ទោះបីអ្នកខ្លាច ហើយមិនមានទំនុកចិត្តក្នុងការនិយាយជាសាធារណៈក៏ដោយ។ ប៉ុន្តែ អ្នកអាចរៀនពីវាបាន។ ព្រោះជំនាញមួយនេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក។

សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អ មានសារៈសំខាន់ណាស់សម្រាប់អាជីព និងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សគ្រប់គ្នាតែងតែមានគំនិតផ្សេងៗ ទៅលើប្រធានបទអ្វីមួយ។ ប៉ុន្តែមិនមែនមនុស្សគ្រប់រូប មានភាពក្លាហានក្នុងការនិយាយទៅកាន់អ្នកផ្សេង ឱ្យយល់ពីគំនិតរបស់ខ្លួននោះទេ។ ដូច្នេះការនិយាយជាសាធារណៈ គឺជាវិធីមួយ ដែលអនុញ្ញាតឱ្យពួកគាត់ ចែករំលែកគំនិតល្អៗទាំងនោះទៅអ្នកដទៃ។
ការនិយាយក្នុងចំណោម ឬ និយាយជាសាធារណៈ អាចសំដៅលើការធ្វើបទបង្ហាញអត្ថាធិប្បាយ ទៅក្រុមមនុស្សច្រើននាក់ អំពីប្រធានបទអ្វីមួយនៅក្នុងថ្នាក់រៀន ក្នុងកន្លែងការងារ និង សិក្ខាសិលាផ្សេងៗ ឬ ការនិយាយពីគំនិតពាណិជ្ជកម្ម (Pitch)ជាដើម។
ពេលតំណាលដល់ជំនាញទន់ សមត្ថភាពនៃការប្រាស្រ័យទាក់ទងនិង ការចេះនិយាយជាសាធារណៈល្អ តែងតែស្ថិតនៅក្នុងចំណោមជំនាញមួយដែលត្រូវការបំផុត។ ជំនាញនេះ ត្រូវបានចាត់ទុកថាជា ជំនាញសម្រាប់សតវត្សទី២១ ឬយុគសម័យថ្មីនេះ។ ដូចនេះ យុវជនគ្រប់រូបចាំបាច់ត្រូវមានជំនាញនេះជាប់ខ្លួន ដើម្បីត្រៀមខ្លួនឈានចូលប្រឡូកក្នុងទីផ្សារការងារ ដែលពោរទៅដោយការប្រកួតប្រជែង បានដោយជោគជ័យ។
ក្រៅពីនេះ យុវជនដែលមានជំនាញនេះ ភាគច្រើនតែងតែមានការសហការល្អក្នុងក្រុម ទាំងក្រុមសិក្សា និងការងារ។ ដូចនេះ យុវជនណាដែលមានបទពិសោធន៍ទាក់ទងនឹងការនិយាយជាសាធារណៈ នឹងធ្វើឱ្យពួកគេមានប្រៀប ជាងយុវជនដទៃនៅពេលស្វែងរកការងារ និងឱកាសទៅសិក្សាក្រៅប្រទេសផ្សេងៗ ព្រោះជំនាញនេះជាគុណសម្បត្តិមួយដែលផ្នែកធនធានមនុស្សនៃកន្លែងការងារនានា សម្លឹងរកមើលពេលស្វែងរកបុគ្គលិក ដើម្បីបម្រើការងារក្នុងស្ថាប័នខ្លួន។
ក៏ប៉ុន្តែជំនាញមួយនេះ ក៏ជាអ្វីដែលរារាំងមនុស្ស ជាពិសេសយុវជន ពីការសម្រេចបាននូវសក្ដានុពលពេញលេញរបស់ខ្លួនផងដែរ។ ដោយភាគច្រើនពួកគេ យុវជនតែងតែមានភាពភ័យខ្លាច និងមិនទាន់មានទំនុកចិត្ត ក្នុងការនិយាយជាសាធារណៈ មិនថាជាការធ្វើបទបង្ហាញខ្នាតធំ ឡើងថ្លែងសុន្ទរកថាលើឆាក ឬការនិយាយធម្មតាៗទៅកាន់ក្រុមមនុស្សតូចៗនោះទេ។
ការដែលមានភាពភ័យខ្លាចក្នុងការនិយាយក្នុងទម្រង់នេះ គឺជារឿងធម្មតាមួយ។ ការស្រាវជ្រាវ បានរកឃើញថា ២៥ភាគរយនៃមនុស្សមានបទពិសោធន៍ជួបប្រទះការភ័យខ្លាចបែបនេះ។
ជាទូទៅ មនុស្សដែលមានភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ ភាគច្រើនកើតចេញពី ការខ្លាចខ្មាសគេ ការត្រូវបានគេវាយតម្លៃ និង ការបដិសេធ។ ហើយអ្នកស្រាវជ្រាវមួយចំនួន ជឿជាក់ថា ការភ័យខ្លាចនេះ កើតមានឡើង ព្រោះបុគ្គលដែលត្រូវឡើងនិយាយនោះ ភាគច្រើនរំពឹងលទ្ធផលអវិជ្ជមានទុកមុនការនិយាយជាក់ស្តែង។
ទោះជាយ៉ាងណាក៏ដោយ ជំនាញនេះជាជំនាញមួយដែលអាចដុះខាត់ និងកែតម្រូវឱ្យល្អប្រសើរជាងមុនបាន។ ហើយចំណុចចាប់ផ្ដើមដ៏ល្អបំផុត នោះគឺសាមីខ្លួន ត្រូវស្វែងយល់ពីឫសគល់នៃភាពភ័យខ្លាចរបស់ខ្លួនជាមុនសិន ពីព្រោះ ឫសគល់នៃភាពភ័យខ្លាចរបស់បុគ្គលម្នាក់ៗមានភាពខុសៗគ្នា។ ដូចនេះ មានតែអ្នកទេ ដែលអាចរកឃើញឫសនោះភាពភ័យខ្លាចរបស់អ្នក៕
អត្ថបទដោយ៖ បូរិន សុភាវុទ្ធី
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី២ របស់យើងគឺដែលនិយាយអំពី៖ «គ្រាន់តែនិយាយ ម៉េចបានខ្លាច?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz