តើអ្វីទៅជាការអប់រំបរិយាបន្ន? តើអ្នកដែលធ្លាប់ធ្វើការងារលើវិស័យនេះផ្តល់ទស្សនៈបែបណាចំពោះការអប់រំបរិយាបន្ននៅកម្ពុជា?

ការអប់រំបរិយាបន្ន សំដៅលើការដោះស្រាយ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្សេងៗគ្នារបស់បុគ្គល និងក្រុមនានាតាមរយៈការលើកកម្ពស់ការចូលរួមក្នុងការសិក្សា វប្បធម៌ និងសហគមន៍។ ការអប់រំបរិយាបន្នមានគោលបំណងក្នុងការកាត់បន្ថយ និងលុបបំបាត់ការបំភ្លេចចោល ឬផាត់ចេញពីប្រព័ន្ធអប់រំ។ ដើម្បីអនុវត្តការអប់រំប្រភេទនេះ ទាមទារឱ្យមានការផ្លាស់ប្ដូរ និងកែសម្រួលខ្លឹមសារមេរៀន យុទ្ធវិធី និងយុទ្ធសាស្ត្រដើម្បីបញ្ចូលជនគ្រប់រូបទៅក្នុងប្រព័ន្ធអប់រំ។
អង្គការយូណេស្កូ (UNESCO) ឱ្យនិយមន័យការអប់រំបរិយាបន្នថាគឺជាវិធីសាស្ត្រសកម្មនៃការឆ្លើយតបដោយវិជ្ជមានទៅកាន់ភាពចម្រុះគ្នានៃកុមារ និងការមើលឃើញភាពខុសគ្នារបស់កុមារមិនមែនជាបញ្ហា ប៉ុន្តែជាឱកាសសម្រាប់ធ្វើឱ្យការសិក្សាមានភាពប្រសើរឡើង។
ចំណែកពាក្យថាថ្នាក់អប់រំបរិយាបន្ន គឺជាការដាក់បញ្ចូលកុមារទាំងអស់ឱ្យទទួលបានការផ្ដល់នូវចំណេះដឹងជាមួយគ្នាទាំងក្នុង និងក្រៅប្រព័ន្ធ ដោយមិនមានការបែងចែកឬរើសអើងកាយសម្បទា បញ្ញាសម្បទា ភេទ អត្តចរិត ពណ៌សម្បុរ សាសនា ស្ថានភាពសង្គម និងលក្ខណៈខុសគ្នាផ្សេងៗទៀត។
លោក បុត្រ វិមាន អ្នកគ្រប់គ្រងគម្រោងរបស់មូលនិធិកុមារពិការកម្ពុជា បានឱ្យដឹងថា កម្ពុជាទើបតែចាប់ផ្តើមប្រើប្រាស់ពាក្យថា “ការអប់រំបរិយាបន្ន” នេះនៅក្នុងឆ្នាំ២០១៨ ទេ។ លោកថាមុនពេលនោះគេប្រើប្រាស់ពាក្យផ្សេងដើម្បីសំដៅលើការអប់រំទម្រង់នេះ។
លោកបានប្រាប់ថា៖ «ប្រទេសកម្ពុជាយើងមានការអប់រំបែបនេះតាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ ក៏ប៉ុន្តែកាលនោះគេមិនហៅថាការអប់រំបរិយាបន្នទេ។ ដំបូងយើងហៅថា ការអប់រំសម្រាប់កុមារពិការ។ បន្ទាប់មកទៀតគេហៅថា ការអប់រំបញ្ចូលគ្នា។ បន្ទាប់មកទៀតទើបគេហៅថា ការអប់រំបរិយាបន្ន ដូចសព្វថ្ងៃនេះ»។
អង្គការគ្រួសារថ្មី ដែលជាអង្គការក្នុងស្រុកធ្លាប់បានធ្វើការទៅលើការផ្សព្វផ្សាយ និងបង្កើតធនធានមនុស្សទាក់ទងនឹងការអប់រំពិសេសផ្ដោតសំខាន់ទៅលើកុមារពិការភ្នែក និង គ ថ្លង់ បានបង្កើតឱ្យមានសាលាអប់រំពិសេសក្នុងប្រទេសកម្ពុជាចំនួន ៥សាលា។ នៅក្នុងទីក្រុងភ្នំពេញ ២ និងនៅតាមបណ្តាខេត្តចំនួន ៣សាលា។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អង្គការបានផ្ទេរសាលាទាំងនោះទៅឱ្យក្រសួងអប់រំជាអ្នកគ្រប់គ្រង។
លោក ជួរ ដារ៉ុង នាយកប្រតិបត្តិរបស់អង្គការគ្រួសារថ្មី បានឱ្យដឹងថា ការផ្ទេរនេះបានធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយសារនិន្នាការពិភពលោកផ្លាស់ប្ដូរពីពាក្យការអប់រំពិសេស មកជាពាក្យការអប់រំបរិយាបន្ន។
លោកបានប្រាប់ឱ្យដឹងថា៖ «ពាក្យថាអប់រំបរិយាបន្នមានវិសាលភាពធំធេងណាស់ ដែលវាធ្វើឱ្យមានការលំបាកសម្រាប់អង្គការនៅក្នុងការអនុវត្ត ទើបយើងផ្ទេរទៅឱ្យក្រសួងអប់រំ យុវជន និងកីឡាជាអ្នកកាន់កាប់»។
ក្នុងឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានកែសម្រួលគោលនយោបាយស្ដីពីការអប់រំកុមារពិការចែងនៅក្នុងឆ្នាំ២០០៨ ឱ្យក្លាយទៅជា “គោលនយោបាយស្ដីពីការអប់រំបរិយាបន្ន”។ គោលបំណងនៃគោលនយោបាយនេះ គឺដើម្បីបណ្តុះបណ្តាលការអប់រំដល់ជនស្ថិតក្នុងសេចក្តីត្រូវការពិសេសឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញ ដើម្បីក្លាយជាសមាជិកសកម្ម និងអាចរស់នៅបានក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។
ក៏ប៉ុន្តែដើម្បីអនុវត្តការអប់រំបរិយាបន្នប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាព យើងត្រូវការធនធានមនុស្សដែលមានសមត្ថភាពបណ្តុះបណ្តាលខ្ពស់។
លោក វិមាន អ្នកគ្រប់គ្រងគម្រោងរបស់មូលនិធិកុមារពិការកម្ពុជា បានលើកឡើងថា កម្ពុជាមានគោលនយោបាយគ្រប់គ្រាន់ ក៏ប៉ុន្តែការអនុវត្តរបស់យើងនៅមានកម្រិតនៅឡើយ ជាពិសេសគឺបញ្ហាធនធានមនុស្ស។
លោកកត់សម្គាល់ថា៖ «ដោយហេតុថានៅក្នុងក្រសួងអប់រំមានតែការិយាល័យអប់រំពិសេស មិនមានជាដេប៉ាតឺម៉ង់ ដូចនេះវិសាលភាពស្ថិតនៅក្នុងកម្រិតទាបតាមនោះដែរ។ អ្វីដែលយើងមាន គឺគោលនយោបាយ ប៉ុន្តែការអនុវត្តក្នុងសហគមន៍ និងក្នុងសាលានៅមានកម្រិត។ យើងមិនទាន់មានធនធានមនុស្សច្រើនទាក់ទងនឹងអ្នកដែលគាត់មានជំនាញអប់រំបែបបរិយាបន្ន ជាពិសេសអ្នកអប់រំកុមារដែលគាត់មានបញ្ហាសតិបញ្ញា»។
លោក ដារ៉ុង យល់ឃើញដូចគ្នាដែរថា កម្ពុជាខ្វះធនធានមនុស្សដែលមានសមត្ថភាពក្នុងការបង្រៀនបែបបរិយាបន្ននេះ។
លោកបានថ្លែងថា៖ «តាមបទពិសោធន៍ធ្វើការលើវិស័យនេះអស់ជាងរយៈពេល ៥ឆ្នាំ ខ្ញុំអាចនិយាយបានថា យើងមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយទេ។ ប៉ុន្តែខ្ញុំដឹងយ៉ាងច្បាស់ថាវាត្រូវការពេលយូរដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ហើយក្រសួងបាននិងកំពុងធ្វើការទៅលើបញ្ហានេះតាមរយៈការបង្កើតឱ្យមានវិទ្យាស្ថានអប់រំពិសេស»។
តើគួរធ្វើដូចម្តេចដើម្បីបង្កើនចំនួនគ្រូអប់រំបរិយាបន្នក្នុងប្រទេសកម្ពុជា?
ដើម្បីលើកម្ពស់ក៏ដូចជាធ្វើឱ្យប្រាកដថាគ្រូបង្រៀនថ្នាក់អប់រំបរិយាបន្នមានសមត្ថភាពក្នុងការបង្រៀន កន្លងមកក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ (UNICEF) និងអង្គការគ្រួសារថ្មី បានបង្កើតវគ្គបណ្តុះបណ្តាលមួយពាក់ព័ន្ធទៅនឹងការអប់រំបរិយាបន្នជូនដល់គ្រូ ដែលក្នុងនោះផ្ដោតសំខាន់លើការបង្រៀនកុមារពិការភ្នែក និងមានបញ្ហាក្នុងការស្តាប់។
លោក ដារ៉ុង បានប្រាប់ថា៖ «តាមរយៈវគ្គបណ្តុះបណ្តាលរបស់អង្គការគ្រួសារថ្មីកន្លងមក យើងបានបង្កើតឱ្យមានគ្រូអប់រំពិសេសប្រហែលជាង ១៩០នាក់។ ប៉ុន្តែនេះជាទិន្នន័យពីមុនមក។ ខ្ញុំគិតថាក្រសួងអប់រំទើបមានទិន្នន័យបច្ចុប្បន្ន ព្រោះយើងបានផ្ទេរវាទៅឱ្យក្រសួងកាន់កាប់»។
លោក វិមាន គិតថាការផ្តល់ជាវគ្គបណ្តុះបណ្តាលអាចជួយបានច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេក្នុងការលើកទឹកចិត្តឱ្យមានគ្រូបង្រៀនបែបបរិយាបន្នច្រើនជាងមុននោះ គឺការផ្សព្វផ្សាយដើម្បីផ្លាស់ប្ដូរការគិតរបស់ប្រជាជន។
លោកបានថ្លែងថា៖ «ប្រជាជនខ្មែរភាគច្រើនមើលជនពិការជាបន្ទុក។ ដូចនេះ ពេលខ្លះឪពុកម្តាយមិនលើកទឹកចិត្តឱ្យកូនរបស់ខ្លួនធ្វើជាគ្រូបង្រៀនសិស្សពិការ ឬសិស្សដែលមានតម្រូវការពិសេសនោះទេ។ ខ្ញុំគិតថាការផ្សព្វផ្សាយអាចផ្លាស់ប្ដូរការគិតបែបនេះបាន។»។
លោកបានបន្ថែមទៀតថា៖ «ការលើកទឹកចិត្តដោយការឱ្យប្រាក់បៀវត្សរ៍បន្ថែមក៏ជាកត្តាជំរុញមួយផងដែរ ពីព្រោះគ្រូបង្រៀនបែបបរិយាបន្នត្រូវមានភាពអត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់ជាងគ្រូបង្រៀនទូទៅ»។
លោក ដារ៉ុង យល់ឃើញថា៖ «ការលើកទឹកចិត្តដោយការឱ្យប្រាក់បៀវត្សរ៍បន្ថែម គឺជារឿងល្អមួយ ក៏ប៉ុន្តែដើម្បីឱ្យពួកគាត់អត់ធន់ក្នុងការបង្រៀនបែបនេះបានយូរ ទាមទារឱ្យពួកគាត់ស្រឡាញ់ចូលចិត្តការបង្រៀនបែបនេះដោយខ្លួនឯងដែរ»។
Focus មិនអាចសុំការបំភ្លឺបន្ថែមពីក្រសួងអប់រំ យុវជន និងកីឡាបានទេចំពោះបញ្ហាពាក់ព័ន្ធនឹងការអប់រំបរិយាបន្ននេះ។
ទោះជាយ៉ាងណា លោក ដារ៉ុង មានសំណូមពរថាជាជាងការប្រជែងគ្នាដោយការបើកជាវគ្គបណ្តុះបណ្តាលតាមអង្គការពាក់ព័ន្ធមួយចំនួនអំពីការអប់រំបរិយាបន្ន អង្គការទាំងនោះគួរតែរួមដៃគ្នាជាមួយក្រសួងអប់រំ ដើម្បីរុញច្រានការអប់រំបែបនេះ ក៏ដូចជាបង្កើនធនធានមនុស្សក្នុងវិស័យនេះជាមួយគ្នា៕