ទីក្រុងភ្នំពេញដែលធ្លាប់ត្រូវបានគេដាក់ឈ្មោះថាគជ់នៅអាស៊ី បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងវប្បធម៌ចម្រុះ ហើយចំណុចសម្គាល់ដ៏ល្បីរបស់ទីក្រុងនេះ គឺចំណុចប្រសព្វនៃទន្លេទាំងបួន (ទន្លេចតុមុខ) នៅចំចំណុចកណ្តាលបេះដូងនៃប្រទេសកម្ពុជា។
អត្ថបទដោយ CRISTYN LLOYD
ទីក្រុងភ្នំពេញមានភោជនីយដ្ឋាន និងរង្គសាលដ៏ប្រណិតៗនៅតាមដងវិថីនានាដែលមាននៅក្នុងអគារស្ថាបត្យកម្មសម័យអាណានិគម និងរចនាបថបែបព្រះពុទ្ធសាសនាមួយចំនួនមានតាំងពីព្រះបរមរាជវាំងរហូតទៅដល់អគារវឌ្ឍនៈ ដែលមានរូបរាងយ៉ាងប្រណិតបែបទំនើប។
Focus នឹងចែករំលែកព័ត៌មានអំពីភោជនីយដ្ឋានល្បីៗនៅក្នុងក្រុងភ្នំពេញដែលអ្នកអាចទទួលទានអាហារបែបផ្សេងៗគ្នាជាមួយមិត្តភក្ដិ និងគ្រួសារនាពេលចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។
ភោជនីយដ្ឋានក្រវាញ
ភោជនីយដ្ឋានក្រវាញដែលបើកដំណើរការដំបូងក្នុងឆ្នាំ២០០៩ គឺជាភោជនីយដ្ឋានដំបូងមួយដែលផ្ដល់នូវអាហារបែបខ្មែរដ៏ប្រណិតនៅក្នុងប្រទេស ហើយមានការពេញនិយមពីសំណាក់ប្រជាជនតាំងពីពេលនោះមក។ ភោជនីយដ្ឋាននេះមានទីតាំងនៅប៉ែកខាងជើងក្បែរឧទ្យានវត្តបទុមវតី បើកដំណើរការសម្រាប់អាហារថ្ងៃត្រង់ និងសម្រាប់ភាពស្និទ្ធស្នាលក្រោមពន្លឺភ្លើងទៀននាពេលរសៀល។ នៅភោជនីយដ្ឋានក្រវាញ អាម៉ុកត្រីគឺជាអាហារប្រចាំហាងដែលផ្តល់រសជាតិដ៏ឈ្ងុយឆ្ងាញ់ និងមានការពេញនិយមពីប្រជាពលរដ្ឋខ្មែរ និងជនបរទេស ហើយជាពិសេសនោះគឺសម្លការី បង្កងទន្លេមេគង្គ និងត្រីបំពង។
ភោជនីយដ្ឋាន Katanashi
ភោជនីយដ្ឋានមួយនេះផ្តល់ជូនម្ហូបអាហារបែបជប៉ុន ដែលលាយផ្សំជាមួយនឹងរសជាតិបែបអាស៊ីបូព៌ា ព្រមទាំងប៉ែកអាមេរិកខាងត្បូងនិងអឺរ៉ុប។ លោក Yuta Yamauchi ដែលជាម្ចាស់ភោជនីយដ្ឋានមួយនេះផ្តល់ជូននូវរសជាតិ និងគ្រឿងផ្សំដូចជា wasabi និង nachos បែបជប៉ុន ព្រមទាំងភីហ្សាដែលមានពងត្រីនៅលើ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តទទួលទានអាហារបែបបរទេស។ ភោជនីយដ្ឋានទ្រង់ទ្រាយតូចមួយនេះមានទីតាំងស្ថិតនៅលើផ្លូវតូចមួយ គឺផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេងកង១ ដែលផ្តល់ទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍។ នៅទីតាំងនោះក៏មានភោជនីយដ្ឋាន និងរង្គសាលដ៏ប្រណិតៗជាច្រើនទៀតផងដែរ ហើយក៏សម្បូរទៅដោយជនជាតិបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកចង់ទទួលបានបរិយាកាសបែបវប្បធម៌ចម្រុះ នេះជាទីតាំងដ៏ល្អបំផុតសម្រាប់អ្នក។
ភោជនីយដ្ឋានម្លិះ
មេចុងភៅនៅភោជនីយដ្ឋានដ៏ល្បីមួយនេះ គឺលោក លូ ម៉េង ដែលជាចុងភៅឈានមុខគេលើម្ហូបខ្មែរ និងជាអ្នកទីមួយនៅក្នុងប្រទេសដែលមានគោលបំណងធំក្នុងការពង្រឹងរសជាតិម្ហូបខ្មែរដ៏សំបូរបែប ដែលត្រូវបានប្រទេសជាច្រើនមើលរំលង។ ភោជនីយដ្ឋានម្លិះបានបើកដំណើរការចាប់តាំងពី ១៥ឆ្នាំមុនមកម្ល៉េះ ហើយនៅពេលបច្ចុប្បន្ននេះក៏បោះទីតាំងមួយទៀតនៅខេត្តសៀមរាប បន្ទាប់ពីលោក ម៉េង បានធ្វើដំណើរជុំវិញប្រទេសដើម្បីស្វែងរករូបមន្តធ្វើម្ហូបក្នុងស្រុកល្អៗ ហើយលោកក៏បានសម្របរសជាតិម្ហូបខ្លះទៅនឹងរសជាតិសម័យកាលថ្មីនេះផងដែរ។ ដោយប្រើប្រាស់តែផលិតផល និងគ្រឿងផ្សំស្រស់ល្អៗតាមរដូវកាលនីមួយៗ ភោជនីយដ្ឋានម្លិះក៏បានពង្រឹងសក្ដានុពលរសជាតិម្ហូបរបស់ខ្លួនដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ភោជនីយដ្ឋាន Casablanca
ភោជនីយដ្ឋាន Casablanca ជាភោជនីយដ្ឋានដែលផ្តល់នូវរសជាតិដ៏វិសេសវិសាលរបស់ម្ហូបប្រទេសម៉ារ៉ុក ដែលស្ថិតនៅប៉ែកខាងជើងនៃទ្វីបអាហ្វ្រិក។ ភោជនីយដ្ឋាននេះត្រូវបានបើកឡើងនៅឆ្នាំ២០១៦ ដោយមេចុងភៅកូនកាត់បារាំង និងម៉ារ៉ុក លោក Amine Mdidech ដែលផ្តល់បរិយាកាសដ៏កក់ក្តៅដល់អតិថិជនពេលទទួលទានអាហារ។ ជាមួយគ្នានេះដែរ ភោជនីយដ្ឋានក៏ផ្តល់នូវបរិយាកាសរ៉ូមែនទិកដែលមានពន្លឺស្រអាប់តិចៗ។ លោក Mdidech ទទួលបានគំនិតពីជីដូនរបស់គាត់ពីរូបមន្តធ្វើម្ហូប Tagine និង Couscous Aplenty និងពេលរស់នៅក្នុងវ័យកុមារនៅទីក្រុង Fez នៃប្រទេសម៉ារ៉ុក ព្រមទាំងទទួលបានបទពិសោធន៍ និងឥទ្ធិពលធ្វើម្ហូបមកពីប្រទេសបារាំងផងដែរ។
ភោជនីយដ្ឋានគីនីន (Kinin)
ភោជនីយដ្ឋានគីនីនជាភោជនីយដ្ឋានដៃគូរបស់ភោជនីយដ្ឋាននេសាទជាកន្លែងផ្តល់គ្រឿងសមុទ្រស្រស់ៗមកពីទីក្រុងកែប។ ភោជនីយដ្ឋាននេះក៏ផ្តល់ជូននូវមុខម្ហូបពេញនិយមជាច្រើនប្រភេទទៅដល់អ្នករស់នៅតំបន់ទួលទំពូង ហើយក៏ផ្ដល់ជូននូវជម្រើសអាហារបួសដែលមានគុណភាពល្អ។ អតិថិជនក៏អាចសាកល្បងតៅហ៊ូឆាជូរអែម ឬប៊ឺហ្គឺបួសដោយមានរសជាតិឈ្ងុយឆ្ងាញ់ ហើយជាពិសេសនោះអ្នកអាចទទួលបានបទពិសោធន៍ដ៏ស្រស់ស្រាយនៃការបញ្ចប់ការទទួលទានអាហារជាមួយទឹកខ្នុរជាមួយស្រាវុដការ (Vodka) ដែលអាចដាស់រសជាតិរបស់អ្នកឱ្យបានកាន់តែប្រសើរ។
ភោជនីយដ្ឋាន Fu Lu Zu
ភោជនីយដ្ឋានអាហារចិនមួយនេះមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារសូហ្វីតែល (Sofitel Hotel) ក្នុងរាជធានីភ្នំពេញ។ មេចុងភៅ Yang Gujian មានបទពិសោធន៍ចម្អិនអាហារនៅសណ្ឋាគារលំដាប់ខ្ពស់នៅប្រទេសចិន មុនពេលមកធ្វើជាមេចុងភៅនៅភោជនីយដ្ឋានមួយនេះ ហើយលោកក៏បានបង្កើតមុខម្ហូបដែលមានរសជាតិហឹរដែលបំផុសគំនិតចេញមកពីខេត្ត Sichuan ដែលជាស្រុកកំណើតរបស់គាត់ផ្ទាល់។ មិនតែប៉ុណ្ណោះ អតិថិជនអាចទទួលទាន Dim sum ប្រភេទផ្សេងៗគ្នាបានដោយសេរីដែលមានលក្ខណៈពិសេសប្លែកដូចជានំប៉ាវសាច់ជ្រូក គាវបង្គាចំហុយ និងទាខ្វៃដែលជាជម្រើសដ៏ល្អសម្រាប់ទាំងការជួបជុំនាចុងសប្តាហ៍ និងអាហារថ្ងៃត្រង់បែបធុរកិច្ច។ អ្វីដែលពិសេសទៀតនោះ ម៉ឺនុយ à la carte ក៏ផ្តល់ជូននូវជម្រើសអាហារបែបគុយទាវ ឬមីស៊ុប មុខម្ហូបស៊ីឈួនផ្សេងទៀតដូចជាឆាតៅហ៊ូបែបចិន។
ភោជនីយដ្ឋាន La Croisette
ភោជនីយដ្ឋាន La Croisette មានទីតាំងនៅក្បែរមាត់ទន្លេនៅទីក្រុងភ្នំពេញ ហើយបើកដំណើរការចាប់តាំងពីឆ្នាំ១៩៩៧ ដែលផ្តល់នូវអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ ភោជនីយដ្ឋានក៏មានផ្តល់នូវកាហ្វេ ការ៉េម និងស្រា cocktails ដែលមានរសជាតិពិសេសប្លែកៗដែលអតិថិជនអាចទទួលទានបានជាមួយស្តេកសាច់គោ សាច់ជ្រូក ឬសាច់មាន់បំពងម្សៅ (schnitzel) និងម្ហូបបែបខ្មែរមួយចំនួនទៀត។ ជាពិសេសនោះ អតិថិជនក៏អាចទស្សនាជីវិតអ្នករស់នៅលើទូក និងការធ្វើដំណើររបស់កាណូតបានថែមទៀតផង។
ភោជនីយដ្ឋាន Ministry of Cat
ខណៈដែលភោជនីយដ្ឋានអាហារបួសដែលថ្មីៗនេះទទួលបានភាពនិយមយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន Ministry of Cat បន្ថែមពីនេះទៀតផ្តល់នូវបទពិសោធន៍នៃការទទួលអាហារពីរពេលបញ្ចូលគ្នា គឺពេលព្រឹកនិងពេលថ្ងៃត្រង់ (brunch)។ អតិថិជនអាចរីករាយជាមួយជម្រើសអាហារដែលមានគុណភាពដូចជានំបុ័ងចៀនដាក់ផ្លែប៊ឺរ ហើយក៏មានវត្តមានស្ងប់ស្ងាត់នៃសត្វឆ្មាដែលគេបានជួយសង្គ្រោះយកមកចិញ្ចឹម។ បើសិនជាអ្នកចង់សុំសត្វឆ្មាទាំងនេះយកទៅចិញ្ចឹម ភោជនីយដ្ឋាន Ministry of Cat ក៏អាចជួយអ្នកបានផងដែរ៕
កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅក្នុងទស្សនាវដ្ដី Discover ឆ្នាំ២០២០-២០២១ និងត្រូវបានធ្វើបច្ចុប្បន្នភាព។
This post is also available in:
EN