សៀវភៅកម្រងគំនូរ «វ៉ាន់ ណាត» បានលេចចេញជារូបរាងក្នុងនាមជាសាក្សីប្រវត្តិសាស្ត្រ បង្ហាញរឿងរ៉ាវកើតឡើងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សមិទ្ធផលនេះជាកិច្ចសន្យារវាងជនជាតិខ្មែរ-បារាំងមួយរូប និង លោក វ៉ាន់ ណាត ដែលជាអតីតអ្នកទោសនៃមន្ទីរស-២១ មុនពេលដែលរូបលោកចែកឋានទៅ។
ស្ថិតក្នុងដំណើរស្វែងរកអត្តសញ្ញាណរបស់ខ្លួន ជនជាតិខ្មែរ-បារាំងមួយរូបគឺលោក ហ្សង់សៀនគីន បានជួបលោក វ៉ាន់ ណាត ដែលជាអតីតអ្នកទោសមន្ទីរ ស-២១ ក្រោយពីឃើញរូបគំនូរអ្នកទោសគុកទួលស្លែង ដែលគូរដោយលោក វ៉ាន់ ណាត។ ខ្មែរអាណិកជនរូបនេះ បានចាត់ទុកលោក វ៉ាន់ ណាត ជាមនុស្សតែម្នាក់គត់ដែលបានជួយលោក ក្នុងការស្វែងរកចម្លើយអំពីប្រភព និងអត្តសញ្ញាណសម្រាប់ខ្លួន។
លោកបានធំធាត់ឡើងនៅប្រទេសបារាំង ដោយសង្កេតឃើញភាពខុសប្លែកគ្នា រវាងការអប់រំរបស់ឪពុកម្ដាយលោក ជាមួយឪពុកម្ដាយផ្សេងទៀតក្នុងប្រទេសបារាំង។ លោកមិនសូវជាពេញចំពោះរបៀបអប់រំបែបតឹងរឹង និង វាយដំនៅពេលយើងមានកំហុសឡើយ។
ការស្គាល់ជាមួយនឹងលោក វ៉ាន់ ណាត បានធ្វើឲ្យលោក ហ្សង់សៀន គីន បានដឹងពីរឿងរ៉ាវដែលមា្ដយឪពុករបស់លោក ក៏ដូចជាប្រជាជនខ្មែររាប់លាននាក់ បានឆ្លងកាត់ ក៏ដូចជាផលវិបាកដែលរបបប្រល័យពូជសាសន៍នេះបានបន្សល់ទុក ទៅលើការរស់នៅរបស់អ្នករួចរស់មានជីវិត។
លោក វ៉ាន់ ណាត ត្រូវបានចាត់ទុកជាសាក្សីប្រវត្តិសាស្ត្រដ៏សំខាន់មួយ ជាពិសេសនៅក្នុងដំណើរការកាត់ក្តី សំនុំរឿង ០០១ ដែលមានជនជាប់ចោទឈ្មោះ កាំង ហ្គិចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរ ស.២១ ក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម)។ លោកបានរួចរស់មានជីវិត ពីមន្ទីរសន្តិសុខស-២១ ដោយសារតែជំនាញជាវិចិត្រករ និងបានគូររបស់ ប៉ុល ពត ក្នុងអំឡុងពេលជាប់ឃុំ ក្នុងសម័យខ្មែរក្រហម។ វិចិត្រករ វ៉ាន់ ណាត បានស្លាប់នៅឆ្នាំ២០១១។
លោក ហ្សង់ សៀនគីន បានបង្កើតសមាគមមិត្តភក្តិលោក វ៉ាន់ ណាត( Le Cercle Des Amis De Vann Nath) ក្នុងឆ្នាំ ២០០៩ ក្នុងគោលបំណងផ្ដល់ជំនួយផ្នែកថវិកាដល់លោក វ៉ាន់ ណាត។ ជាការរក្សាសន្យាមួយ កាលពីវិចិត្រកររូបនេះនៅរស់ លោកសៀនគីនបានផ្តួចផ្តើមប្រមូលរូបគំនូររ ដែលគូរដោយលោកវ៉ាន់ ណាត សរសេរ និងបោះពុម្ពសៀវភៅដោយដាក់ឈ្មោះតាមវិចិត្រករផ្ទាល់ «វ៉ាន់ ណាត»។ សៀវភៅនេះត្រូវបានសរសេរជាពីរភាសា ខ្មែរ និងអង់គ្លេស និងត្រូវបានសម្ភោធចេញផ្សាយជាផ្លូវការ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។
Focus បានជួបសម្ភាសជាមួយលោកលោក ហ្សង់ សៀន គីន អំពីទំនាក់ទំនងរបស់លោកជាមួយនឹងលោក វ៉ាន់ ណាត ដែលឈានទៅដល់ការបង្កើតសៀវភៅអាល់ប៊ុមរូបគំនូររបស់គាត់។
តើមានមូលហេតុអ្វីខ្លះដែលបណ្ដាលចិត្តឲ្យលោក បង្កើតសៀវភៅនេះឡើង?
វាគឺជាកិច្ចសន្យារវាងខ្ញុំនិងលោក វ៉ាន់ ណាត ពេលដែលគាត់នៅរស់។ មួយវិញទៀតមួយទៀតខ្ញុំគិតថាស្នាដៃរបស់លោក គឺមិនមែនជាឯកសារធម្មតា ព្រោះវាជាសាក្សីមួយបង្ហាញពីរឿងរ៉ាវដែលបានកើតឡើងនាសម័យនោះ ហើយខ្ញុំធ្លាប់បានឮលោកអ៊ុំ វ៉ាន់ ណាត បាននិយាយពីរឿងរ៉ាវដែលលោកឈឺចាប់ទាក់ទងនឹងការដែលលោកនៅមានជីវិតហើយអ្នកផ្សេងទៀតគឺមិនអាចរួចផុតពីការសម្លាប់។
តើលោកអាចបង្ហាញត្រួសពីរូបភាពនៅក្នុងសៀវភៅនេះបានដែរឬទេ?
ស្នាដៃសំខាន់ៗនៅក្នុងសៀវភៅនេះ គឺទាក់ទងទៅនឹងខ្មែរក្រហម និងបង្ហាញពីការស្លាប់របស់ជនរងគ្រោះ នៅមន្ទីរស-២១ និង ដើម្បីដាស់តឿនមនុស្សជំនាន់ក្រោយកុំឲ្យជាន់ដានរឿងនេះទៀត និងស្នាដៃផ្សេងៗទៀត ដែលគាត់ធ្លាប់មាន។ រូបភាពចុងក្រោយរបស់លោក ដែលលោកបានធ្វើ មុនពេលលោកស្លាប់ ក៏ត្រូវបានបញ្ចូលនៅក្នុងសៀវភៅនេះដែរ។ វាគឺជារូបភាពដែលលោកបានចូលរួមសិក្ខាសាលាមួយ ជាមួយនឹងវិចិត្រករជនជាតិម៉ិកស៊ិកក៏នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។
តើមានឧបសគ្គ និងដំណោះស្រាយអ្វីខ្លះមុនពេលសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយ?
ក្នុងដំណើរការនៃការផលិតអាល់ប៊ុមរូបភាពរបស់លោក វ៉ាន់ ណាត ត្រូវចំណាយពេលយូរ និងមានភាពលំបាកដែរដោយសារតែម្ចាស់រូបភាពរបស់លោកភាគច្រើននៅក្រៅប្រទេស ។ រូបភាពរបស់លោកត្រូវបានលក់ទៅឲ្យអ្នកនៅក្រៅប្រទេសដែលស្គាល់គាត់ នៅពេលលោកឈឺ។ ដូច្នេះពួកយើងបានស្វែងរកវិធីដើម្បីដឹងថាតើនរណាខ្លះជាម្ចាស់រូបភាពទាំងអស់នោះ។ ខ្ញុំបានទាក់ទងម្ចាស់រូបភាពរបស់លោកតាមរយៈអ៊ីនធឺណេត និងតាមប្រព័ន្ធទូរស័ព្ទ។ បន្ទាប់មកទៀតយើងជ្រើសរើសរូបគំនូរដែលនឹងត្រូវដាក់បញ្ចូលក្នុងសៀវភៅហើយយើងក៏បានជ្រើសរើសអ្នកនិពន្ធចំនួន៦ នាក់ដើម្បីយកមកសរសេរដើម្បីរៀបរាប់ពីរូបភាពថារូបភាពនេះនៅក្នុងស្ថានភាពណា។
តើលោកមានពាក្យអ្វីជាកាន់មិត្តអ្នកអានដែរឬទេ?
នៅពេលដែលខ្ញុំបានយល់ពីប្រវត្តិរបស់ឪពុកម្តាយខ្ញុំ វាបានផ្លាស់ប្តូរការពិចារណារបស់ខ្ញុំដែរ។ បើយើងមិនបានស្វែងយល់ពីបទពិសោធឬក៏រឿងរ៉ាវដែលគេបានជួបប្រទះនោះយើងនឹងមិនមានការយល់ច្បាស់ពីគេឡើយ។ ដូចគ្នាអ៊ីចឹងដែរប្រសិនបើយើងមិន បានស្វែងយល់ពីបទពិសោធ និងប្រភពរបស់ខ្លួនឯងច្បាស់នោះយើងនឹងមិនស្គាល់ខ្លួនឯងច្បាស់ដែរហើយយើងសម្រេចចិត្តខុស និងគ្មានយុត្តិធម៌ អញ្ចឹងហើយខ្ញុំគិតថា វាសំខាន់នៅពេលដែលយើងដឹងថាយើងជាអ្នកណានោះ។ ការស្គាល់ពីអត្តសញ្ញាណខ្លួនឯងយើងនឹងដឹងថាវាមានភាពស្មុគស្មាញអ៊ីចឹងរួមទាំងការស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួនច្បាស់ ។ ខ្ញុំសង្ឃឹមអ្នកដែលបានអានសៀវភៅនេះនឹងមានអារម្មណ៍សប្បាយរីករាយ និងអាចទទួលបានចំណេះដឹងផងដែរ។
សៀវភៅ «វ៉ាន់ ណាត» មានលក់នៅវិចិត្រសាល សិល្បៈត្រជាក់ភ្នែក Silapak Trotchaek Pneik // by YK Art House។ សៀវភៅនេះ តម្លៃ 25 ដុល្លារ មួយក្បាល៕