អ្នកមានធនធានមួយចំនួនសុខចិត្តចាប់យករបៀបរស់នៅតាមបែបធម្មតាដូចមនុស្សសាមញ្ញទូទៅ ព្រោះសម្រាប់ពួកគេការរស់នៅរបៀបនេះធ្វើឱ្យជីវិតមានន័យ និងរីករាយ។
ទស្សនៈនៃការរស់នៅដោយសាមញ្ញ (Minimalism) ដែលមិនផ្តល់តម្លៃទៅលើធនធានខាងក្រៅដើម្បីទទួលបានសេចក្តីសុខពិតប្រាកដ មានដើមកំណើតជាយូរលង់ណាស់មកហើយ ព្រោះអត្ថន័យនិងគោលគំនិតរបស់វា ត្រូវបានគេឃើញនៅក្នុងការអប់រំ និងទស្សនវិជ្ជារបស់ទស្សនវិទូ និងបុគ្គលល្បីៗដែលមកពីគ្រប់តំបន់នៅក្នុងពិភពលោក។
ទស្សនវិទូដែលបានផ្តល់នូវគោលគំនិតអំពីការរស់នៅបែបសាមញ្ញមានដូចជា បិតានៃទស្សនវិទូដ៏ល្បីរបស់ប្រទេសក្រិក លោក សូក្រាត មេដឹកនាំអហិង្សាឥណ្ឌា លោក មហាត្មៈ គន្ធី និងទស្សនវិទូក្នុងវិស័យសាសនាល្បីៗ ដូចជាសាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងលទ្ធិខុងជឺ ជាដើម។
ចលនានៃការរស់នៅបែបសាមញ្ញនេះបានលេចរូបរាង និងទទួលបានប្រជាប្រិយភាពតាមរយៈសិល្បៈតន្ត្រី និងសិល្បៈក្នុងការរៀបចំនៅក្នុងអំឡុងទសវត្សរ៍ ៥០ និង ៦០ នៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសម័យបច្ចុប្បន្ននេះ គេឃើញមានអ្នកនិពន្ធល្បីល្បាញពីររូបរបស់អាមេរិកដែលជាអ្នកលើកកម្ពស់ការរស់នៅតាមបែបសាមញ្ញនាសម័យទំនើប គឺលោក ចសស័រ ហ្វីល មីបឺន (Joshua Fields Millburn) និងលោក រ៉ាយអ៊ិន នីកូឌីមូស (Ryan Nicodemus)។
សម្រាប់លោកទាំងពីរ បើទោះជាអាចរស់នៅថ្កុំថ្កើងបានក៏ដោយ តែសុខចិត្តជ្រើសរើសយកការរស់នៅបែបសាមញ្ញ ឬ Minimalist ដោយសារយល់ថាការរស់នៅរបៀបនេះ គឺជាវិធីសាស្ត្រក្នុងការលុបបំបាត់ចោលនូវបែបផែននៃជីវិតដែលផ្ដោតសំខាន់ទៅលើតែសម្ភារខាងក្រៅ និងទ្រព្យសម្បត្តិមានតម្លៃ។ ការរស់នៅបែបសាមញ្ញនេះ ក៏ជាការលើកទឹកចិត្តឱ្យមនុស្សផ្តល់ភាពសំខាន់ទៅលើសេចក្តីសុខ ការបំពេញន័យជីវិត និងសេរីភាពក្នុងការរស់នៅ។
បុគ្គលទាំងពីរនេះបានទទួលភាពជោគជ័យក្នុងការផ្សព្វផ្សាយពីជីវិតរស់នៅតាមបែបសាមញ្ញទៅដល់មនុស្សប្រមាណ ២០លាននាក់ តាមរយៈការនិពន្ធសៀវភៅ ការផ្សព្វផ្សាយតាមវេបសាយ និងឯកសារផ្សេងៗជាច្រើនទៀត។
ទាក់ទងនឹងការរស់នៅតាមបែបសាមញ្ញនេះ កន្លងទៅនិងក្នុងពេលបច្ចុប្បន្ន គេឃើញមានបុគ្គលល្បីៗ និងមហាសេដ្ឋីមួយចំនួននៅក្នុងពិភពលោកដែលមានប្រាក់វាល់លានដុល្លារនៅក្នុងដៃ តែពួកគេបានជ្រើសរើសជីវិតរស់នៅតាមបែបសាមញ្ញ និងបានបរិច្ចាគធនធានរបស់ខ្លួនទៅកាន់កម្មវិធីសប្បុរសធម៌ជាច្រើន។ ក្នុងនោះមានដូចជា លោក ស្ទីវ ចប (Steve Job) លោក ម៉ាក ហ្សុកឃឺបឺក (Mark Zuckerberg) លោក វ៉ារ៉ែន បាហ្វិត្ត (Warren Buffett) លោក ប៊ីល ហ្គេត (Bill Gate) ជាដើម។
លោក ចសស័រ ហ្វីល មីបឺន (Joshua Fields Millburn) និងលោក រ៉ាយអ៊ិន នីកូឌីមូស (Ryan Nicodemus) បានបង្ហាញនូវមូលហេតុ និងវិធីសាស្ត្រសំខាន់ៗមួយចំនួនដែលមនុស្សគួរតែដឹង ដើម្បីផ្លាស់ប្ដូរខ្លួនឯងសម្រាប់ការរស់នៅក្នុងលក្ខណៈសាមញ្ញ ប៉ុន្តែធ្វើឱ្យជីវិតពោរពេញទៅដោយភាពរីករាយបាន៖
- លុបបំបាត់ចោលនូវការមិនពេញចិត្ត
ការរស់នៅតាមបែបសាមញ្ញអាចជួយឱ្យអ្នកកាត់បន្ថយនូវអារម្មណ៍មិនសប្បាយចិត្ត និងភាពតានតឹងក្នុងអារម្មណ៍ ពីព្រោះការរស់នៅតាមវិធីនេះមិនតម្រូវឱ្យអ្នកចង់មានចង់បាន ឬមិនចូលចិត្តភាពលោភលន់ពេកនោះទេ។ ផ្ទុយទៅវិញ វាអាចជួយឱ្យអ្នកពេញចិត្តនូវអ្វីដែលខ្លួនកំពុងមាន និងធ្វើការព្យាយាមដោយចិត្តអត់ធ្មត់ដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។ - មានពេលវេលាសម្រាប់ខ្លួនឯង
ការផ្តល់ពេលវេលាសម្រាប់ខ្លួនឯងជាចំណុចសំខាន់មួយដែលអាចជួយឱ្យអ្នករស់នៅតាមបែបសាមញ្ញ និងរីករាយ។ ការផ្ដោតសំខាន់ទៅលើការងារខ្លាំង ការរកស៊ី និងវិធីផ្សេងៗក្នុងការស្វែងរកទ្រព្យធនច្រើនពេក វាអាចធ្វើឱ្យអ្នកបាត់បង់ពេលវេលាសម្រាប់ជីវិតខ្លួនឯង ហើយភ្លេចយកចិត្តទុកដាក់ទៅលើខ្លួនឯង និងអ្នកនៅជុំវិញខ្លួន។ - ជួយការពារបរិស្ថាន
ការរស់នៅតាមបែបសាមញ្ញអាចរួមចំណែកជួយការពារបរិស្ថាន ព្រោះថានៅពេលមនុស្សប្រកាន់យកការរស់នៅរបៀបនេះ ពួកគេនឹងមិនចំណាយប្រាក់ច្រើនដើម្បីទៅទិញផលិតផល ឬអាចនឹងមិនប្រើប្រាស់សម្ភារថ្លៃៗដែលធ្វើពីស្បែកសត្វ និងរបស់ប្រើប្រាស់ផ្សេងៗដែលបានទាញយកផលពីធនធានធម្មជាតិមកកែច្នៃធ្វើជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។ ចំពោះអ្នកមានទ្រព្យធនដែលចំណាយប្រាក់កាសច្រើនទៅលើផលិតផលទាំងនេះ ពួកគេហាក់ចូលរួមចំណែកក្នុងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ឬបំផ្លិចបំផ្លាញធនធានធម្មជាតិផងដែរ។ - ផ្ដោតសំខាន់ក្នុងពេលបច្ចុប្បន្ន
មនុស្សភាគច្រើនតែងតែសញ្ជឹងគិតលើអ្វីដែលនៅមិនទាន់កើតមានឡើងនៅឡើយ ហើយក៏មិនព្រមបំភ្លេចចោលនូវបញ្ហាដែលបានកើតឡើងរួចមកហើយដែរ។ ទម្លាប់ក្នុងការរស់នៅបែបនេះ នឹងធ្វើឱ្យជីវិតអ្នករសាត់អណ្ដែតនៅក្នុងអតីតកាល និងហោះហើរក្នុងក្តីស្រមៃក្នុងពេលអនាគត ដោយមិនបានគិតគូរពីអ្វីដែលកំពុងកើតឡើងចំពោះមុខ។ ទៀតសោត វាកាន់តែធ្វើឱ្យជីវិតរបស់អ្នកមានភាពស្មុគស្មាញ និងមួហ្មងច្រើន។ ការរស់នៅដែលផ្ដោតសំខាន់ទៅលើជីវិត និងបញ្ហាក្នុងពេលបច្ចុប្បន្ន ជាធាតុផ្សំមួយដែលអាចធ្វើបានក្នុងការរស់នៅតាមបែបសាមញ្ញ និងរស់នៅប្រកបដោយភាពរីករាយ។ - តាមរកសមត្ថភាពផ្ទាល់របស់អ្នក
ចំណុចវិជ្ជមានក្នុងការរស់នៅតាមបែបសាមញ្ញ គឺវាអាចជួយឱ្យអ្នកឈ្វេងយល់ពីសមត្ថភាព និងទេពកោសល្យរបស់អ្នកដោយចំណាយពេលទៅលើភាពខ្លាំង និងខ្សោយរបស់ខ្លួន។ ការរស់នៅបែបនេះ វាបានបង្រៀនឱ្យអ្នកចេះតស៊ូ និងឱ្យតម្លៃទៅលើភាពជាខ្លួនឯងដោយមិនឱ្យតម្លៃខ្លាំងពេកទៅលើភាពទាក់ទាញពីសង្គមខាងក្រៅ ដែលអាចធ្វើឱ្យអ្នកបាត់បង់អត្តសញ្ញាណ និងសមត្ថភាពពិតប្រាកដរបស់ខ្លួន។ - យកចិត្តទុកដាក់ទៅលើសុខភាពរបស់អ្នក
ការរស់នៅបែបសាមញ្ញអាចឱ្យអ្នកយល់ដឹងច្រើនពីអ្វីដែលអ្នកគួរធ្វើ ដើម្បីផ្តល់ប្រយោជន៍ដល់ខ្លួនឯងជំនួសការចំណាយប្រាក់ច្រើន និងចំណាយពេលទៅលើកិច្ចការដែលឥតប្រយោជន៍ ដូចជាការទិញទំនិញ ការទទួលទានអាហារខាងក្រៅច្រើនដែលអាចប៉ះពាល់ដល់សុខភាព។ ផ្ទុយទៅវិញ ការរស់នៅបែបធម្មតាៗបែបនេះអាចផ្តល់សារប្រយោជន៍ទៅលើសុខភាពផ្លូវកាយ និងចិត្ត ដូចជាការធ្វើលំហាត់ប្រាណ ការសមាធិ ការអានសៀវភៅ ការចម្អិនម្ហូបសម្រាប់ខ្លួនឯង និងគ្រួសារជាដើម។ - ចេះចែករំលែកធនធានទៅកាន់អ្នកដទៃ
ការចេះចែករំលែករបស់ដែលខ្លួនមានទៅកាន់អ្នកដទៃជាសេចក្តីសុខរបស់អ្នកដែលរស់នៅតាមបែបសាមញ្ញ ព្រោះអ្នកយល់ថាអ្វីដែលនៅជុំវិញខ្លួនអ្នកគ្រាន់តែជារបស់ក្រៅខ្លួនដែលអ្នកអាចរកបាននៅពេលក្រោយទៀត។ ការចែករំលែកទៅកាន់អ្នកដទៃមិនត្រឹមតែអាចជួយអ្នកដទៃប៉ុណ្ណោះទេ តែវាក៏អាចផ្តល់នូវសេចក្តីសុខផ្លូវចិត្ត និងភាពរីករាយក្នុងការមើលឃើញអ្នកជុំវិញខ្លួនមានការរីកចម្រើន និងមានសេចក្តីសុខដូចគ្នា។ - បោះបង់ទម្លាប់ក្នុងការចំណាយប្រាក់ខ្ជះខ្ជាយ និងសម្ភារនិយម
ភាពលេចធ្លោសំខាន់របស់ការរស់នៅតាមបែបសាមញ្ញ គឺការមិនឱ្យបូជាជីវិត និងឱ្យតម្លៃទៅលើយសសក្តិ សម្ភារនិយម និងភាពហ៊ឺហាខាងក្រៅដែលមនុស្សភាគច្រើននៅក្នុងសង្គមតែងតែព្យាយាមសម្រេចឱ្យបានក្នុងជីវិតរស់នៅរបស់ខ្លួន។ អ្នកដែលរស់នៅក្នុងលក្ខណៈបែបនេះ តែងតែគិតថាការចំណាយប្រាក់ និងការទិញទំនិញតាមដែលចិត្តចង់ និងការអួតអាងមុខមាត់ក្នុងសង្គម គឺជាសេចក្តីសុខពិត ប៉ុន្តែតាមពិតទៅវាគ្រាន់តែជាសេចក្តីសុខសម្រាប់តែរយៈពេលខ្លីប៉ុណ្ណោះ។ អត្ថន័យពិតនៃជីវិតដែលរីករាយ គឺការបំពេញន័យជីវិតដែលខ្លួនចង់ធ្វើ និងសេរីភាពផ្នែកផ្លូវចិត្តដែលមិនមានការរឹតត្បិតពីសង្គម និងសម្ភារមានតម្លៃក្រៅខ្លួន៕