ពេលបំពេញការងារ មិនថាមនុស្សគ្រប់រូបមិនថាស្រីប្រុស សុទ្ធតែធ្លាប់ជួបប្រទះនូវឧបសគ្គ ដែលធ្វើឱ្យការងាររាំងស្ទះ មិនអាចបញ្ចប់ទាន់កាលកំណត់។ ពេលទឹកដល់ច្រមុះ ក៏មានតែសុំមេពន្យារពេល។ ប៉ុន្តែអ្នកដឹងទេថា មនុស្សស្រីមិនសូវសុំពន្យារពេលបន្ថែមនោះទេ បើប្រៀបធៀបទៅនឹងបុរស។
តាមរយៈការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Business Harvard មកពីសហរដ្ឋអាមេរិក បានសិក្សាទៅលើទម្លាប់ក្នុងការសុំពន្យារពេលវេលា បានរកឃើញថា ភាគច្រើនស្ត្រីមិនសូវហ៊ានសុំពន្យារពេលបន្ថែមនោះទេ។
មូលហេតុដែលបង្កឱ្យស្ត្រីមានអារម្មណ៍តានតឹង ពេលស្នើសុំពន្យារពេល គឺស្ត្រីច្រើនផ្ដោតខ្លាំងទៅលើអ្នកដទៃ និងតម្រូវការរបស់អ្នកផ្សេង។ ការសិក្សានេះបានធ្វើការសន្និដ្ឋានបានយ៉ាងមុតមាំថា មូលហេតុដែលស្ត្រីមានអារម្មណ៍មិនល្អ ក្នុងការចរចាសុំពេលវេលាបន្ថែមសម្រាប់បំពេញការងារ គឺបណ្ដាលមកពីក្ដីព្រួយបារម្ភថាខ្លួនឯងអាចរំខាន ដល់ក្រុមការងារ និងអ្នកគ្រប់គ្រង។ ម្យ៉ាងទៀត ស្ត្រីគិតថាវាអាចបង្កជាភាពអាម៉ាស ឬកំហុស និងការបាត់បង់កិត្តិយសរបស់ខ្លួន ក្នុងការបំពេញការងារ។
លោក Grant E. Donnelly ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានបន្ថែមទៀតថា កន្លងមកក៏មានការសិក្សាដែលបានបង្ហាញថា ស្ត្រីទទួលសម្ពាធពេលវេលាច្រើនជាងបុរស ហើយវាក៏ជាមូលហេតុដែលធ្វើឱ្យពួកគេ burn out ឬនឿយហត់នឹងការងារ ជាងបុរសដែរ។
លោក Donnelly បានដាក់ការងារមួយឲ្យកូនសិស្ស ១០៣ នាក់ក្នុងថ្នាក់គាត់ ហើយពួកគេមានពេលមួយសប្ដាហ៍ដើម្បីបំពេញការងារនោះ ដោយលោក Donnelly បានបញ្ជាក់ប្រាប់ថា ពួកគេអាចផ្ញើអ៊ីមែល ដើម្បីសុំពន្យារពេលដោយគ្មានការដកពិន្ទុ ប្រសិនបើមិនអាចធ្វើទាន់ពេល។
ជាលទ្ធផល និស្សិតស្រីមានចំនួនតិចជាងនិស្សិតប្រុសពីរដង ក្នុងចំណោមអ្នកដែលបានសុំការពន្យារពេលបន្ថែម។ គួរបញ្ជាក់ផងដែរថា ការមិនស្នើសុំពន្យារពេល អាចប៉ះពាល់ទៅដល់សមត្ថភាព និងលទ្ធផលរបស់និស្សិត ក្នុងការបំពេញកិច្ចការ ព្រោះនិស្សិតដែលបានសុំពន្យារពេល ភាគច្រើនទទួលបានពិន្ទុល្អជាង។ ហេតុនេះ វាអាចធ្វើឲ្យស្រ្ដី អាចនឹងខាតបង់ប្រយោជន៍ ដោយសារការមិនស្នើសុំពេលវេលាបន្ថែម។
យោងតាមលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវបានលើកទឹកចិត្ត ស្ថាប័នផ្សេងៗ គួរតែងាកមកពិចារណាពីការរៀបចំឱ្យមានគោលនយោបាយក្នុងកន្លែងការងាររបស់ខ្លួន បង្កលក្ខណៈងាយស្រួលសម្រាប់ការស្នើសុំពន្យារពេលបន្ថែម។ ជាពិសេសនៅក្នុងករណី ដែលកត្តាពេលវេលាដើម្បីបំពេញការងារឱ្យទាន់ផែនការ ជាបញ្ហាប្រឈម។
ការជំរុញលើកទឹកចិត្ត ឲ្យស្ត្រីហ៊ានស្នើសុំពន្យារពេលនេះ មិនត្រឹមតែអាចបង្កើតឱ្យមានឱកាសស្មើគ្នារវាងស្រ្តី និងបុរសនៅក្នុងកន្លែងការងារនោះទេ តែវាក៏អាចធ្វើឱ្យគុណភាពការងារមានភាពប្រសើរជាងមុន ដែលជាប្រយោជន៍ដល់និយោជិក និងនិយោជកផងដែរ៕