ជួបជាមួយក្រុមបាល់ទាត់ស្រ្តីស្រឡាញ់ភេទដូចគ្នា (LGBT) អាយុក្រោម ២១ឆ្នាំ ដែលបង្កើតមុនគេ ក្នុងខេត្តកំពង់ឆ្នាំង។
កំណត់និពន្ធ៖ អត្ថបទនេះត្រូវបាយចុះផ្សាយដំបូងក្នុងសារព័ត៌មាន Southeast Asia Globe សរសេរដោយ Alexi Demetriadi និងបកប្រែដោយ បូរិន សុភាវុទ្ធតី
នៅក្នុងខេត្តកំពង់ឆ្នាំង លោក វណ្ណ សុវណ្ណ វ័យ៦១ឆ្នាំ ស្ថាបនិក និងគ្រូបង្វឹកបង្គោលប្រចាំក្រុម កំពុងមើលការកីឡាកររបស់លោក ហ្វឹកហាត់កណ្ដាលវាលក្រោមកម្ដៅថ្ងៃ។ ពួកគេ ទាត់ បញ្ជូន និងស៊ុតបាល់។ កាន់តែហាត់ កាន់តែស្ទាត់។
សុវណ្ណ ពាក់មួកដែលមានប៉ាក់រូបនិមិត្តរូបរបស់ក្រុមបាល់ទាត់ South Sydney Rabbitohs និងក្រុម west London’s Fulham Football Club។ ក្នុងរដូវកាលប្រកួតបាល់ទាត់ឆ្នាំ២០០៩ ក្រុមបាល់ទាត់ Fulham ចូលប្រកួតដល់វគ្គផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួត ពាន UEFA Europa League។ ថ្វីបើពួកគេមិនបានលើកពាន ប៉ុន្តែនោះគឺជាឆ្នាំដ៏សំខាន់ និងការសម្រេចបានជាលក្ខណៈប្រវត្តិសាស្ត្ររបស់ក្រុមមួយនេះ។
ក្នុងពេលដំណាលគ្នានឹងរដូវកាលនោះដែរ នៅចម្ងាយ ១០.០០០ គីឡូម៉ែត្រ ឆ្លងទ្វីបមកកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង ក៏មានហេតុការណ៍ដ៏គួរឲ្យកត់សម្គាល់កើតឡើង។ ក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំរបស់សុវណ្ណ បានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយអតីតគ្រូបង្រៀន និងមន្ត្រីរដ្ឋបាលរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង។
មានភេទកំណើតជាស្រី សុវណ្ណប្រើប្រាស់សព្វនាម «លោក» ប៉ុន្តែកំណត់ខ្លួនឯងថា ជាស្រ្តីស្រឡាញ់ស្រ្តី (Lesbian)។ កីឡាកររបស់លោក បានហៅលោកដោយភាពស្និតស្នាល ថា «ពុកសុវណ្ណ»។ សុវណ្ណ បានបង្កើតក្រុមបាត់ទាត់មួយនេះ ក្នុងគោលបំណងបង្កើតក្រុមមួយ ដែលមានសមាជិកជាមនុស្សស្រី ដែលមាននិន្នាការនិងអត្តសញ្ញាណភេទមានលក្ខណៈចម្រុះ។
ក្នុងរយៈពេលកន្លងមកនេះ ក្រុមបាល់ទាត់មួយនេះមានសមាជិកជាក្មេងស្រី ដែលមានអត្តសញ្ញាណចម្រុះ រួមមានទាំង ប្រភេទមនុស្សស្រីស្រឡាញ់បុរស ស្រីស្រឡាញ់ស្រី និងអ្នកកែភេទ។ ក្រុមនេះត្រូវបានបង្កើតឡើង ជាមួយនឹងបេសកកម្មចម្បងពីរ គឺដើម្បីទទួលបានជោគជ័យក្នុងទីលានបាល់ទាត់ និងដើម្បីផ្លាស់ប្តូរការគិត របស់សាធារណជនទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ។ ហើយក្រុមនេះ បានទទួលជោគជ័យលើគោលបំណងទាំងពីរនេះ។
លោកសុវណ្ណ បានផ្ដល់បទសម្ភាសន៍ថា ក្រោយពេលបង្វឹកកូនក្រុមនាពេលព្រឹក ដោយថ្លែងប្រាប់ថា៖ «ខ្ញុំស្រឡាញ់បាល់ទាត់តាំងពីតូចមក»។ នៅក្នុងខេត្តកំពង់ឆ្នាំង សុវណ្ណគឺជាបុគ្គលម្នាក់ ដែលអ្នកផងក្នុងខេត្តកំពង់ឆ្នាំងស្គាល់ច្បាស់។
លោកសុវណ្ណតែងតែមានចិត្តចង់បង្កើតក្រុមបាល់ទាត់ប្រចាំខេត្តមួយ ដែលមានចំណុចពិសេស។ លោកសុវណ្ណបានឱ្យដឹងថា៖ «ខ្ញុំចង់បង្កើតក្រុមបាល់ទាត់មួយដែលមាននិន្នាការភេទចម្រុះ។»
លោកបានបន្ថែមទៀតថា៖ «ក្រុមស្រ្តីស្រឡាញ់ភេទដូចគ្នា ជួបប្រទះការរើសអើងជាច្រើន។ ដូចនេះហើយ ទើបខ្ញុំមានគំនិតចង់បង្កើតក្រុមបាល់ទាត់មួយ ដែលស្រ្តីដែលមាននិន្នាការភេទខុសៗគ្នា មកផ្ដុំគ្នាហើយលេងបាល់ជាមួយគ្នា។»
នៅពេលនេះ កំពុងមានការផលិតភាពយន្តឯកសារមួយ អំពីក្រុមបាល់ទាត់ និងរឿងរ៉ាវមិនធ្លាប់មានពីមុនមករបស់ក្រុមនេះ ដែលជាការផលិតរួមដោយផលិតករ ហែម វណ្ណា Tommaso Colognese និង Robert Witlox។ ភាពយន្តឯកសារនេះ នឹងរៀបរាប់អំពីរឿងរ៉ាវដំណើរជីវិត និងកីឡារបស់លោកសុវណ្ណ ព្រមទាំងកីឡាករកែរភេទពីរនាក់ទៀត ដែលមានម្នាក់ធ្លាប់ជាសមាជិករបស់ក្រុមបាល់ទាត់នេះ។
លោកវណ្ណា ផលិតករម្នាក់ក្នុងចំណោមផលិតករបីនាក់ បានរៀបរាប់អំពីក្លឹបបាល់ទាត់នេះប្រាប់ ថា៖ «ក្រុមបាល់ទាត់នេះមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ពិសេសហើយប្លែក ដែលពួកយើងគិតថា គួរតែមានការផ្សព្វផ្សាយឱ្យទូលំទូលាយជាងដល់សាធារណជនបានដឹង។»
គម្រោងថតភាពយន្តឯកសារនេះ បានចាប់កំណើតឡើងក្នុងឆ្នាំ ២០១៥ នៅពេលដែលផលិតករទាំងបីរូប ផ្ដើមគំនិតផលិត។ ក្រុមផលិតករ បានចាប់ផ្តើមផ្ដិតយកទិដ្ឋភាព នៃសកម្មភាពរបស់ក្រុមបាល់ទាត់ទៅកាន់ខេត្តនានាៗ ថតសកម្មភាព ផ្ដិតយកដំណើរជីវិតផ្ទាល់ និងការបាល់ទាត់របស់ពួកគេ តាមដំណើរតានក្រុមបាល់ទាត់នេះ ។ ខ្សែភាពយន្តឯកសារនេះត្រូវបានថតនៅពេលផ្សេងៗគ្នា និងបានចាប់ផ្តើមកាត់តឆ្នាំមុន។ ការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យគម្រោងនេះផ្អាក។ ប៉ុន្តែផលិតករទាំងបីមានគំនិតចង់ចេញផ្សាយខ្សែភាពយន្តនេះនៅឆ្នាំក្រោយ។
និយមន័យជុំវិញពាក្យ «ប្រុសស្រឡាញ់ប្រុស» «ស្រីស្រឡាញ់ស្រី» និង សហគមន៍ «អ្នកកែភេទ» មានទម្រង់បែបផែនរបស់ខ្លួនក្នុងបរិបទកម្ពុជា ខុសពីអ្វីដែលគេយល់ឃើញនៅលោកខាងលិច។ ការផ្តោតលើសភាវៈនិងចរិតលក្ខណៈខាងក្រៅជាងនិន្នាការភេទ ទើបធ្វើឱ្យយើងសម្គាល់មនុស្សស្រីដែលកាត់សក់ខ្លីថាជា «ស្រីស្រឡាញ់ស្រី» ហើយហៅពួកគាត់ថា «លោក»។ កីឡាករមួយចំនួនក្នុងក្រុមនេះកំណត់ខ្លួនឯងថាជា «ស្រីស្រឡាញ់ស្រី» ហើយប្រើសព្វនាម «លោក»។
នៅកម្ពុជា ការស្រឡាញ់ភេទដូចគ្នាមិនមែនជារឿងខុសច្បាប់នោះទេ ហើយអ្នកស្រឡាញ់ភេទដូចគ្នាទទួលបានការទទួលស្គាល់មួយកម្រិតនៅក្នុងសង្គម។ ក្នុងឆ្នាំ២០១៨ របាយការណ៍របស់ អង្គការ Destination Justice និង អង្គការសហប្រជាជាតិ បាននិយាយថា ក្រុមអ្នកស្រឡាញ់ភាពដូចគ្នានៅកម្ពុជា «ត្រូវបានគេមើលឃើញជាងមុន ដោយកម្មវិធីរបស់អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនត្រូវបានបង្កើតឡើង»។
តំណាងកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) និងអ្នកសម្របសម្រួលប្រចាំកម្ពុជា អ្នកស្រី Claire Van der Vaeren បានកត់សម្គាល់ថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាកំពុងមាន «សំឡេងរបស់ខ្លួននិងរៀបចំបានប្រសើរជាងមុន»។
ប៉ុន្តែ អ្នកស្រឡាញ់ភេទដូចគ្នានៅតែជួបប្រទះភាពមិនស្មើភាពគ្នា និងខ្វះការគាំពារ ដោយសារប្រព័ន្ធច្បាប់នៅកម្ពុជាមិនបាន «ផ្តល់ការការពារវិជ្ជមានផ្នែកច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ។» កម្ពុជាមិនមានច្បាប់ការហាមឃាត់លើការរើសអើងលើនិន្នាការភេទ ឬអត្តសញ្ញាណភេទនោះទេ។ ម្យ៉ាងទៀត អាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នានៅតែមិនមានភាពស្របច្បាប់។ ហេតុដូច្នេះវាធ្វើឱ្យមានការរើសអើង ហើយពេលខ្លះការបៀតបៀនពី សមាជិកគ្រួសារ មិត្តរួមការងារ ហើយភាគច្រើនប៉ូលិសមិនសូវជួយជនរងគ្រោះ។
ការយល់ឃើញរបស់អ្នកនយោបាយក្នុងព្រះរាជាណាចក្រកម្ពុជា មកលើប្រធានបទអ្នកស្រឡាញ់ភេទដូចគ្នា មានភាពចម្រុះគ្នា។
ក្នុងឆ្នាំ២០០៤ ព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ បានប្រកាសគាំទ្រអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា ហើយព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម សោមា បានសរសេរក្នុងអត្ថបទវិចារណកថាមួយ ក្នុងកាសែតភំ្នពេញប៉ុស្តិ៍កាលពីឆ្នាំ២០១២ ក្រោមចំណងជើងថា មនុស្សស្រឡាញ់ភេទដូចគ្នាមិនមែនជារឿងខុសឆ្គងនោះទេ (Being Gay is Not Wrong)។
ប៉ុន្តែក្នុងឆ្នាំ២០០៧ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកាត់កាល់កូនស្រីចិញ្ចឹមរបស់ខ្លួន ដោយសារនាងគឺជាស្ត្រីស្រឡាញ់ភេទដូចគ្នា។ លោកមាននិយាយពីកូនស្រី ដែលពេលនោះមានអាយុ១៩ឆ្នាំ និងត្រូវបានលោកយកមកចិញ្ចឹមក្នុងឆ្នាំ១៩៨៨ថា៖ «កូនស្រីចិញ្ចឹមរបស់ខ្ញុំឥលូវនេះមានប្រពន្ធ ហើយខ្ញុំខកចិត្ត។» លោកបានបន្ថែមទៀតថា៖ «ខ្ញុំនឹងប្ដឹងតុលាការឱ្យកាត់កាលនាងចេញពីគ្រួសារ។»
ការទទួលស្គាល់ដោយសង្គម មកលើក្រុមរបស់សុវណ្ណ នៅខ្វះខាតនៅឡើយ ហើយវាជារឿងមួយដែលសមាជិកក្រុមដឹងឮ។ ក្រុមបាល់ទាត់មានចំនួនសមាជិកស្មើៗគ្នា រវាងអ្នកស្រឡាញ់ផ្ទុយគ្នានិងស្រ្តីស្រឡាញ់ភេទដូចគ្នា។
ពេលខ្លះ ទោះបីសមាជិកក្រុមនោះមានសមត្ថភាពខ្ពស់ក៏ដោយ ប៉ុន្តែបើពួកគេគ្មានសាមគ្គីភាពក្នុងក្រុម ពួកគេក៏មិនអាចទទួលបានជោគជ័យដែរ។
ឈុន ធាវី កំណត់ខ្លួនឯងជាស្រ្តីស្រឡាញ់ភេទដូចគ្នា ហើយប្រើប្រាស់សព្វនាម «លោក» ជាសមាជិករបស់ក្រុមបាល់ទាត់នេះ។ កីឡាករអាយុ១៩ឆ្នាំ ហើយអាចលេងបានគ្រប់ជំនាញទាំងអស់ បានឱ្យដឹងថា កីឡាករជនជាតិប្រេស៊ីល លោក Neymar សមាជិកក្លឹបបាល់ទាត់ Paris Saint គឺជាកីឡាករដែលខ្លួនចូលចិត្ត។ កីឡាករ ដែលមានដើមកំណើតនៅខេត្តបាត់ដំបងប្រាប់ថា លោកមើលឃើញក្រុមដូចជាផ្ទះរបស់ខ្លួន នៅក្នុងខេត្តកំពង់ឆ្នាំង។
លោក ធាវីនិយាយថា៖ «ក្រុមនេះគឺជាក្រុមដែលប្លែកមួយ ហើយមានអារម្មណ៍សប្បាយចិត្តដែលបាននៅក្នុងក្រុមនេះ។ ពេលដែលយើងចាប់ផ្តើមលេង ពួកយើងតែងតែឯកភាពគ្នាបានល្អ។»
យុវតី ជា សុខលី វ័យ១៦ឆ្នាំ ជាសមាជិកថ្មីក្នុងក្រុម នេះគឺជារដូវកាលទី១ររបស់នាងនឹងក្រុមបាល់ទាត់នេះ។ នាងមិនទាន់ច្បាស់ពីនិន្នាការភេទរបស់ខ្លួននៅឡើយទេ តែនាងសប្បាយចិត្តដែលបានចូលរួមក្នុងក្រុមនេះ ព្រោះនាងតែងតែទទួលបានការស្វាគមន៍ពីសមាជិកដទៃ។ នាងបានប្រាប់ថា៖ «ទោះបីនេះគឺជាឆ្នាំដំបូងរបស់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍សប្បាយចិត្តដែលបាននៅក្នុងក្រុមនេះ។ សមាជិកនៅក្នុងក្រុមល្អនឹងខ្ញុំហើយទទួលគ្នាទៅវិញទៅមក។»
រីឯ យុវតីវឿន សូធាន ឬសីលា អាយុ១៩ឆ្នាំ ត្រូវបានសមាជិកក្នុងក្រុម ទទួលស្គាល់ថាជាកីឡាករពូកែជាងគេ ធ្លាប់បានទៅហាត់ក្នុងក្រុមបាល់ទាត់ក្នុងស្រុកមួយរបស់ប្រទេសជប៉ុន រយៈពេលពីរបីខែ កាលពីឆ្នាំ២០១៨ ក្រោយពេលត្រូវបានគេជ្រើសរើសចូលក្រុម។ នាងអារម្មណ៍ស្រដៀងនឹង ធាវី និងសុខលីដែលចំពោះក្រុមបាល់ទាត់នេះដែលថាក្រុមនេះគឺ ពិសេសពីក្រុមបាល់ទាត់ធម្មតា។
នាងបាននិយាយថា៖ «ពួកគាត់គាំទ្រខ្ញុំមិនមែននៅតែក្នុងទីលាន នៅក្រៅទីលានប្រកួតក៏ដូចគ្នាដែល។ ដូចជាការរៀនសូត្រជាដើម។»
សាមគ្គីភាពលើភាពខុសគ្នា ការទទួលយកភាពចម្រុះ និង លើកតម្កើងបុគ្គលគ្រប់រូប សុទ្ធតែជាចំណុចសំខាន់របស់ក្រុម ហើយវាធ្វើឱ្យក្រុមនេះខុសប្លែកពីគេ។ លោកសុវណ្ណបានប្រាប់ថា៖ «ខ្ញុំខិតខំបង្រៀនពួកគេ ទើបពួកគេចេះលេង និងនៅជុំគ្នា។ បាល់ទាត់គឺជាអ្វីដែលខ្ញុំចូលចិត្ត ដូចនេះហើយទើបខ្ញុំមានការប្ដេជ្ញាចិត្តខ្លាំងថាក្រុមដែលយើងបង្កើត គឺពិតជាក្រុមសម្រាប់អ្នករាល់គ្នា។»
ដំបូងឡើយ ក្រុមនេះមិនមានអ្នកគាំទ្ររហូតមកនោះទេ។
សុវណ្ណបានពន្យល់ថា៖ «ពេលយើងប្រកួតជាមួយក្រុមផ្សេងទៀត យើងតែងតែទទួលបានការឆ្លើយតបផ្សេងៗពីដៃគូប្រកួតប្រជែង។ ពួកគេតែងតែមានសំណួរថាតើហេតុអ្វីបានយើងបង្កើតក្រុមនេះឡើង។ យើងតែងតែទទួលបាន មតិវិជ្ជមាននិងការរើសអើង។ ប៉ុន្តែខ្ញុំតែងតែពន្យល់ពួកគេថា នេះគឺជាធម្មជាតិរបស់កីឡាករនិងក្រុមយើង។ ឱ្យពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើទៅ។ ឱ្យពួកគេលេងបាល់ទៅ។»
ឥលូវនេះ សុវណ្ណបាននិយាយថា ចំនួននៃមតិអវិជ្ជមាន ពាក្យប្រមាថ និងការរើងអើង បានកាត់បន្ថយខ្លាំងយ៉ាងមិនគួរឱ្យជឿ វាស្ទើរតែគ្មាន។ សុវណ្ណបន្តទៀតថា ក្រុមគូប្រជែងខ្លះចែចង់កីឡាករដែលខ្លាំងៗរបស់យើង ជាជាងការគេចវេះពីពួកគេ។ លោកបានប្រាប់ថា៖ «ពេលក្រឡេកមើលជុំវិញខ្លួន លោកនឹងឃើញកីឡាករដែលជាអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើននៅក្នុងក្រុមដទៃ វាប្រៀបបាននឹងការមើលឃើញ ការទទួលស្គាល់ និងភាពចម្រុះ។»
សីលា នៅក្នុងក្រុមនេះអស់រយៈពេល៧ឆ្នាំ នាងបាននិយាយប្រាប់ថាខ្លួនធ្លាប់បានគេរើសអើង និងប្រមាថពីមុនមកដោយសារនិន្នាការភេទរបស់នាង ប៉ុន្តែបច្ចុប្បន្ននេះវាមិនមាននោះទេ។ ធាវីដែលមានសក់ខ្លី និយាយថាលោកមានសំណាងណាស់ដែលមិនទាន់បានជួបប្រទះការរើសអើងខ្លាំងៗកន្លងមកនេះ ប៉ុន្តែលោកត្រូវបានអ្នកផងសួរជារឿយៗថា អ្វីបានជាតែងខ្លួនបែបនេះ ហើយហៅខ្លួនឯងជាប្រុស។
ធាវី បានឱ្យដឹងថា៖ «អ្នកខ្លះក៏ដូចជាគូរប្រកួតធ្លាប់សួរថាហេតុបានជាខ្ញុំកាត់សក់ខ្លីដូចប្រុសអ៊ីច្ចឹង? ពេលគេសួរអ៊ីចឹង ខ្ញុំតែងតែឆ្លើយថា នេះគឺជាខ្ញុំ។»
សមាជិករបស់ក្រុមសុទ្ធតែជាយុវជន ដូចនេះការយល់ព្រមពីឪពុកម្តាយគឺជាការចាំបាច់។ សុវណ្ណបានប្រាប់ថា ឪពុកម្តាយខ្លះទទួលស្គាល់ការសម្រេចចិត្តរបស់កូនស្រីរបស់ពួកគាត់។ ឪពុកម្តាយខ្លះធ្លាប់លេងជាមួយសុវណ្ណពីមុន ហើយជំរុញឱ្យកូនរបស់ខ្លួនចូលលេងដែរ។ ឪពុកម្តាយខ្លះត្រូវការពេលដើម្បីទទួលយកការសម្រេចចិត្តចូលក្នុងក្រុមរបស់កូនស្រីខ្លួន។ ប៉ុន្តែចុងបញ្ចប់ ពួកគេយល់ហើយទទួលស្គាល់ទាំងអស់គ្នា។
ទំនាក់ទំនងរបស់គ្រូបង្វឹកសុវណ្ណ និងកូនក្រុម ក៏ជាមូលហេតុដែលធ្វើឱ្យក្រុមនេះមានភាពជោគជ័យរយៈពេលវែងផងដែរ។
សុវណ្ណបានប្រាប់ថា៖ «ទំនាក់ទំនងរវាងខ្ញុំនិងកីឡាករមានភាពស្និតស្នាលខ្លាំង។ ពេលខ្លះខ្ញុំគ្រាន់តែស្តីបន្ទោសនិងស្រែកបន្តិច ពួកគេនឹងដឹងថាខ្ញុំចង់បានអ្វី។»
នេះមិនមែនកើតឡើងតែក្នុងទីលានប្រកួតប៉ុណ្ណោះទេ វាកើតឡើងនៅខាងក្រៅដែរ។ កីឡាករ ធាវីរៀបរាប់ពីពេល ដែលសុវណ្ណលើកទឹកចិត្តគាត់ឱ្យត្រឡប់ទៅរៀនវិញ ហើយប្រឡងបញ្ចប់ នៅពេលដែលគាត់បោះបង់ចោលការសិក្សាថា៖ «ខ្ញុំអរគុណ ហើយគោរពគាត់ណាស់។ គាត់គឺជាមនុស្សម្នាក់ដែលខ្ញុំយកជាគំរូ។»
សុខឡាយ មកពីខេត្តពោធិ៍សាត់ដើម្បីចូលរួមក្រុមនេះ។ នាងប្រាប់ថា៖ «ខ្ញុំចង់មកលេងក្នុងក្រុមនេះដោយសារខ្ញុំទុកចិត្តសុវណ្ណ។ គាត់យកចិត្តទុកដាក់ចំពោះកូនក្រុមណាស់ ហើយគាត់តែងតែមើលថែពួកយើង។»
ក្រុមបាល់ទាត់នេះមិនមែនគ្រាន់តែជានិមិត្តរូបនៃភាពចម្រុះនោះទេ ពួកគេមានភាពប្រកួតប្រជែងខ្ពស់ផងដែរ។ ក្រុមបាល់ទាត់នេះតែងតែហ្វឹកហាត់ទៀងទាត់ ជាមួយវត្តមានរបស់គ្រូបង្វឹក។ ពួកគេចូលរួមប្រកួតជាមួយក្រុមយុវជន និង ក្រុមបាល់ទាត់ដទៃទូទាំងប្រទេស។ ពួកគេធ្លាប់ប្រកួតជាមួយក្រុមបាល់ទាត់ស្ត្រីអាជីព គឺក្រុម Phnom Penh Crown។ តាំងពីឆ្នាំ២០០៩មក ក្រុមនេះបានទទួលពាន៥ដង មេដាយមាស២៥ដង តំណែងសំរិទ្ធ៥ដង និង ស្បែកជើងមាស១ដង។ ពួកគេធ្លាប់ចូលរួមការប្រកួតថ្នាក់ជាតិធំៗចំនួន២ដង ក្នុងឆ្នាំ២០១៦ម្តង និង២០១៨ម្តង។
សុវណ្ណបាននិយាយថា៖ «ជ័យជំនះ និងពានគឺជាគោលដៅចម្បងរបស់យើង។ ពេលដែលពួកគេឈានជើងចូលក្នុងទីលាន ពួកគេតែងតែមានចិត្តចង់ឈ្នះ។ ពួកសុទ្ធតែជាអ្នកឈ្នះ។»
សុវណ្ណនិយាយថាក្រុមរបស់លោកនឹងបន្តហ្វឹកហាត់ ចែករំលែកភាពរីករាយ និងអភិវឌ្ឍ ក្រោមការដឹកនាំរបស់លោក។
សារៈសំខាន់របស់ក្រុមបាល់ទាត់ស្រ្តីស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសដែលមានវប្បធម៌ចំណាស់នេះ គឺជាអ្វីដែលមិនគួរមើលរំលង ឬប្រមាថឡើយ។ សុវណ្ណនិងអ្នករាល់គ្នាដែលមានចំណែកក្នុងក្រុមបាល់ទាត់នេះគឺជានិមិត្តរូប នៃ ភាពចម្រុះ និង ការទទួលស្គាល់។
សុវណ្ណបានបន្ថែមថា៖ «យើងទាំងអស់គ្នាស្មើគ្នា អ្វីដែលអ្នកស្រឡាញ់ភេទផ្ទុយគ្នាធ្វើ អ្នកស្រឡាញ់ភេទដូចគ្នាអាចធ្វើបានដូចគ្នា។ មនុស្ស២នាក់ គឺមិនដូចគ្នានោះទេ។ យើងត្រូវលើកទឺកចិត្ត អ្នកដែលមានលក្ខណៈប្លែកខុសពីគេ មិនមែនរើសអើងពួកគេនោះទេ។»
ជាមួយនឹងភាពជោគជ័យក្នុងការធ្វើឱ្យមានការទទួលស្គាល់ពីភាពចម្រុះគ្នាសុវណ្ណដែលជាគ្រូបង្វឹកបង្គោលរបស់ ក្រុមបាត់ទាត់ស្ត្រីអាយុក្រោម២១ឆ្នាំក្នុងខេត្តកំពង់ឆ្នាំង សង្ឃឹមថា ទង្វើរបស់ខ្លួន នឹងមានអ្នកយកទៅអនុវត្តបន្ត តាមខេត្តផ្សេងៗទៀត ទូទាំងប្រទេស។
សុវណ្ណបានបន្ថែមជាចុងក្រោយថា៖ «តើយើងគួរតែបិទភ្នែក ធ្វើមើលមិនឃើញ នៅពេលយើងឃើញមានការរើសអើងដែរឬទេ? ចម្លើយគឺ យើងមិនត្រូវបិទភ្នែកទេ។ យើងគួរតែជួយលើកតម្កើងពួកគេ។ មនុស្សរាល់គ្នាត្រូវតែយល់ថា ទោះជាយើងមាននិន្នាការភេទខុសគ្នាយ៉ាងណាក៏ដោយ។ យើងគឺជាមនុស្សដូចគ្នា។ យើងគួរតែរួបរួមហើយជួយគ្នាដើម្បីរស់នៅដោយតុល្យភាព និងសន្តិភាព។»
ក្លឹបបាល់ទាត់ផ្កាឈូក ជាភាពយន្តឯកសារឆ្លុះបញ្ចាំងអំពីក្រុមបាត់ទាត់ស្ត្រីអាយុក្រោម២១ឆ្នាំក្នុងខេត្តកំពង់ឆ្នាំង នឹងចេញផ្សាយក្នុងឆ្នាំ២០២១។ ខ្សែភាពយន្តនេះនឹងរាយរាប់អំពីដំណើរដើមទងរបស់កីឡាករក្នុងក្រុមទាំងក្នុងនិងក្រៅទីលានប្រកួត។ ព័ត៌មានបន្ថែមអំពីគម្រោង សូមចុចទីនេះ