ការផ្លាស់ប្ដូរពីនាមជាសិស្សទៅនិសិ្សត គឺជារឿងមួយដែលយុវជនជាច្រើនទន្ទឹមរង់ចាំ ព្រោះវាជាពេលមួយដែល មានការផ្លាស់ប្ដូរជាច្រើនកើតឡើងក្នុងជីវិត។ តើការរំពឹងទុក និងការពិតដែលពួកគេជួបប្រទះបច្ចុប្បន្ន ខុសដូចម្ដេចខ្លះជាមួយវត្តមានជិត២ឆ្នាំរបស់កូវីដ១៩?
ការមានមិត្តភក្តិថ្មី ការចូលរួមការងារស្ម័គ្រចិត្ត ការមានភាពឯករាជ្យក្នុងការសម្រេចចិត្តដោយខ្លួនឯងច្រើនជាងមុន គឺសុទ្ធតែនៅក្នុងផែនការរបស់យុវជន រិទ្ធ បូរីស វ័យ១៨ឆ្នាំ រំពឹងចង់បាន នៅពេលចូលសិក្សា ក្នុងមហាវិទ្យាល័យ នាដើមឆ្នាំ២០២១នេះ។ បូរីសក៏តាំងចិត្តថា ខ្លួននឹងចំណាយ ពេលនៅក្នុងបណ្ណាល័យឱ្យបានច្រើន ដើម្បីអានសៀវភៅផងដែរ។
នោះគឺជាការផ្លាស់ប្ដូរបរិយាកាសមួយ សម្រាប់យុវជនជាច្រើនរំពឹងទុក នៅពេលប្ដូរឈ្មោះពីសិស្ស ទៅជានិស្សិត។
ប៉ុន្តែផែនការនោះ ត្រូវអាក់ខាន ដោយសារសកម្មភាពរៀនក្នុងថ្នាក់ ត្រូវបានផ្អាកដោយមិនមានថ្ងៃកំណត់ ព្រោះតែការរាតត្បាតក្នុងសហគមន៍ជាលើកទី៣ បានកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងខេត្តជាច្រើនទៀតក្នុងប្រទេសកម្ពុជា។
សេរីភាពក្នុងការដើរចេញក្រៅត្រូវបានលើកទឹកចិត្តឱ្យកាត់បន្ថយ ហើយជំនួសដោយការចំណាយពេលសិក្សា តាមអនឡាញពីផ្ទះរៀងៗខ្លួនវិញ ដែលមិនខុសអ្វីការពាក់កណ្ដាលឆ្នាំសិក្សាថ្នាក់ទី១២ របស់យុវជនរូបនេះ។ នៅថ្ងៃចាប់ផ្ដើមសិក្សាដំបូង គឺនៅថ្ងៃទី២២ មីនា បូរីសត្រូវចូលថ្នាក់តាម Microsoft Teams ជំនួសវិញ។
បច្ចុប្បន្ន បូរីស ជានិស្សិតទទួលបានអាហារូបករណ៍ទាំងស្រុងពី២សាកលវិទ្យាល័យ គឺជំនាញនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង ជំនាញភាសាអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា។
ដូចគ្នានឹងសិស្សថ្នាក់ទី១២ ចុះឈ្មោះប្រឡងសញ្ញាប័ត្រមធ្យមទុតិយភូមិចំនួន ១២១ ១២០នាក់ដទៃទៀត ប្រចាំឆ្នាំសិក្សា ២០១៩-២០២០ យុវជនរូបនេះ ជាប់ដោយស្វ័យប្រវត្តិ មិនមានការប្រឡងថ្នាក់ជាតិនោះទេ ហើយទទួលបានសញ្ញាប័ត្រដោយមិនមានការចាត់តាំងនិទ្ទេស។
សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ដែលបានចុះឈ្មោះប្រឡងសញ្ញាប័ត្រមធ្យមទុតិយភូមិ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេច ឱ្យជាប់ស្វ័យប្រវត្តិដោយមិនមានការកំណត់និទ្ទេស កាលពីថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ។ ការសម្រេចចិត្តដ៏ធំមួយនេះរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្របតាមកាស្នើរសុំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩។
នៅមុនពេលមិនទាន់មាន ការឆ្លងសហគមន៍លើកទី៣កើតឡើង សាកលវិទ្យាល័យជាច្រើន បានបើកការប្រឡងអាហារូបករណ៍ ដោយប្រព្រឹត្តទៅនៅក្នុងសាលាធម្មតា នៅក្នុងខែកុម្ភៈកន្លងមកនេះ។
ការណ៍ដែលមិនមានឱកាសប្រឡងបញ្ញាប័ត្រមធ្យមទុតិយភូមិ គឺជាកត្តាជម្រុញខ្លាំងជាងគេសម្រាប់បូរីសក្នុងការព្យាយាមប្រឡងអាហារូបករណ៍ឱ្យបាន។ សម្រាប់យុវជនរូបនេះ ការប្រលងគឺជាការពិសោធន៍សមត្ថភាពរបស់ខ្លួនឯង និងចង់បង្កើតជាស្នាដៃសម្រាប់ខ្លួនឯង ក្រោយពីខិតខំរៀនចំណេះដឹងទូទៅអស់រយៈពេល១២ឆ្នាំ និងចំណាយថវិកា របស់អាណាព្យាបាលលើការរៀនគួរបន្ថែម នាពេលកន្លងមកនេះ។
«វា[ការប្រលងយកអាហារូបករណ៍]ធ្វើឱ្យខ្ញុំខិតខំស្វែងរកឱកាសដើម្បីបញ្ចេញសមត្ថភាព ព្រោះមិនបានបង្ហាញវាតាមរយៈការប្រឡងសញ្ញាប័ត្រមធ្យមទុតិយភូមិ។ ដូចនេះ ដាក់គោលដៅថានឹងធ្វើឱ្យបាន»។
បើសរុបត្រួសៗ បូរីស ត្រូវចំណាយពេលអង្គុយនៅមុខកុំព្យូរទ័រយ៉ាងហោចណាស់៦ម៉ោងក្នុងមួយថ្ងៃ។ សម្រាប់សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បូរីស ត្រូវសិក្សាពេលថ្ងៃ ហើយរៀនអនឡាញសម្រាប់សកលវិទ្យាល័យកម្ពុជានៅពេលល្ងាច។
សាមីខ្លួនបានប្រាប់ឱ្យដឹងថា ខ្លួននឹងយកពេលទំនេរមិនមានថ្នាក់រៀននៅពេលព្រឹកសម្រាប់ មើលសៀវភៅក៏ដូចជាស្រាវជ្រាវបន្ថែមលើមុខវិជ្ជាដែលខ្លួនសិក្សា។
ទោះបីខ្លួនដឹងថា ការរៀនអនឡាញ នឹងធ្វើឱ្យមានការបាត់បង់ចំណុចខ្លះៗដែលខ្លួនរំពឹងទុក បូរីសប្តេជ្ញាចិត្តថានឹងខិតខំរៀនឱ្យខ្លាំងជាងមុន ហើយរីករាយជាមួយការសិក្សានៅសាលកវិទ្យាល័យទាំងពីដែលខ្លួនបានជ្រើសរើស។
«ការរៀនអនឡាញពិបាកក្នុងការបង្កើតចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងគ្រូនឹងសិស្ស។ ប៉ុន្តែខ្ញុំនឹងខំរៀនជាងមុនដើម្បីយកបទពិសោធន៍និងចំណេះដឹង ព្រោះឱកាសជានិស្សិតឆ្នាំទីមួយមានតែមួយឆ្នាំទេ។»
ចន្លោះវ័យបញ្ចប់ថ្នាក់វិទ្យាល័យ ហើយឆ្លងចូលសកលវិទ្យាល័យ ជានិច្ចកាលតែងតែបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនកើតឡើងក្នុងជីវិតរបស់យុវជន។ ក្នុងនោះ រួមមាន ឱកាសក្នុងការកសាងជីវិតថ្មី ឱកាសក្នុងការខិតខំរៀនសារជាថ្មី ការក្លាយទៅជាមនុស្សចាស់ទុំជាងមុន ត្រូវមានទំនួលខុសត្រូវច្រើនជាងមុន ការជួបមនុស្សនិងបទពិសោធន៍ជីវិតថ្មីៗ និងការសម្របខ្លួនសម្រាប់ថ្នាក់សាកលវិទ្យាល័យផ្ទាល់។
យោងតាមការសិក្សាពីការវិវត្តនៃវ័យរបស់មនុស្ស ជាទូទៅ ការអភិវឌ្ឍពីកុមារភាពទៅវ័យជំទង់មាន៣ដំណាក់កាល។ រួមមាន វ័យជំទង់ដំបូង (១០ដល់១៤ឆ្នាំ) វ័យជំទង់ពាក់កណ្ដាល (១៥ដល់១៧ឆ្នាំ) និង វ័យជំទង់ចុងក្រោយ (១៨ដល់២៤ឆ្នាំ)។ សម្រាប់វ័យជំទង់ចុងក្រោយ ភាគច្រើនមនុស្សមិនសូវមានការវិវត្តផ្នែករាងកាយនោះទេ ប៉ុន្តែមានការវិវិត្តលើការយល់ដឹងច្រើនជាង។ នៅក្នុងដំណាក់កាលនេះ យុវជនភាគច្រើនមានសមត្ថភាពគិតដោយសមហេតុផល ចាប់ផ្ដើមចេះមានគម្រោងសម្រាប់ថ្ងៃអនាគត និង ស្គាល់ខ្លួនឯងច្បាស់ជាងមុន។ ក្នុងនេះដែល យុវជនមានអារម្មណ៏ស្ថិតស្ថេរ និងឯករាជ្យភាពជាងមុនផងដែរ។
ផ្អែកតាមបទពិសោធន៍បង្រៀនជាង៩ឆ្នាំ លោក ស្រី សុខតារ៉ា ជាសាស្រ្តាចារ្យ ភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស បានបង្ហាញចំណាប់អារម្មណ៍ថា បើប្រៀបធៀបនិស្សិតឆ្នាំទី១ ទៅឆ្នាំសិក្សាដទៃ និស្សិតឆ្នាំទី១ភាគច្រើនមានភាពចង់ចេះចង់ដឹងច្រើន ហើយពួកគាត់មកថ្នាក់រៀនដោយថាមពល មានកម្លាំងចិត្តក្នុងការរៀន និងពោរពេញដោយភាពវិជ្ជមាន។
«ដោយសារតែពួគគេទើបតែឡើងមកថ្មី ពួកគាត់មានថាមពលច្រើន ហើយក៏មានការប្តេជ្ញាចិត្តខ្ពស់ដែរ។ ដោយសារការសិក្សាកម្រិតនេះ មានលក្ខណៈថ្មីស្រឡាងសម្រាប់និស្សិតឆ្នាំទី១។ ពួកគាត់ធម្មតាទេ ត្រូវតែចេះសួរគេសួរឯង ចង់ដឹងចង់ឭ ហើយពេលដាក់លំហាត់ពួកគាត់ខំប្រឹងធ្វើហើយស្រាវជ្រាវ។ និយាយរួមគឺពួកគាត់active ហើយចូលរួមជាមួយគ្រូបានច្រើន។»
បើប្រៀបធៀបបទពិសោធន៍បង្រៀនតាមអនឡាញសម្រាប់និស្សិតឆ្នាំទី១កាលពីឆ្នាំមុន នៅពេលដែលជំងឺកូវីដផ្ទុះដំបូង លោកតារ៉ា យល់ថាវាមានភាពខុសគ្នា និងការលំបាកមួយចំនួន។ ក្នុងនោះ គឺការមករៀន (Attendence) ការចូលរួម (Engagement) ការរំខានពីខាងក្រៅ (Distraction) នៅក្នុងពេលបង្រៀន។
«ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការបង្រៀនអនឡាញជាចំណេះដឹងថ្មីមួយទាំងសិស្ស និងគ្រូ។ វាធ្វើឱ្យពួកគាត់ចេះប្រើបច្ចេកវិទ្យាទំនើបក្នុងការស្វែងរកចំណេះដឹង។»
ជាមួយនឹងបទពិសោធន៍រៀនអនឡាញក្នុងឆ្នាំទី១ អស់ជាច្រើនខែ សុខ ហុង បច្ចុប្បន្នជានិស្សិតឆ្នាំទី២ ជំនាញ E-commerce នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា មើលឃើញថា ការផ្លាស់ប្តូរភ្លាមៗកាលនោះ ដែលថ្មីសម្រាប់ទាំងគ្រូ បានបង្កឱ្យមានចន្លោះប្រហោងខ្លះៗ។
យុវជនរូបនេះ បានឱ្យដឹងថា ការគ្រប់គ្រងទិន្នន័យ និងវត្តមានរបស់សិស្ស នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យការសិក្សាខ្ញុំទី១របស់ខ្លួន មិនទទួលបានលទ្ធផលដូចការរំពឹងទុកទាំងស្រុង។ ហើយការសិក្សាអនឡាញនេះ ដែលតម្រូវឱ្យខ្លួនចំណាយពេលនៅក្នុងកញ្ចក់កុំព្យូទ័រ និងទូរស័ព្ទជាមធ្យម៨ម៉ោង ហើយច្រើនបំផុតគឺ១២ម៉ោង។
តាំងពីពេលរាតត្បាតដំបូង បូរីសមិនដែលគិតថាស្ថានភាពរាតត្បាតរបស់កូវីដ១៩ និងការសិក្សាអនឡាញ របស់ខ្លួន នឹងបន្តយូរបែបនេះនោះទេ។
«ខ្ញុំមិនសូវពេញចិត្តនោះទេ ប្រសិនបើត្រូវរៀនអនឡាញពេញមួយឆ្នាំសិក្សា ព្រោះខ្ញុំចង់ស្គាល់ជីវិតជានិសិស្សសកលវិទ្យាល័រៀននៅក្នុងសកលវិទ្យាល័យ។ ខ្ញុំចង់រៀនក្នុងថ្នាក់នៅថ្ងៃខាងមុខ»៕