ថ្មីៗនេះ មានពាក្យជាច្រើនលេចចេញមក ពេលយើងសន្ទនារាល់ថ្ងៃនេះ ជាពិសេសនៅលើអនឡាញ។ ថ្ងៃនេះ Focus នឹងយកពាក្យថា Advocacy មកពន្យល់។ ធ្លាប់ឆ្ងល់ទេថា តើអ្វីទៅជា Advocacy? ហេតុអ្វីយើងចាំបាច់ត្រូវតែស្គាល់ពីវា? តើធ្វើដូចម្ដេចយើងអាចក្លាយជាអ្នក advocate មួយរូបបាន ជាពិសេសនៅក្នុងសម័យឌីជីថលនេះ? ដើម្បីក្លាយជា advocate មួយរូបត្រូវមានជំនាញអ្វីខ្លះ? តើមាននរណាខ្លះដែលធ្វើការងារទាក់ទងទៅនឹងជំនាញមួយនេះ?
តើអ្វីទៅជា Advocacy?
តាមរយៈបណ្ដាអង្គការនានាដែលធ្វើការពាក់ព័ន្ធនឹង Advocacy បានបកប្រែពាក្យនេះជាភាសាខ្មែរថា «ការតស៊ូមតិ»។
តាមពិតទៅ ការតស៊ូមតិនេះ ចង់និយាយពីការហ៊ាននិយាយ ចេញមុខជាសាធារណៈ បង្ហាញពីការគាំទ្រ នរណាម្នាក់ ក្រុមមនុស្សណាមួយ គំនិតណាមួយ តម្លៃណាមួយ ជំនឿណាមួយ។ មួយវិញទៀត វាអាចជាការតំណាង ចេញមុខការពារ គាំទ្រក្រុមមនុស្សណាដែលមិនអាចបញ្ចេញការពារមតិរបស់ខ្លួនបាន ឧទាហរណ៍ដូចជា កុមារ ស្រ្ដី ជនជាតិដើមភាគតិច ឬជនពិការជាដើម ដើម្បីឱ្យពួកគេទទួលបានផលប្រយោជន៍ និងទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ។
ហើយបើតាម សៀវភៅណែនាំអំពីយុទ្ធនាការតស៊ូមតិ ដើម្បីពង្រីកបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា បានកំណត់និយមន័យរបស់ពាក្យតស៊ូមតិថា «គឺជាការរៀបចំនូវសកម្មភាពជាបន្ដបន្ទាប់ដើម្បីបញ្ចុះបញ្ចូល និងធ្វើឱ្យមានឥទ្ធិពលដល់បុគ្គលទាំងឡាយដែលមានតួនាទីសំខាន់នៅក្នុងជួររដ្ឋាភិបាល នយោបាយ ឬអ្នកមានឥទ្ធិពលខាងសេដ្ឋកិច្ច ដើម្បីឱ្យពួកគេអនុវត្តតាមគោលនយោបាយជាសាធារណៈ ក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលគ្មានអំណាចផ្នែកនយោបាយ និងមានធនធានសេដ្ឋកិច្ចតិចតួច។»
ហេតុអ្វីយើងចាំបាច់ត្រូវតែយល់ដឹងពីវា?
តើអ្នកធ្លាប់ជួបរឿងរ៉ាវណាដែលអ្នកមិនពេញចិត្តទេ? តើពេលជួបនឹងរឿងមិនសមស្រប តើអ្នកធ្វើអ្វី?
ការនិយាយពីមូលហេតុដែលយើងមិនពេញចិត្តនឹងអ្វីមួយ គឺជាសិទ្ធិរបស់យើងគ្រប់គ្នាក្នុងការបញ្ចេញមតិ មិនត្រឹមតែយើងអាចនិយាយពីអ្វីដែលខ្លួនឯងចង់បានទេ។ ជាមួយការប្រើប្រាស់ជំនាញតស៊ូមតិ អ្នកអាចឈរការពារ គាំទ្រក្រុមណាមួយ ឬគំនិតណាមួយ ដែលអ្នកយល់ថាពួកគេជួបជាមួយរឿងមិនសមស្រប។
ប្រភេទនៃការតស៊ូមតិ
តាមរយៈអត្ថបទមួយរបស់ SUSHANT UNIVERSITY បានបែងចែកពីប្រភេទនៃការតស៊ូមតិជា ៤ គឺ Self-Advocacy, Peer Advocacy, Systematic Advocacy, Legal Advocacy។
Self-advocacy គឺជាការតស៊ូមតិដោយខ្លួនឯង ហើយតំណាងខ្លួនឯងតែម្ដង ដោយនិយាយពីតម្រូវការ ឬគោលគំនិតដែលសំខាន់របស់ខ្លួន។
Peer Advocacy គឺជាតស៊ូមតិក្នុងនាមជាអ្នកតំណាង ដោយការបញ្ចេញសកម្មភាពការពារ និងគាំទ្រសិទ្ធិ និងផលប្រយោជន៍របស់នរណាមួយក្រៅពីខ្លួនឯង។
Systems Advocacy គឺជាការតស៊ូមតិ ដែលមានឥទ្ធិពលដល់ប្រព័ន្ធសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយផ្ដល់ជាការផ្លាស់ប្ដូរដល់ផ្នែកណាមួយនៃប្រជាពលរដ្ឋ។
Legal Advocacy គឺជាការតស៊ូមតិបែបផ្លូវច្បាប់សកម្មភាពទាក់ទងនឹងការជួលសេវកម្មច្បាប់ ដោយរួមជាមួយការប្រើប្រាស់វិធានការស្របតាមនីត្យានុកូល ឬរដ្ឋបាលផ្សេងៗ ដើម្បីកសាង ឬការពារសិទ្ធិស្របតាមច្បាប់។
យុវជន និងស្វ័យតស៊ូមតិ
យើងដឹងហើយថា ការតស៊ូមតិអាចឱ្យយើងនិយាយ និងបញ្ចេញសកម្មភាព ដើម្បីទទួលបានការទទួលស្គាល់ពីអ្វីដែលយើងមិនពេញចិត្ត។ លើសពីនេះទៅទៀត ការហ៊ានបញ្ចេញសំឡេង របស់ខ្លួនឱ្យអ្នកដទៃឮ និងយល់ គឺអនុញ្ញាតឱ្យយើងបង្កើនទំនុកចិត្ត និងពង្រឹងអារម្មណ៍លើកសរសើរខ្លួនឯង (self-esteem) និងមានលទ្ធភាពចេះវិនិច្ឆ័យពីហេតុ និងផល ព្រមទាំងការរកដំណោះស្រាយបញ្ហាផងដែរ៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី៣ របស់យើងគឺដែលនិយាយអំពី៖ «ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖🔗Youtube៖ https://bit.ly/3r2m9RK🔗Spotify៖ https://spoti.fi/3NVegr4🔗Apple Podcasts៖ https://apple.co/3NNXOIT🔗Google Podcast៖ https://bit.ly/3jOEVb8🔗Hubhopper៖ https://bit.ly/3Jf9Nvz