បន្ទាប់ពីបានចំណាយពេលជាងមួយទសវត្សរ៍ នៅក្នុងការបង្កើតទីផ្សារអនាម័យនៅតាមទីជនបទ ពេលវេលានៃការបញ្ចប់ប្រតិបត្តិការរបស់អង្គការក្នុងស្រុកមួយនេះ បានមកដល់ហើយ។

ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១៖ សម្រាប់អង្គការវ័តធើសេដ ភាពជោគជ័យ គឺការសម្រេចគោលដៅ ហើយការសម្រេចបាននូវគោលដៅនេះ មានន័យថាយើង មិនចាំបាច់នៅបន្តទៀតនោះទេ។ អង្គការវ័តធើសេដ ត្រូវបានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ២០០៩ ជាមួយនឹងការជឿជាក់យ៉ាងពេញទំហឹងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជារឿងមួយអាចសម្រេចបាន។ ក្រោយពីការបំពេញការងាររបស់យើងអស់រយៈពេល១០ឆ្នាំ ក្នុងប្រទេសកម្ពុជាកន្លងមកនេះ បានសបញ្ជាក់ឱ្យឃើញថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពអាចសម្រេចបានពិតប្រាកដមែន។
ក្នុងរយៈពេលមួយទស្សវត្សរ៍នៃការអនុវត្តការងារកន្លងមកនេះ ជាមួយនឹងក្តីសង្ឃឹមថា ថ្ងៃណាមួយយើងនឹងអាចផ្ទេរបេសកកម្មនេះបាន យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូអាជីវកម្មជាង ៣០០ ព្រមទាំងបានធ្វើការជាមួយថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ជិត ២០០០ នាក់ នៅតាមសហគមន៍នានាដែលយើងបានធ្វើការ។ ហើយទីបំផុត នេះគឺជាពេល ដែលយើងអាចដកខ្លួនចេញ ហើយផ្ទេរភារកិច្ចនេះ ជូនរាជរដ្ឋាភិបាលដើម្បីដឹកនាំធ្វើបន្ត។
«ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាល ដែលទទួលហិរញ្ញប្បទានពីបរទេស គម្រោងផែនការសកម្មភាពរបស់យើង គឺជាការកំណត់គោលដៅបញ្ចប់បេសកកម្ម។» យើងបានត្រៀមផែនការនៃការចាកចេញនេះចាប់តាំងពីការថ្ងៃចាប់ផ្តើមដំបូងមកម្លេះ ហើយពេលនេះ យើងបានមកដល់ដំណាក់កាលចុងក្រោយ នៃផែនការយុទ្ធសាស្ត្រ ដែលមាន៣ដំណាក់កាលរបស់យើងហើយ។ ដំណាក់កាលទាំងនោះគឺ៖ ទី១- ការធ្វើការជាមួយអ្នកផលិតនិងអ្នកផ្គត់ផ្គង់តាមសហគមន៍នានានៅទីជនបទក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតទីផ្សារអ្នកប្រើប្រាស់ ទី២- បង្កើតទីផ្សារមួយដែលផ្តល់ផលដល់ប្រជាពលរដ្ឋយ៉ាងច្រើន(កម្មវិធីទីផ្សារអនាម័យយុទ្ធសាស្ត្រស្វ័យភាពរបស់អង្គការវ័តធើសេដ ផ្តល់ផលទៅដល់ប្រជាពលរដ្ឋចំនួន ៤០ ភាគរយនៃប្រជាជនសរុប”) និងទី៣- ការបណ្តុះបណ្តាលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន ដែលបច្ចុប្បន្ន ត្រូវបានអនុវត្តបន្តដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី នៅ សុវត្ថា នាយិកាប្រតិបត្តិនៃអង្គការវ័តធើសេដ មានប្រសាសន៍ថា៖ «កំឡុងពេលដែលខ្ញុំធ្វើការនៅអង្គការវ័តធើសេដ បានបង្ហាញឱ្យខ្ញុំឃើញថា អង្គការក្នុងស្រុកពិតជាមានសមត្ថភាពផ្លាស់ប្តូរប្រព័ន្ធមួយ ដែលប្រកបដោយនិរន្តរភាពបាន ហើយដែលរាជរដ្ឋាភិបាល ពិតជាមើលឃើញពីតម្លៃនៃការលើកកម្ពស់ភាពជាអ្នកដឹកនាំនេះផងដែរ។»
និរន្តរភាពនៃលទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការវ័តធើសេដ អាចមើលឃើញតាមរយៈចំណុចផ្សេងៗរួមមាន៖
- ក្នុងឆ្នាំ២០០៩ មានប្រជាជនត្រឹមតែ២០%ប៉ុណ្ណោះដែលមានបង្គន់ប្រើប្រាស់ នៅតាមតំបន់ទីជនបទក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន តួលេខនេះមានលើសពី ៧៤%
- អង្គការវ័តធើសេដបានបង្កើតកម្មវិធីការអប់រំភាពជាអ្នកដឹកនាំដែលមានលក្ខណៈពិសេស ហើយឥឡូវនេះនឹងត្រូវបានដឹកនាំដោយរាជរដ្ឋាភិបាល
- អង្គការវ័តធើសេធបានរួមបង្កើត និងវិនិយោគក្រុមហ៊ុនផលិតឧបករណ៍ចម្រោះទឹកក្នុងផ្ទះ Hydrologic និងTerraClear ។ អង្គការវ័តធើសេដបានជំរុញឱ្យផលិតករទាំងពីរក្លាយជាផលិតករចម្រោះទឹកសេរ៉ាមិចឈានមុខគេនៅក្នុងទីផ្សារ។
- អង្គការវ័តធើសេដបានបង្កើតក្រុមហ៊ុន HappyTap Co., ដែលជាអាជីវកម្មសង្គមផ្តោតលើការផលិតឧបករណ៍លាងដៃ។ បច្ចុប្បន្នឧបករណ៍លាងដៃនេះជាធនធានសំខាន់ សម្រាប់សាលារៀន និងមណ្ឌលសុខភាព នៅជុំវិញពិភពលោកក្នុងពេលនៃការវាយលុករបស់ជំងឺរាតត្បាតនៃកូវីដ១៩នេះ។

ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលរយៈពេលយូរអង្វែងនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងនៅតែពឹងផ្អែកទៅលើអ្នកដែលនឹងបន្តកិច្ចការនេះ។ ក្នុងរយៈពេល ១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា អង្គការវ័តធើសេដបានបំពេញកិច្ចការ ប្រកបដោយភាពប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្លាំងដើម្បីជៀសវាងដាច់ខាតនូវសកម្មភាពទាំងឡាយណា ដែលអាចបង្កើតទម្លាប់ពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់យើង ហើយគ្រប់ជំហានទាំងអស់នៃការសម្រេចចិត្តនិងការអនុវត្តយុទ្ធសាស្ត្ររបស់អង្គការវ័តធើសេដត្រូវធ្វើឡើងដោយឆ្លងកាត់នូវការស្រាវជ្រាវស៊ីជម្រៅ និងក្នុងគោលដៅរួមមួយគឺការចាកចេញនេះឯង។ អង្គការវ័តធើសេដចាប់ផ្តើមពីការរៀបចំគម្រោង និងការសាកល្បងក្នុងឆ្នាំ ២០០៩ ដល់ ២០១១ យើងបានធ្វើការកំណត់ឱកាសអភិវឌ្ឍន៍ទីផ្សារនៅក្នុងវិស័យទឹកស្អាត និងអនាម័យ។ បន្ទាប់មកពីឆ្នាំ ២០១២ ដល់ ២០១៧ យើងផ្តោតលើការពង្រីក និងអភិវឌ្ឍន៍ទីផ្សារ ដោយការអនុវត្តគំរូ ទីផ្សារអនាម័យយុទ្ធសាស្ត្រស្វ័យភាព និងបង្កើតឱ្យមានកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ដល់មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន។ ចុងក្រោយបង្អស់ ពីឆ្នាំ២០១៨ ដល់ ២០២១ យើងផ្តោតលើនិរន្តរភាព តាមរយៈការរៀបចំសកម្មភាពរយៈពេលវែង នៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ក៏ដូចជាសកម្មភាពរួមគ្នាធ្វើការ។
ក្រុមការងាររបស់អង្គការវ័តធើសេដបាន ផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន ជិត២០០០នាក់ តាមរយៈកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ។ សិក្ខាសាលានេះ ជាប្រភេទ កម្មវិធីកសាងសមត្ថភាពដែលជម្រុញការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយធ្វើការលើកទឹកចិត្តឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ចេះរៀបចំផែនការ និងកំណត់សកម្មភាព ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សម្រាប់សហគមន៍របស់ខ្លួន។ ការរួមបញ្ចូលពីគ្រប់ភាគីរួមទាំងថ្នាក់ខេត្តជាចំនុចពិសេសនៃកម្មវិធីនេះ ហើយនេះក៏ជាគន្លឹះដែលនាំឱ្យមានគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យមន្ត្រីមូលដ្ឋានប្រើប្រាស់កញ្ចប់ថវិកាដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះបាន។ ឆ្នាំនេះ ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ដើរតួនាទីជំនួសអោយអង្គការវ័តធើសេដ នៅក្នុងការអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ដែលនេះជាការដឹកនាំដោយរដ្ឋាភិបាលជាលើកដំបូង។

លើសពីនេះទៅទៀត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អង្គការវ័តធើសេដបានសហការជាមួយដៃគូដែលប្រកបដោយឥទ្ធិពល និងភាពចម្រុះនៃជំនាញនិងបច្ចេកទេសនៅទូទាំងពិភពលោក។ វ័តធើសេដចាប់ផ្តើមដំបូងជាគម្រោងមួយរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID និងបានពង្រីកបណ្តាញទំនាក់ទំនងបន្តិចម្តងៗ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍និងអ្នកជំនាញផ្នែកទឹកស្អាត និងអនាម័យដែលឈានមុខនៅទូទាំងពិភពលោក។
យុទ្ធសាស្ត្រស្វ័យភាព និងកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ បានជំរុញទឹកចិត្តអោយបណ្តាប្រទេសមួយចំនួនលើពិភពលោកយកទៅអនុវត្ត លើវិស័យផ្សេងទៀតក្រៅពីការងារអនាម័យ។ ការងាររបស់វ័តធើសេដត្រូវបានរាយការណ៍ដោយស្ថាប័នព័ត៌មានអន្តរជាតិធំៗដូចជា Channel News Asia CNN Aljazeera និង Forbes ដែលជំរុញឱ្យមានការសន្ទនាកាន់តែច្រើន ជុំវិញប្រធានបទ ការទទួលបានស្មើភាពគ្នា ជាពិសេសសម្រាប់ស្រ្តី ការផ្តួចផ្តើមលើគម្រោងទឹកស្អាត និង ការចូលរួមរបស់ប្រជាពលរដ្ឋ។
«គ្មានកម្មវិធីណាមួយរបស់យើង អាចសម្រេចទៅបានដោយជោគជ័យនោះទេ ប្រសិនបើមិនមានការចូលរួមពីដៃគូ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើង នៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធសឹងតែមានភាពប៉ិនប្រសប់ ជាមួយនឹងគំនិតច្នៃប្រឌិតថ្មីជានិច្ច ក្នុងការធ្វើការ ដើម្បីធានាថាកិច្ចខិតខំប្រឹងប្រែងរបស់អង្គការវ័តធើសេដ ពិតជាមានប្រសិទ្ធភាព និងអាចដំណើរការបាន។ ចំនុចស្នូលរបស់ស្ថាប័នមួយ គឺស្ថិតនៅលើអ្នកដឹកនាំកិច្ចការនោះ ហើយក្រុមការងាររបស់វ័តធើសេដ គឺជាជើងឯក ដែលនាំឱ្យមានការសហការ និងជំរុញការផ្លាស់ប្តូរប្រកបដោយសុចរិតភាព។
សម្រាប់វ័តធើសេដ ភាពជោគជ័យពិតប្រាកដ គឺស្តែងចេញពីសម្តីរបស់សហគមន៍ និងដៃគូអាជីវកម្ម ដែលយើងបានធ្វើការជាមួយ។ លើសពីនេះនៅពេលដែលរដ្ឋបាលខេត្តលើកឡើងដោយផ្ទាល់ថា ពួកគាត់«អាច»បន្តដឹកនាំកិច្ចការងារនេះ នៅពេលគ្មានវត្តមានរបស់អង្គការវ័តធើសេដនេះ ការប្តេជ្ញានេះហើយ ទើបជាភាពជោគជ័យពិតប្រាកដរបស់យើង។» នេះជាការលើកឡើងរបស់លោកស្រី នៅ សុវត្ថា នាយិកាប្រតិបត្តិនៃអង្គការវ័តធើសេដ។
នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសទឹកស្អាត អនាម័យថ្នាក់ខេត្តកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនៅក្នុងខេត្តមួយនៃខេត្តប្រតិបត្តិការរបស់យើងឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តដែលជាប្រធានក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យបានឆ្លើយតបនឹងក្តីព្រួយបារម្ភរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពីការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដថា៖ «ពួកយើងមិនមែននៅក្មេងទៀតទេ។ រាជរដ្ឋាភិបាលអាចដឹកនាំធ្វើការលើរឿងនេះបានចាប់ពីពេលនេះតទៅ។»

នៅក្នុងឱកាសនេះដែរ អង្គការវ័តធើសេដ សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមកម្មវិធីបញ្ចប់បេសកម្ម ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃច័ន្ទទី ២៤ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៩:០០ ព្រឹកដល់ ១០:៣០ ព្រឹក នៅលើកម្មវិធី Zoom ដែលនឹងធ្វើឡើងជាភាសាខ្មែរ អមជាមួយការបកប្រែជាភាសាអង់គ្លេស។
លើសពីនេះទៀត អង្គការវ័តធើសេដបានធ្វើការចែករំលែក កម្មវិធីរៀនសូត្រដល់អង្គការមិនមែនរដ្ឋាភិបាលដទៃទៀតដែលមានទិសដៅដូចគ្នា ៖ គឺការដាក់ទិសដៅសម្រាប់ការបញ្ចប់បេសកកម្ម និងផ្តោតលើនិរន្តរភាព ដែលបានរៀបចំកាលពីថ្ងៃទី២០ ខែឧសភាកន្លងមកនេះជាភាសាខ្មែរ។ វីដេអូនៃកម្មវិធីរៀនសូត្រនេះ អាចស្វែងរកបាននៅលើគេហទំព័រ Facebook និង Twitter @ WaterSHEDAsia ព្រមទាំងឯកសារនៃការស្រាវជ្រាវ និងព័ត៌មានថ្មីៗអំពីការបញ្ចប់បេសកកម្ម។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់ជាមួយ៖ ៖ ខាងផ្នែកទំនាក់ទំនងនៃអង្គការវ័តធើសេដ
អំពីអង្គការវ័តធើសេដ
អង្គការវ័តធើសេដ ប្រើវិធីសាស្រ្តជាប្រព័ន្ធ ដើម្បីបង្កើតទីផ្សារជនបទសម្រាប់ផលិតផលនិងសេវាកម្មពាក់ព័ន្ធនឹងទឹក និង អនាម័យ។ អង្គការវ័តធើសេដ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាបានធ្វើការស្រាវជ្រាវស៊ីជម្រៅ ដើម្បីកំណត់ឱកាសជាយុទ្ធសាស្ត្រ និងចន្លោះប្រហោងនៅក្នុងប្រព័ន្ធទីផ្សារដ៏ធំទូលាយ រួចធ្វើការដើម្បីពង្រឹងសមត្ថភាព និងទំនាក់ទំនងរវាងភ្នាក់ងារសំខាន់ៗក្នុងប្រព័ន្ធទីផ្សារអនាម័យ ដើម្បីបង្កើតប្រព័ន្ធទីផ្សារដែលប្រកបទៅដោយភាពរស់រវើក និងមានភាពធន់ទ្រាំ។
អង្គការវ័តធើសេដ ធ្លាប់ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន Forbes Reuters និង Huffington Post និងជាជ័យលាភីពីរដងជាប់គ្នាពីកម្មវិធី Development Innovation Ventures របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ព្រមទាំងជាអ្នកឈ្នះពានរង្វាន់កាណាដា Grand Challenges Stars ក្នុងសេវាសុខភាពសាធារណៈសកល ក៏ដូចជា អ្នកឈ្នះរង្វាន់នៃការប្រកួតប្រជែងកម្មវិធី សម្រាប់ស្ត្រីនិងក្មេងស្រីរបស់មូលនិធិ Bill & Melinda និងចុងក្រោយបង្អស់ អ្នកឈ្នះរង្វាន់ទីមួយនៃការប្រកួតប្រជែងបរិស្ថាន Reed Elsevier ។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ Facebook និងនៅលើ Twitter @WaterSHEDAsia
- ជួយបង្កើតសហគ្រាសអាជីវកម្មដែលអាចរកប្រាក់ចំណេញបាននិងមាននិរន្តរភាព រួមនឹងគំនិតច្នៃប្រឌិតនិងងាយស្រួលរកទិញ។
- ជំរុញការលក់បង្គន់ចំនួនជាង ២៥ ម៉ឺន ដោយបង្កើនលទ្ធភាពនៃការប្រើប្រាស់បង្គន់ នៅតាមទីជនបទនៃប្រទេសកម្ពុជា ពី ២០% ក្នុងឆ្នាំ ២០០៩ ដល់ជាង ៧៤% នៅពេលបច្ចុប្បន្ន។
- ជួយបង្កើតចំណូលបាន ១២ លានដុល្លារពីការលក់បង្គន់ នៅតាមសហគមន៍មូលដ្ឋាន
- បានពង្រីកកម្មវិធីទីផ្សារអនាម័យនៅ ៨ ខេត្តដែលផ្តល់ផលដល់ប្រជាពលរដ្ឋជាង ៤០% នៃប្រជាជនកម្ពុជាសរុប។
- ចាប់ដៃគូជាមួយអាជីវកម្មចំនួន៤ ដែលលើកកម្ពស់អនាម័យនៅប្រទេសកម្ពុជា វៀតណាម ឡាវ និងបង់ក្លាដែស៖ WaterSHED Ventures, HappyTap, Hydrologic, and TerraClear;
- បញ្ចូលកម្មវិធីដែលផ្តោតជាពិសេសលើស្ត្រី ទៅលើវិស័យទឹកស្អាត និងអនាម័យជនបទ តាមរយៈកម្មវិធីសហការនិងផ្អែកតាមការស្រាវជ្រាវ។
- បញ្ចូលប្រព័ន្ធហិរញ្ញវត្ថុខ្នាតតូច ដើម្បីកាត់បន្ថយឧបសគ្គនានា ក្នុងការទិញបង្គន់អនាម័យ និងសេវាកម្មទឹកស្អាតផ្សេងទៀត។
- បង្កើនការចូលរួមរបស់អាជីវកម្មខ្នាតតូចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីបណ្តុះអាជីវកម្មដោយផ្តោតលើប្រសិទ្ធភាព និងអតិថិជនជាសំខាន់។
សម្រាប់ព័ត៌មានបន្ថែមស្តីពីអង្គការវ័តធើសេដ និងការងាររបស់អង្គការនៅក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនង៖
WaterSHED Ms. Allyson Beach Communications Manager Email: Tel: +855 (0) 85 954 486