“តាំងពីយូរមកហើយ គ្រួសារខ្ញុំ មិត្តភ័ក្ដិខ្ញុំ អ្នកស្គាល់ខ្ញុំគិតថា អ្នករៀនទេសចរណ៍ ពេលរៀនចប់ទៅ រត់ម៉ូតូ ឬបើកតុកតុក ដុបបារាំង ហើយធ្វើជាអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ ។ តាមពិតទៅ សម្រាប់វិស័យនេះ គឺទូលំទូលាយណាស់ អាចជារូបភាពផ្សេងៗ ទាំងការបង្កើតគេហទំព័រ ការចែករំលែកព័ត៌មាន និងការធ្វើអាជីវកម្មជាដើម។”
ស្ថិតក្នុងវ័យ ២៨ ឆ្នាំ លោក ហង្ស បញ្ញាការ ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប និងជាស្ថាបនិកទំព័រហ្វេសប៊ុក Visit Kampot ផ្សព្វផ្សាយព័ត៌មានពីទិសដៅទេសចរណ៍នៅខេត្តកំពត ។
Visit Kampot បានទទួលការគ្រាំទ្រយ៉ាងខ្លាំងពីអ្នកលេងលើបណ្ដាញសង្គម ព្រោះទំព័រហ្វេសប៊ុកបានចាប់យកនូវទស្សនីយភាពស្រស់ស្អាត ប្លែកៗ ថ្មីៗ របស់ខេត្តកំពត មកបង្ហាញតាមរយៈជាវីដេអូ ក៏ដូចជាអត្ថបទចែករំលែក អំពីសក្ដានុពលទេសចរណ៍របស់ខេត្តមួយនេះ។ ទំព័រហ្វេសប៊ុក Visit Kampot មានអ្នកគាំទ្រជាង ៥ មុឺននាក់ ហើយនរណាៗក៏ស្គាល់ Visit Kampotដែរ។
ជាអ្នកខេត្តកំពតស្រាប់ ពេលបញ្ញាការ នៅរៀនថ្នាក់វិទ្យាល័យ ខ្លួននិងមិត្តភ័ក្ដិចូលចិត្តដើរច្រើន ទៅលេងភ្នំ ហើយក៏គិតឃើញថា កំពតមានកន្លែងដើរលេងច្រើន មានគ្រប់សព្វ ទាំងភ្នំ សមុទ្រ និងព្រែក។ ពេលនោះ បញ្ញាការនឹកភ្នកថា៖ “ហេតុអ្វី មិនសូវមានមនុស្សមកលេង ហើយទៅលេងតែសៀមរាប?” ចាប់តាំងពីពេលនោះមកម្ល៉េះ លោកក៏តែងតែមានកូនចិត្ត ចង់ធ្វើអ្វីមួយទាក់ទងលើវិស័យទេសចរណ៍ សម្រាប់ខេត្តរបស់ខ្លួន។
ក្រោយចប់វិទ្យាល័យ លោក បញ្ញាការ បានបន្តគោលបំណងរបស់ខ្លួន ដោយចូលរៀននៅផ្នែកទេសចរណ៍ នៅក្នុងមហាវិទ្យាល័យក្នុងខេត្តកំពតផ្ទាល់។ ជំនួសឱ្យការស្វែងរកការងារធ្វើនៅរាជធានី ក្រោយរៀនចប់ លោក បញ្ញាការ សម្រេចចិត្តរកការងារធ្វើក្នុងខេត្តរបស់ខ្លួន។ ស្របពេលនោះដែរ ខ្លួនក៏បាន បង្កើតទំព័រទេសចរណ៍ Visit Kampot នៅឆ្នាំ២០១៨។
លោកបានបញ្ជាក់ថា៖ “ខ្ញុំបង្កើត page Visit Kampot ឡើងក្នុងគោលបំណង ខ្ញុំចង់ ៣ ធំៗ ។”
“ខ្ញុំចង់រួមបញ្ចូលចំណេះដឹងលើវិស័យទេសចរណ៍ ទៅឱ្យយុវជនជំនាន់ក្រោយ បានយល់ច្បាស់ពីវិស័យនេះ ពីព្រោះថា ខេត្តកំពតមានសក្ដានុពលខ្លាំងពីមុន ប៉ុន្តែមិនសូវសម្បូរធនធានមនុស្សលើផ្នែកទេសចរណ៍។”
“ខ្ញុំចង់ផ្សព្វផ្សាយពីទេសចរណ៍របស់ខេត្តកំពត ទៅឱ្យពិភពលោកបានស្គាល់ ពីព្រោះ វិស័យទេសចរណ៍ជាមាសបៃតង ដែលអាចបង្កើតការងារជាច្រើនដល់ប្រជាជននៅក្នុងតំបន់។”
“ខ្ញុំចង់ធ្វើអ្វីមួយដែលបង្កើតឡើងដោយកូនខ្មែរ ហើយជាពិសេសអ្នកដែលរស់នៅតំបន់នោះតែម្តង។”
ទស្សនាភាគទីបួននៃកម្មវិធីទស្សនាចរណ៍អាជីព ៖ ហង្ស បញ្ញាការ– ស្ថាបនិករបស់គេហទំព័រហ្វេសប៊ុក Visit Kampot
នាពេលបច្ចុប្បន្ន ក្រុមការងាររបស់ទំព័រហ្វេសប៊ុក Visit Kampot មានសមាជិករហូតទៅដល់ជាង ២០នាក់ ហើយពួកគេត្រូវបានបែងចែកការងារតាមផ្នែក រួមមានក្រុមថតរូប ក្រុមថតវីដេអូ ក្រុមរកមាតិកាថ្មីៗ និង ក្រុមបច្ចេកទេសលើគេហទំព័រ។ សមាជិកទាំងអស់ សុទ្ធសឹងជាយុវជនស្ម័គ្រចិត្ត ទាំងអ្នកកំពុងធ្វើការ ទាំងសិស្សវិទ្យាល័យ ថ្នាក់ទី ១០ ឬ១១ ។
ការចូលរួមរបស់យុវជនទាំងនេះ បង្ហាញពីការសម្រេចបានតាមគោលដៅមួយរបស់បញ្ញាការ នៃការបង្កើតគេហទំព័រទេសចរណ៍នេះឡើង។
បញ្ញាការ បានឱ្យដឹងថា បញ្ហាប្រឈមខ្លាំងនៃការដំណើរការទំព័រហ្វេសប៊ុកនាពេលបច្ចុប្បន្ន គឺការមិនទាន់មានទីកន្លែងសម្រាប់ធ្វើការច្បាស់លាស់។ កន្លែងធ្វើការរបស់ពួកគេ មាននៅគ្រប់កន្លែងទាំងអស់ ទាំងហាងកាហ្វេ ឬ កន្លែងជួបជុំផ្សេងៗ តាមដែលអាចរកបាន។ ឆ្លើយតបនឹងការប្រឈមនេះ ក្រុមការងារ Visit Kampot ត្រូវបែងចែករបៀបធ្វើការ ដោយការជួបជុំគ្នាតាមផ្នែកនីមួយៗ ជំនួសឱ្យការរកកន្លែងដែលអាចជុំគ្នាធំ។

លោកបាននិយាយថា៖ “នេះមិនមែនជាភាពងាយស្រួលនោះទេ ក្នុងការបង្កើតក្រុមបានដូចសព្វថ្ងៃ និងបន្តដំណើរការទៅមុខ ព្រោះថាការងារទាំងនេះជាការងារប្រើបេះដូងផ្ទាល់ ទាល់តែអ្នកដែលគាត់ស្រឡាញ់ និងចូលចិត្ត ទើបអាចចូលរួមជាមួយបាន។ យើងមិនទទួលបានប្រាក់ចំណូលអ្វីទាំងអស់ ពេលយើងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកំពត។”
ទន្ទឹមនឹងការស្រឡាញ់ចូលចិត្តទៅនឹងការងារទេសចរណ៍នេះ ការដឹកនាំក្រុមពិតជាសំខាន់ ដើម្បីសម្រេចបានគោលដៅ។ លោកបញ្ញាការបានឱ្យដឹងថា លោកព្យាយាមដាក់ការងារតាមជំនាញ ចំណង់ចំណូលចិត្ត និងការចាប់អារម្មណ៍របស់សមាជិកនីមួយៗ។
ទោះបីជាមានការភ័ន្តច្រឡំមួយចំនួន ដែលថាក្រុមការងាររបស់គេហទំព័រ Visit Kampot ជាជាងថតរូបនៅកំពតក៏ដោយ ក៏ពួកគេរីករាយបន្តធ្វើការងារដែលខ្លួនស្រឡាញ់ ។
ស្ថាបនិកវ័យក្មេងមួយនេះ បានផ្ដែផ្ដាំទៅកាន់យុវជន ដែលមានគំនិតចង់ចាប់ផ្តើមបង្កើតមាតិកាទេសចរណ៍ អំពីស្រុកកំណើតរបស់ខ្លួនថា ពួកគេគួរចាប់ផ្ដើមដោយស្វែងយល់ខ្លួនឯងឱ្យច្បាស់ ព្រមទាំងសក្ដានុពលទេសចរណ៍ក្នុងតំបន់របស់ខ្លួន ហើយជាពិសេស ចំណាយពេលវេលាមើលពីគេហទំព័រទេសចរណ៍ផ្សេងៗ ទាំងក្នុងនិងក្រៅស្រុក ។
លោកនិយាយថា៖ “គួរចាប់ផ្តើមពីតូចទៅធំ មានន័យថា ពីក្រុមការងារតិច ទៅច្រើន ដូច្នេះពួកគាត់អាចរៀនពីមួយដំណាក់កាល ទៅមួយដំណាក់កាល។”

“កាលណាវិស័យទេសចរណ៍យើងដើរ ប្រជាជនយើងនឹងសម្បូរការងារធ្វើ ហើយអាចប្រកបអាជីពនៅក្នុងតំបន់ដែលគាត់រស់នៅ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅណាឆ្ងាយទេ។”
មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះក៏មានជុំរុញឱ្យយុវជន ដាក់គោលដៅ និងក្តីស្រមៃសម្រាប់ខ្លួនឯង ហើយព្យាយាមចំណាយពេលវេលាជាមួយនឹងសង្គម ដើម្បីទទួលយកចំណេះដឹង និងបទពិសោធន៍ផ្សេងៗពីសង្គម ព្រោះសម្រាប់បញ្ញាការ ខ្លួនគិត ថា កាលណាមនុស្សមានក្ដីស្រមៃខ្ពស់ នោះពួកគេនឹងអាចស្វែងរកវិធីដើម្បីសម្រេចគោលដៅទាំងនេះ៕