ការប្រើប្រាស់ជីវិតបែបគ្មានកាកសំណល់នេះ គឺជាវិធីតែមួយគត់ដែលយើងគួរអនុវត្ត ដើម្បីជួយសង្គ្រោះភពផែនដីរបស់យើង។
មនុស្សជាង ៧ពាន់លាននាក់បាននិយាយថា៖ «គ្រាន់តែថង់ប្លាស្ទិកមួយហ្នឹង»។
យោងតាមការសិក្សាពីមជ្ឈមណ្ឌលជីវចម្រុះដែលជាអង្គការមិនរកប្រាក់ចំណេញផ្ដោតទៅលើការការពារសត្វដែលជិតផុតពូជនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ថង់ប្លាស្ទិកត្រូវគេប្រើរយៈពេលជាមធ្យមត្រឹមតែ ១២នាទីតែប៉ុណ្ណោះ ខណៈដែលថង់ប្លាស្ទិកអាចស្ថិតនៅក្នុងកន្លែងចាក់សំរាមរយៈពេល ៥០០ឆ្នាំ ឬច្រើនជាងនេះរហូតដល់វាអាចរលាយបំបែកបាន។
ក្នុងឆ្នាំ២០១៣ រាជធានីភ្នំពេញតែមួយប៉ុណ្ណោះបានផលិតកាកសំណល់រឹងប្រហែលជាង ១ពាន់តោន (១.២៨៦) ក្នុងមួយថ្ងៃ។ គេប៉ាន់ស្មានថា ចំនួននេះនឹងកើនឡើងទ្វេដងរហូតទៅដល់ជាង ៣ពាន់តោន (៣.១១២) ក្នុងមួយថ្ងៃត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការសិក្សាកាលពីឆ្នាំ២០១៥ ដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអង្គការការអប់រំនៅកម្ពុជា និងគ្រប់គ្រងកាកសំណល់ (COMPED)។
តើអ្វីទៅជាការរស់នៅដោយគ្មានកាកសំណល់?
មជ្ឈមណ្ឌល EcoTechnology ដែលជាអង្គការមិនរកប្រាក់ចំណេញមួយកំពុងធ្វើការផ្ដោតទៅលើការលើកកម្ពស់នូវការសន្សំថាមពល និងការកាត់បន្ថយកាកសំណល់ បានឱ្យដឹងថា ការរស់នៅដោយគ្មានកាកសំណល់គឺជារបៀបរស់នៅមួយដោយមានការចូលរួមចំណែកវិជ្ជមានដល់បរិស្ថាន ដោយរួមមានការពារក្នុងការទាញយកធនធានធម្មជាតិ ការកាត់បន្ថយបរិមាណសំណល់ដឹកទៅកាន់កន្លែងចាក់សំរាម ឬឡដុតសំរាម ព្រមទាំងការកាត់បន្ថយការបំពុលតាមទម្រង់ផ្សេងៗពីការផលិត ការដឹកជញ្ជូន ឬការបោះចោលនូវវត្ថុ ឬសារធាតុផ្សេងៗ។
គោលបំណងនៃការរស់នៅបែបនេះ គឺដើម្បីលុបបំបាត់ចោលទាំងស្រុងនូវកាកសំណល់សំរាមមានដូចជាប្លាស្ទិក ក្រដាស ឬប្លាស្ទិករុំខ្ចប់ និងសម្ភារផ្សេងទៀតដែលអាចប៉ះពាល់ដល់បរិស្ថាន។
ចលនានៃការរស់ដោយគ្មានកាកសំណល់ ត្រូវបានជំរុញឡើងដោយអ្នកស្រី បៀ ចនសុន (Bea Johnson) រស់នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នៅពេលដែលគាត់សម្រេចចិត្តអនុវត្តការរស់នៅបែបនេះនៅក្នុងគ្រួសាររបស់គាត់ដែលមានសមាជិកបួននាក់។ ក្នុងឆ្នាំ២០០៩ អ្នកស្រីបានចាប់ផ្តើមចែករំលែកដំណើរជីវិតថ្មីរបស់គាត់តាមរយៈការសរសេរបង្ហោះលើអ៊ីនធឺណិត (blog) ដ៏ពេញនិយមមួយហៅថា Zero Waste Home។
ហេតុអ្វីបានជាចាំបាច់ត្រូវរស់នៅដោយគ្មានកាកសំណល់?
យោងតាមសម្ព័ន្ធបរិស្ថានទីក្រុងតូរ៉ុនតូ (Toronto) ដែលជាអង្គការបរិស្ថានមិនរកប្រាក់ចំណេញរបស់ប្រទេសកាណាដា បានឱ្យដឹងថា អត្ថប្រយោជន៍នៃការរស់នៅដោយមិនប៉ះពាល់ដល់បរិស្ថាននោះរួមមាន៖
- កាត់បន្ថយផលប៉ះពាល់ទៅលើអាកាសធាតុ៖ ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការផលិត និងការប្រើប្រាស់ទំនិញរួមមានផលិតផលអាហារ និងវេចខ្ចប់ផ្សេងៗ។ ការរស់នៅដោយគ្មានកាកសំណល់អាចប្រព្រឹត្តទៅដោយអនុវត្តនូវគោលការណ៍ការកាត់បន្ថយ (reduce) ការប្រើប្រាស់ឡើងវិញ (reuse) និងការកែច្នៃ (recycle) ដែលអាចជួយសន្សំសំចៃថាមពល និងកាត់បន្ថយការកម្រិតនៃឧស្ម័នពុលដែលមានសារធាតុកាបូនទៅក្នុងបរិយាកាស។
- ការសន្សំសំចៃធនធាន និងការកាត់បន្ថយការបំពុល៖ វិធីសាស្ត្រនៃការរស់នៅដោយគ្មានកាកសំណល់ គឺផ្ដោតសំខាន់ទៅលើការអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយការបំពុលចេញពីការទាញយកសារធាតុដើមក៏ដូចជាការផលិត និងការបោះចោលផងដែរ។ លើសពីនេះ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃអាចកាត់បន្ថយកាកសំណល់ពីកន្លែងចាក់សំរាម និងផ្តល់ឱ្យអ្នកផលិតនូវសារធាតុដែលអាចកែច្នៃបានជំនួសឱ្យការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទំនិញថ្មី។
- ការលើកកម្ពស់សហគមន៍ល្អ៖ អ្នកមិនត្រឹមតែអាចជួយសង្គ្រោះដល់បរិស្ថានប៉ុណ្ណោះទេ ការរស់នៅដោយគ្មានកាកសំណល់ក៏អាចជួយសហគមន៍របស់អ្នកក្នុងការប្រើប្រាស់ឡើងវិញនូវរបស់របរដែលមានប្រយោជន៍ និងធ្វើការចែករំលែកទៅកាន់អ្នកដែលត្រូវការ ដូចជាអាហារនៅសល់ គ្រឿងសង្ហារិម សម្លៀកបំពាក់ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ការរស់នៅបែបនេះក៏អាចការពារសុខុមាលភាពរបស់សហគមន៍ផងដែរ ដោយមានការកាត់បន្ថយការបំពុលបរិស្ថានជាមួយសារជាតិពុល និងកាកសំណល់ផ្សេងៗបង្កចេញពីកន្លែងចាក់សំរាម។
- ការគាំទ្រផលិតផលក្នុងស្រុក និងការបង្កើនឱកាសការងារ៖ ការកាត់បន្ថយ និងការប្រើប្រាស់ឡើងវិញអាចបង្កើតការងារបន្ថែមទៀតក្នុងអាជីវកម្មទាក់ទងនឹងការជួល និងការលក់ទិញ ដូចជាហាងជជុះ ហាងជួលឧបករណ៍ កន្លែងអេតចាយ ហាងជួសជុល និងហាងកាត់ដេរជាដើម។ ថវិកាទាំងនេះនឹងត្រូវបានបង្វិលនៅក្នុងស្រុក និងនៅក្នុងសហគមន៍ជំនួសការចំណាយលើផលិតផលនាំចូលពីបរទេសដែលផ្តល់ប្រាក់កម្រៃឱ្យទៅក្រៅសហគមន៍។
តើគេអាចអនុវត្តការរស់នៅដោយគ្មានកាកសំណល់ដោយរបៀបណា?
អ្នកជំនាញខាងផ្នែកបរិស្ថានបានចែករំលែកនូវវិធីសាស្ត្រងាយៗហៅថា ៥R៖
- ការបដិសេធ (Refuse)៖ ក្លាយខ្លួនជាអ្នកប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ដោយបដិសេធទិញទំនិញដែលមានការវេចខ្ចប់ប្លាស្ទិកច្រើន។ ប្លាស្ទិកអាចផ្តល់ភាពងាយស្រួលសម្រាប់អ្នកក្នុងរយៈពេលខ្លី ប៉ុន្តែវានឹងជះឥទ្ធិពលអាក្រក់ដល់បរិស្ថានក្នុងរយៈពេលវែង។
- ការកាត់បន្ថយ (Reduce)៖ ព្យាយាមទិញរបស់របរដែលអ្នកត្រូវការ មិនមែនអ្វីដែលអ្នកចង់បាននោះទេ។ នេះមិនត្រឹមតែជួយអ្នកចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននោះទេ វាថែមទាំងជួយអ្នកសន្សំសំចៃហិរញ្ញវត្ថុផ្ទាល់ខ្លួនថែមទៀតផង។ ទិញកាន់តែតិច សំរាមកាន់តែតិច។
- ការប្រើឡើងវិញ (Reuse)៖ ចូលរួមចំណែកក្នុងការទិញទំនិញដែលបានប្រើប្រាស់រួច ឬរបស់ជជុះ និងប្រើប្រាស់ផលិតផលដែលអាចយកមកប្រើប្រាស់ឡើងវិញបាន ដូចជាដបដាក់ទឹកធ្វើពីដែក និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលអ្នកអាចប្រើបានយូរអង្វែងជាដើម ដើម្បីកាត់បន្ថយកាកសំណល់នៅក្នុងគេហដ្ឋាន និងសម្រាប់បរិស្ថាន។ លើសពីនេះទៀត អ្នកគួរតែមានថង់បរិស្ថាន និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនដែលអាចប្រើប្រាស់បានច្រើនដងរាល់ពេលដែលអ្នកទិញអីវ៉ាន់ ឬម្ហូបអាហារ ដោយជៀសវាងការប្រើប្រាស់ថង់ប្លាស្ទិកពីអ្នកលក់ច្រើនលើសលប់។
- ការបំបែក (Rot)៖ ដើម្បីបង្កើតជាជីកំប៉ុសពីកាកសំណល់ម្ហូបអាហារ ចាំបាច់ត្រូវការថាមពល និងពេលវេលាយូរ។ ប៉ុន្តែអ្នកអាចចាត់ទុកថានេះជាផ្នែកមួយនៃការកម្សាន្តជាប្រចាំរបស់អ្នក ព្រោះវាអាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមគ្រួសាររបស់អ្នកផ្ទាល់ និងមិនបានផ្តល់ផលប៉ះពាល់ដល់បរិស្ថាន ហើយអ្នកថែមទាំងអាចបង្កើតសួនច្បារដ៏ស្រស់ស្អាតមួយនៅផ្ទះផងដែរ។
- ការកែច្នៃ (Recycle)៖ ការកែច្នៃរបស់របរប្រើប្រាស់ឡើងវិញអាចចំណាយថាមពល និងធនធានមួយចំនួន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែវាប្រសើរជាងការបញ្ជូនសំរាមទៅកន្លែងចាក់សំរាម ហើយទុកវាចោលយ៉ាងហោចណាស់ក៏ត្រូវការរយៈពេល ៥០០ឆ្នាំដើម្បីរំលាយកាកសំណល់ទាំងនោះ។ អ្នកអាចចូលរួមថែរក្សាបរិស្ថានបានដោយគ្រាន់តែជួយគ្រប់គ្រងកាកសំណល់ក្នុងផ្ទះអ្នកដោយបែងចែកទៅតាមប្រភេទរបស់វា និងជួយគាំទ្រផលិតផលដែលត្រូវបានយកមកកែច្នៃ និងប្រើប្រាស់ឡើងវិញ៕