ការចងចាំរបស់មនុស្សអាចមានការប្រែប្រួលទៅតាម វ័យ និង សុខភាពខួរក្បាល។ ប៉ុន្តែចំណុចសំខាន់មួយ ដែលមនុស្សមួយចំនួនមិនបានគិតដល់ ឬស្ទើរតែមិនជឿថាមានតែម្តងនោះគឺ ឥទ្ធិពលនៃច្រកទ្វារ ឬដែលភាសាអង់គ្លេសត្រូវបានគេហៅថា The Doorway Effect។

អ្នកទើបតែដើរចេញមកពីផ្ទះ និងចាក់សោរបន្ទប់រួច ប៉ុន្តែបែរជាមានអារម្មណ៍ស្រពិចស្រពិលថា ខ្លួនបានចាក់សោរផ្ទះរួច ហើយឬនៅ។ តើអ្នកធ្លាប់ប្រទះបញ្ហានេះដែរឬទេ? តើវាបណ្តាលមកពីអ្នកមានការភ្លេចភ្លាំងច្រើន ឬអ្នកមិនយកចិត្តទុកដាក់?
យោងតាមការសិក្សាដ៏មានភាពល្បីល្បាញមួយ ទៅលើការចងចាំរបស់ជំនាញផ្នែកផ្លូវចិត្ត លោក Gabriel Radvansky និងសហការីរបស់គាត់នៅសាកលវិទ្យាល័យ Notre Dame បានបង្ហាញថា នៅពេលមនុស្សបានដើរឆ្លងកាត់ទ្វារ ឬច្រកអ្វីមួយអាចធ្វើឱ្យបុគ្គលនោះភ្លេចនូវអ្វីដែលគេចង់ធ្វើភ្លាមៗដោយមិនបានដឹងខ្លួន ឬ ត្រូវបានគេហៅថា The Doorway Effect នេះផ្ទាល់តែម្តង។
នៅជ្រុងមួយនៃចិត្តសាស្ត្រ បានបង្ហាញថា បញ្ហាចម្លែកនេះកើតឡើងដោយសារនៅពេលដែលអ្នកដើរឆ្លងកាត់ទ្វារ ឬ ច្រកអ្វីមួយ វាបានបង្កើតជារនាំងទៅរារាំងការចងចាំនៅក្នុងខួរក្បាលរបស់មនុស្ស ឬធ្វើឱ្យការចងចាំរបស់អ្នកយឺត និងស្រពិចស្រពិល ដែលត្រូវបានគេហៅថា The Event Horizon Model ។
ការផ្លាស់ប្តូរបរិយាកាស ផ្នែករាងកាយនិង ផ្លូវចិត្ត តាមរយៈការផ្លាស់ប្តូរទៅបន្ទប់ផ្សេង ឬកន្លែងផ្សេងមួយទៀត ក្រោយដើរឆ្លងកាត់ទ្វារគឺជាហេតុធ្វើឱ្យខួរក្បាលរបស់អ្នកគិតពីរឿងផ្សេងទៀតដោយមិនដឹងខ្លួន ជាពិសេសនៅពេលដែលអ្នកមានការប្រញាប់ប្រញាល់ ឬ ទង្វើដែលកើតឡើងដោយការគិតភ្លាមៗជាដើម។
ហេតុនេះ ការភ្លេចភ្លាំងទាំងអស់មិនមែនសុទ្ធតែជាបញ្ហាប្រឈមខ្លាំងនោះទេ ប៉ុន្តែវាជាកត្តាធម្មជាតិ ក៏ដូចជាភាពស្មុគស្មាញនិងអច្ឆរិយៈនៃសរីរាង្គខួរក្បាលរបស់មនុស្ស។ មិនត្រឹមតែប៉ុណ្ណោះពេលវេលា និង ទីកន្លែងក៏ដើរតួយ៉ាងសំខាន់ ក្នុងការចងចាំរបស់មនុស្សផងដែរ។
ទោះបីជារឿងតូចតាចយ៉ាងណាក្តី វាអាចមានឥទ្ធិពលជាច្រើនទៅលើជីវិតប្រចាំថ្ងៃ។ គន្លឹះសំខាន់ ដែលអ្នកអាចចាប់យកពីអព្ហូតហេតុ «ឥទ្ធិពលច្រកទ្វារ»នេះបានគឺ ការរៀបចំផែនការ និងគម្រោងការឱ្យបានច្បាស់លាស់ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដើម្បីចៀសវាសការភ្លេចភ្លាំង ក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក និងអនាគត៕