ការស្វែងរកការងារធ្វើនៅក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ អាចមានការលំបាកជាងពេលធម្មតា។ ប៉ុន្តែអ្នកនៅតែអាចស្វែងរកឱកាសការងារទាំងអស់នោះបាន ដោយគ្រាន់តែស្គាល់ពីវេបសាយការងារ ដែលអាចជួយអ្នករកឃើញការងារដែលអ្នកប្រាថ្នាបាន។
ការរីកចម្រើននៃការប្រើប្រាស់នៃប្រព័ន្ធអ៊ីនធឺណិត បានជួយសម្រួលការងារ និងសន្សំសំចៃពេលវេលាជាច្រើននៅក្នុងជីវិតប្រចាំរបស់យើង។ ជាក់ស្តែងអ្នកអាចស្វែងរកការងារតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅកាន់វេបសាយព័ត៌មានទាំងនោះ រួចរៀបចំប្រវត្តិរូបសង្ខេប របស់អ្នកឱ្យបានត្រឹមត្រូវ ជាការស្រេច។
ប្រសិនបើអ្នកកំពុងប្រមាញ់រកការងារនាពេលនេះ អ្នកអាចរកព័ត៌មានទាំងអស់នោះបានតាមរយៈវេបសាយស្វែងរកការងារពេញនិយមទាំង៥ខាងក្រោមនេះ៖
Bongthom.com
គេហទំព័រBongThom.comគឺជាគេហទំព័រដំបូង និងចំណាស់ជាងគេរបស់ប្រទេសកម្ពុជាក្នុងការផ្តល់ព័ត៌មានអំពីឱកាសការងារ ដែលមានអាយុកាលជាង១៧ ឆ្នាំមកហើយ។ កន្លងមក វេបសាយនេះបានផ្តល់សេវាកម្មជាង ៦០០០រួចមកហើយ សម្រាប់អតិថិជនក្នុងស្រុកនិងអន្តរជាតិក្នុងការជ្រើសរើសបុគ្គលិក។ ស្ថាប័នធំៗ កម្រនឹងរំលងការបង្ហោះឱកាសការងាររបស់ខ្លួន នៅក្នុងគេហទំព័រនេះ។ អ្នកអាចស្វែងរកការងារច្រើនប្រភេទ ដោយគ្រាន់តែចូលទៅកាន់វេបសាយ និងតាមទំព័រហ្វេសប៊ុក។
CamHR
CamHR ជាក្រុមហ៊ុនធនធានមនុស្សនិងជ្រើសរើសបុគ្គលិកមួយនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមហ៊ុន CAMHR INFORMATION (CAMBODIA) CO. LTD។ ព័ត៌មានដែលទាក់ទងទៅនឹងឱកាសការងារ ត្រូវបានចែករំលែកជារៀងរាល់ថ្ងៃនៅគេហទំព័រនេះ។
កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ(NEA)
កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ រយៈពេល ២ថ្ងៃនៅក្នុងខែតុលា ឬ វិច្ឆិកា នៅតាមទីតាំងដែលព្រាងទុក។ ដោយឡែកឆ្នាំ២០២០មានបញ្ហា Covid-19 គេក៏បានបង្កើតកម្មវិធីពិព័រណ៍ Online រួមជាមួយពិព័រណ៍នៅនឹងកន្លែង ដើម្បីចូលរួមកាត់បន្ថយ ការចូលរួមដោយផ្ទាល់។ ហេតុនេះអ្នកអាចស្វែងរកការងារ នៅក្នុងវេបសាយកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ នេះផ្ទាល់តែម្តង សម្រាប់ព័ត៌មានបន្ថែម។
Pelprek Job / ពេលព្រឹក
Pelprek.com ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាវេបសាយនិងគេហទំព័រការងារមួយដែលមានការពេញនិយមក្នុងការផ្សព្វផ្សាយពីឱកាសការងារដល់សាធារណជន។ ការងារជាច្រើនដែលមកពីវិស័យផ្សេងៗគ្នា តែងតែត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័រនេះ។
Jobboom
ទោះបីជាគេហទំព័រការងារនេះ ទើបតែត្រូវបានបង្កើតថ្មី ប៉ុន្តែក៏ទទួលបានប្រជាប្រិយភាពជាច្រើនផងដែរ។គេហទំព័រនេះ មិនត្រឹមតែជួយអ្នកក្នុងការស្វែងរកឱកាសការងារប៉ុណ្ណោះទេ អ្នកក៏អាចទទួលបានចំណេះដឹងថ្មីៗ និងការចែករំលែកពីតិចនិកក្នុងការរៀបចំខ្លួន ក្នុងពេលសម្ភាសន៍ការងារ និងដំណោះស្រាយទូទៅ ទាក់ទិននឹងបញ្ហានៃការធ្វើការងារជាដើម។