អបអរសាទរទិវាយុវជនអន្តរជាតិ២០២១! មកស្គាល់ក្រុមយុវជន ដែលកំពុងដំណើរការវេទិកា Politikoffee ក្នុងគោលបំណងថែរក្សាវប្បធម៌នៃការពិភាក្សានៅកម្ពុជាទាំងអស់គ្នា។
ប្រហែលជាខុសពីយុវជនមួយចំនួន ដែលស្ថិតក្នុងជំនាន់តែមួយ សម្បត្តិ គឺជាយុវជនមួយរូប ដែលចូលចិត្តចំណាយពេល ចូលរួមសកម្មភាពសង្គម ជាពិសេសជាពិភាក្សាវែកញែកជុំវិញប្រធាន សង្គមនយោបាយ (Socio-Political) សេដ្ឋកិច្ច និង បញ្ហាផ្សេងៗទៀតដែលសង្គមកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រឈមមុខក្នុងពេលបច្ចុប្បន្ន និងអាចនឹងប្រឈមមុខនាពេលអនាគតផងដែរ។
មួយផ្នែក នៃការជម្រុញទឹកចិត្ត គឺជំនាញសិក្សាកម្រិតសាកលវិទ្យាល័យរបស់ខ្លួន។
សព្វថ្ងៃនេះ យុវជន ងុិល សម្បត្តិ វ័យ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសា្រស្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។ ទន្ទឹមនឹងទំនួលខុសត្រូវក្នុងនាមជានិស្សិតមួយរូប សម្បត្តិ ជាមួយនឹង យុវជន៣ រូបទៀតក៏ជាអ្នកដំណើរការវេទិកា Politikoffee (កាហ្វេនយោបាយ) ក្នុងពេលបច្ចុប្បន្ន ក្រោមតំណែង «អ្នកដឹកនាំជំនាន់ទី៤» (Generation Leader)។ សម្បតិ្ត ក៏កំពុងធ្វើជាជំនួយការអ្នកគ្រប់គ្រងគម្រោងហាត់ការ (Project Assistant Intern) នៃគម្រោងមួយរបស់កាហ្វេនយោបាយហៅថា Youth Engagement in Accountable and Gender Responsive Public Service (ការចូលរួមរបស់យុវជន ក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវនិងសមភាពយេនឌ័រ) ដែលគាំទ្រដោយអង្គការតម្លាភាព (Transparency International Cambodia) ផងដែរ។
សម្បត្តិ ចាប់ផ្តើមចូលរួមវេទិការបស់កាហ្វេនយោបាយក្នុងឆ្នាំ២០១៨ កាលពីពេលដែលខ្លួននៅជានិស្សិតឆ្នាំទី២ ក្នុងនាមជាអ្នកចូលរួមធម្មតាម្នាក់។ កត្តាដែលធ្វើឱ្យសម្បត្តិចង់ចូលរួមនៅពេលនោះ គឺចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក្នុងការជជែកលើបញ្ហាសង្គម និងការចង់ចេះចង់ដឹងបន្ថែមពីសង្គម ដើម្បីជាជំនួយដល់ការសិក្សារបស់ខ្លួនផ្ទាល់។
ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និង ការផ្តល់ឱកាសឱ្យខ្លួនបានស្តាប់ ក៏ដូចជាការបង្ហាញជុំវិញប្រធានបទចម្រុះនេះ ធ្វើឱ្យសម្បត្តិចូលរួមវេទិកាកាហ្វេនយោបាយជារៀងរាល់សប្ដាហ៍ចាប់ពីពេលនោះមក។
សម្បត្តិបានបន្ថែមថា៖ «ភាពចម្រុះនៃប្រធានបទពិភាក្សា [នៅកាហ្វេនយោបាយ] ជាមូលហេតុដែលធ្វើឱ្យខ្ញុំសម្រេចចិត្តចូលរួមជារៀងរាល់សប្តាហ៍។ ក្នុងនោះមានដូចជា នយោបាយ សេដ្ឋកិច្ច បរិស្ថាន សិទ្ធិមនុស្ស និងវិស័យផ្សេងទៀត។ ខ្ញុំទទួលបាននូវអ្វីដែលថ្មី ហើយសំខាន់ដើម្បីពង្រីកចំណេះដឹងផ្ទាល់ខ្លួន និង ក្នុងការសិក្សារបស់ខ្ញុំ។ ម្យ៉ាងទៀតជាទូទៅ ខ្ញុំមិនគិតថាមានកន្លែងច្រើននោះទេ ដែលផ្តល់សេរីភាពក្នុងការពិភាក្សាបែបនេះ។ សូម្បីតែនៅក្នុងសាលាក៏ដោយ។ ព្រោះយើងនិយាយតែពីប្រធានបទសម្រាប់មុខវិជ្ជានីមួយៗប៉ុណ្ណោះ។»
ក្រៅពីចូលរួមវេទិកាជារៀងរាល់សប្តាហ៍ សម្បត្តិក៏បានចូលរួមក្នុង ការបោះតង់យុវជនរបស់កាហ្វេនយោបាយ (Politikoffee Youth Camp) ក្នុងឆ្នាំ២០១៨ដែរ។ ការបោះតង់នេះ បានធ្វើឱ្យក្រុមការងាររបស់កាហ្វេនយោបាយ ស្គាល់សម្បត្តិច្រើនជាងមុន។ បន្ទាប់មកក្នុងខែកុម្ភៈ ឆ្នាំ២០២០ សម្បត្តិត្រូវបានចាត់តាំងជាអ្នកដឹកនាំជំនាន់ទី៤ ឬសមាជិកស្នូលរបស់កាហ្វេនយោបាយ ដោយអ្នកដឹកនាំជំនាន់ទី៣។
ការងារនៅកាហ្វេនយោបាយជាការងារស្ម័គ្រចិត្តទាំងស្រុង។ អ្នកដឹកនាំក្នុងជំនាន់នីមួយៗ មានសិទ្ធិក្នុងការលាលែងពីមុខងារនៅពេលដែលខ្លួនចាប់ផ្តើមមមាញឹកខ្លាំងក្នុងការសិក្សា ឬការងារប្រចាំរបស់ខ្លួន។ នៅពេលសម្រេចចិត្តចុះពីតំណែង អ្នកដឹកនាំប្រចាំជំនាន់នីមួយៗ មានកាតព្វកិច្ចក្នុងការជ្រើសរើសអ្នកបន្តតំណែងរបស់ខ្លួន ដើម្បីដំណើរការវេទិកាកាហ្វេនយោបាយបន្ត ក៏ដូចជាបន្តថែរក្សាវប្បធម៌នៃការពិភាក្សានៅកម្ពុជាផងដែរ។
ការជ្រើសរើស មិនមានការសម្ភាសន៍ ឬការសរសេរសំណេរអ្វីនោះទេ។ សម្បត្តិបានប្រាប់ថា លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសផ្តោតសំខាន់លើ ភាពសកម្មពេលចូលរួមវេទិការបស់បុគ្គលម្នាក់ៗ ចំនួនដងដែលអ្នកធ្លាប់ចូលរួមជជែកពិភាក្សាជាមួយកាហ្វេនយោបាយ និងថាតើអ្នកមានពេលទំនេរ និងការប្តេជ្ញាចិត្ត ក្នុងការដំណើរការវេទិកាជារៀងរាល់សប្តាហ៍ដែរឬទេ។
ការចូលរួមជាមួយកាហ្វេនយោបាយ បានធ្វើឱ្យសម្បត្តិមើលឃើញពីការផ្លាស់ប្តូរវិជ្ជមានជាច្រើន ចំពោះខ្លួនឯងផ្ទាល់។ សម្បត្តិបានប្រាប់ថា៖ «ការចូលរួមជាមួយកាហ្វេនយោបាយផ្តល់ឱកាសឱ្យរៀនសូត្របានច្រើន ព្រោះយើងពិភាក្សាពីប្រធានបទថ្មីៗជារៀងរាល់សប្តាហ៍។ ម្យ៉ាងទៀត គឺធ្វើឱ្យខ្ញុំចេះត្រិះរិះពិចារណាសុីជម្រៅ ហើយអាចបញ្ចេញមតិធំទូលាយ ហើយគ្រប់ជ្រុងជាងមុន។»
វេទិកាកាហ្វេនយោបាយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយលោកអ៊ូ រិទ្ធី និងសហស្ថាបនិកដទៃទៀត ក្រោយពេលឃើញពីកង្វះខាតក្នុងវប្បធម៌ពិភាក្សាវែកញែក ជុំវិញប្រធានបទសំខាន់ៗក្នុងសង្គម។ មួយវិញទៀត គឺការស្រឡាញ់ និងជឿជាក់ពីឥទ្ធិពលនៃការពិភាក្សា ថាអាចជម្រុញឱ្យមានសកម្មភាពបន្ត ឱ្យមានការផ្លាស់ប្តូរវិជ្ជមាន ក្នុងសង្គម។ ម្យ៉ាងទៀត វេទិកាជជែកពិភាក្សាវែកញែកបែបនេះ ក៏ជាអត្តសញ្ញាណមួយ នៃសង្គមប្រជាធិបតេយ្យផងដែរ។
សម្បត្តិបានប្រាប់ពីដើមទងរបស់កាហ្វេនយោបាយថា លោកអ៊ូ រិទ្ធី មានគំនិតចង់ផ្ដួចផ្ដើមវេទិកានេះឡើង នៅពេលខ្លួនបានទៅបន្តការសិក្សាជំនាញវិទ្យាសាស្រ្តនយោបាយ នៅប្រទេសឥណ្ឌា។ ហើយ ឃើញមានការពិភាក្សាជាសាធារណៈ លើបញ្ហាសង្គមដោយយុវជនឥណ្ឌា។
ឈ្មោះរបស់វេទិកា គឺជាការបូករួមពាក្យថា «កាហ្វេ» និង «នយោបាយ»។ ជាទូទៅ តុកាហ្វេជាកន្លែង ដែលខ្មែរយើងជុំគ្នា អានកាសែត និងជជែកគ្នាពីនេះពីនោះក្នុងសង្គម ដែលក្នុងនោះរួមមានប្រធានបទនយោបាយផងដែរ។ ការដាក់ឈ្មោះដូចនេះ ក៏ចង់បង្វែរការជួបជុំដែលមានគ្រឿងស្រវឹង មកជាការជួបជុំដើម្បីជជែករឿងមានប្រយោជន៍ហើយមិនមានគ្រឿងស្រវឹងវិញ។
កាហ្វេនយោបាយ គឺជាវេទិកាប្រចាំសប្តាហ៍ ដែលដើមឡើយ ធ្វើឡើងជារៀងរាល់រសៀលថ្ងៃសៅរ៍ នៅការិយាល័យរបស់មូលនិធិ Konrad-Adenauer-Stiftung Cambodia (KAS)។ ប៉ុន្តែ វេទិកាត្រូវបានផ្លាស់ប្តូរទៅជាការពិភាក្សាអនឡាញក្នុងកម្មវិធី Zoomវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
តាមរយៈវេទិកាប្រចាំសប្តាហ៍នេះ អ្នកចូលរួមមានឱកាសក្នុងការស្តាប់វាគ្មិន ដែលជាអ្នកជំនាញក្នុងប្រធានបទនីមួយៗ និងបញ្ចេញមតិឆ្លើយឆ្លង លើប្រធានបទផ្សេងៗដូចជា នយោបាយ ប្រវត្តិសាស្រ្ត ទំនាក់ទំនងអន្តរជាតិ គោលនយោបាយសាធារណៈ សេដ្ឋកិច្ច និ បញ្ហាសង្គមនានា។ កាហ្វេនយោបាយ លើកទឹកចិត្តឱ្យអ្នកចូលរួមបញ្ចេញមតិ ក៏ដូចជាការយល់ឃើញរបស់ខ្លួនជុំវិញបញ្ហាទាំងអស់នេះ ព្រោះនៅក្នុងការពិភាក្សានោះ មិនមានការប្រកាន់ខុស ឬត្រូវនោះទេ។
ក្រៅពីវេទិកាប្រចាំសប្តាហ៍នេះផ្ទាល់ កាហ្វេនយោបាយក៏បានបង្កើតជាការដេញដោលមតិ ជុំវិញប្រធានបទសំខាន់ៗក្នុងសង្គមផងដែរ។ ទន្ទឹមនឹងនេះ កាហ្វេនយោបាយ ក៏បានបង្កើតជា សំណេរបញ្ចេញមតិក្នុងគេហទំព័ររបស់ខ្លួន (Opinion) ដើម្បីលើកស្ទួយការពិភាក្សាដោយបើកចំហ បន្ថែមមួយកម្រិតទៀត ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ យុវជនមានឱកាសបញ្ចេញមតិរបស់ខ្លួន លើប្រធានទាក់ទងនឹងសង្គមដែលខ្លួនចាប់អារម្មណ៍ និងចែករំលែកដល់សាធារណជនតាមរយៈការសរសេរ។
សម្បត្តិ បានឱ្យដឹងក្នុងបទសម្ភាសន៍រវាង Focus ថាសំណេរបែបបញ្ចេញមតិចំនួន២ នឹងត្រូវបានចេញផ្សាយ លើគេហទំព័ររបស់កាហ្វេនយោបាយជារៀងរាល់សប្តាហ៍។ សម្បត្តិបានបន្ថែមទៀតថា តាមរយៈ ការសរសេរបែបបញ្ចេញមតិនេះ យុវជនមានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពក្នុងការសរសេរ ស្រាវជ្រាវ អាន និងពង្រឹងការត្រិះរិះពិចារណារបស់ខ្លួនបន្ថែម។ ហើយ រាល់ការសរសេរទាំងអស់ នឹងត្រូវបានពិនិត្យដោយក្រុមការងារកាហ្វេនយោបាយ មុននឹងចេញផ្សាយជាសាធារណៈ។
សម្រាប់ ទំនួលខុសត្រូវជាអ្នកដឹកនាំជំនាន់ទទី៤ ឬសមាជិកស្នូលរបស់កាហ្វេនយោបាយ ជារៀលរាល់សប្តាហ៍ សម្បត្តិ និងសមាជិកស្នូល៣រូបទៀត ជាអ្នករៀបចំ និង ដំណើរការវេទិកាកាហ្វេនយោបាយទាំងមូល ក្នុងពេលសព្វថ្ងៃនេះ។ តួនាទីចម្បងរបស់ពួកគេ គឺរិះរកប្រធានបទមកពិភាក្សា ស្វែងរកវាគ្មិនដែលមានជំនាញទាក់ទងនឹងប្រធាននោះ ក៏ដូចជាធ្វើការទាក់ទងអញ្ជើញវាគ្មិន និង ធ្វើជាអ្នកសម្របសម្រួល និងអ្នកសង្ខេបព័ត៌មាន នៅពេលដំណើរការវេទិកាប្រចាំសប្តាហ៍នោះ។
សម្បត្តិបានលើកឡើងថា ការស្វែងរកប្រធានបទថ្មី ដែលទាក់ទាញ ហើយមានសារៈសំខាន់ជារៀងរាល់សប្តាហ៍ គឺជារឿងដ៏លំបាកមួយ សម្រាប់ខ្លួននិងសមាជិកស្នូលដទៃទៀត។ ប៉ុន្តែលក្ខណៈវិនិច្ឆ័យសំខាន់ ២ ដែលសមាជិកកាហ្វេនយោបាយយកមកគិត មុនពេលសម្រេចចិត្តជ្រើសរើសប្រធានបទប្រចាំសប្តាហ៍នីមួយៗនោះ គឺ ប្រធានបទដែលប្រជាជនកំពុងផ្តោតអារម្មណ៍លើ (Trendy Topic)។ ឧទាហរណ៍ ជ្រុងនានានៃជំងឺកូវីដ១៩ ដូចជា សេដ្ឋកិច្ច អប់រំ និង នយោបាយជាដើម។ លក្ខណៈវិនិច្ឆ័យ មួយទៀត គឺប្រធានបទដែលមិនទាន់មានការជជែកសោះ ក្នុងបណ្តាញសង្គម ដើម្បីបង្កើតឱ្យមានការចាប់អារម្មណ៍លើប្រធានបទនោះច្រើនជាងមុន ជាក់ស្តែងដូចជា បញ្ហាទន្លេមេគង្គ។
គិតតាំងពីពេលចាប់ដំណើរការដំបូងមកដល់បច្ចុប្បន្ននេះ វេទិកាកាហ្វេនយោបាយ បានពិភាក្សាលើប្រធាន លើសពី២០០រួចមកហើយ។ លើសពីនេះ ការពិភាក្សាទាំងនោះ ត្រូវបានចូលរួមដោយវាគ្មិន ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងការពិភាក្សានីមួយៗ មានអ្នកចូលរួម ដោយមានការចុះឈ្មោះជាមុន ជាមធ្យម៣០នាក់។
Focus បានសាកសួរទៅសម្បត្តិដើម្បី ចង់ដឹងពីជំហររបស់ខ្លួន លើមតិដែលលើកឡើងថា៖ «យុវជនកម្ពុជាមិនខ្វាយខ្វល់ពីបញ្ហាសង្គម»។ ជាជាងការមិនអើពើលើបញ្ហាសង្គម អ្នកដឹកនាំជំនាន់ទី៤នៃវេទិកាកាហ្វេនយោបាយរូបនេះ មើលឃើញថា៖ «យុវជនមិនទាន់ហ៊ាន និងការមិនទាន់ឃើញប្រយោជន៍នៃការចូលរួមពិភាក្សាបែបនេះ។ ហើយម្យ៉ាងវិញទៀត គឺទម្លាប់របស់យុវជនកម្ពុជាតែម្តង។ ពួកគាត់មិនទាន់មានទម្លាប់ក្នុងការតស៊ូមតិ និងពិភាក្សានៅឡើយទេ។ ហើយ ការបង្តើតឱ្យវប្បធម៌ពិភាក្សា ក៏ដូចជាជជែកសន្ទនា និងការតស៊ូមតិបែបប្រជាធិបតេយ្យ [ដើម្បី] ឱ្យ ក្លាយទៅជារឿងធម្មតាមួយក្នុងសង្គមកម្ពុជា គឺជា និង នៅតែជាគោលដៅរបស់ Politikoffee»។
ក្នុងនាមជាអ្នកដឹកនាំជំនាន់ទី៤ម្នាក់ សម្បត្តិបានឱ្យដឹងថា ខ្លួននិងសមាជិកស្នូលបច្ចុប្បន្ន នឹងព្យាយាមធ្វើឱ្យការជ្រើសរើសអ្នកដឹកនាំកាហ្វេនយោបាយក្នុងថ្ងៃអនាគត មានលក្ខណៈបើកចំហជាងមុន ដើម្បីផ្តល់ឱកាសឱ្យយុវជនដែលមានចំណាប់អារម្មណ៍លើការជជែកពិភាក្សា មានឱកាសបានក្រេបយកចំណេះដឹងពីវេទិកាដ៏មានសារៈសំខាន់មួយនេះ៕