ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ សម្រាប់សុខភាព មនុស្សម្នាក់ៗ។ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើន ដែលគេមិនទាន់អាចបកស្រាយបាន នៅពីក្រោយមូលហេតុ នៃការគេង។
មនុស្សចំណាយពេល មួយភាគបីនៃជីវិតរបស់ខ្លួន ទៅលើការគេង។ ប៉ុន្តែនៅមានចំណុចជាច្រើន ដែលយើងមិនដឹងពីមូលហេតុនៃការគេង ដូចជា តើយើងអាចដឹងថារាងកាយរបស់យើងត្រូវការសម្រាក ដោយរបៀបណា? តើយើងដឹងពីអារម្មណ៍ដែលត្រូវការសម្រាកនោះ នៅពេលណា?
ដើម្បីស្វែងរកចម្លើយសម្រាប់បាតុភូតទាំងនេះ គេបានធ្វើការសិក្សាទៅលើដំណើរការនៃដំណេករបស់ សត្វត្រីមួយប្រភេទ ដែលមានស្រកាដូចសត្វសេះបង្កង់ ហើយមានប្រព័ន្ធខួរក្បាលស្រដៀងទៅនឹងមនុស្ស។
ការសិក្សានេះត្រូវបានដឹកនាំដោយសាស្រ្តាចារ្យ Lior Appelbaum នៃមហាវិទ្យាល័យវិទ្យាសាស្ត្រជីវិត រួមជាមួយនឹងវេជ្ជបណ្ឌិត David Zada ដែលមកពីសាកលវិទ្យាល័យ Israel’s Bar-Ilan។ ការសិក្សានេះត្រូវបានចេញផ្សាយលើព្រឹត្តិប័ត្រវិទ្យាសាស្ត្រ Journal Molecular Cell។
ហេតុអ្វីបានជាយើងងងុយគេង?
អ្នកស្រាវជ្រាវបានចំណាយពេលជាយូរណាស់មកហើយ ដើម្បីសិក្សាទៅលើប្រធានបទទាំងអស់នេះ។ ប៉ុន្តែមកទល់ពេលនេះ អ្វីដែលគេរកឃើញនោះមានកត្តាពីរធំៗដែលជំរុញឱ្យមនុស្សងងុយគេង។ ទីមួយគឺ Circadian Rhythm ឬ Internal Body Clock គឺជាវដ្តធម្មជាតិនៃការផ្លាស់ប្តូរនៅក្នុងរាងកាយ ផ្លូវចិត្ត និងអាកប្បកិរិយា បន្ទាប់ពីរាងកាយបានឆ្លងកាត់ក្នុងវដ្ត ២៤ម៉ោងរួចមក។ ចង្វាក់ Circadian ជាអ្នកកំណត់ថាពេលណាដែលយើងត្រូវគេង ត្រូវញ៉ាំ និងសកម្មភាពផ្សេងៗ ដោយវាត្រូវបានធ្វើឡើងតាមរយៈឥទ្ធិពលនៃពន្លឺថ្ងៃ និងភាពងងឹត ។
កត្តាទីពីរគឺ សម្ពាធថេរលំនឹងនៃការគេង (homeostatic sleep pressure) ឬភាសាសាមញ្ញគឺជាភាពនឿយហត់ ដែលមាននៅក្នុងរាងកាយ ដោយសម្ពាធនេះ កើនឡើងដោយឯកឯង នៅពេលដែលយើងភ្ញាក់ដឹងខ្លួន ហើយវានឹងធ្លាក់ចុះទៅវិញនៅ ពេលណាដែលយើងបានគេង លក់ស្កប់ស្កល់។
ហេតុនេះ Circadian Rhythm ឬ Internal Body Clock ជាអ្នកកំណត់ថា ពេលណាដែលមនុស្សយើងត្រូវការគេង ឬភ្ញាក់។ ចំណែកឯ សម្ពាធថេរលំនឹងនៃការគេង (homeostatic sleep pressure) ជាអ្នកជំរុញឱ្យអ្នកងងុយដេក។
តើអ្វីដែលធ្វើឱ្យសម្ពាធថេរលំនឹងនៃការគេងនេះ កើតមានឡើង?
ដើម្បីស្រាយចម្ងល់នេះ អ្នកវិទ្យាសាស្ត្របានងាកទៅមើលការខូចខាតនៃDNAនៅក្នុងខ្លួនរបស់មនុស្ស។ ជាមធ្យមរាប់ម៉ឺនDNAក្នុងខ្លួនមនុស្ស ត្រូវបានខូចខាតឬបំផ្លាញក្នុងមួយថ្ងៃ ដោយសារពន្លឺកាំរស្មីUV សកម្មភាពសរសៃប្រសាទ សារធាតុវិទ្យុសកម្ម ភាពតានតឹង ឬស្ត្រេស និងភាពមិនប្រក្រតី នៃអង់ស៊ីមជាដើម។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ DNAមួយចំនួន ដូចជានៅក្នុងកោសិកាស្បែក អាចជួសជុលការខូចខាត ដោយខ្លួនឯងបាន។ ប៉ុន្តែDNAដែលខូចខាត នៅក្នុងប្រព័ន្ធណឺរ៉ូននៅក្នុងខួរក្បាលមិនអាចជួសជុលខ្លួនឯងបានទេ។ ហើយមានតែការគេងប៉ុណ្ណោះ ដែលអាចប៉ះប៉ូវនូវការខូចខាតទាំងនោះបាន។
យោងតាមសម្មតិកម្មនេះ សាស្ត្រាចារ្យ Lior Appelbaum បានសន្និដ្ឋានថា ការខូចខាតនៃDNA នៅក្នុងប្រព័ន្ធណឺរ៉ូននេះហើយ ដែលជាចលករសំខាន់ជំរុញឱ្យសម្ពាធថេរលំនឹងនៃការគេងកើនឡើង ហើយធ្វើឱ្យយើងអស់កម្លាំង និងត្រូវការដំណេក។
តើអ្វីជាអ្នកប្រាប់ថា រាងកាយរបស់យើងត្រូវការសម្រាក?
ក្នុងខ្លួនរបស់មនុស្សយើងម្នាក់ៗ មានប្រូតេអ៊ីនមួយប្រភេទហៅថា PARP1 ដែលដើរតួសំខាន់ជាអង់តែន ក្នុងការផ្តល់សញ្ញាដល់ខួរក្បាលថា ដល់ពេលដែលត្រូវជួសជុលDNAដែលបានបំផ្លាញហើយ ។
បន្ទាប់ពីបានគណនាទៅលើការខូចខាតDNAនឹងការគេង អ្នកស្រាវជ្រាវបានកំណត់ថា ការគេងប្រាំមួយម៉ោងក្នុងមួយយប់ គឺគ្រប់គ្រាន់ក្នុងការកាត់បន្ថយការខូចខាត DNA ហើយគ្មានអ្វីដែលល្អជាងការគេងលក់បានស្កប់ស្កល់នោះទេ។ ប្រសិនបើយើងមិនបានគេងសោះ ការខូចខាតនៃDNA នៅក្នុងខួរក្បាលនឹង មិនត្រូវបានជួសជុលគ្រប់គ្រាន់ឡើយ ហើយវាអាចឈាន ដល់កម្រិតមួយ ដែលមានគ្រោះថ្នាក់ថែមទៀតផង។ ហើយមានតែការទទួលដំណេកប៉ុណ្ណោះ ដែលអាចបង្កើតប្រព័ន្ធជួសជុល មួយដែលមានប្រសិទ្ធិភាព ហើយអាចឱ្យអ្នកមានកម្លាំងគ្រប់គ្រាន់ សម្រាប់ថ្ងៃស្អែកបាន។
ហេតុនេះ អ្នកគួរតែយកចិត្តទុកដាក់ចំពោះទម្លាប់ក្នុងការគេង ហើយព្យាយាមសម្រាកអោយបានគ្រប់គ្រាន់ ព្រោះការគេងមិនគ្រប់គ្រាន់ នាំឲ្យមានផលប៉ះពាល់ដល់លោកអ្នក ដូចជាប៉ះពាល់ដល់ការផ្តោតអារម្មណ៍ ការចងចាំមិនល្អ ប្រព័ន្ធភាពស៊ាំមិនរឹងមាំ ប្រឈមមុខនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងការឡើងទម្ងន់ជាដើម៕