ដើម្បីទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួន ក្នុងការសម្រេចការងារឬដោះស្រាយបញ្ហាអ្វីមួយ វាមិនមែនជារឿងងាយស្រួលនោះទេ ហើយជាពិសេសនៅពេលដែលវាជាបញ្ហារួម ហើយអាចប៉ះទង្គិចដល់ផលប្រយោជន៍របស់បុគ្គល ឬក្រុមណាមួយ។
រូបភាពទាំងនេះ យើងអាចមើលឃើញតាមរយៈតថភាពនៃសង្គមនាពេលបច្ចុប្បន្នដូចជា បញ្ហានៅក្នុងសហគមន៍ បញ្ហាសង្គម កន្លែងការងារ។មនុស្សមួយចំនួនអាចលួចមិនពេញចិត្តនៃច្បាប់ទម្លាប់ ឬមើលឃើញពីបញ្ហាអ្វីមួយ ដែលកំពុងកើតមានឡើងនៅក្នុងកន្លែងការងារ ឬសហគមន៍របស់ខ្លួន ប៉ុន្តែបែរជាជ្រើសរើសមិននិយាយពីបញ្ហា ឬស្វែងរកដំណោះស្រាយទៅវិញ។
ការណ៍នេះ ក៏ជាកញ្ចាក់ឆ្លុះបញ្ចាំង ដែលពាក្យចាស់ខ្មែរ បានពោលថា «គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ» នេះដែរ។ ហើយបើយើងក្រឡេកទៅមើលទ្រឹស្តី ចិត្តវិទ្យាសង្គម ដូចជាទ្រឹស្តី (pluralistic ignorance) បានរកឃើញថា នៅពេលដែលមានបញ្ហារួមត្រូវដោះស្រាយ ឬជួបប្រទះបញ្ហាអ្វីមួយកើតឡើងចំពោះមុខ។ កាលណាមនុស្សមានចំនួនច្រើន គំនិតប្រចាំគ្នាកាន់តែកើតមានច្រើនឡើង ហើយគិតថាកាត្វកិច្ច របស់ខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហាកាន់តែថយចុះ។
ទម្លាប់នេះ អាចធ្វើអោយអ្នកមិនចង់អើពើ និងខ្វាយខ្វល់ពីអ្វីក្រៅពីខ្លួនឯងឡើយ ព្រោះអ្នកយល់ថាប្រហែលជាអ្នកដទៃមិនមានគំនិតដូចខ្លួន ហើយអ្នកត្រូវរៀនរស់នៅ ឬសម្របខ្លួនជាមួយនឹងបញ្ហាទាំងនោះ។
ការចូលរួមរបស់បុគ្គលម្នាក់ៗ ក្នុងការចូលរួមដោះស្រាយបញ្ហា ពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយវាតែងតែចាប់ផ្តើមពីបុគ្គលណាម្នាក់ ដែលហ៊ានចេញមុខតំណាងដោះស្រាយ និងកៀរកងសម្លេងក្នុងការដោះស្រាយបញ្ហា។ ហេតុនេះ ប្រសិនបើអ្នកមើលឃើញនូវបញ្ហា ហើយចង់ដើម្បីប្រមូលការគាំទ្រ និងសម្លេងដើម្បីដោះស្រាយបញ្ហានោះ អ្នកអាចស្វែងយល់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
អ្នកជានរណា?
ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់របស់អ្នកដ៏ទៃមកលើអ្នក ការស្គាល់ច្បាស់ពីសមត្ថភាព និងគោលបំណងរបស់ខ្លួនឯងឱ្យបានច្បាស់ជារឿងសំខាន់។ តើហេតុអ្វីបានជាអ្នកដទៃ ដើរតាម ជឿជាក់ និងចូលរួមការងារជាមួយអ្នក? ការបង្ហាញពីសមត្ថភាព និងការប្តេជ្ញាចិត្តរបស់អ្នក ជាចំណុចចាប់ផ្តើមបង្អស់ ដែលអ្នកគួរតែមាន ដើម្បីអោយអ្នកដ៏ទៃចូលរួមជាមួយអ្នក។ ម្យ៉ាងទៀត នៅពេលដែលអ្នកស្គាល់ពីខ្លួនឯងបានច្បាស់ អ្នកមិនត្រឹមតែអាច ពង្រឹងសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាមួយបង្ហាញទៅអ្នកជុំវិញខ្លួនរបស់អ្នក ថាអ្នកជាមនុស្សដែលស្មោះត្រង់ ហ៊ានបើកចំហសម្រាប់ការរិះគន់ ដើម្បីសម្រេចគោលដៅរួមទាំងអស់គ្នាបាន។
គោលបំណងច្បាស់លាស់
ការកំណត់គោលបំណងច្បាស់លាស់ ជាត្រីវិស័យសំខាន់ដើម្បីដើរឱ្យដល់គោលដៅ។ គោលបំណង ដែលអាចសម្រេចទៅបាន និងត្រឹមត្រូវ គួរតែជាគោលដៅរួមមួយ ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់អ្នកចូលរួមទាំងអស់ វាមិនមែនជាជោគជ័យសម្រាប់បុគ្គលណាម្នាក់នោះទេ។ ប្រសិនបើ អ្នកអាចស្វែងរកនូវគោលដៅរួមមួយ ដែលមនុស្សជុំវិញខ្លួន មើលឃើញថា វាអាចផ្តល់ជាប្រយោជន៍ដល់ពួកគេដែរ វាចំណុចសំខាន់ក្នុងការទាក់ទាញពួកគេ ចូលរួមជាកម្លាំង ពីព្រោះគ្មានបុគ្គលណាម្នាក់ចង់ចូលរួមចំណាយពេលវេលា ទឹកចិត្ត ធនធានផ្សេងៗ និង លះបង់ផលប្រយោជន៍របស់ខ្លួនដើម្បីប្រយោជន៍របស់អ្នកដទៃនោះទេ។
ប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវ
កំហុសមួយ ដែលមនុស្សចំនួនធំតែងតែធ្វើ នៅពេលចង់បានការគាំទ្រ គឺការប្រើវិធីសាស្ត្រខុស។ ការបញ្ចុះបញ្ចូល ជាវិធីសាស្ត្រមួយ ដែលអ្នកអាចយកមកប្រើប្រាស់ដើម្បីទទួលបានការគាំទ្រ ហើយវាខុសគ្នាពីការលួងលោម។ ការបញ្ចុះបញ្ចូល ជាដំណើរការចែករំលែកនូវការពិតដល់អ្នកដទៃ ជាមួយអំណះអំណាងសំខាន់ៗ ដើម្បីទទួលបានការគាំទ្រ ឬធ្វើផ្លាស់ប្តូរអាកប្បកិរិយា របស់មនុស្សណាម្នាក់។ ខុសពីការល្បួងលួងលោម ដែលអ្នកមានចេតនាមិនផ្តល់នូវព័ត៌មានគ្រប់គ្រាន់ ដែលអាចធ្វើអោយអ្នកស្តាប់មានការយល់ខុស ភ័ន្តច្រឡំ ទន់ចិត្ត ហើយយល់ព្រមចូលរួមជាមួយអ្នក។ ហេតុនេះ អ្នកគួរមានភាពវ័យឆ្លាត ហើយអ្នកគួរជៀសវាងទង្វើណា ដែលធ្វើអោយជននោះមានអារម្មណ៍ថា អ្នកកំពុងតែបញ្ចុលមនោគម និងល្បួងលួងលោម ព្រោះពួកគេអាចនឹងបាត់បង់ចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយអ្នក។
ស្គាល់ពីបញ្ហារបស់អ្នកជុំវិញខ្លួនអ្នក
ទោះបីជាអ្នកមានគំនិតល្អ និងផែនការសម្រាប់ការផ្លាស់ប្តូរល្អអស្ចារ្យកម្រិតណា ប្រសិនបើអ្នកមិនអាចយកឈ្នះភាពភ័យខ្លាចរបស់អ្នកជុំវិញខ្លួន អ្នកមិនអាចសម្រេចផែនការបាននោះទេ។ ហេតុនេះ ដើម្បីសម្រេចកិច្ចការទាំំងនេះបាន ការស្គាល់ច្បាស់ពីបញ្ហា និងគំនិតរបស់អ្នកជុំវិញខ្លួនជាចំណុចសំខាន់មិនគួរមើលរំលង។ការចូលរួមគាំទ្ររបស់អ្នកដទៃ ជាកម្លាំងចលករសំខាន់ ដើម្បីសម្រេចផែនការដោះស្រាយបញ្ហារួម។
ហេតុនេះ អ្នកគួរឈ្លាសវៃក្នុងស្វែងយល់ពីភាពភ័យខ្លាច បញ្ហាប្រឈម ឬមូលហេតុចម្បងៗដែលរារាំងការចូលរួមរបស់ពួកគេ ហើយអាចផ្តល់ជាដំណោះស្រាយ និង ការលើកចិត្តទឹកត្រូវមួយ ដែលអាចជម្រុញភាពក្លាហានក្នុងការពុះពារដើម្បីទទួលយកការផ្លាស់ប្តូរ និងចូលរួមជាកម្លាំងជាមួយអ្នក។
បើសិនពួកគេមានគំនិតឬការយល់ឃើញខុសពីគ្នា អំពីបញ្ហាដែលអ្នកចង់ដោះស្រាយនោះ អ្នកមិនគួរចំណាយពេលវេលារបស់អ្នក ឬបុគ្គលនោះទេ ពីព្រោះវាអាចបង្កអោយមានបញ្ហាជាច្រើន នៅពេលខាងមុខ៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី៥ របស់យើងគឺដែលនិយាយអំពី៖ «ចង្កឹះមួយបាច់ទើបគេកាច់មិនបាក់»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz