តើការសិក្សានៅសាលារៀននឹងប្រែប្រួលទៅជាបែបណាក្រោយរដូវកាលជំងឺកូវីដ១៩? តើដំណោះស្រាយអប់រំតាមរយៈឌីជីថលនៅពេលបច្ចុប្បន្ននេះមានឥទ្ធិពលអ្វីខ្លះលើសិស្សានុសិស្ស?
យោងតាមអង្គការយូណេស្កូ (UNESCO) សិស្សច្រើនជាង ១ពាន់លាននាក់គិតត្រឹមថ្ងៃទី២២ ខែមិថុនា បានរងផលប៉ះពាល់ដោយសារការបិទសាលាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រហែលជា ៦២% នៃចំនួនសិស្សសរុបដែលបានចុះឈ្មោះទទួលការសិក្សានៅជុំវិញពិភពលោក គឺកំពុងបន្តការសិក្សារបស់ពួកគេតាមរយៈមធ្យោបាយឌីជីថល ដូចជាអ៊ីនធឺណិតឬទូរទស្សន៍ជាដើម។ ដោយមានភាពមិនប្រាកដប្រជា ថាតើការសិក្សានៅក្នុងថ្នាក់នឹងចាប់ផ្តើមវិញនៅពេលណានោះ គេគិតថាការការរៀនសូត្រពីចម្ងាយនឹងក្លាយជាបទដ្ឋានទូទៅមួយសម្រាប់អនាគតនាពេលខាងមុខ។
តើនេះមានន័យដូចម្តេចសម្រាប់អនាគតនៃការអប់រំ? តើការរៀនសូត្រនឹងប្រែទៅជាសភាពធម្មតាវិញបានដែរឬទេ?
ក្រសួងអប់រំ យុវជន និងកីឡា ក្នុងប្រទេសកម្ពុជាបានប្រកាសបិទសាលាទាំងអស់ចំនួន ១៣.៣០០សាលា ដែលមានទាំងសាលារដ្ឋ និងសាលាឯកជន កាលពីថ្ងៃទី១៦ ខែមីនា។ ទោះបីជាសាលារដ្ឋមិនសូវមានសមត្ថភាព ឬជំនាញខាងបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីបន្តការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតក៏ដោយ គេឃើញថាក៏មានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាថាសិស្សានុសិស្សពុំបាត់បង់ឱកាសនៃការរៀនសូត្រឡើយ។
ក្រសួងអប់រំសហការជាមួយអង្គការយូនីសេហ្វ (UNICEF) បានចាក់ផ្សាយនូវវីដេអូ និងមេរៀនផ្សេងៗតាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដើម្បីផ្តល់ឱកាសដល់សិស្សទាំងអស់បន្តការសិក្សាដោយខ្លួនឯង ហើយយើងសង្ឃឹមថាឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ក៏ចូលរួមសហការដើម្បីបន្តការសិក្សា និងការអភិវឌ្ឍរបស់កូនៗរបស់ពួកគេនៅក្រៅថ្នាក់រៀនផងដែរ។
ជាពិសេសទៅទៀតនោះ កុមារតូចៗមានលទ្ធភាពទទួលបានការសិក្សាតាមវិទ្យុជាពហុភាសា ដូចជាភាសាទំពួន ភាសាគ្រឹង និងភាសាព្នង ក៏ដូចជាវីដេអូអប់រំចំនួន ២៣ ដែលមាននៅលើវេទិកាផ្សេងៗទៀត។ សម្រាប់ថ្នាក់ខ្ពស់វិញ មានមេរៀនតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ៧០ និងវីដេអូសម្រាប់ការសិក្សាចំនួន ៦៣៣។
អ្នកស្រី ខាថើរីន បេណ្ណែត្ត (Katheryn Bennett) ដែលជាប្រធានផ្នែកអប់រំនៃអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កម្មវិធីវិទ្យុអប់រំជាពហុភាសាមិនត្រឹមតែជួយដោះស្រាយនូវតម្រូវការសិក្សារបស់កុមារមួយចំនួននៅកម្ពុជាដែលងាយទទួលរងការប៉ះពាល់នោះទេ ប៉ុន្តែថែមទាំងអាចផ្តល់នូវសេវាកម្មសិក្សាពីចម្ងាយផ្សេងៗពីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីអង្គការយូនីសេហ្វតាមរយៈការប្រើប្រាស់អ៊ីនធឺណិត និងទូរទស្សន៍ ដែលជាលទ្ធផលកុមាររាប់ពាន់នាក់អាចបន្តការសិក្សារបស់ពួកគេបាន»។
ខណៈដែលក្រសួងអប់រំធានាថាសិស្សានុសិស្សមានលទ្ធភាពក្នុងការទទួលបានធនធាន ដើម្បីឱ្យពួកគេបន្តការសិក្សាបាន សាលារៀនឯកជនបានផ្តល់នូវរបៀបនៃការសិក្សាបន្ថែមទៀតក្នុងអំឡុងពេលដែលតម្រូវឱ្យមានការបិទសាលានេះ។
Focus បានសម្ភាសនាយកសាលាអន្តរជាតិមួយនៅក្នុងទីក្រុងភ្នំពេញ ដោយបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទាំងខ្លួនឯង និងឈ្មោះសាលាក្នុងគោលបំណងចៀសវាងការប៉ះពាល់ដល់ស្ថាប័នអប់រំដទៃទៀតដែលប្រហែលជាមានវិធីសាស្ត្រផ្សេងៗគ្នានៅអំឡុងពេលកូវីដនេះ។
នាយកសាលារូបនោះមានប្រសាសន៍ថា៖ «សាលារបស់យើងបានចាប់ផ្តើមចាត់វិធានការលើវិបត្តិជំងឺកូវីដ១៩ កាលពីចុងខែមករា ដោយពួកយើងបានបង្កើតគណៈកម្មាធិការដើម្បីឆ្លើយតបនឹងវិបត្តិនេះ ហើយបានចាប់ផ្តើមរៀបចំផែនការទាក់ទងនឹងការសិក្សាពីផ្ទះ។ ជាមួយគ្នានេះផងដែរ យើងក៏បានបង្កើតគេហទំព័រមួយដើម្បីជូនដំណឹងទៅកាន់ឪពុកម្តាយ និងអាណាព្យាបាល ហើយបានចាប់ផ្តើមបណ្តុះបណ្តាលគ្រូ និងបុគ្គលិកក្នុងសាលាយើងពីបច្ចេកវិទ្យាដែលចាំបាច់ក្នុងការសិក្សាតាមអ៊ីនធឺណិត។ នាគ្រានោះ គ្រូៗបានធ្វើការជាមួយសិស្សដោយផ្ទាល់ដោយសមពីការភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិតនេះនៅពេលមិនទាន់មានការបញ្ជាឱ្យបិទសាលារៀន»។
សាលាឯកជនអាចអនុវត្តនូវការសិក្សាពីចម្ងាយបាន ដោយសារតែពួកគេមានធនធានច្រើនជាងបើប្រៀបធៀបទៅនឹងសាលារដ្ឋ។
នាយកសាលារូបនេះក៏បានបន្តទៀតថា៖ «នៅពេលទទួលបទបញ្ជាពីក្រសួងអប់រំ យុវជន និងកីឡា ពីការប្តូររបៀបនៃការសិក្សាទៅតាមអ៊ីនធឺណិត យើងបានកំណត់ពេលវេលាមកសាលាសម្រាប់ឪពុកម្តាយនិងសិស្ស ដើម្បីខ្ចីឧបករណ៍និងទទួលនូវសម្ភារដែលសិស្សានុសិស្សត្រូវការដើម្បីបន្តការរៀនសូត្រពីផ្ទះ»។
បន្ថែមពីលើធនធានទាំងនេះដែលជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ស្ថាប័នឯកជនក៏មានធនធានខាងផ្នែកឌីជីថលក្នុងការគ្រប់គ្រងពីរបៀបនៃការសិក្សារបស់ពួកគេ។
នាយកសាលាដដែលបានបន្ថែមទៀតថា៖ «បុគ្គលិករបស់យើងមានសិទ្ធិក្នុងការជ្រើសរើសយកវេទិកាផ្សេងៗដែលផ្តល់ភាពងាយស្រួលដល់ដំណើរការនៃការសិក្សារបស់សិស្សានុសិស្ស ដោយអាស្រ័យទៅតាមមុខវិជ្ជាបង្រៀនរបស់ពួកគេ ព្រមទាំងអាស្រ័យទៅតាមកម្រិតសិក្សាផងដែរ»។
ខណៈដែលមានដំណោះស្រាយលើបញ្ហាការសិក្សាក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ តើនេះជាសូចនាករនៃប្រព័ន្ធអប់រំដែលសិស្សានុសិស្សកំពុងអភិវឌ្ឍ ឬថាតើនេះជាការប្រមើលមើលអនាគតកាលនៃការសិក្សារបស់យើងឬ?
តាំងពីឆ្នាំ១៨០០ មកម៉្លេះ ការរៀនសូត្រពីចម្ងាយត្រូវបានអនុវត្តតាមរយៈសេវាកម្មប្រៃសណីយ៍ ហើយនៅពេលនេះអ៊ីនធឺណិតបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយក្នុងការបង្កើនការអនុវត្តការសិក្សាប្រភេទនេះ ជាពិសេសនៅក្នុងប្រព័ន្ធអប់រំជាន់ខ្ពស់។ ៨% នៃចំនួននិស្សិតមហាវិទ្យាល័យសរុបដែលបានចុះឈ្មោះចូលរៀនវគ្គសិក្សាអនឡាញនៅឆ្នាំ២០០០ ហើយចំនួននេះមានការកើនឡើងរហូតដល់ទៅប្រហែលជា ៣០% នៅឆ្នាំ២០១៣។ ជាមួយគ្នានេះផងដែរ សាកលវិទ្យាល័យធំៗមួយចំនួនថែមទាំងបានផ្តល់សញ្ញាបត្រលើកម្មវិធីសិក្សាអនឡាញសម្រាប់ទាំងនិស្សិតថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ព្រមទាំងថ្នាក់បណ្ឌិតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាតាមប្រព័ន្ធអនឡាញដែលពឹងផ្អែកលើបច្ចេកវិទ្យាក៏អាចផ្តល់នូវគុណវិបត្តិមួយចំនួនផងដែរ។
យោងតាមអត្ថបទរបស់វេជ្ជបណ្ឌិត ប៉ាភា បាវ៉ា (Papia Bawa) ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យ Purdue ក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថា ថ្នាក់អនឡាញមានអត្រាបរាជ័យពី ១០ ទៅ ២០ភាគរយខ្ពស់ជាងការសិក្សាក្នុងថ្នាក់រៀនផ្ទាល់ និងមានអ្នកបោះបង់ការសិក្សាប្រហែលជា ៤០ ទៅ ៨០ភាគរយបើប្រៀបធៀបទៅនឹងការសិក្សាក្នុងថ្នាក់រៀនផ្ទាល់។ មូលហេតុចម្បងដែលនិស្សិតជាច្រើនបានលើកឡើងនោះ គឺថាមកពីកង្វះការចូលរួម និងអក្ខរកម្មឌីជីថលរបស់អ្នកអប់រំ។
តើនេះមានន័យយ៉ាងដូចម្តេចចំពោះសិស្សដែលកំពុងទទួលការសិក្សាពីអ្នកអប់រំដែលមាននៅក្នុងប្រព័ន្ធអប់រំអនឡាញនេះ ដែលតម្រូវឱ្យនៅឆ្ងាយពីសាលារៀន និងមិត្តរួមថ្នាក់?
នៅពេលសិស្សត្រូវបានគេចោទសួរពីការសម្របខ្លួនរបស់ពួកគេទៅនឹងការរៀនសូត្រពីចម្ងាយនេះ នាយកសាលាដែលបានប្រាប់ Focus ខាងដើមបានផ្តល់មតិបន្ថែមទៀតថា៖ «ចម្លើយលើសំណួរនេះ គឺរាងស្មុគស្មាញបន្តិច ហើយទាមទារឱ្យមានការបែកចែករវាងសិស្សកម្រិតទាប និងកម្រិតខ្ពស់។ សិស្សកម្រិតមត្តេយ្យរបស់យើងបានជួបភាពលំបាកជាច្រើនលើការផ្លាស់ប្ដូរនេះ ពីព្រោះវាត្រូវការជំនួយពីឪពុកម្តាយជាប្រចាំ។ បញ្ហាចម្បងនោះគឺឪពុកម្តាយភាគច្រើនត្រូវបំពេញការងារ ឬមិនមានកម្រិតភាសាអង់គ្លេសគ្រប់គ្រាន់ក្នុងការជួយកូនៗរបស់ពួកគេ»។
នាយកសាលាដដែលបន្តថា៖ «ចំណែកឯសិស្សកម្រិតខ្ពស់វិញជាមួយនឹងការចាប់អារម្មណ៍ និងភាពស៊ាំទៅនឹងបច្ចេកវិទ្យាស្រាប់ បានធ្វើឱ្យមានភាពងាយស្រួលបានមួយកម្រិតដល់ពួកគេ ហើយក្រុមការងារក៏ទទួលបាននូវការឆ្លើយតបវិជ្ជមានពីសិស្សានុសិស្សទាំងនោះផងដែរ ជាពិសេសទាក់ទងទៅភាពស្វាហាប់រួសរាន់របស់ពួកគេក្នុងការសិក្សា និងការបង្កើនពេលទំនេរបន្ថែមដល់លោកគ្រូអ្នកគ្រូ ដើម្បីជួយសម្របសម្រួលដល់ពួកគេ។ ទោះយ៉ាងណា សិស្សសាលាយើងពិបាកក្នុងការទាក់ទងផ្ទាល់ជាមួយមិត្តរួមថ្នាក់របស់ពួកគេ ដែលធ្វើឱ្យមានការប៉ះពាល់ទៅនឹងជំនាញទំនាក់ទំនងសង្គមរបស់ពួកគេ និងការអភិវឌ្ឍផ្សេងៗទៀត។ នេះជាផ្នែកមួយដែលយើងពិបាកក្នុងការជួយសិស្សរបស់យើង»។
ការបាត់បង់នូវទំនាក់ទំនងពីមិត្តរួមថ្នាក់របស់ពួកគេ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការលូតលាស់របស់កុមារ។
អត្ថបទមួយចេញផ្សាយអំពីផលប៉ះពាល់ដែលអាចកើតឡើងដោយសារការផ្តាច់ទំនាក់ទំនងសង្គមលើកុមារក្នុងអំឡុងពេលជំងឺកូវីដ១៩ បានត្រួតពិនិត្យលើការសិក្សាចំនួន ៦៣ ទៀតលើប្រធានបទនេះបានរកឃើញភស្តុតាងច្បាស់លាស់ដែលថា រយៈពេលយូរនៃការផ្តាច់ទំនាក់ទំនងសង្គមទៅលើកុមារ និងមនុស្សវ័យជំទង់ដោយសារកាលៈទេសៈបង្ខំ បានបណ្តាលឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ។ ជាមួយគ្នានេះផងដែរ អត្ថបទនេះក៏បានលើកឡើងពីទំនាក់ទំនងរវាងអារម្មណ៍ឯកោនិងបញ្ហាសុខភាពផ្លូវចិត្តក្នុងពេលអនាគតរហូតដល់រយៈពេល ៩ឆ្នាំក្រោយទៀត។
ការសិក្សាមួយបានត្រួតពិនិត្យទៅលើអត្ថបទដែលផ្ដោតពីបញ្ហាសុខភាពផ្លូវចិត្តដោយសារការផ្តាច់ទំនាក់ទំនងសង្គម និងការធ្វើចត្តាឡីស័កក្នុងអំឡុងពេលជំងឺរាតត្បាតមួយផ្សេងទៀតដែលកើតឡើងកាលពីមុន បានរកឃើញថា កុមារដែលធ្លាប់ឆ្លងកាត់ស្ថានភាពទាំងនេះទំនងជាត្រូវការសេវាសុខភាពផ្លូវចិត្ត ៥ដងច្រើនជាង ហើយអាចប្រឈមទៅនឹងកម្រិតតានតឹងផ្លូវចិត្ត (Stress) ក្រោយការប៉ះទង្គិចផ្លូវចិត្តខ្ពស់ជាងផងដែរ។
សាលារៀនខ្លះបានចេញនូវវិធានការដើម្បីជួយកាត់បន្ថយហានិភ័យដោយមានការបង្ខំឱ្យមានការកាត់ផ្តាច់ទំនាក់ទំនងសង្គមមួយរយៈរហូតដល់ស្ថានភាពប្រសើរឡើងវិញ។
នាយកសាលាខាងដើមដដែលបញ្ជាក់ថា៖ «អ្នកពិគ្រោះយោបល់ និងបុគ្គលិកផ្នែកគាំទ្ររបស់សាលាយើងមានគម្រោងរៀបចំការជជែកតាមវីដេអូជាក្រុមតូចៗ ដើម្បីត្រួតពិនិត្យនូវសុខភាពផ្លូវចិត្ត និងផ្តល់ប្រឹក្សាប្រសិនបើចាំបាច់។ ក្រុមការងារយើងមានភាពរីករាយណាស់ដែលកម្មវិធីសិក្សារបស់ពួកយើងមានភាពរឹងមាំ ហើយអាចផ្តល់ជូននូវការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតដោយមានការគាំទ្រប្រកបដោយប្រសិទ្ធភាពពីសំណាក់លោកគ្រូអ្នកគ្រូ។ ដើម្បីពង្រឹងនិងធានានូវការគាំទ្រផ្នែកផ្លូវចិត្ត និងស្មារតីរបស់សិស្សានុសិស្សរបស់យើងក្នុងគ្រាលំបាក ក្រុមបុគ្គលិករបស់សាលាយើងទាំងអស់នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព»៕