បណ្ដាញសង្គមបានក្លាយជាវេទិកាដ៏ធំបំផុតមួយសម្រាប់ការចែករំលែកព័ត៌មាននៅជុំវិញពិភពលោក។ តើកម្រិតចំណង់ប្រើប្រាស់បែបណាដែលគេសន្មតថាជ្រុលហួសហេតុពេក?
យើងគ្រប់គ្នាសុទ្ធតែស្គាល់ច្បាស់ណាស់ពីរំញ័រនៅក្នុងហោប៉ៅ ឬសំឡេងទូរស័ព្ទប្រាប់ថាមានគេផ្ញើសារមកហើយ។ ទូរស័ព្ទដែលជាផ្នែកសំខាន់មួយនៃការរស់នៅប្រចាំថ្ងៃរបស់យើង ជាការតភ្ជាប់ទៅនឹងទិដ្ឋភាពផ្សេងៗនៃពិភពលោក មិនថាវាជាការឆ្លើយតបអ៊ីមែល ការងារ ឬផ្ញើសារទៅកាន់នរណាម្នាក់ ឬបង្ហោះរូបថតឱ្យមិត្តភក្ដិមើលនោះទេ ទូរស័ព្ទគឺសុទ្ធតែឱ្យយើងអាចរក្សាទំនាក់ទំនងរវាងគ្នានឹងគ្នាបាន។
តើនៅពេលណាដែលការរក្សាទំនាក់ទំនងគ្នាតាមអ៊ីនធឺណិតក្លាយទៅជាបញ្ហា?
យោងទៅតាមអត្ថបទឆ្នាំ២០១៧ ដែលបានចុះផ្សាយក្នុងអត្ថបទអន្តរជាតិស្ដីពីបច្ចេកវិទ្យាក្នុងសង្គម បានប៉ាន់ប្រមាណថាមនុស្សជាង ២១០លាននាក់នៅទូទាំងពិភពលោកបានញៀននឹងការប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គម ដែលចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។
មូលហេតុនៃការញៀននេះ ត្រូវបានចាក់ឫសគល់នៅក្នុងខួរក្បាលរបស់មនុស្ស។ អ្នកស្រាវជ្រាវ ទ្រីវឺ ហាណេស (Trevor Haynes) មកពីសាកលវិទ្យាល័យហាវើដ (Harvard University) បានឱ្យដឹងថា ការទទួលបានសំឡេងសារ (Notification) តាមបណ្ដាញសង្គមគឺមានឥទ្ធិពលតាមផ្លូវសរសៃប្រសាទដូចគ្នាទៅនឹងពេលលេងល្បែង ឬពេលប្រើប្រាស់ថ្នាំញៀនដោយបង្កើននូវចំណង់ដល់ការប្រើប្រាស់ជាបន្តបន្ទាប់។
ខួរក្បាលរបស់យើងបញ្ចេញនូវសារធាតុគីមីម្យ៉ាងដែលគេហៅថាដុបប៉ាមីន (dopamine) នៅពេលមនុស្សយើងធ្វើសកម្មភាពដែលខ្លួនចូលចិត្ត ដូចជាការបរិភោគអាហារឆ្ងាញ់ ឬនៅពេលរួមភេទជាដើម។ សារធាតុនេះមិនដូចជា “សារធាតុគីមីដែលផ្តល់ភាពរីករាយ” ដែលត្រូវបានបង្កើតឡើងនេះទេដើម្បីជំរុញចំណង់របស់មនុស្សឱ្យប្រព្រឹត្តនូវសកម្មភាពដដែលៗសាជាថ្មី។ ដុបប៉ាមីន (dopamine) ធ្វើដំណើរតាមគន្លងប្រសាទផ្សេងៗដើម្បីរំញោចអារម្មណ៍វិជ្ជមាន និងពង្រឹងរាងកាយឱ្យមានបំណងធ្វើសកម្មភាពដដែល។
នេះជាដំណើរការកើតឡើងនៃការញៀន។
អំឡុងពេលដែលការបញ្ចេញសារធាតុដុបប៉ាមីន មិនមានកម្រិតដូចគ្នាទៅនឹងសកម្មភាពផ្សេងទៀតនោះ សំឡេងទទួលសារតាមបណ្ដាញសង្គមអាចផ្តល់នូវការជំរុញវិជ្ជមានជាបន្តបន្ទាប់ពីខួរក្បាល ដោយពង្រឹងរាងកាយឱ្យមានចំណង់ក្នុងការទទួលបាននូវសកម្មភាពដដែលនេះម្តងទៀត។ ការប្រើប្រាស់បណ្ដាញសង្គមទាំងអស់ដោយមានការធានាថាអ្នកនឹងទទួលបានសារជូនដំណឹងទាំងនោះពីមិត្តភក្ដិរបស់អ្នក នឹងធ្វើឱ្យអ្នកចង់ចូលកម្មវិធីប្រើប្រាស់នោះកាន់តែច្រើនឡើងៗ ហើយបន្តប្រើវាដើម្បីទទួលបានការចូលចិត្តបន្ថែមទៀត។
សារធាតុដុបប៉ាមីនទាំងនេះដែលយើងជួបប្រទះជារៀងរាល់ថ្ងៃមិនត្រឹមតែជះឥទ្ធិពលដល់ឥរិយាបថរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់រចនាសម្ព័ន្ធខួរក្បាលរបស់យើងថែមទៀតផង។
ចំណង់សម្រាប់សារធាតុដុបប៉ាមីនដែលទាក់ទងទៅនឹងការញៀនក្នុងការប្រើប្រាស់បណ្ដាញសង្គមនេះ បានបង្ហាញថាវាមានឥទ្ធិពលលើផ្នែកផ្សេងៗនៃខួរក្បាល។ យោងទៅតាមការសិក្សានៅឆ្នាំ២០១៧ ស្ដីពីភាពញៀននៃការប្រើប្រាស់បណ្ដាញសង្គមបានបង្ហាញថា ការធ្លាក់ចុះផ្នែកពណ៌ប្រផេះរបស់ខួរក្បាលផ្តល់ឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងឡើង ដែលស្រដៀងទៅនឹងស្ថានភាពនៅពេលដែលមនុស្សញៀនល្បែង និងញៀនគ្រឿងញៀន។ នេះអាចបណ្តាលឱ្យមានការកាត់បន្ថយនូវសមត្ថភាពក្នុងការគ្រប់គ្រងឥរិយាបថរបស់ខ្លួនពីការពិនិត្យមើលទូរស័ព្ទ ឬរង់ចាំនូវសំឡេងសារ។
ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃបណ្ដាញសង្គមលើមនុស្សមិនមែនមានតែលើរាងកាយប៉ុណ្ណោះនោះទេ។
អ្នកចិត្តសាស្ត្រ ម៉ាលីសា ជីហាន់ (Melissa G. Hunt) របស់សាកលវិទ្យាល័យផេនសាវេនា (Pennsylvania) បានបោះពុម្ពផ្សាយនូវការសិក្សាមួយនៅឆ្នាំ២០១៨ បានបង្ហាញពីការទំនាក់ទំនងរវាងការប្រើប្រាស់បណ្ដាញសង្គម និងអារម្មណ៍បាក់ទឹកចិត្ត និងភាពឯកោ។ ការសិក្សានេះបានតាមដាននិស្សិតពីរក្រុមក្នុងអំឡុងពេល ៣សប្តាហ៍ផ្សេងៗគ្នា ដោយកត់ត្រាពីការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ និងពេលវេលាដែលចំណាយលើបណ្ដាញសង្គម។
អ្នកចូលរួមទាំងនេះត្រូវបានគេស្នើសុំឱ្យបំពេញការស្ទង់មតិដែលវាយតម្លៃកម្រិតនៃសុខុមាលភាព ដូចជាការថប់បារម្ភ ការគោរពខ្លួនឯង ភាពបាក់ទឹកចិត្តនិងភាពឯកោ។ បន្ទាប់ពីត្រូវបានគេផ្តល់នូវកម្មវិធីបណ្ដាញសង្គម (Facebook Instagram ឬ Snapchat) និស្សិតទាំងនេះត្រូវបានស្នើសុំឱ្យកំណត់ពេលវេលាចំណាយលើបណ្ដាញសង្គមរៀងៗខ្លួនដោយបានរយៈពេលតែ ១០នាទីក្នុងមួយថ្ងៃក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវនេះ។
លទ្ធផលនៃការពិសោធន៍នេះបានបង្ហាញថា អ្នកដែលបានកម្រិតនូវការប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនបានបន្ថយកម្រិតនៃការបាក់ទឹកចិត្ត និងភាពឯកោក្នុងរយៈពេល ៣សប្តាហ៍នេះ បើប្រៀបធៀបទៅនឹងក្រុមដែលប្រើប្រាស់បណ្ដាញសង្គម។ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា៖ «ការកំណត់ការប្រើប្រាស់បណ្ដាញសង្គមប្រហែលជាត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ អាចនាំឱ្យសុខុមាលភាពរបស់មនុស្សមានភាពប្រសើរឡើង»។
សុខភាពផ្លូវចិត្តមិនមែនជាគ្រោះថ្នាក់តែមួយគត់បង្កឡើងដោយការប្រើប្រាស់បណ្ដាញសង្គមនៅជុំវិញពិភពលោកនោះទេ។
ក្នុងសុន្ទរកថាមួយនៅមហាវិទ្យាល័យផ្នែកពាណិជ្ជកម្មរបស់ ស្ទែនហ្វដ (Stanford) របស់អតីតអនុប្រធានលើការគ្រប់គ្រងកំណើនអ្នកប្រើប្រាស់ហ្វេសប៊ុក លោក ចាម៉ាត់ ផាលីហាភីធីយ៉ា (Chamath Palihapitiya) បានឱ្យដឹងថា៖ «ការឆ្លើយតបផ្លូវអារម្មណ៍ពីសារធាតុដុបប៉ាមីនក្នុងរយៈពេលខ្លីដោយសារបណ្ដាញសង្គមនេះ គឺកំពុងបំផ្លាញដំណើរការសង្គម ដែលនេះជាបញ្ហាសកលលោក»។
លោកបានបន្តទៀតថា៖ «វាកំពុងបំផ្លាញគ្រឹះនៃទង្វើ និងអាកប្បកិរិយារបស់មនុស្សរវាងគ្នានិងគ្នា ហើយខ្ញុំមិនមានដំណោះស្រាយល្អនោះទេ។ ដំណោះស្រាយរបស់ខ្ញុំនោះគឺខ្ញុំនឹងមិនប្រើនូវបណ្ដាញសង្គមទាំងនេះទៀតទេ ហើយខ្ញុំមិនបានប្រើវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
លោក ផាលីហាភីធីយ៉ា ក៏បាននិយាយអំពីការកើនឡើងនៃការបែងចែករវាងប្រជាជននៅជុំវិញពិភពលោកពីភាពមិនប្រក្រតីដោយសារការប្រើប្រាស់បណ្ដាញសង្គមនេះ។ ការបង្ហោះឬចែករំលែកមតិចម្រូងចម្រាសជាញឹកញាប់ដោយក្រុមមនុស្សជាច្រើនដោយពុំមានការត្រួតពិនិត្យអង្គហេតុបានត្រឹមត្រូវច្បាស់លាស់ បានបង្កើតសង្គមឌីជីថលមួយដែលបណ្តាលឱ្យអ្នកខ្លះចំណាយពេលរាប់សិបម៉ោងជជែកវែកញែក និងវាយប្រហារសម្ដីគ្នាតាមអ៊ីនធឺណិត។ ការប្រកាន់ឥរិយាបថដែលថាខ្លួនឯងត្រូវគ្រប់ពេលវេលា បានបដិសេធការវែកញែករកហេតុផលដែលធ្វើឱ្យមនុស្សរឹតតែមានចំណង់ក្នុងការឆ្លើយតបជាបន្តបន្ទាប់។
យោងតាមអត្ថបទដែលបានចុះផ្សាយស្ដីពីរបាយការណ៍ចិត្តសាស្ត្រនៅខែមេសា ឆ្នាំ២០១២ រៀបរៀងដោយ Cecilie Schou Andreassen បានបង្ហាញថា មានសូចនាករចំនួន ៥ ដែលធ្វើឱ្យអ្នកញៀនការប្រើប្រាស់បណ្ដាញសង្គម៖
- ការផ្លាស់ប្ដូរអារម្មណ៍ – បណ្ដាញសង្គមត្រូវបានប្រើដើម្បីគ្រប់គ្រងអារម្មណ៍ ឬធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អ
- ការពាក់ព័ន្ធ – គំនិតត្រូវបានផ្តុំទៅលើបណ្ដាញសង្គម សូម្បីតែនៅពេលមិនប្រើប្រាស់វាក៏ដោយ
- ភាពមិនអត់ធ្មត់ – ពេលវេលាដែលចំណាយលើបណ្ដាញសង្គមកាន់តែមានការកើនឡើងដែលតម្រូវចាំបាច់នូវចំណង់នៃការប្រើប្រាស់
- ទម្លាប់ខ្លួន – ការគេងនិងការបរិភោគអាហារត្រូវបានរំខាន និងមានការលេចចេញនូវការថប់បារម្ភ និងការបាក់ទឹកចិត្តនៅពេលដែលខ្លួនមិនអាចប្រើប្រាស់បណ្ដាញសង្គមបាន
- តម្រូវការក្នុងជីវិត – ទំនាក់ទំនងជាមួយមនុស្សផ្សេងៗ (គ្រួសារ និងមិត្តភក្ដិ) រងផលប៉ះពាល់ និងការកាត់ផ្ដាច់ដោយសារការឈប់ប្រើប្រាស់បណ្ដាញសង្គម
ប្រសិនបើអ្នក ឬមានបុគ្គលណាម្នាក់ដែលអ្នកស្គាល់កំពុងបង្ហាញនូវរោគសញ្ញាទាំងនេះ អ្នកអាចស្វែងរកជំនួយពីអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) នៅកម្ពុជា ដើម្បីទទួលការគាំទ្រផ្នែកសេវាកម្មសុខភាពផ្លូវចិត្ត៕