ការជ្រើសរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យ គឺជារឿងដ៏លំបាកមួយសម្រាប់សិស្សភាគច្រើន។ ការយល់ដឹងពីមុខជំនាញកាន់តែច្រើន អាចនឹងជួយអ្នកនៅក្នុងការសម្រេចចិត្ត។
ជាទូទៅ ការប្រឡងមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តឡើងនៅអំឡុងខែសីហា។ ប៉ុន្តែ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រឡងត្រូវបានពន្យាម្តងហើយ ម្តងទៀត មុននឹងសម្រេចយកកាលបរិច្ឆេទច្បាស់លាស់មួយខាងលើនេះ។
ប្រសិនបើមើលលើចំណុចវិជ្ជមាន បេក្ខជនដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានពេលវេលាច្រើនសម្រាប់ការត្រៀមខ្លួន បើប្រៀបធៀបនឹងបេក្ខជនប្រឡងឆ្នាំកន្លងមក។ ក៏ប៉ុន្តែ ការត្រៀមខ្លួនសម្រាប់ការប្រឡង មិនមែនជាកាតព្វកិច្ចតែមួយសម្រាប់ពួកគេនោះទេ ព្រោះនៅខណៈនេះ ពួកគេក៏ត្រូវចាប់ផ្តើមគិតគូរអំពីជំនាញសម្រាប់សិក្សានៅថ្នាក់ឧត្តមសិក្សាបណ្ដើរៗផងដែរ។ ហើយការជ្រើសរើសជំនាញសិក្សា គឺជាការសម្រេចចិត្ត ដ៏ធំមួយចំពោះមនុស្សជាច្រើន។
កន្លងមកនេះ ជំនាញដែលសិស្សពេញនិយមសិក្សានៅកម្ពុជា មានដូចជា ជំនាញភាសា វេជ្ជសាស្ត្រ ធនាគារ ហិរញ្ញវត្ថុ វិស្វកម្ម ស្ថាបត្យកម្ម គ្រប់គ្រង នីតិសាស្ត្រ ព័ត៌មានវិទ្យា និង គ្រូបង្រៀន។ ចំពោះសិស្សទើបតែចប់វិទ្យាល័យថ្មីៗ មុខវិជ្ជាទាំងនេះសុទ្ធតែជាមុខវិជ្ជា ដែលពួកគេតែងតែឮជារឿយៗ មិនថាពីមិត្តភ័ក្ដិគ្នាឯង ឬគ្រួសារនោះទេ ដែលវាអាចធ្វើឱ្យពួកគេគិតថា ជំនាញសិក្សានៅកម្ពុជាមិនទាន់ទូលំទូលាយ ហើយពួកគេមានអារម្មណ៍ថា មានតែរៀនមុខវិជ្ជាទាំងនេះទេ ទើបមានការងារធ្វើនៅថ្ងៃអនាគត។
ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ជំនាញសិក្សានៅកម្ពុជា មានភាពទូលំទូលាយជាងមុនច្រើន ហើយមានជំនាញគួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលសិស្សសានុសិស្សប្រហែលជាមិនបានដឹង។
Focus បានជ្រើសរើសជំនាញសិក្សាកម្រិតសាកលវិទ្យាល័យ៥មុខ ដែលអ្នកប្រហែលជាមិនដឹងមានវត្តមាននៅកម្ពុជា។
ឯកទេសវិទ្យាសាស្ត្រព្រៃឈើ (Forestry Science)
ឯកទេសវិទ្យាសាស្ត្រព្រៃឈើ គឺជាឯកទេសមួយនៅក្រោមមហាវិទ្យាល័យកសិកម្ម ដែលសិក្សាលើការគ្រប់គ្រង ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដោយផ្អែកលើ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ មុខវិជ្ជាតម្រង់ទិស សម្រាប់សិក្សាឯកទេសនេះ គឺជីវវិទ្យា និងគីមីវិទ្យា។ ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ព្រៃឈើ និងបរិស្ថាន ហើយនិស្សិតអាចយកចំណេះ ជំនាញទៅអនុវត្តនៅដីចម្ការ ឬចូលបម្រើការនៅតាមក្រសួង ឬអង្គការពាក់ព័ន្ធពីព្រៃឈើបាន។ ទន្ទឹមនឹងនេះ និស្សិតក៏អាចបន្តការសិក្សាឯកទេសនេះ តាមរយៈអាហារូបករណ៍ជាច្រើននៅក្រៅប្រទេសបានផងដែរ។
សព្វថ្ងៃនេះ និស្សិតដែលចាប់អារម្មណ៍សិក្សាជំនាញនេះ អាចសិក្សានៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ។
ក្សេត្រសាស្ត្រ (Agronomy)
ឯកទេសក្សេត្រសាស្ត្រ គឺជាផ្អែកមួយនៃការសិក្សាកសិកម្ម ពីទំនាក់ទំនងរវាងដំណាំ ដី អាកាសធាតុ និង បច្ចេកទេសនៃការដាំដុះ។ មុខវិជ្ជាតម្រង់ទិស ជីវវិទ្យា និង គីមីវិទ្យា។ ពេលសិក្សា និស្សិតនឹងយល់ដឹងអំពី លក្ខណៈដី រូបសាស្ត្រដំណាំ (Plant Morphology) ពន្ធុសាស្ត្រកសិកម្ម (Agriculturral Genetics) សេដ្ឋកិច្ចកសិកម្ម (Agricultural Economics) និង ការទំនាក់ទំនងធុរៈកិច្ចប្រកបដោយវិជ្ជាជីវៈ។ និស្សិតដែលបញ្ចប់ឯកទេសនេះ នឹងធ្វើការដើម្បីបង្កើតវិធីសាស្រ្ត ប្រើប្រាស់ដី និងបង្កើនផលិតកម្មដំណាំ។ ឱកាសការងារសម្រាប់អ្នកមានចំណេះ ជំនាញនេះ មានដូចជា៖ អ្នកគ្រប់គ្រងទ្រព្យសម្បត្តិកសិកម្ម (Agriculture Asset Supervisor) អ្នកគ្រប់គ្រងកសិដ្ឋាន (Farm Supervisor) សវនករ និងអធិការកិច្ចកសិកម្ម (Agriculture Auditor and Inspector) និង ជំនួយការកសិដ្ឋាន (Farm Assistant) និង អ្នកគ្រប់គ្រងចំការ ជាដើម។
និស្សិតអាចរៀនឯកទេសនេះបាន នៅ វិទ្យាស្ថានសន្តប៉ូលខេត្តតាកែវ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមុខមានជ័យ សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យ ជាសុីមកំចាយមារខេត្តព្រៃវែង។
វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប (Prosthetics and Orthotics)
វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប គឺជាការសិក្សា ពីការព្យាបាលទាក់ទងនឹងអវយវៈសិប្បនិម្មិត សម្រាប់មនុស្សដែលទទួលការវះកាត់ឆ្អឹង និងបង្កើតឧបករណ៍ទ្រទ្រង់ សម្រាប់អ្នកដែលមានបញ្ហាខ្សោយសាច់ដុំ ឬប្រព័ន្ធសរសៃប្រសាទ។ វិជ្ជាខាងជួសជុល (Prosthetics) ទាក់ទងនឹងការប្រើប្រាស់ ឆ្អឹងសិប្បនិម្មិត ដើម្បីទ្រទ្រង់ ឬជំនួសឆ្អឹងដែលបានបាត់បង។ ការសិក្សាពីឆ្អឹង (Orthotics) ទាក់ទងនឹងការប្រើប្រាស់គំនិតឆ្នៃប្រឌិតដើម្បីបង្កើតឆ្អឹងដែកសម្រាប់អ្នកជំងឺ ដើម្បីទ្រទ្រង់កន្លែងដែលឆ្អឹងខ្សោយឬខូចទ្រង់ទ្រាយក្នុងរាងកាយ។ និស្សិតដែលជ្រើសយកជំនាញនេះ នឹងសិក្សាសុីជម្រៅអំពី ឱសថសាស្ត្រ (Pharmacology) ការវះកាត់ដៃជើង (Amputation Surgery) និង ក្រាហ្វិច (Graphical Communication)។
ក្រោយបញ្ចប់ការសិក្សានិស្សិតអាចដាក់ពាក្យបម្រើការនៅតាមអង្គការនានា ដែលធ្វើការលើការលើកកម្ពស់ជនពិការ ដូចជា សមាគមអ្នកបច្ចេកទេសអវយវៈ សិប្បនិម្មិត និងរណប (Cambodia Association of Prosthetists and Orthotists) និង អង្គការជនពិការអន្តរជាតិប្រចាំកម្ពុជា (International Handicap) ឬបន្តការសិក្សាទៅក្រៅប្រទេសជាដើម។
និស្សិតអាចសិក្សាជំនាញនេះបាន នៅវិទ្យាស្ថានជាតិ សង្គមកិច្ច (National Institute of Social Affairs) និង សាលាបច្ចេកទេសផលិតអវយវៈសិប្បនិម្មិត និងរណបកម្ពុជា (The Cambodian School of Prosthetics and Orthotics)។
ឯកទេសចម្លាក់ទំនើប (Modern Sculpture)
ឯកទេសចម្លាក់ទំនើប គឺជាឯកទេសមួយនៅក្រោមមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ។ ឯកទេសនេះត្រូវបានបង្កើតឡើង ដើម្បីតម្រូវតាមសម័យកាលបច្ចុប្បន្ន ហើយនិស្សិតអាចប្រើប្រាស់គំនិតឆ្នៃប្រឌិតរបស់ខ្លួន និងឧបករណ៍ទំនើបដើម្បីបង្កើតស្នាដៃសិល្បៈរបស់ខ្លួន។ ពេលសិក្សា និស្សិតនឹងទទួលបានចំណេះដឹង និង មូលដ្ឋានគ្រឹះនៃក្បាច់ និងសោភ័ណភាពស្ថាបត្យកម្មខ្មែរ ដឹងពីក្បួនខ្នាតខ្មែរ និន្នាការសិល្បៈសហសម័យ និងសិល្បៈដែលឆ្លុះបញ្ចាំងតាមគំនិត។ ទន្ទឹមនឹងនេះ និស្សិតនឹង ចេះប្រៀបធៀបប្រវត្តិសិល្បៈខ្មែរ និងសិល្បៈបស្ចិមប្រទេស និងចេះបកស្រាយពីតម្លៃនៃសិល្បៈខ្មែរ។
ដើម្បីសិក្សាជំនាញចម្លាក់ទំនើប យុវជនត្រូវមានចំណេះដឹងមូលដ្ឋានលើមុខវិជ្ជា៖ ប្រវត្តិវិទ្យា និងភាសាខ្មែរ និងត្រូវឆ្លងកាត់ការប្រឡងអំពី គំនូរមើលឃើញ។ ដើម្បីទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រលើកមុខជំនាញនេះ និស្សិតត្រូវសិក្សារយៈពេល៤ឆ្នាំ ដែលស្មើនឹង១៥០ក្រេឌីត។
ក្រោយបញ្ចប់ការសិក្សា និស្សិតដែលទទួលបានបរិញ្ញាបត្រចម្លាក់ទំនើបអាចទៅបម្រើការងារនៅតាមអង្គភាព ឬមុខនាទីនៅតាមស្ថាប័នរដ្ឋ ឬក្រុមហ៊ុនដែលធ្វើការពាក់ព័ន្ធក្រាហ្វិក និងការតុបតែង។ និស្សិតក៏អាច ធ្វើការតាមសារមន្ទីរ និងស្ថាប័នដែលធ្វើការថែរក្សាប្រាសាទ និងរូបចម្លាក់ ឬ ក្លាយជាសិល្បៈករចម្លាក់ និងអាចបើកអាជីវកម្មផ្ទាល់ខ្លួនបាន៕
ជំនាញវិស្វកម្មនុយក្លេអ៊ែរ (Nuclear Engineering)
ជំនាញនេះ ត្រូវបានដាក់ឱ្យសិក្សានៅកម្ពុជាដំបូងក្នុងឆ្នាំ២០១៨ នៅក្នុងសាកលវិទ្យាល័យបាត់ដំបង។ ក្រោយពេលសិក្សា និស្សិតនឹងចេះជំនាញទាក់ទងនឹងវិស័យថាមពល ដូូចជា៖
- យល់ដឹងពីមូលដ្ឋានគ្រឹះនៃគណិតវិទ្យា និងរូបវិទ្យាដើម្បីវិស្វកម្ម
- ចេះវិភាគ និងកំណត់បញ្ហាផ្សេងៗក្នុងធម្មជាតិព្រមទាំងទាញរកមូលហេតុ និងឥទ្ធិពលចេញពីការវិភាគ
- យល់ដឹងពីវិធីសាស្ត្រស្ថិតិនៅក្នុងវិស្វកម្ម និងដឹងពីយន្តការនៃប្រព័ន្ធកម្ដៅ និងប្រព័ន្ធអង្គធាតុរាវ
- យល់ដឹងពីប្រព័ន្ធថេរភាព និងប្រព័ន្ធរញ្ជួយរបស់ធម្មជាតិ
- បកស្រាយពីដំណោះស្រាយបែបវិស្វកម្មយ៉ាងត្រឹមត្រូវចំពោះប្រព័ន្ធមិនប្រក្រតី
- មានសមត្ថភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងវិស្វករជាច្រើននៅក្នុងតំបន់ផ្សេងៗ
ក្រោយពេលសិក្សាចប់ អង្គភាព ឬមូលដ្ឋានដែលនិស្សិតបញ្ចប់ការសិក្សាមុខជំនាញនេះអាចទៅបម្រើការងារ នៅ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ឬបន្តការសិក្សា ហើយចាប់ជំនាញជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ។ ដើម្បីចូលរៀនជំនាញនេះ និស្សិតត្រូវឆ្លងកាត់ វិញ្ញាសារសរសេរភាសាអង់គ្លេស ៩០នាទី។ មុខវិជ្ជាតម្រង់ទិស ឬ ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់សិក្សាមុខជំនាញនេះ គឺ គណិតវិទ្យា រូបវិទ្យា និង គីមីវិទ្យា។ ដើម្បីទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រលើមុខជំនាញនេះ សិស្សត្រូវឆ្លងកាត់ការសិក្សារយៈពេល៤ឆ្នាំ ស្មើនឹង១៤០ក្រេឌីត។ និស្សិតដែលរៀនជំនាញនេះ មានឱកាសដាក់ពាក្យទៅរៀនបន្តនៅ ប្រទេសរុស្ស៊ី និង កូរ៉េខាងត្បូង។
ដើមឡើយជំនាញនេះ បានផ្តល់ជាអាហារូបករណ៍ដោយរដ្ឋ តាមរយៈក្រសួងអប់រំ ប៉ុន្តែនៅក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ យើងមិនឃើញមានដាក់នៅក្នុងសៀវភៅកម្រងព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ ចេញផ្សាយដោយក្រសួងអប់រំនោះទេ។ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២១ និង២២ ខែធ្នូខាងមុខនេះ។
យោងតាម ក្រសួងអប់រំយុវជន និងកីឡា ទូទាំងប្រទេសមានបេក្ខជនប្រឡងសរុប ១២១ ២០១នាក់ ស្រី ៦៣ ៩៣៧នាក់។ ដូចឆ្នាំមុនៗដែល បេក្ខជននឹងត្រូវប្រឡង ៧មុខវិជ្ជា។ ក្នុងនោះរួមមាន គណិតវិទ្យា អក្សរសាស្ត្រខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាអង់គ្លេស ឬ បារាំង និង ប្រវិត្តវិទ្យា៕