ឈ្វេងយល់អំពីកម្មវិធីប្រើប្រាស់អនឡាញផ្សេងៗដើម្បីទទួលបានបទពិសោធន៍ល្អប្រសើរជាងមុនពីការធ្វើការពីផ្ទះដែលល្អ និងស័ក្តិសមនឹងអ្នក។
បច្ចេកវិទ្យានិងប្រព័ន្ធអ៊ីនធឺណិតមានតួនាទីក្នុងការជួយសម្របសម្រួលការរស់នៅរបស់មនុស្ស ទោះបីជាទិដ្ឋភាពខ្លះហាក់ដូចជាផ្ដោតទៅលើផលប៉ះពាល់ជាជាងអត្ថប្រយោជន៍ក៏ដោយ។ គេមិនអាចប្រកែកបាននោះទេថាជីវិតនឹងមានភាពងាយស្រួលជាងមុនដោយសារវត្តមាននៃបណ្ដាញអ៊ីនធឺណិតនិងបច្ចេកវិទ្យាទំនើបផ្សេងៗ ជាពិសេសក្នុងអំឡុងពេលនៃការតម្រូវឱ្យធ្វើការពីផ្ទះសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។
ទោះបីជានៅកម្ពុជា បុគ្គលិកភាគច្រើនហាក់បានវិលត្រឡប់មកធ្វើការនៅក្នុងការិយាល័យជាថ្មីក៏ដោយ វាពិតជាសំខាន់ណាស់ដែលយើងត្រូវឈ្វេងយល់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់កម្មវិធីផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិត។ ការជ្រើសរើសកម្មវិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវសម្រាប់អ្នក និងក្រុមការងាររបស់អ្នក អាចមានភាពលំបាកដោយសារតែភាពសំបូរបែបនៃកម្មវិធីទាំងនេះនៅលើទីផ្សារ។
សម្រាប់ការភ្ជាប់ទំនាក់ទំនងជាក្រុម
កម្មវិធី Microsoft Teams
Microsoft Teams គឺជាកម្មវិធីមួយផ្ដោតលើការភ្ជាប់ទំនាក់ទំនង និងការសហការប្រើប្រាស់សម្រាប់គោលបំណងជាច្រើននៅក្នុងក្រុមការងាររបស់អ្នក។ កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៦ ដែលជាកម្មវិធីចុងក្រោយបង្អស់របស់ក្រុម Software Office 365 សម្រាប់កន្លែងធ្វើការដែលពឹងផ្អែកទៅលើការភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះអាចរួមបញ្ចូលជាមួយសេវាកម្មស្ទើរតែទាំងអស់របស់ Microsoft Office មានដូចជា Word, Excel, PowerPoint, SharePoint, OneNote, Planner, Power BI និង Delve។ លើសពីនេះទៅទៀត វាក៏ផ្តល់ឱ្យអ្នកប្រើប្រាស់នូវការរក្សាផ្ទុកឯកសារ ការផ្ញើសារភ្លាមៗ និងការធ្វើសន្និសីទវីដេអូ (Video Conference) ផងដែរ។ យោងតាមគេហទំព័រ Business Insider កម្មវិធីនេះមានអ្នកប្រើប្រាស់ជាង ៧៥លាននាក់នៅទូទាំងពិភពលោកដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃមានចំនួនជាង ៤៤លាននាក់។
ចំណុចខ្លាំង
- កម្មវិធីដែលរួមបញ្ចូលមុខងារការងារគ្រប់យ៉ាង
- ពុំមានការចំណាយបន្ថែមសម្រាប់អ្នកប្រើប្រាស់ Microsoft Office
- មានជម្រើស ឬមុខងារសម្បូរបែបក្នុងការទាក់ទង (GIF or emoticons )
ចំណុចខ្សោយ
- ការប្រើប្រាស់ថ្មច្រើន
- ត្រូវការពេលដំណើរការយូរ / ប្រព័ន្ធអ៊ីនធឺណិតខ្លាំង
- មិនសូវលោតកំណត់សម្គាល់ (Notifications)
កម្មវិធី Slack
Slack គឺជាបណ្ដាញឬក្រុមទំនាក់ទំនងដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់នៅកន្លែងធ្វើការ។ Slack ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយក្រុមហ៊ុន software អាមេរិកឈ្មោះ Slack Technologies ហើយកម្មវិធីនេះត្រូវបានយកប្រើប្រាស់ដោយ ៧៥០.០០០ស្ថាប័ននៅជុំវិញពិភពលោក។ អ្នកប្រើប្រាស់ Slack អាចបង្កើតបណ្ដាញឬក្រុមផ្សេងៗ ផ្ញើសាររវាងគ្នានឹងគ្នា ផ្ញើសារជាក្រុម ចែករំលែកឯកសារនិងបង្កើតកាលវិភាគផែនការនានា។ ទោះបីជាក្រុមហ៊ុន Slack ពុំទាន់បានធ្វើបច្ចុប្បន្នភាពលើអ្នកប្រើប្រាស់សរុបរបស់ខ្លួនក៏ដោយ បើគិតត្រឹមខែតុលា ឆ្នាំ២០១៩ អ្នកប្រើប្រាស់កម្មវិធីនេះប្រចាំថ្ងៃមានប្រហែលជា ១២លាននាក់។
ចំណុចខ្លាំង
- មានតួនាទីកំណត់សម្គាល់ការសន្ទនាទៅលើប្រធានបទជាក់លាក់ណាមួយ
- អាចរួមបញ្ចូលនូវកម្មវិធីផ្សេងៗទៀតបានដូចជា Google Drive and Calendar
- មានលក្ខណៈប្រសើរសម្រាប់អ្នកធ្វើការពីចម្ងាយ
ចំណុចខ្សោយ
- មានប្រវត្តិមិនល្អពាក់ព័ន្ធនឹងសុវត្ថិភាពតាមបណ្ដាញអ៊ីនធឺណិត
- អាចផ្ទុកឯកសារបានតិច
- សារត្រូវបានលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល ១៤ថ្ងៃ
កម្មវិធី Google Chat
Google Chat មានភាពស្រដៀងគ្នាទៅនឹងកម្មវិធីទាំងពីរខាងលើដែរដែលជាកម្មវិធីទំនាក់ទំនងប្រចាំថ្ងៃសម្រាប់ក្រុមការងារ ហើយអាចឱ្យអ្នកប្រើប្រាស់ចូលមើលបានរហ័សទាំងការផ្ញើសារផ្ទាល់ខ្លួន និងការផ្ញើសារជាក្រុម។ លក្ខណៈពិសេសដូចជា GIFs, emojis និងការចែករំលែករូបថតក៏រួមបញ្ចូលនៅលើកម្មវិធីនេះផងដែរ។ កម្មវិធីនេះដែលបំបែកចេញពីកម្មវិធី Hangouts Chat ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ក្នុងឆ្នាំ២០១៧។
ចំណុចខ្លាំង
- ពុំមានការបង់ថវិកាបន្ថែមសម្រាប់អ្នកប្រើប្រាស់កម្មវិធី G Suite
- មានការរួមបញ្ចូលបន្ថែមពិសេសដល់អ្នកប្រើប្រាស់កម្មវិធី G Suite
- អាចស្វែងរកការសន្ទនា ឬកំណត់ត្រាចាស់ៗបាន
ចំណុចខ្សោយ
- អាចចូលរួមបានតាមរយៈការអញ្ជើញតែប៉ុណ្ណោះ
- ពុំអាចតាមដានសារបាន
- មនុស្សភាគច្រើនគិតថាកម្មវិធីនេះមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង Slack
កម្មវិធីផ្សេងៗទៀត
ក្រៅពីកម្មវិធីទាំងបីបានរៀបរាប់ខាងដើមនេះដែលគេប្រើប្រាស់ជាទូទៅសម្រាប់ការភ្ជាប់ទំនាក់ទំនងជាក្រុម យើងក៏មានជម្រើសជាច្រើនទៀតផងដែរដូចជា Facebook Workplace, Telegram, LINE, WhatsApp និងViberជាដើម។
សម្រាប់ការប្រជុំ ឬការធ្វើបទបង្ហាញតាមអ៊ីនធឺណិត
កម្មវិធី Zoom
Zoomគឺជាកម្មវិធីប្រើប្រាស់លើការជជែកតាមវីដេអូដោយឥតគិតថ្លៃដែលគេបង្កើតឡើងក្នុងឆ្នាំ២០១១។ កម្មវិធីនេះបានផ្តល់ជូនទំនាក់ទំនងតាមវីដេអូ និងសេវាកម្មជជែកតាមអ៊ីនធឺណិតដែលស័ក្តិសមសម្រាប់ទាំងកន្លែងធ្វើការ និងសាលារៀន។ កម្មវិធី Zoom បានក្លាយជាកម្មវិធីដ៏ពេញនិយមខ្លាំងមួយសម្រាប់សមត្ថភាពដែលអាចជ្រើសរើសផ្ទៃខាងក្រោយពេលជជែកតាមវីដេអូបាន (Virtual background) ហើយកម្មវិធីនេះត្រូវបានគេប្រើប្រាស់សម្រាប់ការប្រជុំដែលមានប្រហែល ៣០០លានការប្រជុំជារៀងរាល់ថ្ងៃគិតត្រឹមខែមេសា ឆ្នាំ២០២០។
ចំណុចខ្លាំង
- អ្នកចូលរួមអាចមានរហូតទៅដល់ ១០០នាក់ក្នុងការប្រជុំមួយដោយប្រើប្រាស់គម្រោងឥតគិតថ្លៃ
- ភ្ជាប់នូវលក្ខណៈពិសេសៗបន្ថែមទៀតដូចជាអាចជ្រើសរើសផ្ទៃខាងក្រោយ និង emojis នៅលើអេក្រង់
- មានការបញ្ជូនសំឡេង និងគុណភាពវីដេអូល្អ
ចំណុចខ្សោយ
- បញ្ហាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត
- អ្នកប្រើប្រាស់អាចដាច់ការភ្ជាប់ទំនាក់ទំនងជារឿយៗក្នុងពេលប្រើប្រាស់
- ពុំមានការរួមបញ្ចូលជាមួយកម្មវិធីប្រើប្រាស់ផ្សេងៗ
កម្មវិធី Google Meet
Google Meet គឺជាវេទិកាទំនាក់ទំនងវីដេអូមួយបង្កើតឡើងដោយក្រុមហ៊ុន Google ដែលជាផ្នែកថ្មីមួយនៃកម្មវិធី Google Hangouts។ កម្មវិធីនេះមិនមានផ្តល់ជូនអ្នកប្រើប្រាស់ដោយឥតគិតថ្លៃនោះទេនៅមុនខែមីនា ឆ្នាំ២០២០ នេះ ប៉ុន្តែបច្ចុប្បន្នកម្មវិធីនេះបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈដោយឥតគិតថ្លៃ។
ចំណុចខ្លាំង
- មានការរួមបញ្ចូលកម្មវិធីរបស់ Google ផ្សេងៗទៀត
- ពុំតម្រូវឱ្យមានការទាញយកមកប្រើប្រាស់ (download)
- អាចចែករំលែកឯកសារផ្សេងៗបានតាមរយៈការសន្ទនា (chat)
ចំណុចខ្សោយ
- មានភាពលំបាកក្នុងការសម្គាល់តួនាទី (Dashboards) បើប្រៀបធៀបទៅនឹងកម្មវិធី Zoom
- អាចប្រើប្រាស់បានជាមួយកម្មវិធី Google Chrome
- មនុស្សតែម្នាក់គត់អាចចែករំលែកអេក្រង់ (share screen) ទៅឱ្យអ្នកដទៃឃើញបាន
កម្មវិធី Skype
Skype គឺជាកម្មវិធីទាក់ទងមួយដែលផ្តល់ការជជែកតាមវីដេអូ និងការផ្ញើសារភ្លាមៗរវាងអ្នកប្រើប្រាស់រួមទាំងការជជែកមួយទល់នឹងមួយ និងការជជែកជាក្រុមលើប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Skype Communications S.a.r.l. កាលពីឆ្នាំ២០០៣។
ចំណុចខ្លាំង
- មានសំឡេងច្បាស់ល្អ
- រួមបញ្ចូលជាមួយ Facebook
- មានការប្រើប្រាស់ងាយស្រួលដល់អ្នកប្រើប្រាស់
ចំណុចខ្សោយ
- គាំងជារឿយៗ
- គុណភាពនៃការហៅមិនសូវល្អពេលមានអ្នកចូលរួមច្រើនក្នុងការប្រជុំជាក្រុម
- បញ្ហាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត
ការចែករំលែកឯកសារ
កម្មវិធី Google Drive
កម្មវិធីផ្ទុកឯកសារ Google Drive អាចឱ្យអ្នកចែករំលែកឯកសារដែលបានរក្សាទុកនៅលើអ៊ីនធឺណិតជាមួយមិត្ត ឬក្រុមការងាររបស់អ្នក។ Google Drive ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ក្នុងឆ្នាំ២០១២ ហើយអ្នកប្រើប្រាស់កម្មវិធីនេះអាចធ្វើការចែករំលែកឯកសារ ឬធ្វើការក្នុងពេលទន្ទឹមគ្នាតាមរយៈ Google docs, Google sheets និងGoogle slides។ ជាមួយគ្នានេះដែរ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួនក្នុងការចែករំលែកឯកសារ វីដេអូ និងរូបភាពផ្សេងៗបានគ្រប់ពេល និងគ្រប់ទីកន្លែងដោយពុំចាំបាច់ជួបផ្ទាល់ជាមួយម្ចាស់ឯកសារ។
ចំណុចខ្លាំង
- អាចចែករំលែកឯកសារប្រភេទផ្សេងៗបានដូចជាវីដេអូ រូបភាព និងឯកសារជាដើម
- អាចរក្សាទុកឯកសារបានត្រឹម ១៥GB នៅលើបណ្ដាញអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ
- អាចត្រួតពិនិត្យការផ្លាស់ប្ដូរក្នុងពេលទន្ទឹមគ្នា (real-time tracking) និងរក្សាទុកឯកសារបានដោយខ្លួនឯង (auto save)
ចំណុចខ្សោយ
- បានសម្រាប់តែអ្នកប្រើប្រាស់ Gmail តែប៉ុណ្ណោះ
- ត្រូវការអ៊ីនធឺណិតខ្លាំង
- ព្រួយបារម្ភទាក់ទិននឹងបញ្ហាសុវត្ថិភាព
កម្មវិធី Wetransfer
Wetransfer គឺជាកម្មវិធីសម្រាប់ការផ្ញើឯកសារតាមអ៊ីនធឺណិតដែលបង្កើតឡើងដោយក្រុមហ៊ុន We Transfer B.V នៅឆ្នាំ២០០៩។ កម្មវិធីនេះប្រើ Amazon Simple Storage Service ដែលគេស្គាល់ថាជាកម្មវិធី Amazon S3 ដើម្បីផ្ទុក និងចែករំលែកឯកសារផ្សេងៗ។ គេអាចប្រើប្រាស់កម្មវិធីនេះដោយឥតបង់ប្រាក់ក្នុងការផ្ញើឯកសារដែលមានទំហំរហូតទៅដល់ ២GB ដោយប្រើអាសយដ្ឋានអ៊ីមែល (E-mail) ទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត។
ចំណុចខ្លាំង
- អាចចែករំលែកឯកសារជាមួយអ្នកប្រើប្រាស់ ២ ឬ ៣នាក់នៅក្នុងពេលតែមួយ
- អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកឯកសារទំហំធំ
- អាចដាក់រូបភាពនៅខាងក្រោយបានក្នុងកម្មវិធី (background image)
ចំណុចខ្សោយ
- បញ្ហាសុវត្ថិភាព
- តំណភ្ជាប់ទាញយក (download link) នឹងផុតកំណត់ក្នុងអំឡុងពេលមួយសបា្តហ៍
- ងាយស្រួលក្នុងការប្រើប្រាស់តែនៅលើកុំព្យូទ័រ
កម្មវិធី Dropbox
Dropbox គឺជាកម្មវិធីរក្សាទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែក និងចម្លងឯកសារទៅក្នុងឧបករណ៍មួយទៀត (sync files)។ កម្មវិធីនេះត្រូវបានគេដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០៧ ដោយក្រុមហ៊ុន Dropbox., Inc ហើយកម្មវិធី Dropbox ទទួលបានពានរង្វាន់ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះសម្រាប់ដំណើរការ និងលក្ខណៈពិសេសរបស់កម្មវិធីនេះ។
ចំណុចខ្លាំង
- អាចផ្ទុកទិន្នន័យបានរហូតទៅដល់ពី ២ ទៅ ១៦GB
- មានការទាញយកឯកសារវិញបានភ្លាមៗបន្ទាប់ពីបានលុបចោល
- មានតួនាទីអាចស្វែងរកកំណត់ត្រាពីមុនបានលឿន
ចំណុចខ្សោយ
- ការទិញបន្ថែមទំហំផ្ទុកមានតម្លៃខ្ពស់
- តម្រូវការធ្វើបច្ចុប្បន្នភាពជាញឹកញាប់លើទូរស័ព្ទដៃ
- បញ្ហាសុវត្ថិភាព៕