Focus បានជួបសម្ភាសន៍អ្នកនាង សូ ភីណា សហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា ដែលចែករំលែកបទពិសោធន៍ បកប្រែស្នាដៃអក្សរសិល្ប៍ចុងក្រោយរបស់ខ្លួន គឺ «ភ្លើងព្រៃ និងរឿងនិទានដទៃទៀត» ព្រមទាំងពិភាក្សាអំពីដំណើរការបកប្រែអក្សរសិល្ប៍បរទេស ដែលប្រកបដោយគុណភាព និងស្របច្បាប់ សម្រាប់អ្នកអាននៅកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអក្សរសិល្ប៍នៅកម្ពុជាមានភាពរស់រវើកជាងមុនគួរឱ្យកត់សម្គាល់។ នេះក៏ដោយសារតែការបង្កើតឱ្យមានសកម្មភាពសាធារណៈជាច្រើនសម្រាប់អ្នកនិពន្ធខ្មែរ ដើម្បីបង្ហាញស្នាដៃរបស់ខ្លួន ក៏ដូចជាផ្ដល់ឱកាសដល់អ្នកគាំទ្រ និងស្រឡាញ់អក្សរសិល្ប៍ ក្នុងការស្វែងយល់បន្ថែមពីអក្សរសិល្ប៍ក្នុងស្រុកជាងមុន។
ក្នុងនោះ «កម្ពុមេរា» គ្រឹះស្ថានបោះពុម្ពផ្សាយក្នុងស្រុក បង្កើតក្នុងឆ្នាំ២០១៥ ជាមួយនឹងបេសកកម្មពាំនាំនូវគំនិតច្នៃប្រឌិត និងអក្សរសិល្ប៍ល្អៗមកជូនអ្នកអាន ហើយក៏ជាគ្រឹះស្ថានមួយ ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកដំឡើងអក្សរសិល្ប៍ក្នុងរយៈពេលកន្លងមកនេះ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងនិពន្ធស្នាដៃដើម ដែលពោរពេញដោយគំនិតឆ្នៃប្រឌិត និងខ្លឹមសារល្អៗ ឆ្លើយតបនឹងបរិបទសង្គមបច្ចុប្បន្ន កម្ពុមេរា ក៏បានចាប់ផ្ដើមធ្វើការបកប្រែអក្សរសិល្ប៍បរទេស មកភាសាខ្មែរជារឿយៗ ក្នុងគោលបំណងចង់ធ្វើឱ្យអ្នកអានទទួលបានជម្រើសអក្សរសិល្ប៍ចម្រុះ និងសំបូរបែបមួយកម្រិតទៀត។
កាលពីឆ្នាំ២០២០ កម្ពុមេរាបានចេញផ្សាយ ស្នាដៃបកប្រែរឿង «មិនចុះសម្រុងនឹងជីវិត» របស់អ្នកនិពន្ធជ័យលាភីណូបែលអក្សរសិល្ប៍ ជនជាតិបារាំង Albert Camus។ នាខែកក្កដា ក្នុងឆ្នាំ២០២១នេះ កម្ពុមេរា គ្រោងនឹងចេញផ្សាយស្នាដៃបកប្រែថ្មីមួយ មានឈ្មោះថា «ភ្លើងព្រៃ និងរឿងនិទានដទៃទៀត»។
«ភ្លើងព្រៃ» ជាកម្រងរឿងខ្លីសរុបចំនួន ៣៣រឿង ចងក្រងឡើងដោយ អ្នកនិពន្ធ ជនជាតិឥណ្ឌា ដែលមានទេពកោសល្យសំណេរដ៏ពិសេស លោក បាឡៃចន្ទ មុខបាធ្យាយ ដែលភាគច្រើនត្រូវបានគេស្គាល់ក្នុងវិស័យអក្សរសិល្ប៍ ថា «បាណាភូល»។ ថ្វីត្បិតថារឿងទាំង៣៣នេះ មានប្រវែងខ្លីក៏ពិតមែន ដែលខ្លះមានប្រវែងខ្លីជាងមួយទំព័រផងនោះ។ ប៉ុន្តែរឿងទាំងនោះសុទ្ធតែបង្កប់អត្ថន័យអប់រំជាសកល ទាក់ទងនឹងសង្គមយ៉ាងជ្រាលជ្រៅ ដែលសក្តិសមសម្រាប់អ្នកអានគ្រប់ជាតិសាសន៍ទាំងអស់។ ហើយសម្រាប់ទេពកោសល្យពិសេសក្នុងការសរសេររឿងខ្លីរបស់បាណាភូលនេះផងដែរ វាបានធ្វើឱ្យលោកទទួលបានការកើតសរសើរ និងគោរពយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា និងអ្នកធ្វើការក្នុងវិស័យអក្សរសិល្ប៍នៅតាមបណ្ដាប្រទេសនានា។
ភ្លើងព្រៃត្រូវបានបកប្រែពីភាសាអង់គ្លេសមកភាសាខ្មែរដោយ អ្នកនាង សូ ភីណា ដែលជា កវី អ្នកនិពន្ធ អ្នកបោះពុម្ព អ្នកបកប្រែ និង សហស្ថាបនិកកម្ពុមេរាផងដែរ។ ខុសពីការស្មានរបស់មនុស្សភាគច្រើន ការបកប្រែអក្សរសិល្ប៍មិនមែនជារឿងងាយស្រួលនោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាដែលចេះភាសាអង់គ្លេសមានសមត្ថភាពបកប្រែ ឱ្យងាយយល់ ហើយគ្រប់ជ្រុងជ្រោយ មិនខុសឆ្ងាយពីអត្ថន័យដើមនោះទេ។
ដូចនេះ Focus បានធ្វើបទសម្ភាសន៍ជាមួយអ្នកបកប្រែសៀវភៅ ភ្លើងព្រៃ អ្នកនាង ភីណា ដើម្បីស្វែងយល់ពីដំណើរដើមទងក្នុងការមកស្គាល់អក្សរសិល្ប៍មួយនេះ និងដំណើរការនៃការបកប្រែ ក៏ដូចជាឧបសគ្គនានា រហូតដល់ការចេញផ្សាយក្នុងពេលឆាប់ៗនេះ។
តើបងចាប់ផ្តើមបកប្រែអក្សរសិល្ប៍តាំងពីពេលណាមក?
ចាប់ផ្តើមបកប្រែប្រហែលជា ៣ ទៅ៤ ឆ្នាំចុងក្រោយនេះ។ មុននឹងបកប្រែរឿង «ភ្លើងព្រៃ» នេះ បងបកប្រែកំណាព្យ ទាំងខ្មែរទៅអង់គ្លេស និង អង់គ្លេសមកខ្មែរ ព្រោះកំណាព្យខ្មែរខ្លះមានខ្លឹមសារល្អខ្លាំងមែនទែន។ ប៉ុន្តែមិនមានអ្នកបកប្រែជាភាសាអង់គ្លេសនោះទេ។ ដូចនេះ ពេលមានអ្នកត្រូវការ ក៏បងចាប់ផ្តើមបកប្រែ។ ប៉ុន្តែ បងមិនហៅខ្លួនឯងថាជាអ្នកបកប្រែអាជីពនោះទេ។ បងគ្រាន់តែបកប្រែ ដើម្បីឱ្យអ្នកមិនចេះអានភាសាខ្មែរយល់ថាតើកំណាព្យខ្មែរនោះមានន័យដូចម្តេច។
ហេតុអ្វីបានជាបងជ្រើសរើសបកប្រែសៀវភៅ «ភ្លើងព្រៃ» នេះ?
និយាយទៅវាចាប់ផ្តើម កាលពីឆ្នាំ២០២០ក្នុងអំឡុងខែកុម្ភៈ ពេលដែលកូវីដវាយលុកខ្លាំងហើយយើងត្រូវធ្វើការនៅផ្ទះ។ ពេលនោះ ក៏មានគ្រឹះស្ថានបោះពុម្ពផ្សាយ Seagull Books នៅប្រទេសឥណ្ឌាគាត់បានផ្ញើសៀវភៅរឿងជាPDF មក Twitter Email និង Facebook ចំនួន១ក្បាល១សប្តាហ៍។ ក្នុងគោលបំណងឱ្យមនុស្សនៅជុំវិញពិភពលោកអានសៀវភៅកំសាន្តអារម្មណ៍ និងក្រេបយកចំណេះដឹងខណៈដែលយើងកំពុងរស់នៅជាមួយជំងឺកូវីដ១៩នេះ។ ពេលបានសៀវភៅមក បងក៏អានវា។ ក្នុងចំណោមរឿងទាំងអស់ បងមានការចាប់អារម្មណ៍លើរឿងមួយដែលមានចំណងជើងថា «Wildfire»។ ពេលអាន១រឿងខ្លីនោះ បងគិតថា ហេតុបានអ្នកនិពន្ធសរសេរខ្លីបែបនេះ? ក្នុងនោះ រឿងខ្លីទាំងអស់នោះ សុទ្ធតែទាក់ទងនឹងមនុស្សជាតិ សង្គម ជម្លោះសាសនា ការមិនទុកចិត្តគ្នាទៅវិញទៅមកជាដើម។ ពេលអានចប់ វាធ្វើឱ្យបងយល់ឃើញថា រឿងទាំងនោះសុទ្ធតែកើតឡើងនៅប្រទេសឥណ្ឌាក៏ពិតមែន ប៉ុន្តែវាត្រូវនឹងបរិបទសង្គមកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះដែរ។ នេះជាកត្តាដែលធ្វើឱ្យបងចង់បកប្រែរឿងនេះ ដើម្បីចែករំលែកចំណេះដឹងទាំងនោះ។
ហើយក្នុងនោះ នៅក្នុងច្បាប់ដើម រឿងភ្លើងព្រៃនេះ មានរឿងខ្លីសរុបចំនួនជាង ៤៤រឿង។ ប៉ុន្តែ បងជ្រើសរើសយកតែ៣៣នេះប៉ុណ្នោះ ព្រោះរឿងដទៃទៀតមានលក្ខណៈស្មុកស្មាញខ្លាំងមែនទែន ដែលទាមទារពេលវេលាច្រើនខ្លាំងក្នុងការធ្វើឱ្យងាយយល់ជាភាសាខ្មែរ។ ដូចនេះ បងក៏សម្រេចចិត្តជ្រើសរើសយកតែរឿងខ្លីណា ដែលត្រូវនឹងបរិបទសង្គមកម្ពុជាច្រើនជាងគេប៉ុណ្ណោះ។ កត្តាមួយទៀតនោះ គឺការសរសេរដែលប្លែករបស់អ្នកនិពន្ធផ្ទាល់តែម្តង។
តើសៀវភៅ «ភ្លើងព្រៃ» មានតម្លៃអក្សរសិល្ប៍យ៉ាងដូចម្តេច?
បងគិតថាវាមានលក្ខណៈពិសេសខ្លាំង មិនមែនតែសម្រាប់អ្នកអានទូទៅនោះទេ ប៉ុន្តែក៏សម្រាប់អ្នកនិពន្ធជំនាន់ក្រោយផងដែរ ព្រោះការសរសេរបែបនេះ គឺជាអ្វីដែលសហគមន៍អ្នកនិពន្ធនៅកម្ពុជាត្រូវការ។ ពីព្រោះ យើងមិនត្រូវការអក្សរសិល្ប៍ដែលមានលក្ខណៈដដែលៗនោះទេ យើងត្រូវការអ្វីដែលថ្មី ដើម្បីឱ្យអ្នកអានទទួលបាននូវរសជាតិសិល្បៈបែបច្នៃប្រឌិតជាងមុន។
សម្រាប់សៀវភៅរឿងភ្លើងព្រៃនេះផ្ទាល់ តើកម្ពុមេរាមានក្រុមគោលដៅជាអ្នកអានបឋម នៅអាយុប៉ុន្មានដែរ ?
យើងមិនមានក្រុមអាយុគោលដៅជាក់លាក់ខ្លាំងនោះទេ។ ប៉ុន្តែ យើងអាចនិយាយបានថា វាសក្តិសមសម្រាប់មនុស្សពេញវ័យគ្រប់រូប។ ដោយសារតួអង្គក្នុងរឿងនោះ សុទ្ធតែជាមនុស្សពេញវ័យទាំងអស់ ទាំងមនុស្សមានវ័យចំណាស់ មនុស្សកំពុងពេញវ័យធ្វើការ និង ទាំងក្មេងផងដែរ។ ដូចនេះ មនុស្សពេញវ័យគ្រប់រូបអាចអានសៀវភៅនេះបាន។
តើជាតិសាសន៍កំណើតរបស់អ្នកនិពន្ធមានតួនាទីនៅក្នុងការសម្រេចចិត្ត ជ្រើសរើសអក្សរសិល្ប៍មកបកប្រែដែរឬទេ?
វាជាសំណួរល្អមួយ។ ប៉ុន្តែជាក់ស្តែងកម្ពុមេរា មិនទាន់បានកំណត់ច្បាស់លាស់ដល់ម្លឹងនោះទេ។ ពេលនេះ យើងធ្វើទៅតាមអ្វីដែលបេះដូងស្រែកហៅពិតប្រាកដ។ ដូចនេះ យើងមិនមានការកំណត់ជាតិសាសន៍ណាមួយនោះទេ។ សំខាន់ ថារឿងដែលយើងបានអាន ឬត្រូវបានគេណែនាំនោះទាក់ទាញយើងកម្រិតណា។ មួយទៀត ថាតើរឿងនោះមានតម្លៃសម្រាប់មនុស្សជាតិឬទេ។ ដូចនេះ សម្រាប់បងប្រជាជនខ្មែរ គួរតែមានឱកាសក្នុងការអានអក្សរសិល្ប៍សំបូរបែប ដែលត្រូវបានបកប្រែដោយយកចិត្តទុកដាក់បំផុត។ ទៅថ្ងៃអនាគត ក៏ដូចគ្នា។ ប្រសិនបើក្រុមការងារយើងអានប៉ះសៀវភៅណាដែលមានខ្លឹមសារល្អៗ មានប្រយោជន៍សម្រាប់មនុុស្សគ្រប់រូប យើងនឹងរកវិធីដើម្បីសុំសិទ្ធិក្នុងការបកប្រែសៀវភៅពីអ្នកនិពន្ធដោយស្របច្បាប់ សម្រាប់ឱ្យមិត្តអ្នកអាន។
តើកម្ពុមេរាមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ក្នុងការជ្រើសរើសអក្សរសិល្ប៍បរទេសមកបកប្រែដែរឬទេ?
ដូចនឹងជាតិសាសន៍ដែរ យើងមិនមានចំណុចជាក់លាក់ណាមួយមកផ្ទៀងផ្ទាត់ ជាមួយនឹងសៀវភៅដែលយើងបកប្រែពីមុនមកនោះទេ។ ប៉ុន្តែ ទៅថ្ងៃអនាគត យើងនឹងធ្វើឱ្យមានបន្ទាត់ច្បាស់លាស់មួយ។ ប៉ុន្តែជារួម កន្លងមកយើងមើលលើ ប្រជាប្រិយភាព និងស្នាដៃរបស់អ្នកនិពន្ធផ្ទាល់ ទាំងកម្រិតពិភពលោក និងក្នុងស្រុក។ ក្នុងនោះដែល អ្នកនិពន្ធទាំងនោះ ត្រូវមានទឹកដៃមួយ ដែលមានលក្ខណៈជាសកល។ ទី២ គឺលើទឺកដៃរបស់អ្នកនិពន្ធផ្ទាល់ ថាតើវាមានលក្ខណៈពិសេស ប្លែក ហើយមុតស្រួចកម្រិតណា។ ដោយមិនមែនជាអ្នកសរសេរដើម្បីចំនួនទំព័រ។ ហើយ ត្រូវតែខ្លឹមសារទាំងនោះ មានលក្ខណៈបង្កប់បែបសកល។ ទោះអ្នកអានជាជនជាតិអ្វីក៏អាចយល់ពីន័យរបស់អ្នកនិពន្ធដែរ។
តើយើងហៅការបកប្រែអក្សរសិល្ប៍នេះ ជាគម្រោងមួយរបស់កម្ពុមេរាបានដែរឬទេ?
ត្រឹមត្រូវ។ យើងអាចហៅវាថាជាគម្រោង ឬកម្មវិធីបកប្រែរបស់កម្ពុមេរាបាន។ កន្លងមកនេះ យើងធ្វើបាន ៣ក្បាល ព្រោះយើងមានក្រុមការងារតិច ហើយមិនទាន់មានទុនច្រើនគ្រប់គ្រាន់ ដើម្បីប្រកាសជាសាធារណៈនៅឡើយទេ។ ហើយ អ្វីដែលយើងផ្តោតសំខាន់នោះ គឺការបកប្រែជាភាសាខ្មែរ ដែលមានគុណភាពខ្ពស់ និង ដើម្បីឱ្យអ្នកអាននៅកម្ពុជាទទួលបានអក្សរសិល្ប៍ថ្នាក់ពិភពលោក ជាចំណីអារម្មណ៍ ចំណេះដឹង ការគិត វិភាគ ពិចារណា ដោយមិនមានរនាំងភាសា។
ទាក់ទងនឹងដំណើរការបកប្រែវិញ តើបងចំណាយពេលប៉ុន្មានក្នុងការបកប្រែសៀវភៅនេះ?
ប្រហែលជា ១ឆ្នាំកន្លះ បើយើងគិត តាំងពីពេលទាក់ទងសុំ[សិទ្ធិ]រហូតដល់ពេលបកប្រែ និងផ្ទៀងផ្ទាត់ហើយ។ បច្ចុប្បន្ននេះ សៀវភៅកំពុងនឹងត្រៀមចូលរោងពុម្ព។ ក្នុងនោះ បងមានការណាត់ជួបជាមួយមិត្តភក្តិជនជាតិឥណ្ឌាជារៀងរាល់សប្តាហ៍នៅថ្ងៃសៅរ៍ ដើម្បីឱ្យគាត់ពន្យល់លើកន្លែងណាទាក់ទងនឹងបរិបទសង្គមនៅទីនោះ ដែលទាមទារការពន្យល់ពីជនជាតិដើម។ មុនពេលទៅជួប បងតែងតែផ្ញើសំណួរទៅគាត់មុន ដើម្បីឱ្យគាត់បានត្រៀមខ្លួន។ នៅពេលជួបគ្នា យើងសួរគ្នាទៅវិញទៅមក ដើម្បីស្រាយចម្ងល់នៃរឿងនោះ។ ពីព្រោះ ប្រសិនបើយើងមិនយល់បរិបទឱ្យសុីជម្រៅ ហើយបកប្រែតាមពាក្យនីមួយៗ គឺខុសទាំងស្រុងតែម្តង។
ក្នុងការបកប្រែអក្សរសិល្ប៍ តើអ្វីទៅជាឧបសគ្គធំបំផុត?
ដំណើរការបកប្រែអក្សរសិល្ប៍មានលក្ខណៈសុីជម្រៅខ្លាំងបំផុត។ រឿងបរិបទដែលអ្នកនិពន្ធសរសេរជាឧបសគ្គចម្បងមួយ ក្នុងការបកប្រែអក្សរសិល្ប៍។ ក្នុងនេះ បើយើងបកប្រែតាមន័យរបស់ពាក្យទាំងស្រុង នោះវាជាអ្វីដែលធ្វើឱ្យការបកប្រែនោះមិនមានន័យដូចច្បាប់ដើម។ ឧទាហរណ៍ នៅក្នុង[សៀវភៅ]រឿង«ភ្លើងព្រៃ»នេះផ្ទាល់ មានរឿងខ្លីមួយនិយាយពីសាសនា និងការប្រតិបត្តិ ដើម្បីសម្រេចថានៈសាសនាមួយជាន់ទៀត។ ក្នុងនោះ អ្នកនិពន្ធប្រើពាក្យអង់គ្លេសថា “Airplane” ដែលប្រែជាភាសាខ្មែរមកថា «យន្តហោះ»។ ប៉ុន្តែ ការបកប្រែថា យន្តហោះ គឺខុសទាំងស្រុងនៅក្នុងបរិបទរឿងមួយនេះ ព្រោះក្នុងនោះពាក្យនេះ សំដៅលើ «តាបស»។ ក្នុងកន្លែងនេះ ការដែលបានជួបជាមួយជនជាតិដើមគឺជារឿងដ៏ល្អបំផុត ដើម្បីជួយឱ្យយើងយល់ ប្រពៃណី សាសនា ការធ្វើពិធី ការប្រតិបត្តិផ្សេងៗ វប្បធម៌ ការស្លៀកពាក់ ការរស់នៅ ក៏ដូចជាទីតាំងភូមិសាស្រ្តនៅទីនេះជាដើម។
ពេលដែលបានសំណៅលើកទី១នោះភ្លាម បងបានធ្វើការផ្ញើឱ្យមិត្តភក្តិជាច្រើននាក់ ដើម្បីឱ្យពួកគាត់អាន ដោយចង់ដឹងថាពួកគាត់យល់ពីអ្វីដែលបងបកនោះដែរឬទេ។ ក្នុងនោះមានសំណួរមួយសួរពីទីតាំងភូមិសាស្ត្រ។ ដូចនេះ ដើម្បីឆ្លើយទៅគាត់ឱ្យត្រឹមត្រូវបំផុត។ យើងបានធ្វើការប្រើប្រាស់ Google Map និងប្រឹក្សាជាមួយបុុគ្គលិក Seagull Books ដើម្បីធានាថាវាពិតជាត្រឹមត្រូវមែន។ ថ្វីត្បិតថាវាមានភាពលំបាក ប៉ុន្តែបងចាត់ទុកវាជាការរៀនសូត្រមួយបែប ព្រោះបងបានរៀនច្រើនមែនទែនពីការបកប្រែនេះ ទាំងចំណុចតូចៗ ឬធំក្តី។ សម្រាប់បង បងឱ្យតម្លៃលើចំណេះដឹងទាំងនោះ៕
សៀវភៅ «ភ្លើងព្រៃ និងរឿងនិទានដទៃទៀត» នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ដែលអ្នកអាចរកជាវបាននៅតាមតូបសៀវភៅ និងបណ្ណាគារនានានៅក្នុងទីក្រុងភ្នំពេញ ឬទាក់ទងជាវតាមផាកហ្វេសប៊ុករបស់កម្ពុមេរា៖ https://web.facebook.com/KampuMera.Editions
កំណត់និពន្ធ៖ បទសម្ភាសន៍នេះត្រូវបានកែសម្រួល ដើម្បីកំណត់ប្រវែង និងភាពត្រឹមត្រូវនៃខ្លឹមសារ