គន្លឹះខ្លះៗពីអ្នកជំនាញផ្នែកធនធានមនុស្សសម្រាប់បទពិសោធន៍សម្ភាសន៍ការងារ
ការសម្ភាសការងារ គឺជាបទពិសោធន៍ដ៏ភ័យខ្លាចមួយសម្រាប់មនុស្សជាច្រើន។ វាអាចនឹងមានភាពលំបាកមួយកម្រិតទៀតសម្រាប់និស្សិតដែលទើបនឹងបញ្ចប់ការសិក្សា។ ទោះបីជាយ៉ាងណាក៏ដោយ វាតែងតែមានរឿងជាច្រើនដែលពួកគេអាចរៀន និងរៀបចំដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសម្ភាសន៍ការងារបាន។
Focus បានស្នើឱ្យអ្នកស្រី តាទីយ៉ា ឆៃសាទីផង (Tatiya Chaisatephong) ដែលជាប្រធានផ្នែកជំនាញ និងការអភិវឌ្ឍនៅក្រុមហ៊ុន Smart Axiata ដើម្បីចែករំលែកនូវគន្លឹះមួយចំនួនក្នុងការសម្ភាសការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា។
សូមចែករំលែកនូវគន្លឹះ ៥សំខាន់ៗដើម្បីការរៀបចំខ្លួនសម្ភាសន៍ការងារ ជាពិសេសអ្នកដែលបានបញ្ចប់ការសិក្សាថ្មីៗ
សំណួរនេះនាំខ្ញុំត្រឡប់មកវិញកាលពីជាង ១០ឆ្នាំមុននៅពេលដែលខ្ញុំជាអ្នកដាក់ពាក្យសុំការងារជាលើកដំបូង។
ដំបូងបង្អស់ គឺត្រូវជៀសវាងការភ័យក្នុងពេលសម្ភាសន៍ការងារ ហើយការរៀបចំខ្លួនទុកជាមុនគឺជាគន្លឹះសំខាន់។ ការដែលអ្នកត្រៀមខ្លួនបានល្អប្រសើរព្រោះវាអាចជួយឱ្យអ្នកកាន់តែមានទំនុកចិត្តខ្ពស់។ សម្រាប់ខ្ញុំ ខ្ញុំឱ្យតម្លៃបេក្ខជនដែលមានចំណេះដឹងអំពីស្ថាប័នរបស់យើង និងតួនាទីដែលពួកគេកំពុងដាក់ពាក្យ ពីព្រោះកិច្ចពិភាក្សាសំខាន់ក្នុងពេលសម្ភាសន៍នឹងផ្ដោតសំខាន់លើប្រធានបទចំនួនពីរធំៗ គឺអ្វីដែលអ្នកយល់ដឹងអំពីស្ថាប័ន និងតួនាទីដែលអ្នកកំពុងស្នើសុំនេះតែម្តង ហើយវាបានបង្ហាញពីការរៀបចំខ្លួនទុកជាមុន និងទឹកចិត្តអ្នកចង់បានប៉ុនណា។ នៅពេលដែលអ្នកស្គាល់ប្រធានបទទាំងពីរនេះបានច្បាស់វានឹងផ្លាស់ប្ដូរបរិយាកាសនៃការសន្ទនារវាងអ្នក និងអ្នកសម្ភាសន៍ឱ្យកាន់តែល្អជាមុន។
គន្លឹះទីពីរ គឺត្រូវយកចិត្តទុកដាក់ក្នុងការស្តាប់ បន្ទាប់មកឆ្លើយតបនូវអ្វីដែលអ្នកយល់ឱ្យបានច្បាស់លាស់។ ការព្យាយាមស្តាប់សំណួរឱ្យបានជាក់លាក់ ហើយឆ្លើយតបនូវសំណួរដែលគេចង់ដឹង មិនមែនអ្វីដែលអ្នកបានត្រៀមទុកដើម្បីចង់ប្រាប់ពួកគេនោះទេ។
ចំណុចសំខាន់ទីបី គឺមានទំនាក់ទំនង ហើយវាជាអ្វីដែលខ្ញុំរកមើលបំផុតនោះគឺការប្រាស្រ័យទាក់ទងគ្នា។ អ្នកត្រូវមានលទ្ធភាពបង្ហាញគំនិតរបស់អ្នកតាមរបៀបតាមបែបសមហេតុផល ហើយគេអាចយល់ និងចាប់បាននូវអ្វីដែលអ្នកកំពុងនិយាយ ដោយពេលខ្លះអ្នកត្រូវដឹងថាពេលណាត្រូវផ្អាកនិយាយបន្តិចសិន ដើម្បីឱ្យអ្នកសម្ភាសន៍អាចមានពេលសួរសំណួរអ្នកបាន។
ព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញចិត្តស្រលាញ់ និងបង្ហាញថាអ្នកចង់បានការងារនោះប៉ុនណា ព្រោះវាបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបំពេញតួនាទីកម្រិតណា ប្រសិនបើអ្នកត្រូវបានជ្រើសរើស។
ចំណែកឯចំណុចចុងក្រោយប្រហែលជាមិនមែនជាអាទិភាពសម្រាប់អ្នកសម្ភាសន៍ផ្សេងទៀតក៏ពិតមែន ប៉ុន្តែខ្ញុំគិតថាវាមិនគួរមើលរំលងដូចគ្នាពីការរៀបចំខ្លួនក្នុងការស្លៀកពាក់សម្រាប់ការសម្ភាសន៍។ អ្នកគួរតែស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ ពីព្រោះការបង្ហាញចំណាប់អារម្មណ៍លើកដំបូងមានសារសំខាន់ណាស់។
ដើម្បីអានបទសម្ភាសន៍ទាំងស្រុងរវាង Focus ជាមួយអ្នកស្រី តាទីយ៉ា ឆៃសាទីផង (Tatiya Chaisatephong) អំពីថាតើក្រុមហ៊ុនជ្រើសរើសបុគ្គលិកផ្ដោតសំខាន់លើអ្វីខ្លះ សូមចុចត្រង់នេះ៕