សំរាមចោលលើដី ប៉ុន្តែហេតុអ្វីយើងត្រូវខ្វាយខ្វល់ដល់ទន្លេ និងសមុទ្រ? បញ្ជ្រាបការយល់ដឹងអំពីបញ្ហាសំរាម គឺជាចំណុចស្នូល ក្នុងការផ្លាស់ប្តូរឥរិយាបថសង្គម ចំពោះការវេចខ្ចប់ និងការចោលសំរាមនៅកម្ពុជា។ ទិវាសំអាតពិភពលោក ត្រូវបានគេមើលឃើញថានឹងជាសកម្មភាពគំរូ ជំរុញឱ្យមនុស្ស មានទំនួលខុសត្រូវចំពោះបញ្ហាសំរាម។ ជួបជាមួយលោក នូ សុវណ្ណ តំណាងទិវាសំអាតនៅកម្ពុជា អំពីគម្រោងផែនការសកម្មភាពសំអាត ក្នុងឆ្នាំ២០២១នេះ។
ប្លាស្ទិក មិនរលាយទៅក្នុងដីងាយៗក្នុងរយៈពេលខ្លីនោះទេ។ ស្ទើរគ្រប់ប្លាស្ទិកដែលបានផលិតទាំងប៉ុន្មានកន្លងមក នៅតែមានវត្តមាននៅលើពិភពលោកយើងដដែល។ គ្រាន់តែវាមិនស្ថិតនៅក្នុងទម្រង់ និងកន្លែងដើមទាំងស្រុងនោះទេ ព្រោះខ្យល់ និងជាពិសេសភ្លៀង បានពាំនាំប្លាស្ទិកទាំងនោះ ពីកន្លែងដែលមនុស្សបោះចោល ចូលទៅក្នុងសមុទ្រ ឬទន្លេនានា។
ការមិនយកចិត្តទុកដាក់ខ្ពស់ពីបុគ្គលម្នាក់ៗ ជាមួយគ្នានឹងការមិនមានវិធានការដែលល្អនិងប្រសិទ្ធិភាព លើការគ្រប់គ្រងសំរាម ជាពិសេសលើសំរាមប្លាស្ទិក គឺជាកត្តាដែលបង្ករឱ្យប្លាស្ទិកប្រមាណជាង ៨លានតោន ធ្លាក់ចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ។
វត្តមានរបស់ប្លាស្ទិកគ្រប់ទម្រង់នៅក្នុង ទន្លេ និងសមុទ្រកាន់តែច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ បាន បង្ករឱ្យមានការបំពុលយ៉ាងធ្ងន់ធ្ងរ ដល់ជីវចម្រុះដែលអាស្រ័យផលក្នុងសមុទ្រ ក៏ដូចជាមនុស្សម្នា ដែលរស់នៅជាប់ទឹក និងមនុស្សទាំងអស់ដែលប្រើប្រាស់ទឹកដើម្បីបរិភោគ ឬចម្អិនអាហារផងដែរ។
យោងតាម របាយការណ៍របស់អង្គការ UNESCO សត្វសមុទ្រប្រមាណ ១លាន ក្បាល ដែលក្នុងនោះរួមមាន ថនិកសត្វ ត្រីចម្រុះនានា ត្រីឆ្លាម សត្វអណ្តើក និងបក្សីត្រូវបានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ក្រោយការលេប ឬត្រួវបានរុំព័ទ្ធដោយសំរាមប្លាស្ទិកលើផ្ទៃ និងក្នុងសមុទ្រផ្ទាល់។
ការប្រយុទ្ធប្រឆាំង ក៏ដូចជាទប់ស្កាត់នឹងសំរាមទាំងឡាយ ក៏ដូចជាប្លាស្ទិកដែលបង្ករឱ្យមានបញ្ហាបរិស្ថាននេះ ចាំបាច់ត្រូវការ ការចូលរួមពីប្រជាជនគ្រប់មជ្ឍដ្ឋានទាំងអស់ ទោះតិចឬច្រើនក្តី។ ហើយ ចំណុចចាប់ផ្តើមដ៏ល្អបំផុត គឺការផ្លាស់ប្តូរឥរិយាបថលើការវិចខ្ចប់ និងបោះចោលសំរាម ផ្តើមចេញពីថ្នាក់ក្រោមទៅលើ គឺកម្រិតបុគ្គល ទៅសង្គម។
ទិវាសំអាតពិភពលោកត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០១៨ ដោយអង្គការ LET’S DO IT WORLD ដែលមានទីតាំងនៅប្រទេស អ៉េស្តូរណៀ (Estonia)។ ការបង្កើតព្រឹត្តិការណ៍នេះ ភ្ជាប់មកជាមួយនឹងការជឿជាក់ថា បុគ្គលគ្រប់រូប អាចធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានដល់សហគមន៍ ក៏ដូចជាប្រទេសខ្លួនឯងទាក់ទងនឹងបញ្ហាសំរាម។
ហើយបច្ចុប្បន្ននេះ ទិវាសំអាតនេះបានក្លាយជាចលនាពិភពលោកមួយ ដែលមនុស្សរាប់លាន នាក់ចូលរួមធ្វើសកម្មភាពសំអាតជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា។
ដូចគ្នាដែរ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលប្រារព្ធទិវាសំអាតពិភពលោកនេះឡើង តាំងពីការបង្កើតក្នុងឆ្នាំដំបូង។ ដោយមានលោក នូ សុវណ្ណ ជាតំណាង ទិវាសំអាតនៅកម្ពុជា និងជានាយកប្រចាំតំបន់អាសុី ប្រចាំអង្គការ LET’S DO IT WORLD។ ហើយ បច្ចុប្បន្ននេះ ទិវាសំអាតនៅកម្ពុជា បានក្លាយទៅជាគម្រោងមួយរបស់អង្គការក្នុងស្រុក សំអាត ទន្លេសមុទ្រ (River Ocean Clean Up) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ធ្វើការលើបរិស្ថាន ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងបញ្ច្រាបការយល់ដឹងក្នុងចំណោមប្រជាជន អំពីបញ្ហាសំរាម។ លោក សុវណ្ណ ក៏មានតួរនាទីជាប្រធានប្រតិបត្តិប្រចាំអង្គការនេះ។
Focus បានធ្វើបទសម្ភាសន៍ជាមួយលោក សុវណ្ណ ដើម្បីស្វែងយល់បន្ថែមពីសកម្មភាពឆ្នាំនេះផ្ទាល់ ក៏ដូចជាបញ្ហាផ្សេងៗដែលកំពុងកើតមានឡើងនៅតាមទន្លេ និងសមុទ្រ និង ភាពចាំបាច់នៃការចូលរួមពីយុវជនកម្ពុជា ក្នុងសកម្មភាពសំអាតនេះ។
១ តើប្រទេសកម្ពុជាចាប់ផ្តើមប្រារព្ធទិវារសំអាតពិភពលោកតាំងពីពេលណាមក? តើសកម្មភាពឆ្នាំនេះ នឹងប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ?
យើងបានចាប់ផ្តើមប្រារព្ធទិវានេះឡើងដំបូងតាំងពីឆ្នាំ២០១៨មកម្លះ។ ក្រោមការសហការជាមួយ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាតក្រោមក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជន (ស.ស.យ.ក) និង ក្រសួងបរិស្ថាន។
សម្រាប់ទិវាសំអាតក្នុងឆ្នាំនេះ ដោយសារស្ថានភាពកូវីដ ទិវាសំអាតឆ្នាំនេះនឹងធ្វើឡើងដដែល ប៉ុន្តែធ្វើខុសពីឆ្នាំមុនៗ។ ឆ្នាំនេះ យើងផ្តោតសំខាន់លើការលើកកម្ពស់ ធ្វើយ៉ាងណាឱ្យមានការ រើស និងរៀបចំសម្អាតសំរាមឱ្យត្រឹមត្រូវចាប់ផ្តើមពីប្រជាជនតាមផ្ទះរបស់ពួកគាត់រៀងៗខ្លួននៅថ្ងៃ១៨នេះ។ ព្រោះវិធីនេះ គឺមានសុវត្ថិភាពដល់បងប្អូន ហើយអ្នកណាក៏អាចចូលរួមបានដែរ។
បច្ចុប្បន្ននេះ ក្រសួង និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិកំពុងធ្វើការសិក្សាបន្ថែម ហើយនឹងរៀបចំធ្វើជាវីដេអូ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងសំអាតបរិវេនផ្ទះ និងសហមគមន៍របស់ពួគគាត់នៅថ្ងៃទី១៨ ខាងមុខនេះ។
ដោយសារបញ្ហាធនធានបន្តិចបន្តួច យើងមិនមានជាវេទិការដែលចូលរួមដោយវាគ្មិននោះទេ។ ប៉ុន្តែ យើងនឹងមានការប្រមូលផ្តុំគ្នាតូចមួយក្នុងទីក្រុងភ្នំពេញ ដើម្បីរើសសំរាមនៅតំបន់មាត់ទន្លេ និងសួនច្បារតេជោមាស តេជោយត ដែលគោរពតាមគោលការណ៍ការពាររបស់រាជរដ្ឋាភិបាល។
២ តើលោកបានសង្កេតឃើញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនខ្មែរ លើសកម្មភាពសំអាតទីក្រុង ទន្លេ ឬ សមុទ្រនេះដែរឬទេ?
តាមអ្វីដែលខ្ញុំមើលឃើញផ្ទាល់ មានអ្នករអ៊ូពីបញ្ហាសំរាមច្រើនអ្នកចូលរួម នៅពេលដែលយើងបង្កើតឱ្យមានសកម្មភាពម្តងៗ។ ភាគច្រើនគាត់មិនសូវចាប់អារម្មណ៍នោះទេ។ ក៏ប៉ុន្តែ យើងនៅតែខិតខំធ្វើបន្តិចម្តងៗ ព្រោះយើងដឹងច្បាស់ថាការផ្លាស់ប្តូរឥរិយាបថ គឺជារឿងពិបាក។ ហើយ យើងដឹងយ៉ាងច្បាស់ថា ចម្លើយមួយដើម្បីដោះស្រាយបញ្ហាសំរាមនេះ គឺការធ្វើឱ្យប្រជាជនយល់ពីមូលហេតុ និងចាប់ផ្តើមយល់ថាវាជាទំនួលខុសត្រូវសង្គម។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមើលឃើញថា មានប្រជាជនជាច្រើន បានចាប់ផ្តើមបើកទូលាយចំពោះសកម្មភាពសំអាត ហើយចាប់ផ្តើមទទួលខុសត្រូវលើសំរាមរបស់ខ្លួនច្រើនជាងមុន។ ជាពិសេស ប្រជាជននៅក្នុងទីក្រុងភ្នំពេញ។
៣ ផ្អែកតាមការសង្កេតរបស់លោក តើក្រុមអាយុមួយណាហើយ ពេលចូលរួមច្រើនជាងគេ? ហើយពួកគាត់មាន ឥរិយាបថយ៉ាងដូចម្តេចនៅពេលចូលរួម?
ចំពោះក្រុមអាយុ ខ្ញុំឃើញថាពួកគាត់ភាគស្ថិតនៅក្នុងក្រុមអាយុពី ១៥ ទៅ ៤៥ឆ្នាំ។ ហើយក្នុងចំណោមនេះ ផ្ទាល់ប្រសិនបើច្រើនជាងគេ គឺមនុស្សដែលស្ថិតក្នុងចន្លោះអាយុ ១៧ ទៅ២៥ឆ្នាំ។ ពេលចូលរួម ខ្ញុំគិតថា ពួកគាត់មានទស្សនៈវិស័យដូចគ្នាមួយ គីការចង់ធ្វើឱ្យប្រទេសគាត់ស្អាត។ មួយវិញទៀត ពួកគាត់មានចិត្តចង់ផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋពិតប្រាកដមែន។ ក្នុងនេះ ដែលមានអ្នកចូលរួមមួយចំនួនមើលឃើញថាការចូលរួមសកម្មភាពសំអាតនេះជាឪកាស ឱ្យពួកគាត់ស្គាល់មនុស្សដែលយល់ឃើញដូចគ្នា ទាំងខ្មែរទាំងបរទេសបានច្រើនជាងមុន ។ ដែល អាចឈានដល់ការធ្វើការជាមួយគ្នាក្នុងថ្ងៃអនាគតជាដើម។
៤ ហេតុអ្វីបានជាការចូលរួមទិវាសំអាត ក៏ដូចជាសកម្មភាពសំអាតផ្សេងៗមានសារៈសំខាន់ចំពោះយុវជន?
ការផ្លាស់ប្តូរឥរិយាបថសង្គម មានភាពលំបាក និងស្មុគស្មាញ។ ដូចនេះ វាទាមទារឱ្យមានការចូលរួមជាលក្ខណៈសង្គម តាំងពីប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ប្រមុខរដ្ឋាភិបាល និង ជាពិសេស គឺយុវជន។
យុវជន គឺជាបុគ្គលដែលចាប់ផ្តើមដឹងខុសដឹងត្រូវ។ ហើយ ក្មេងដែលមានអាយុតិចជាងយុវជនទាំងនោះ ភាគច្រើនគោរពពួកគាត់ ព្រោះគាត់ជាអ្នកចេះដឹងនឹងជាសិស្សច្បងដល់ក្មេងៗជំនាន់ក្រោយ។ ពួកគាត់ជាកម្លាំងស្នូល។ ពួកគាត់មានទាំងកម្លាំងកាយ និង ឥទ្ធិពលក្នុងការផ្សព្វផ្សាយបន្ត។ ដូចនេះ យុវជនមានតួរនាទីសំខាន់ ។ ក្នុងនោះ ពួកគាត់អាចចុះទៅសហគមន៍ដើម្បីបង្រៀនបន្ត។ ប្រសិនបើយើងមានយុវវ័យចូលរួមកាន់តែច្រើនក្នុងការងារបរិស្ថាននេះ។ ខ្ញុំគិតថា បញ្ហានេះនឹងត្រូវបានដោះស្រាយមួយកម្រិតធំ។
សកម្មភាពរបស់យើងខុសប្លែកគ្នារវាងកម្មវិធីសំអាត ដែលធ្វើឡើងដោយសាលា និងក្រុមតូចៗ ត្រង់ថា យើងធ្វើការជាលក្ខណៈប្រទេស។ បញ្ហាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ វាជារឿងរបស់សកលលោកទាំងមូល។ ដូចនេះ ហើយទើបយើងចង់គៀងគរមនុស្ស និងជាពិសេសយុវជនឱ្យចូលរួមយ៉ាងសរស្រាក់សរស្រាំនៅក្នុងការងារនេះ ព្រោះយុវជនកម្ពុជាមានចំនួនលើសពី៥លាននាក់។ ប្រសិនពួកគាត់ទាំងអស់គ្នាចូលរួម។ ខ្ញុំជឿជាក់ថាប្រទេស ទន្លេ និង សមុទ្ររបស់យើងនឹងស្អាត និងមានអនាម័យកាន់តែឆាប់រហ័សមួយកម្រិតទៀត។
៥ ក្រៅពីការចូលរួមទិវាសំអាត ក៏ដូចជាសកម្មភាពសំអាតផ្សេងៗទៀត តើយុវជនអាចធ្វើអ្វីខ្លះដើម្បីចូលរួមចំណែកដល់បញ្ហាសំរាមនេះ?
ក្រៅពីការចូលរួមកម្មវិធីសំអាតនានា យុវជនអាចចូលរួមធ្វើសកម្មភាពជាច្រើនទៀតដើម្បីចូលរួមដោះស្រាយបញ្ហាសំរាមនេះ។ សកម្មភាពមួយចម្បង គឺការផ្សព្វផ្សាយបន្តដើម្បីទប់ស្កាត់។ មួយវិញទៀត ពួកគាត់អាចចុះឈ្មោះជាអ្នកស័គ្រចិត្ត ឬសមាជិកក្នុងអង្គការរបស់យើង។ ព្រោះ យើងត្រូវការតំណាងនៅទូទាំងប្រទេសទាំងអស់ សម្រាប់ដើរតួរជា យុវជនដឹកនាំ (Youth Leader)។ លើសពីនេះ យើងក៏ផ្តល់ឱកាសឱ្យគាត់សរសេរអត្ថបទ ឬ មាតិការ (Content) ផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ដែលនឹងយកមកបង្ហោះក្នុងគេហទំព័ររបស់យើងផងដែរ។
៦ ក្នុងនាមលោកជាអ្នកធ្វើការក្នុងវិស័យបរិស្ថាន តើបច្ចុប្បន្ននេះ នៅតាមទន្លេនិងសមុទ្រក្នុងប្រទេសកម្ពុជា មានបញ្ហាអ្វីខ្លះដែលយុវជនគួរតែដឹងឮ?
កង្វះការយល់ដឹង និង ការអនុវត្តច្បាប់ ធ្វើឱ្យប្រជាជនដែលរស់នៅតាមទន្លេ និងសមុទ្រ នៅបន្តបោះសំរាមចោលដោយសេរីជាច្រើនឆ្នាំមកហើយ។ ការធ្វើបែបនេះបង្ករជាការបំពុលយ៉ាងខ្លាំងដល់ទឹកទន្លេ និងសមុទ្ររបស់យើង។ យើងចង់ឱ្យយុវជនឃើញថានេះជាបញ្ហាដ៏ធំមួយ ដែលកំពុងយាយីទន្លេ និងសមុទ្ររបស់យើង។ ហើយ អ្វីដែលពួកគាត់អាចធ្វើបាន ដើម្បីជួយដោះស្រាយ គឺការចូលរួមសកម្មភាពសំអាតផ្សេងៗ ការផ្សព្វផ្សាយបន្ត និងការបង្កើតជាគម្រោងផ្សេងៗ ដើម្បីឱ្យមនុស្សកាន់តែច្រើនឡើងៗបានដឹងឮពីបញ្ហានេះ៕