វីដេអូហិង្សាដែលបានចែចាយលើបណ្ដាញសង្គម បានបង្កើតជាការវែកញែកយ៉ាងគំហុក អមជាមួយមតិខុសៗគ្នាទៅលើទង្វើនេះ។
ខែមិនា គួរតែជាពេលវេលាដែលពោរពេញទៅដោយការអបអរសារទរ និងលើកកម្ពស់ស្ត្រីទាំងឡាយ។ ផ្ទុយទៅវិញត្រឹមតែសប្ដាហ៍ទី៣ រឿងរ៉ាវអំពើហិង្សាទៅលើភរិយាដែលបញ្ចេញតាមរយៈវីដេអូ ត្រូវបានចែកចាយពេញបណ្ដាញសង្គមនៅកម្ពុជា ហើយក្លាយជាប្រធានបទក្ដៅគគុគក្នុងការពិភាក្សា និងបង្កើតជាការសង្កត់ធ្ងន់ទាមទារឱ្យមានការឆ្លើយតបទៅនឹងករណីហិង្សាលើស្ត្រីនៅកម្ពុជា។
ក្រោយមានការចែកចាយលើបណ្ដាញសង្គម អំពីវីដេអូនៃអំពើហិង្សាក្នុងគ្រួសារ មកសាធារណជន អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម អង្គការធ្វើការងារលើស្ត្រី ព្រមទាំងក្រសួងកិច្ចការនារី និងក្រសួងពាក់ពន្ធ័នានា បានបញ្ចេញមតិក្នុងន័យការពារស្ត្រីជាជនរងគ្រោះ និងសេចក្ដីថ្លែងការដោយក្រសួង ទៅលើរឿងរ៉ាវក្ដៅគគុកនេះ។
បញ្ហានេះបានដាស់ស្មារតីសាធារណជន ទៅលើប្រធានបទហិង្សាគ្រួសារដែលភាគច្រើន កើតឡើងលើស្ត្រីជាភរិយា។ ហើយបណ្ដាញសង្គមបានក្លាយជា វេទិកាបញ្ចេញមតិ ការរិះគន់ និងសូម្បីតែការវាយប្រហារលើជនប្រព្រឹត្ត ដែរមានទាំងមាតិបែបវិជ្ជមាន និងអវិជ្ជមាន។ មានរឿងរ៉ាវជាច្រើនដែលយើងអាចសង្កេតបានពី ការទម្លាយវីដេអូជាសាធារណៈបែបនេះ។
អំពើហិង្សាគ្រួសារមិនត្រឹមជាបញ្ហាផ្ទៃក្នុង មិនមែនជាវិធីដោះស្រាយបញ្ហា និងមិនមែនជាបញ្ហារបុគ្គលតែម្នាក់ តែវាបានក្លាយជាបញ្ហារដែរមនុស្សគ្រប់គ្នាអាចជួយទប់ស្កាត់។
ក្នុងរបាយការស្រាវជ្រាវរបស់ យូនីសេហ្វ្ ចេញឆ្នាំ២០២០ ស្ត្រីនៅកម្ពុជាប្រឈមមុខ និងហិង្សាផ្នែកផ្លូវកាយ ផ្លូវចិត្ត ដែលភាគច្រើនមានប្រភពពីដៃគូរខ្លួន។ កម្ពុជាមាន គោលនយោបាយជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី ដើម្បីជាកិច្ចឆ្លើយតបការទប់ស្កាត់ ការរំលោភសិទ្ធស្ត្រីដែលជាសិទ្ធមនុស្ស ដែលអាចរារាំងដល់ការចូលរួមអភិវឌ្ឍរបស់ស្ត្រីក្នុងសង្គម ព្រមទាំង ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះឆ្នាំ២០០៥។
Focus បានសម្ភាសន៍ជាមួយអង្គការមួយចំនួន ដែលធ្វើការលើកកម្ពស់សិទ្ធស្ត្រី និងមានបទពិសោធន៍ការងារទាក់ទងនឹងប្រធានបទហិង្សាក្នុងគ្រួសារនេះ។
តើមានមេរៀនអ្វីខ្លះដែលសាធារណជនអាចទទួលបាន និងរួមចំណែកចាត់វិធានការ ប្រឆាំង នឹងអំពើហិង្សាក្នុងគ្រួសារ?
សិទ្ធស្ត្រីនិងការសម្រេចចិត្ត
Kate Seewald សហស្ថាបនិក និងប្រធានផ្នែកយុទ្ធនាការនិងស្រាវជ្រាវអង្គការក្លាហាន
អង្គការក្លាហាន៖ គឺជាអង្គការឯករាជ្យមួយ ដែលផ្ដោតលើយុទ្ធនាការ លើបញ្ហាដែលប៉ះពាល់ដល់ស្ត្រីនៅកម្ពុជា ហើយមានគោលបំណង ផ្ដល់នូវវេទិកាមួយសម្រាប់ស្ត្រីក្នុងការនិយាយនិងទាមទារការផ្លាស់ប្តូរ ពីអ្នកធ្វើការសម្រេចចិត្ត អ្នកដឹកនាំអាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ ឬសង្គមទាំងមូល។
នារីមិនត្រឹមតែមានសិទ្ធក្នុងការរស់រានមានជីវិតចេញឆ្ងាយពីអំពើហិង្សា ប៉ុន្តែក៏មានសិទ្ធិ រួចផុតពីការភ័យខ្លាចនៃអំពើហិង្សាផងដែរ។ ការភ័យខ្លាចនេះរឹតត្បិតសេរីភាពរបស់ស្ត្រី និងបញ្ឈប់យើងពីការរស់នៅប្រកបដោយសក្តានុពលនិងការស្វែងរកសុភមង្គល។
នៅតាមទីសាធារណៈ ស្ត្រីមានសិទ្ធិដើរតាមផ្លូវពេលយប់ដោយគ្មានការភ័យខ្លាច។ នៅក្នុងអ៊ិនធឺណិត ស្ត្រីមានសិទ្ធិបញ្ចេញមតិលើបណ្តាញសង្គមដោយគ្មានការភ័យខ្លាច ពីការយាយីឬការរំលោភបំពាន។ ហើយនៅក្នុងផ្ទះ ស្ត្រីមានសិទ្ធិរស់នៅដោយសន្តិភាព ដោយគ្មានការភ័យខ្លាចប្រឈមមុខនឹង អំពើហិង្សាផ្លូវរាងកាយ សេដ្ឋកិច្ច ឬផ្លូវចិត្តពីដៃគូ។
នៅក្នុងការសិក្សាថ្មីៗនេះដែលក្លាហានបានចូលរួមជាសហនិពន្ធ បានរកឃើញថាស្ត្រីជាច្រើន បានរាយការណ៍ថា ពួកគេមានការភ័យខ្លាចចំពោះប្តីរបស់ខ្លួន។ […]ក៏ប៉ុន្តែការមាក់ងាយពីសង្គម និងភាពលំបាក ផ្នែករដ្ឋបាលក្នុងការលែងលះគ្នា ជាមូលហេតុដែលស្ត្រី មិនអាចចាកចេញពីស្វាមីរបស់ខ្លួន។
ដោយសារបែបនេះហើយសង្គមកម្ពុជាគួរតែចាប់ផ្ដើមទទួលយកថាជារឿងធម្មតា នៅពេលដែលស្ត្រីស្វះស្វែងរក ការលែងលះឬចែកផ្លូវគ្នា ជាពិសេសនៅពេល ស្ត្រីស្ថិតនៅក្នុងទំនាក់ទំនងមួយដែលមានភាពរំលោភបំពាន។ ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវខិតខំបន្ថែមទៀត ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់ជូននូវសុវត្ថិភាព ការគាំទ្រ និងការទទួលបាននូវយុត្តិធម៌ចំពោះជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ។ អ្វីដែលសំខាន់ជាងនេះ យើងត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព ដែលបានធ្វើឱ្យជនល្មើសជាបុរសគិតថា ពួកគេអាច ប្រព្រឹត្តហិង្សាលើស្ត្រីម្តងហើយម្តងទៀត ហើយអាចរួចផុតពីទោសទណ្ឌ។
អំពើហិង្សាមិនមែនជារឿងផ្ទៃក្នុងតែម្យ៉ាង
គ្រី ស៊ុយហ៊ាង នាយកប្រតិបត្តិ អង្គការនារីដើម្បីសន្តិភាព
Women Peace Makers អង្គការនារីដើម្បីសន្តិភាព៖ ធ្វើការដើម្បីការពារសិទ្ធិរបស់ស្ត្រីនិងកុមារ នៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយអំពើហិង្សាគ្រប់រូបភាព និងផ្តល់ជម្រើសសម្រាប់ដំណោះស្រាយជម្លោះដោយសន្តិវិធី។
អំពើហិង្សាគ្រួសារមិនមែនជារឿងគ្រួសារតែមួយមុខ តែជាបញ្ហាសង្គមទាំងមូល ដែលគួរលុបបំបាត់។នៅក្នុងរូបភាពនេះ ជនរងគ្រោះមិនមែនរងផលប៉ះពាល់ជាលើកទីមួយនោះទេ។ ដូចរបាយណ៍ការជាទូទៅដែលធ្វើឡើងដោយអង្គការ និងស្ថាប័នពាក់ព័ន្ធ ស្ត្រីភាគច្រើនមិនបានស្វែងរកជំនួយ នៅពេលរឿងកើតឡើងភ្លាមៗនោះទេ ហើយអ្នកដែលចេញមុខស្វែងរកជំនួយ គឺនៅពេលស្ថានការឈានដល់សភាពធ្ងន់ធ្ងរ។ ត្រង់នេះហើយ ជាអ្វីដែលមហាជនគួរស្វែងយល់គឺ ការមិនគួរបន្ទោសជនរងគ្រោះ ថា ហេតុអ្វីមិនស្វែងរកជំនួយពេលរឿងកើតឡើងដំបូង ពីព្រោះជាទូទៅស្ត្រីដែលទទួលរងគ្រោះ មានគំនាបជាច្រើនទាំងផ្លូវកាយ ផ្លូវចិត្ត គំនាបគ្រួសារ សង្គម និងសាមីខ្លួន។ ចំនុចដែលស្ត្រីរងគ្រោះក្នុងករណីនេះ ហ៊ានចេញមុខបង្ហាញការពិត ជាសារដាស់តឿនដល់នារីរងគ្រោះដ៏ទៃ ឲ្យហ៊ានបង្ហាញបញ្ហាដែលខ្លួនកំពុងប្រឈម ជាជាងស៊ូទ្រាំគិត ថាអំពើហិង្សាជារឿងផ្ទៃក្នុង។
ចំនុចទីពីរ អំពើហិង្សាជារឿងខុសច្បាប់ និងមិនអាចមើលរំលង។ ក្រោយមើលឃើញមានចំណាត់ការពីក្រសួងពាក់ព័ន្ធ បានបញ្ជាក់ឲ្យឃើញថាបញ្ហាហិង្សានេះ មិនមែនជារឿងផ្ទៃក្នុង តែជាអំពើដែលមានលទ្ធផល និងការទទួលខុសត្រូវផ្លូវច្បាប់។
ចុងក្រោយ សាធារណជនក៏អាចឈ្វេងយល់ថា ការប្រើហិង្សាមានផលប៉ះពាល់ខ្លាំង។ ការរៀនទប់កំហឹង និងរស់នៅជាមួយគ្នាដោយអហិង្សា គួរតែជាអ្វីដែលមនុស្សទូទៅគួរអនុវត្ត។ សមត្ថកិច្ច ក៏គួរបំពេញទួនាទីឲ្យបានរហ័ស ឆ្លើយតបនឹងអ្វីដែលកើតឡើង។
អំពើហិង្សាមិនត្រូវការហេតុផលមកបកស្រាយ
សេង រាសី នាយកប្រតិបត្តិ នៅអង្គការសីលការ
អង្គការសីលការ៖ធ្វើការឆ្ពោះទៅរកការចូលរួមដោយស្មើភាព មានអត្ថន័យ និងប្រកបដោយនិរន្តរភាពក្នុងអភិបាលកិច្ចសាធារណៈ និងមានគោលដៅអភិវឌ្ឍន៍ដើម្បីជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
“ហិង្សា” ទោះក្នុងរូបភាពអ្វី បង្កដោយនរណា ឬមានឋានះអ្វីក៏ដោយ មិនត្រូវការហេតុផលមកបកស្រាយនូវទង្វើបែបនេះ។ ក្នុងចំនោមអ្នកប្រើប្រាស់បណ្ដាញសង្គម ការជជែកលើមូលហេតុ ដែលបង្កឲ្យមានហិង្សាហាក់នៅមានភាពពុះកញ្ជ្រោលនៅឡើយ មានការលើកឡើងពីដើមហេតុដែលបង្កឲ្យមានការប្រើប្រាស់ហិង្សាលើជនរងគ្រោះ។ ត្រង់ចំនុចនេះ មហាជនត្រូវយល់ថា ហិង្សាជាករណីដែលមិនអាចលើកលែង និងមិនគួរមានហេតុផលណាមួយ មកគាំទ្រទង្វើគ្មានភាពម្ចាស់ការរបស់ជនបង្ក។ បើសិនជាការលើកឡើងហេតុផល ដើម្បីគាំទ្រនូវទង្វើបែបហិង្សានេះនៅតែបន្ត សង្គមនឹងនៅតែប្រឈមបញ្ហាដដែលគឺ ជនប្រព្រឹត្តនៅតែរួចផុតពីទង្វើរបស់ខ្លួន ដោយគ្រាន់តែ លើកឡើងអំណះអំណាងណាមួយដែលអាចឲ្យអ្នកស្ដាប់មួយចំនួនគាំទ្រ។ ការលើកឡើងហេតុផលនេះ ក៏បង្កជារូបភាពបែបស្តីបន្ទោសជនរងគ្រោះ ដែលជារឿងមិនគួរទទួលយកបាន។
អ្វីដែលសំខាន់មួយទៀត ការប្រើប្រាស់ភាសានិងពាក្យពេចន៍នៅក្នុងបណ្ដាញសង្គម ហាក់កំពុងមានឥទ្ធិពលអវិជ្ចមាន ពីព្រោះមានភាសាបែបវាយប្រហារ និងមិនសមរម្យជាច្រើន លេចចេញពេលមានការចែកចាយរឿងណាមួយក្នុងបណ្ដាញសង្គម។ ហើយភាសាអស់ទាំងនេះមិនត្រឹមប៉ះពាល់ដល់សាមីខ្លួន តែក៏មានឥទ្ធិពល លើអ្នកប្រើបណ្ដាញសង្គមវ័យក្មេងៗ ដែលចាប់យកព័ត៌មានអស់ទាំងនេះ។
រូបភាពទាំងនេះហើយដែលមហាជនគួរស្វែងយល់ និងកែប្រែទម្លាប់អវិជ្ជមានលើបណ្ដាញសង្គម។
ការប្រើប្រាស់បណ្ដាញសង្គមជាអាវុធមុខពីរ គ្រប់ភាសា និងពាក្យសម្ដី អាចក្លាយជា ឧបករណ៌វាយប្រហារផ្លូវចិត្តទៅលើបុគ្គលទូទៅ ដែលធ្លាប់ជួបបញ្ហាដូចគ្នា ហើយរឹតតែប៉ះពាល់ការអភិវឌ្ឍខ្លួន និងការលូតលាស់របស់ក្មេង ដែលមានទំនាក់ទំនងជាមួយបញ្ហា៕