អស់រយៈពេលជាច្រើនឆ្នាំមកហើយ សង្គមតែងតែប្រើប្រាស់ពាក្យដូចជា បុរសអង់អាច បុរសដើមទ្រូងប្រាំហត្ថ ប្រុសពេញតួ ដើម្បីរៀបរាប់ពីអត្តចរិត ដែលសង្គមខ្មែរចង់ឲ្យមនុស្សប្រុស ធ្វើតម្រាប់តាម។ តើវាមានផលប៉ះពាល់អ្វីខ្លះ ដល់មនុស្សគ្រប់រូប ជាពិសេសមកលើបុរស នៅពេលដែលសង្គមមានផ្នត់គំនិតបែបនេះ?
តើអ្វីទៅជា Toxic Masculinity?
ផ្នត់គំនិត Toxic masculinity ឬ ផ្នត់គំនិតដែលគិតខុសលើភាពជាបុរសថា ចាំបាច់ត្រូវតែអង់អាចនិង ក្លាហានរឹងមាំ គឺជាផ្នែកមួយក្នុងការសិក្សាសង្គមវិទ្យា។ ផ្នត់គំនិតនេះ ស្វែងយល់ទៅលើ អាកប្បកិរិយា និងអត្តចរិតរបស់មនុស្សប្រុស ដោយផ្ដោតសំខាន់ទៅលើគំនិតមួយចំនួនរួមមាន កម្លាំង ការលាក់បាំងអារម្មណ៍ ការប្រើប្រាស់ហិង្សា ដើម្បីបញ្ចេញពីអំណាចរបស់ខ្លួន។
ឧទាហរណ៍មួយដែលយើងអាចមើលឃើញពីភាពជាបុរសរឹងមាំមួយ គឺ នៅពេលមានការរំជួលចិត្តណាមួយកើតឡើង ហើយបុរសខំប្រឹងទប់ទឹកភ្នែក ដើម្បីចៀសវាងការមាក់ងាយពីសំណាក់សង្គម ថាជាមនុស្សទន់ខ្សោយ។
នៅក្នុងសង្គមខ្មែរ បុរសតែងតែត្រូវបានចាត់ទុកថាជាបង្គោលដ៏សំខាន់នៅក្នុងគ្រួសារ។ យើងមានសុភាសិតជាច្រើន ដើម្បីក្រើនរំឭកអំពីភាពជាបុរសដូចជា មនុស្សប្រុសអង់អាច មនុស្សប្រុសដើមទ្រូងប្រាំហត្ថ និងមនុស្សប្រុសពេញតួជាដើម។
ពាក្យពេចន៍ទាំងអស់នេះ សុទ្ធត្រូវបានសង្គមយកមកបង្រៀន ដល់ក្មេងប្រុសៗជំនាន់ក្រោយ។ ដូច្នេះហើយទើបយើងតែងតែរំពឹងឲ្យមនុស្សប្រុស ត្រូវមានស្មារតីមាំមួន ឬ ភាពក្លាហានជាងមនុស្សស្រីៗ ប៉ុន្តែមិនមែនគ្រប់បុរសទាំងអស់ សុទ្ធតែដូច្នោះទាំងអស់នោះទេ ពេលខ្លះពួកគាត់គ្រាន់តែចង់រស់នៅជីវិតមួយ ដែលគ្មានសម្ពាធពីសង្គមខាងក្រៅ។
ផលវិបាកនៃផ្នត់គំនិតភាពជាបុរសអង់អាច
មនុស្សយើង មានជីវិតរស់នៅ ដែលបំពាក់ទៅដោយអារម្មណ៍ជាច្រើន។ យើង អាចមានអារម្មណ៍សប្បាយរីករាយ ព្រួយបារម្ភ រំភើប ឯកោ និងអារម្មណ៍ផ្សេងៗទៀត។ ប្រសិនបើគ្មានអារម្មណ៍ទេ យើងប្រៀបបានដូចជា មនុស្សយន្តមួយគ្រឿងអញ្ចឹង មិនចេះស្រឡាញ់ មិនចេះយោគយល់ពីគ្នា។
យោងទៅតាមគេហទំព័ររបស់សមាគមចិត្តសាស្ត្រអាមេរិក (American Psychological Association) បានឱ្យដឹងថា ការលាក់បាំងអារម្មណ៍ អាចបណ្ដាលឲ្យមនុស្សប្រុស ប្រព្រឹត្តិអំពើហិង្សាផ្សេងៗ។ មនុស្សប្រុស អាចប្រព្រឹត្តិអំពើហិង្សា នៅពេលដែលគាត់គិតថា គាត់មិនបានរស់នៅដូចនឹងបុរសអង់អាច ដែលសង្គមចង់បាន។ ពួកគាត់ ក៏អាចបញ្ចេញកំហឹង និងអំពើហិង្សា នៅពេលដែលមានគេមើលងាយពីភាពជាបុរសរបស់គាត់។
ហេតុអ្វីបានជា យើងត្រូវរស់នៅក្នុងពិភពលោកបែបនេះ? ហេតុអ្វីបានជាយើងត្រូវរស់នៅក្នុងពិភពលោកមួយ ដែលមនុស្សប្រុស ត្រូវបានបង្ខំឲ្យមានអត្តចរិតបែបនេះ? ហេតុអ្វី បានជាយើងនៅតែដាក់សម្ពាធទៅលើអ្វី ដែលមិនមានអត្ថប្រយោជន៍ ហើយថែមទាំងមានផលប៉ះពាល់ដល់សង្គម និងផ្លូវចិត្តរបស់មនុស្សទៀត? ហេតុអ្វី បានជាមនុស្សប្រុសយំមិនបាន? នរណាៗ ក៏មានសេចក្ដីសោកសៅ នរណាៗ ក៏ត្រូវការជំនួយ។
តើយើងគួរធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហានេះ?
សម្រាប់មនុស្សប្រុសដែលធ្លាប់ទទួលរង «ផ្នត់គំនិតដែលគិតខុសលើភាពជាបុរស» ផ្ទាល់គេហទំព័រចិត្តសាស្រ្តភាគច្រើនណែនាំឱ្យ ពួកគេទទួលស្គាល់ថាវាជាបញ្ហា ហើយចាប់ផ្តើមនិយាយដោយបើកចំហពីបញ្ហានេះដោយស្មោះត្រង់។
ដំបូងគឺ ជាមួយសមាជិកគ្រួសារ និង មិត្តភ័ក្ដិរបស់ខ្លួន។ សម្រាប់អ្នកជុំវិញខ្លួនបុរសៗ ដែលទទួលរង «ផ្នត់គំនិតដែលគិតខុសលើភាពជាបុរស» ផ្ទាល់ ត្រូវតែសិក្សាស្វែងយល់ពីប្រយោគនេះឱ្យបានសុីជម្រៅ ហើយត្រូវទទួលស្គាល់ថា វាកើតមានពិតមែនក្នុងសង្គម ក៏ដូចជាក្នុងពិភពលោក។
ដូចនេះ នៅពេលមានបុរសៗមកនិយាយប្រាប់អ្នកពីរឿងនេះ អ្នកចាំបាច់ត្រូវស្តាប់ពួកគេដោយការយកចិត្តទុកដាក់ ការយោគយល់ និង ឆ្លើយតបដោយភាពទន់ភ្លន់៕