ អាចដាស់រំលឹកនូវព្រឹត្តិការណ៍រន្ធត់ពីអតីតកាលបាន។
- ១ក្នុងចំណោមរោគសញ្ញានៃប្រភេទការជៀសវាង (avoidance symptoms)៖ ជៀសវាងពីកន្លែង ព្រឹត្តិការណ៍ ឬសម្ភារៈមួយចំនួន ដែលអាចរំលឹកដល់នូវ រឿងរ៉ាវជូរចត់ ហើយក៏បង្វែរការគិត ឬអារម្មណ៍ពីស្ថានភាពទាំងនោះ។ ការណ៍នេះអាចបណ្តាលឱ្យបុគ្គលម្នាក់ផ្លាស់ប្តូរ ទម្លាប់នៃការរស់នៅ ដូចជាឈប់បើក ឬជិះឡាន បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍។
- ២ក្នុងចំណោមរោគសញ្ញានៃប្រភេទអារម្មណ៍រន្ធត់និងការប្រតិកម្ម (arousal and reactivity symptoms)៖ ឆាប់ភ័យ មានអារម្មណ៍តានតឹង ឆាប់ខឹង ហើយពេលខ្លះគេងមិនលក់។ ទាំងនេះអាចធ្វើឱ្យអ្នកជំងឺពិបាកផ្តោតអារម្មណ៍លើការងារប្រចាំថ្ងៃ។
- ២ក្នុងចំណោមរោគសញ្ញានៃប្រភេទការដឹងនិងសតិអារម្មណ៍ (cognition and mood symptoms)៖ មានគំនិតអវិជ្ជមានលើអ្នកដទៃ អារម្មណ៍បែកខ្ញែក បាត់បង់ការចូលចិត្តលើសកម្មភាពកំសាន្តផ្សេងៗ ដែលនេះអាចធ្វើឱ្យបុគ្គលនោះមានអារម្មណ៍ឯកោ ព្រមទាំងចង់ផ្តាច់ខ្លួនចេញពីមិត្តភ័ក្ដិ និងគ្រួសារ។
សម្រាប់កុមារ និងយុវជនវ័យជំទង់វិញអាចមានប្រតិកម្មខ្លាំងលើព្រឹត្តិការណ៍រន្ធត់ ដែលពួកគេបានឆ្លងកាត់ ប៉ុន្តែរោគសញ្ញាមួយចំនួន គឺមិនដូចគ្នានោះទេ។ ឪពុកម្តាយ អាណាព្យាបាល ឬសាច់ញាត្តិ គួរសង្កេតមើលលើថា តើពួកគេមាននោមដាក់ពូក ត្រូវការមនុស្សធំនៅជិតគ្រប់ពេលវេលា ឬលេចចេញអារម្មណ៍រន្ធត់ពេលលេងជាមួយអ្នកផ្សេងៗទៀត ដែរឬទេ ពួកគេអាចបង្ហាញនូវអាកប្បកិរិយា ច្រងេងច្រងាង និងមិនគោរពអ្នកដទៃ។
ដោយឡែក ជំងឺនេះអាចទទួលការព្យាបាលបាន តាមរយៈ “ការព្យាបាលបែបចិត្តសាស្រ្ត” ជាមួយអ្នកជំនាញ។ ការព្យាបាលលក្ខណៈនេះ អាចជួយឱ្យអ្នកជំងឺ ហ៊ានប្រឈមនិងគ្រប់គ្រងនូវភាពភ័យខ្លាច ដែលមាននៅក្នុងអតីតកាលបាន ដោយការស្រមើស្រមៃ ការសរសេរ និងការទស្សនា កន្លែងដែលព្រឹត្តិការណ៍រន្ធត់នោះកើតឡើង។ ជាមួយគ្នានេះផងដែរ ក៏មានការព្យាបាលតាមវិធីផ្សេងៗទៀត ដូចជាការជួបពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត ហើយសម្រាប់ព័ត៌មានបន្ថែម អ្នកជំងឺគួរពិភាក្សាជាមួយគ្រូពេទ្យឯកទេស។
សម្រាប់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ និងសម័យខ្មែរក្រហម ភាគច្រើនបានជួបប្រទះ នូវព្រឹត្តិការណ៍រន្ធត់ជាច្រើន ដូចជា ការនិរទេស ការធ្វើការដោយបង្ខំ ការបង្អត់អាហារ ការធ្វើទារុណកម្ម ការសម្លាប់រង្គាល ការបាត់បង់សមាជិកគ្រួសារជាដើម នេះបើយោងតាមរបាយការណ៍មួយ ផលិតដោយផ្នែកសិទិ្ធមនុស្សនៃមន្ទីរពិសោធន៍នៃការប៉ះទង្គិចផ្លូវចិត្តរបស់សកលវិទ្យាល័យ Standford ដែលមានចំនងជើងថា “ស្នាមលាក់បាំងនៃកម្ពុជា លទ្ធផលនៃសុខភាពផ្លូវចិត្តដែលបណ្តាលមកពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម”។
អត្ថបទដដែលបានបន្ថែមទៀតថា អ្នកដែលរងគ្រោះដោយជំងឺប៉ះទង្គិចផ្លូវចិត្ត អាចមានជំងឺទុក្ខព្រួយ ដូចជា ការគិតស្មុគស្មាញ អាការៈឆាប់ភ័យខ្លាច ការបាត់បង់ទំនុកចិត្តលើខ្លួនឯង ការបាត់បង់ភាពក្លាហាន ការគេចវេះមិនចង់ជួបអ្នកដ៏ទៃ ការបាត់បង់ភាពស្មោះត្រង់ជាដើម។ ដូច្នេះ តើអ្នកអាចយល់ពីអារម្មណ៍របស់ពួកគាត់ដែរឬទេ? តើអ្នកគួរធ្វើដូចម្ដេច?