មនុស្សម្នាជាច្រើននៅទូទាំងពិភពលោកកំពុងតែជាប់នៅក្នុងផ្ទះ ហើយអ្នកខ្លះមានអារម្មណ៍ស្រពិចស្រពិល និងព្រួយបារម្ភចំពោះការងារ និងមុខជំនាញរបស់ខ្លួននាពេលអនាគត។ តើពួកគេអាចធ្វើអ្វីបានខ្លះដើម្បីជួយខ្លួនឯងទៅរកភាពជោគជ័យនៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ?
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកធ្វើការជាច្រើនមានអារម្មណ៍ថាវិលវល់ និងតែលតោលនៅពេលដែលនឹកដល់ការងាររបស់ខ្លួន។ បុគ្គលខ្លះអាចធ្វើការពីផ្ទះបានធម្មតា ខ្លះត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ហើយខ្លះទៀតបានបាត់បង់ឱកាសស្ទើរតែទាំងស្រុងក្នុងការរកការងារថ្មី។
តើពួកគេអាចធ្វើអ្វីបានខ្លះ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ឱកាសការងារនាពេលអនាគត?
ជាសំណាងល្អយើងមានដំណោះស្រាយទៅលើបញ្ហានេះសម្រាប់ពួកគេ និងរូបអ្នកដូចគ្នា ដោយសារមានក្រុមហ៊ុនជាច្រើនដែលបានផ្តល់ជូននូវថ្នាក់សិក្សាវគ្គខ្លីដោយឥតគិតថ្លៃ និងមានតម្លៃថោកសមរម្យជាច្រើនដែលបានបង្កើតឡើងជាមួយនឹងលក្ខណៈពិសេសសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញទាំងស្រុង។ ការសិក្សានេះដែរត្រូវបានបង្រៀនដោយអ្នកជំនាញ និងសាស្ត្រាចារ្យល្បីៗជាច្រើនដែលមានកេរ្តិ៍ឈ្មោះ និងចំណេះដឹងច្បាស់លាស់នៅក្នុងមុខជំនាញនីមួយៗ។
Udemy
Udemy ត្រូវបានបង្កើតនៅឆ្នាំ២០១០ គឺជាគេហទំព័រល្បីមួយដែលបានបង្កើតវគ្គសិក្សានៅតាមប្រព័ន្ធអនឡាញ។កម្មវិធីនេះបានផ្តល់ជូននូវវគ្គសិក្សាខ្លីប្រមាណ ១៥០.០០០ ផ្សេងៗគ្នាដែលត្រូវបានបង្ហាត់បង្រៀនដោយសាស្ត្រាចារ្យជំនាញប្រមាណ ៥៧.០០០រូប។ លើសពីនេះទៅទៀត Udemy ក៏មានវគ្គបង្រៀនជាច្រើនដែលទាក់ទងទៅនឹងការបង្កើតកម្មវិធីតាមប្រព័ន្ធកុំព្យូទ័រ (programming) ព័ត៌មានវិទ្យា មុខជំនួញ និងហិរញ្ញវត្ថុជាដើម។ នៅក្នុងនោះដែរក៏មានវគ្គសិក្សាឥតគិតថ្លៃជាច្រើនសម្រាប់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងវិជ្ជាជីវៈផ្សេងៗដែលមានភាពសម្បូរបែបដូចវគ្គសិក្សាបង់ថ្លៃដែរ និងមានវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅពេលបញ្ចប់។
edX
edX ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ២០១២ នៅសាកលវិទ្យាល័យហាវើដ (Harvard University) និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាស្សាជូសេត៍ (Massachusetts Institute of Technology)។ edX គឺជាស្ថាប័នមួយដែលមិនរកប្រាក់ចំណេញ ហើយបានចែករំលែកនូវវគ្គសិក្សាខ្លីៗជាច្រើនដែលផ្តល់ការអប់រំទៅលើថ្នាក់សិក្សាជាន់ខ្ពស់មកពីសាកលវិទ្យាល័យ និងស្ថាប័នល្បីៗទូទាំងពិភពលោក។ ដោយទទួលបានការឧបត្ថម្ភពីសាកលវិទ្យាល័យល្បីៗទាំងនេះ edX ក៏ផ្តល់នូវថ្នាក់សិក្សាបង់ថ្លៃសិក្សាតាមប្រព័ន្ធក្រេឌីត ដែលជាផ្នែកមួយនៃកម្មវិធី MicroBachelors និង MicroMasters។ លើសពីនេះក៏មានថ្នាក់សិក្សាបរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត និងមុខជំនាញល្អៗជាច្រើនទៀតផងដែរ។
Coursera
Coursera ជាកម្មវិធីសិក្សាដែលបានចាប់កំណើតនៅឆ្នាំ២០១២ បង្កើតដោយសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីររូប គឺលោក Andrew Ng និងលោក Daphne Koller នៅសាកលវិទ្យាល័យស្ទែនហ្វដ (Stanford University)។ ស្រដៀងទៅនឹង edX ដែរ កម្មវិធីនេះបានផ្តល់នូវវគ្គសិក្សាខ្លីដែលមានប្រភពមកពីសាកលវិទ្យាល័យល្បីៗដូចជាសាកលវិទ្យាល័យយេល (Yale) និងសាកលវិទ្យាល័យភែន (Penn) ក៏ដូចជាក្រុមហ៊ុនដៃគូសហការជាច្រើនដូចជា IBM និង Googleជាដើម។ Coursera ក៏មានថ្នាក់សិក្សាឥតគិតថ្លៃយ៉ាងសម្បូរបែប ព្រមទាំងថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្របង់ថ្លៃតាមរយៈដៃគូសាកលវិទ្យាល័យរបស់ខ្លួន។
Udacity
Udacity គឺជាកម្មវិធីដែលសង្កត់ធ្ងន់ទៅលើការសិក្សាក្នុងការបង្កើតកម្មវិធីតាមប្រព័ន្ធកុំព្យូទ័រ (programming) ព័ត៌មានវិទ្យា ហើយត្រូវបានគេបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា ក្រុមហ៊ុន Amazon Web Services និងក្រុមហ៊ុន Lyft។ Udacity មានលក្ខណៈខុសប្លែកពីក្រុមហ៊ុន និងអង្គការដទៃ ដោយវាបានបែងចែកជំនាញនីមួយៗពីគ្នា និងផ្តល់ឱ្យក្រុមហ៊ុនដៃគូសហការជាអ្នកជួយរៀបចំកម្មវិធីសិក្សា និងជំនាញដល់សិស្សានុសិស្សដើម្បីបំពេញនូវតម្រូវការរបស់ពួកគេ។
Skillshare
Skillshare មានលក្ខណៈខុសប្លែកពីកម្មវិធីសិក្សាដទៃ ដោយវាជាកម្មវិធីដែលផ្សារភ្ជាប់ទំនាក់ទំនងអ្នកសិក្សាទៅនឹងអ្នកជំនាញ និងអ្នកច្នៃប្រឌិតល្បីៗនៅក្នុងមុខជំនាញនីមួយៗទូទាំងពិភពលោក។ Skillshare ផ្អែកសំខាន់ទៅលើកិច្ចការងារ និងទំនាក់ទំនងដែលជាវិធីសាស្ត្របែបច្នៃប្រឌិតមួយដែលជួយឱ្យអ្នកអាចពង្រីកជំនាញរបស់អ្នក ដូចជាការរចនាក្រាហ្វិក និងទីផ្សារ ព្រមទាំងជំនាញខ្លីៗដែលបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ការចុះឈ្មោះទៅតាមលក្ខខណ្ឌផ្សេងៗ៕