ការសិក្សាថ្មីមួយបានរកឃើញថា ការបរិភោគយ៉ាអួ(Yoghurt) ជាប្រចាំ អាចជួយកាត់បន្ថយកម្រិតសម្ពាធឈាម សម្រាប់អ្នកដែលមានជំងឺលើសឈាម។
ការយកចិត្តទុកដាក់ចំពោះសុខភាព គឺមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់វ័យ។ តួយ៉ាង ដូចជាការបង្កើតទម្លាប់ទទួលអាហារណា ដែលមិនប៉ះពាល់សុខភាព គឺជាចំណុចចាប់ផ្តើមល្អមួយ។
យ៉ាអួ ជាអាហារមួយដែលអ្នកគួរពិចារណាយកមកទទួលទាន វាជាផលិតផលចេញពីទឹកដោះគោស្រស់ ដែលមានសារៈប្រយោជន៍ជាច្រើនចំពោះសុខភាព។ យ៉ាអួមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ តែវាជាឱសថមួយនៅក្នុងផ្ទះ ដែលអាចជួយកាត់បន្ថយកម្រិតសម្ពាធឈាម សម្រាប់អ្នកដែលមានជំងឺលើសឈាម និងមនុស្សវ័យចំណាស់ផងដែរ។
ជំងឺសរសៃឈាមបេះដូងត្រូវបានគេដឹងថា ជាមូលហេតុចម្បងនៃការស្លាប់ទូទាំងពិភពលោក។ នៅទូទាំងពិភពលោក មនុស្សជាងមួយពាន់លាននាក់ទទួលរងពីជំងឺលើសឈាម ដែលនាំឲ្យពួកគេប្រឈមមុខខ្ពស់នៃជំងឺសរសៃឈាមបេះដូងដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។
មនុស្សម្នាក់បានស្លាប់ពីជំងឺសរសៃឈាមបេះដូងជារៀងរាល់៣៦វិនាទីនៅ សហរដ្ឋអាមេរិកនិង១២នាទីម្តងនៅ ប្រទេសអូស្រ្តាលី។
វេជ្ជបណ្ឌិតAlexandra Wade និយាយថា ការសិក្សានេះផ្តល់នូវភស្តុតាងថ្មីដែលភ្ជាប់រវាងការបរិភោគយ៉ាអួ ជាមួយនឹងលទ្ធផលក្នុងការបន្ថយសម្ពាធឈាមសម្រាប់អ្នកមានសម្ពាធឈាមខ្ពស់។ តើអ្នកដឹងទេថា ការបរិភោគយ៉ាអួប្រភេទណា ទើបល្អចំពោះសុខភាព?
វិធីសាស្រ្តក្នុងការសិក្សាស្រាវជ្រាវ
ការសិក្សាមួយរបស់អ្នកជំនាញផ្នែកសុខភាពមកពីសាកលវិទ្យាល័យSouth Australia និងសាកលវិទ្យាល័យMaine។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងក្នុងចំណោមមនុស្សពេញវ័យចំនួន៩១៥នាក់ ដោយធ្វើការសាកសួរអំពីទម្លាប់ក្នុងការបរិភោគយ៉ាអួរបស់ពួកគេ។ ជាទូទៅ សម្រាប់សម្ពាធឈាម អាចសន្មត់ថាមានកំរិតខ្ពស់គឺវាស្ថិតនៅក្នុងកម្រិត ធំជាងឬស្មើនឹង ១៤០/៩០ mmHg រីឯសម្ពាធឈាមធម្មតាគឺតិចជាង ១២០/៨០ mmHg។
លទ្ធផលពីការសិក្សាស្រាវជ្រាវ
ចំពោះអាហារដែលមានសារជាតិទឹកដោះគោ ជាពិសេសយ៉ាអួ មានសមត្ថភាពក្នុងការកាត់បន្ថយសម្ពាធឈាម។ អាហារដែលមានសារជាតិទឹកដោះគោ មានផ្ទុកនូវមីក្រូសារជាតិជាច្រើន រួមមានកាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម ដែលសារធាតុទាំងនេះមានសមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធឈាមផងដែរ។ ម្យ៉ាងទៀត យ៉ាអួមានផ្ទុកនូវបាក់តេរីមួយប្រភេទ ដែលជួយជម្រុញការបញ្ចេញប្រូតេអ៉ីន ក្នុងការបន្ថយសម្ពាធឈាម។
ការសិក្សាក៏បានបង្ហាញផងដែរថា ទោះបីជាអ្នកបរិភោគយ៉ាអួក្នុងបរិមាណតិចតួចក៏ដោយ វានៅ តែមានសមត្ថភាពក្នុងការកាត់បន្ថយសម្ពាធឈាមបានដូចគ្នា ហើយសម្រាប់អ្នកដែលទទួលទានយ៉ាអួជាប្រចាំ ត្រូវបានឲ្យដឹងថា មានសម្ពាធឈាមទាបជាងអ្នកដែលមិនញ៉ាំយ៉ាអួ ប្រមាណ៧ភាពរយ។
គួរបញ្ជក់ផងដែរថា ក្នុងមួយថ្ងៃលោកអ្នកអាចបរិភោគយ៉ាអួ ពីមួយទៅពីរពែង ហើយវាគួរតែជាយ៉ាអួដែលមិនមានជាតិស្ករ ឬមិនធ្វើអោយលោកអ្នកធាត់(low-fat)។
ការបង្កើតទម្លាប់ក្នុងការបរិភោគយ៉ាអួជាប្រចាំ មានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់វ័យ ទាំងយុវវ័យ និង មនុស្សចាស់។