ធ្លាប់តែលឺគ្នានិយាយលេង «វិទ្យុផ្សាយបានតែម្ដងៗ»។ តែឥឡូវនេះ អ្នកស្ដាប់សារឡើងវិញ ច្រើនដងច្រើនសារតាមចិត្តចង់នៅលើផតខាស់ Podcasts។
ផតខាស់ (Podcast) អាចនិយាយយ៉ាងខ្លី ឱ្យស្រួលយល់បានថា ជាកម្មវិធីវិទ្យុនៅលើអ៊ីនធឺណិត។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ អ្នកអាចស្តាប់ផតខាស់ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដរាបណាទូរស័ព្ទ ឬឧបករណ៍ស្តាប់អេឡិចត្រូនិករបស់អ្នក នៅមានថ្មដំណើរការ។
អ្នកមិនចាំបាច់ត្រូវការអ៊ីនធឺណិត ដើម្បីស្តាប់ផតខាស់គ្រប់ពេលវេលានោះទេ ព្រោះថាអ្នកអាចដោនឡូតកម្មវិធីទុក សម្រាប់ស្តាប់នៅពេលក្រោយក៏បាន។ តែប្រសិនបើ អ្នកមិនចង់ខាតទំហំផ្ទុកទិន្នន័យ (storage space) នៅលើទូរស័ព្ទរបស់អ្នក អ្នកអាចស្តាប់ដោយការ stream តែម្តង ហើយអ្នកអាចកំណត់ឱ្យឧបករណ៍លុបដោយស្វ័យប្រវត្តិនូវកម្មវិធីផតខាស់ ដែលអ្នកធ្លាប់បានស្តាប់ហើយ ។
ទម្រង់កម្មវិធីនៅលើផតខាស់ អាចជាកម្មវិធីព័ត៌មាន អប់រំ ពិភាក្សា កម្សាន្ត ផ្សព្វផ្សាយសាសនា ដូចដែលអ្នកធ្លាប់ឮនៅលើវិទ្យុដែរ។ ភាគច្រើនកម្មវិធីរបស់ផតខាស់ មានរដូវកាលរបស់ខ្លួន ហើយចេញផ្សាយជាភាគៗ ទៅតាមសមត្ថភាពរបស់អ្នកផលិត។
អ្នកផលិតមិនចាំបាច់ដាក់ពាក្យសុំអាជ្ញាប័ណ្ណដូចការបង្កើតស្ថានីយវិទ្យុ ដែលត្រូវការ សុំហ្វ្រេកង់ផ្សព្វផ្សាយសំឡេងនោះទេ។ អ្នកបង្កើតផតខាស់ អាចជាអ្នកបង្កើតកម្មវិធីឯករាជ្យ ឬក៏ជាផ្នែកមួយនៃកម្មវិធីរបស់ស្ថានីយវិទ្យុ ដែលបានវិវត្តខ្លួនសម្របតាមបច្ចេកវិទ្យាអ៊ីនធឺណិត។
ផតខាស់ មានការពេញនិយមណាស់នៅប្រទេសលោកខាងលិច។ បណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដូចជាថៃ ឥណ្ឌូណេស៊ី ក៏មានការពេញនិយមលើការផលិតផតខាស់ដែរ។
កម្មវិធីពេញនិយមសម្រាប់ស្តាប់ផតខាស់ មានដូចជា Apple Podcast ឬ Google Podcast ឬ Spotify។ រីឯស្ថាប័នព័ត៌មានធំៗ បានបង្កើតកម្មវិធីស្តាប់ដោយខ្លួនឯង BBC Sounds ជាដើម។ គួរបញ្ជាក់ផងដែរថា ផតខាស់ ក៏មានជាវីដេអូផងដែរ ប៉ុន្តែកម្មវិធីផតខាស់ជាសំឡេង គឺពេញនិយមខ្លាំងជាង។
ការយល់ច្រឡំ ៖ ឯកសារសំឡេងជាឌីជីថល
តើកម្មវិធីដែលបានស្តាប់លើ YouTube ឬ Facebook គឺជា ផតខាស់ដែរឬទេ? នេះគឺជាការពិភាក្សាធំមួយ ក្នុងសហគមន៍នៃអ្នកនិយមស្តាប់ផតខាស់។ និយាយជាលក្ខណៈបច្ចេកទេស កម្មវិធីដែលអ្នកបានស្តាប់នៅលើទាំងនៅលើ YouTube ឬ Facebook គឺពិបាកនឹងចាត់ទុកថាជា ផតខាស់ណាស់។ ព្រោះថា វាគ្រាន់តែជាឯកសារសំឡេងប្រភេទឌីជីថល បង្ហោះនៅលើអ៊ីនធឺណិតប៉ុណ្ណោះ ប៉ុន្តែយើងមិនអាចដោនឡូតទុកដើម្បីស្តាប់ នៅពេលមិនមានអ៊ីនធឺណិតនោះទេ។
យ៉ាងណាមិញ បើមើលពីលក្ខណៈយុទ្ធសាស្ត្រផ្សព្វផ្សាយវិញ អ្នកផលិតកម្មវិធីផតខាស់ទាំងនោះ តែងតែរកផ្លូវចេញលើសពីមួយ ដើម្បីធ្វើយ៉ាងណាកម្មវិធីរបស់ពួកគេអាចទៅដល់អ្នកស្តាប់។ ដូច្នេះ គេអាចបង្ហោះកម្មវិធីសំឡេងទាំងនោះ បន្ថែមនៅលើ Facebook និង YouTube ជាទីកន្លែងដែលអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមូលផ្ដុំច្រើនបំផុត។
ការវិវត្តផតខាស់នៅកម្ពុជា
ផតខាស់ជាភាសាខ្មែរ នៅមានកម្រិតនៅឡើយ។ ណាមួយអ្នកប្រើប្រាស់អ៊ីនធឺណិត នៅតែនិយមប្រើប្រាស់ Facebook ជាប្រភពនៃការស្វែងរកព័ត៌មាន ដូច្នេះកម្រនឹងមានការផលិតកម្មវិធី ជាពិសេសដាច់ដោយឡែកសម្រាប់តែផតខាស់នោះទេ។
ខាងក្រោមនេះ គឺជាកម្មវិធីផតខាស់ផលិតជាភាសាខ្មែរ ឬជាភាសាអង់គ្លេស ដែលជាប្រធានបទ សម្រាប់អ្នកស្តាប់នៅកម្ពុជា ហើយអាចស្វែងរកបាននៅលើ Apple Podcast និង Google Podcast ៖