ប្រជាជនខ្មែរដែលជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុដោយសារបាត់បង់ការងារ និងប្រាក់ចំណូលជាប្រចាំរបស់ខ្លួនក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩នេះ កំពុងប្រឈមមុខនឹងការប៉ះពាល់នូវបញ្ហាសុខភាពផ្លូវចិត្តជាខ្លាំង។
ការរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលអាក្រក់ដល់ផ្នែកសេដ្ឋកិច្ច និងវិស័យសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលទាប ឬមធ្យម ជាពិសេសបុគ្គលដែលជាប់ជំពាក់បំណុលផ្សេងៗផងនោះ ពួកគាត់កំពុងក្លាយជាជនរងគ្រោះនៃជំងឺផ្លូវចិត្តដោយប្រយោល។
យោងទៅតាមទិន្នន័យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅចុងឆ្នាំ២០១៩ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ២លាននាក់កំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងវិស័យមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីធ្វើការសន្សំប្រាក់ និងយកប្រាក់កម្ចីទាំងនោះក្នុងការដោះស្រាយនូវបញ្ហាជីវភាព និងប្រកបអាជីវកម្មផ្សេងៗ។
ជុំវិញបញ្ហានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានបញ្ជាក់ប្រាប់ Focus កាលពីថ្ងៃទី០២ ខែឧសភា កន្លងមកនេះថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋជួបប្រទះនឹងការបាត់បង់ប្រាក់ចំណូលប្រចាំខែ ជាពិសេសការព្រួយបារម្ភក្នុងការដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការសងបំណុលធនាគារ។ គាត់បានមានប្រសាសន៍ថា៖ «នៅពេលដែលកូវីដ១៩បានរីករាលដាលមកដល់ប្រទេសកម្ពុជា ពួកគាត់អត់មានប្រាក់ចំណូលទេ ចឹងហើយគាត់រងនូវផលប៉ះពាល់មួយគឺគាត់ត្រូវរកប្រាក់ដើម្បីសងទៅធនាគារ ហើយធនាគារនៅតែទារពួកគាត់ទាំងការទាំងដើម មានតែធនាគារមួយចំនួនតូចប៉ុណ្ណោះដែលព្រមពន្យារពេល»។
លោក វន់ ពៅ ឱ្យដឹងថា លោកធ្លាប់ទាក់ទង និងសាកសួរពីបញ្ហានេះទៅកាន់ប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះ។ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះរកឃើញដែរថា ភាគច្រើននៃអ្នកកំពុងជួបវិបត្តិហិរញ្ញវត្ថុបានក្លាយជាអ្នករងគ្រោះបញ្ហាផ្លូវចិត្តដោយសារតែពួកគាត់មានការព្រួយបារម្ភខ្លាំងពីការបាត់បង់ប្រាក់ចំណូលប្រចាំខែ និងប្រចាំថ្ងៃ។
លោក វន់ ពៅ និយាយថា៖ «តាមតួលេខអ្នកប៉ះពាល់ផ្លូវចិត្តយើងឃើញថា សម្រាប់អ្នករត់រ៉ឺម៉កអាជីវករអីហ្នឹងវាចូល ៩០% ទៅហើយ អ្នកដែលបានប៉ះពាល់បញ្ហាផ្លូវចិត្តនេះតាមការខ្ញុំបានសាកសួរគាត់»។
លោកកត់សម្គាល់បន្តថា៖ «ទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះដែរ យើងឃើញថាពេលនេះអ្នកជំពាក់លុយធនាគារមួយចំនួន គឺអ្នកខ្លះប្រុងធ្វើឃាតខ្លួនឯងអ៊ីចឹងទៅ ហើយអ្នកខ្លះទៀតអត់ហ៊ានចូលផ្ទះទេ ពីព្រោះគាត់ចូលផ្ទះទៅឃើញធនាគារមកទារលុយគាត់ជារៀងរាល់ថ្ងៃ ហើយបញ្ហាផ្លូវចិត្តមួយទៀត គឺថ្លៃទឹក ថ្លៃភ្លើងនេះ គឺជាបញ្ហាប៉ះពាល់ផ្លូវចិត្តគាត់មួយដែរ ព្រោះកាលណាលើសមួយថ្ងៃពីរថ្ងៃហ្នឹងគេផ្តាច់ទឹកផ្តាច់ភ្លើងគាត់ចោល»។
ជាក់ស្តែង លោក ប៉ាន សុខ អាជីវករលក់ដូរនៅមុខរោងចក្រមួយស្ថិតនៅម្តុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញឱ្យដឹងថា គាត់កំពុងជួបប្រទះការបាត់បង់ចំណូលប្រចាំថ្ងៃធ្ងន់ធ្ងរ។ គាត់រៀបរាប់ទាំងក្រៀមក្រំថា៖ «ចំណូលខ្ញុំបាត់បង់ទាំងស្រុងហ្មងឈរជើងចង់កន្លះខែហើយ ដាច់ដើមដាច់ចុងអស់ហើយ។ ឥឡូវហ្នឹងដូចវាទាល់តែមែនទែនហ្មង រកតែលុយមួយម៉ឺនទិញម្ហូបអត់បានផងរាល់ថ្ងៃហ្នឹង ឥឡូវជិតដល់ថ្លៃផ្ទះគេទៀត ថ្លៃផ្ទះខែប្រាំ (ឧសភា) ហ្នឹងអត់មានលុយឱ្យគេទេ»។
បុរសវ័យ ៤២ឆ្នាំ និងមានសមាជិក ៦នាក់ក្នុងបន្ទុកគ្រួសាររូបនេះ ឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះលោកពុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការចំណាយប្រចាំថ្ងៃ ជាពិសេសត្រូវបង់ប្រាក់សងធនាគារជារៀងរាល់ខែ ហើយបញ្ហាដែលលោកកំពុងជួបប្រទះនេះ វាបានធ្វើឱ្យប៉ះទង្គិចដល់ផ្លូវចិត្តរបស់គាត់ និងក្រុមគ្រួសារជាខ្លាំង។ គាត់បានគូសបញ្ជាក់ថា៖ «បញ្ហាផ្លូវចិត្តអីហ្នឹង វាចេះតែមានហើយ យើងអត់លុយអត់កាក់ ហើយជំពាក់គេមួយគំនរ ហើយចំណូលយើងឥឡូវអត់មានសោះហ្មង ហើយខ្ចីលុយធនាគារគេមកទារព្រឹកល្ងាចទៀត ពិបាកណាស់»។
ចំណែកអ្នកស្រី ឈុន សុភា ដែលកំពុងបម្រើការជាអ្នកសម្របសម្រួលកម្មវិធីសិក្សានៅសាលារៀនឯកជនមួយក្នុងរាជធានីភ្នំពេញ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្លូវអារម្មណ៍ដែលលោកស្រីកំពុងប្រឈមមុខក្នុងពេលសព្វថ្ងៃ។
គាត់បានលើកឡើងថា៖ «នៅពេលដែលបញ្ហាបានកើតឡើង វាធ្វើឱ្យយើងមានអារម្មណ៍ថាតានតឹងពិបាកចិត្តស្រ្តេស (stress) ហើយវាដេកអត់លក់ ព្រោះវាអត់ដឹងថាត្រូវរកលុយយ៉ាងម៉េចសម្រាប់បង់ថ្លៃផ្ទះថ្លៃអី និងការចំណាយខ្លះរបស់កូនយើងអាចកាត់បន្ថយ តែយើងនៅតែត្រូវការលុយដដែលហ្នឹង»។
គួររំលឹកផងដែរថាកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីអំពាវនាវជាថ្មីដើម្បីឱ្យគ្រឹះស្ថានធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុ ជួយសម្រាលបន្ទុកដល់អតិថិជនរបស់ខ្លួន ដោយបន្ធូរបន្ថយសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួនចាប់ពីពេលនេះរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ឆ្លើយតបចំពោះការអំពាវនាវរបស់ធនាគារជាតិនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា សមាជិកភាគច្រើននៃសមាគមសុទ្ធតែបានចូលរួមយ៉ាងសកម្មក្នុងការបន្ធូរបន្ថយ និងរៀបចំឥណទានឡើងវិញជូនដល់អតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ លើកលែងតែសមាជិកមួយចំនួនតូចដែលអតិថិជនគាត់មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយមិនបានស្នើសុំការសម្របសម្រួល។
ទោះជាយ៉ាងណាក៏ដោយ បើតាមលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្កេតឃើញថា មកទល់ពេលនេះមានតែគ្រឹះស្ថានធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុមួយចំនួនតូចប៉ុណ្ណោះដែលបានអនុវត្តតាមសេចក្តីអំពាវនាវនេះ។
និយាយពីបញ្ហាផ្លូវចិត្តវិញ ដើម្បីចូលរួមកាត់បន្ថយបញ្ហានេះគេឃើញមានអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នមួយចំនួនទៀតបានចូលរួមចំណែកផ្តល់នូវសេវាប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងៗទាក់ទងទៅនឹងបញ្ហាផ្លូវចិត្តដោយឥតគិតថ្លៃទៅកាន់អ្នកដែលបានជួបប្រទះបញ្ហានេះ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការសង្គមអន្តរវប្បធម៌កម្ពុជា ហៅកាត់ថា TPO ដែលមានបេសកកម្មផ្ដោតលើការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកមានបញ្ហាផ្លូវចិត្ត។ លោកបានផ្តល់ការណែនាំ និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានេះ ដោយលើកទឹកចិត្តឱ្យពលរដ្ឋបង្កើតទម្លាប់ប្រចាំថ្ងៃមួយឱ្យច្បាស់លាស់សម្រាប់ខ្លួនឯង ដូចជា កុំបោះបង់ទម្លាប់ធ្វើការងារប្រចាំថ្ងៃ ត្រូវញ៉ាំអាហារ និងចូលគេងឱ្យទៀងទាត់ពេលវេលា ត្រូវហាត់ប្រាណរាល់ថ្ងៃ ត្រូវចំណាយពេលវេលាសម្រាប់គ្រួសារ និងកុំផ្តាច់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្ដិតាមរយ:ទូរស័ព្ទ ឬហ្វេសប៊ុក ជាដើម។
លោកណែនាំបន្ថែមថា៖ «សូមកុំតាមដានព័ត៌មានស្តីពីកូវីដ១៩ញឹកញាប់ពេក ព្រោះវានឹងបង្កឱ្យមានការភ័យខ្លាចរឹតតែខ្លាំង។ ចូរតាមដានព័ត៌មានដែលមានប្រភពពិត ដូចជាព័ត៌មានរបស់ក្រសួងសុខាភិបាល ឬអង្គការសុខភាពពិភពលោកជាដើម»។
នាយកប្រតិបត្តិអង្គការ TPO រូបនេះទទូចថា ប្រសិនបើពលរដ្ឋមានបញ្ហាតានតឹងផ្លូវអារម្មណ៍ ឬផ្លូវចិត្តផ្សេងៗ ពលរដ្ឋអាចទូរស័ព្ទមកអង្គការ TPO ដែលនឹងមានអ្នកជំនាញផ្តល់ប្រឹក្សាផ្នែកផ្លូវចិត្តតាមទូរស័ព្ទដោយមិនគិតប្រាក់ តាមរយៈលេខ ០១៧ ២២២ ៣៧២ / ០៨៩ ៦៦៦ ៣២៥ / ០៩៧ ៩១១១ ៩១៨៕