អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ទីផ្សារសេវាកម្មដឹកជញ្ជូនម្ហូបអាហារនៅប្រទេសកម្ពុជា កំពុងស្ថិតក្នុងការលូតលាស់គួរឲ្យកត់សម្គាល់ និងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងពេលដែលអ្នកខ្លះកំពុងជួបបញ្ហាហិរញ្ញវត្ថុដោយសារវិបត្តិកូវីដ១៩។
លោក វីន អាយុ ២៨ឆ្នាំ ជាអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន Nham24 (ញ៉ាំ២៤) បានឱ្យដឹងថា លោកចូលបម្រើការជាអ្នកដឹកជញ្ជូនម្ហូបអាហារបានជាងមួយខែហើយ។ លោកថាលោកសម្រេចចិត្តចូលធ្វើការងារនេះ ព្រោះសព្វថ្ងៃវាមានការលំបាកក្នុងការរកការងារធ្វើ។ ម្យ៉ាងទៀតកម្រៃដែលរកបានពីការងារក្នុងវិស័យនេះអាចឱ្យលោកផ្គត់ផ្គង់ខ្លួនឯងបាន។
លោកប្រាប់ថា៖ «ការងារឥឡូវនេះពិបាករកណាស់ ព្រោះតែវិបត្តិកូវីដ១៩នេះ។ ដូចនេះ ខ្ញុំសម្រេចចិត្តក៏ដាក់ការងារជាអ្នកដឹកជញ្ជូននេះ ដោយសារតែវាជាការងារសេរី (Freelance) យើងចង់ឈប់ថ្ងៃណាធ្វើថ្ងៃណាក៏បាន»។
លោក វីន បានប្រាប់ឲ្យដឹងបន្ថែមថា Nham24 មានបុគ្គលិកផ្នែកដឹកជញ្ជូនជិត ៥០០នាក់ បើធៀបនឹងពេលដែលលោកចូលធ្វើការងារដំបូងដែលមានប្រហែល ៤០០នាក់។ លោកថាក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលបន្ថែមជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ។
លោកថា៖ «ជាទូទៅក្នុងមួយថ្ងៃជាមធ្យមខ្ញុំដឹកជញ្ជូនតិចបំផុតពី ២០០ ទៅ ៣០០ជើង។ មិនសូវដែលមានក្រោម ២០០ (ជើង) នោះទេ»។
ដោយសារការធ្វើចត្តាឡីស័ក និងអនុវត្តការរក្សាគម្លាតសង្គមដើម្បីចូលរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជាមូលហេតុធ្វើឱ្យមនុស្សងាកមកប្រើប្រាស់សេវាកម្មនេះច្រើនជាងមុន។
លោក ឡេង អក្ខណា (Leng Akhena) អាយុ ២៥ឆ្នាំ ជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានប្រាប់ថា គាត់ចាប់ផ្តើមប្រើប្រាស់កម្មវិធីកុម្ម៉ង់ម្ហូបនៅក្នុងខែសីហា ឆ្នាំ២០១៩។ ក៏ប៉ុន្តែគាត់ប្រើមិនសូវញឹកញាប់ដូចពេលបច្ចុប្បន្ននោះទេ។
លោកប្រាប់បន្ថែមថា៖ «ខ្ញុំប្រើប្រាស់កម្មវិធីកុម្ម៉ង់ម្ហូបញឹកញាប់ជាងមុននៅពេលមានកូវីដ១៩នេះ ព្រោះម៉ាក់ប៉ាមិនអនុញ្ញាតឱ្យចេញទៅក្រៅក្នុងពេលមានជំងឺកូវីដ១៩នេះ។ ថ្ងៃខ្លះខ្ញុំកុម្ម៉ង់លើសពីម្តងក៏មាន»។
ចំណែកពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញមួយរូបទៀត គឺកញ្ញា រុំ ម៉ូលីកា (Rom Molyka) បាននិយាយថាកញ្ញាប្រើប្រាស់សេវាកម្មនេះតាំងពីទើបតែមានដំបូងៗមកម្ល៉េះ ហើយប្រើប្រាស់កាន់តែញឹកញាប់ថែមទៀតនៅក្នុងពេលបច្ចុប្បន្ន ដោយសារតែកញ្ញាធ្វើការងារពីផ្ទះដើម្បីជៀសវាងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
កញ្ញាបានប្រាប់ថា៖ «ការងាររបស់ខ្ញុំអាចធ្វើពីផ្ទះបាន ហើយរវល់ មិនមានពេលទៅទិញអីវ៉ាន់មកចម្អិនខ្លួនឯងទេ។ ដូចនេះ សេវាកម្មដឹកជញ្ជូនម្ហូបនេះមានភាពងាយស្រួល ពីព្រោះយើងគ្រាន់តែកុម្ម៉ង់នៅមួយកន្លែង ហើយមានអ្នកយកម្ហូបមកឱ្យដល់ទីតាំងផ្ទាល់។ បើនិយាយពីតួលេខក្នុងការកុម្ម៉ង់ជាដងក្នុងមួយថ្ងៃវិញ គឺលើសពីម្តងជារឿយៗ»។
លោក ង៉ែត ជូ (Ngeth Chou) អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចមានប្រសាសន៍ថា ទីផ្សារសេវាកម្មដឹកជញ្ជូនម្ហូបអាហារអាចនឹងបង្កើតការងារឱ្យប្រជាជនកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគតបាន។
លោកថា បើធៀបនឹងការលក់នៅក្នុងហាង វិស័យដឹកជញ្ជូនម្ហូបអាហារនេះអាចផ្តល់ការងារដល់ប្រជាជនបានច្រើនជាង ព្រោះនៅក្នុងហាងគេត្រូវការបុគ្គលិកលក់មួយនាក់ទៅពីរនាក់នោះទេ បើហាងនោះតូច។
លោក ង៉ែត ជូ យល់ឃើញថាគ្រប់សេវាកម្មដឹកជញ្ជូន មិនថាតែផ្នែកម្ហូបអាហារនោះទេ គឺអាចនឹងមានការរីកចម្រើនខ្លាំងជាបន្តបន្ទាប់ ដោយសារកត្តារួមចំណែកផ្សេងៗមិនមែនដោយសារតែជំងឺកូវីដ១៩ម្យ៉ាងនោះទេ។
លោកកត់សម្គាល់ថា៖ «យើងឃើញមានសញ្ញាវិជ្ជមានក្នុងវិស័យនេះដោយសារមូលហេតុផ្សេងៗ ក្នុងនោះរួមមាន ជំងឺកូវីដ១៩នេះស្រាប់ ការដែលប្រជាជនខ្មែរមានការយល់ដឹងពីការផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញទូលំទូលាយជាងមុន (Online Payment) និងការកើនឡើងនៃក្រុមហ៊ុនផ្តល់សេវាកម្មនេះ (Service Provider) ផ្ទាល់»។
អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចរូបនេះកត់សម្គាល់បន្តទៀតថា៖ «មនុស្សដែលមិនទាន់ប្រើប្រាស់សេវាកម្មនេះ អាចនឹងចាប់ផ្តើមធ្វើការស្វែងយល់ពីវាច្រើនជាងនេះ ប្រសិនបើរដ្ឋាភិបាលចូលរួមចំណែកក្នុងការបង្រៀនក៏ដូចជាផ្តល់ចំណេះដឹងទៅលើការទូទាត់ប្រាក់តាមអនឡាញនេះឲ្យបានទូលំទូលាយជាងនេះបន្ថែមទៀត»។
បច្ចុប្បន្ននេះ ប្រជាជនអាចធ្វើការកុម្ម៉ង់ម្ហូប និងភេសជ្ជៈពីហាងផ្សេងៗបានដោយគ្រាន់តែទាញយកកម្មវិធី (Application) ណាមួយរបស់ក្រុមហ៊ុននោះនៅក្នុងទូរស័ព្ទ។
លោក ង៉ែត ជូ ឱ្យដឹងថា ដើម្បីគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមអនឡាញនេះ រដ្ឋាភិបាលបានបង្កើតច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលច្បាប់នេះត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើកាលពីចុងឆ្នាំ២០១៩។ មាត្រា១ នៃច្បាប់នេះចែងថា ច្បាប់នេះមានគោលបំណងគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា និងជាមួយអន្តរជាតិ បង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តិក្នុងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក។
លោក ង៉ែត ជូ មើលឃើញថា វិស័យដឹកជញ្ជូនម្ហូបអាហារតាមរយៈការកុម្ម៉ង់អនឡាញ និងវិស័យផ្សេងៗទៀត អាចមានការរីកចម្រើនកាន់តែខ្លាំងនៅពេលប្រជាជនមានទំនុកចិត្តកាន់តែខ្លាំងទៅលើវិស័យទាំងនេះ។ លោកថា ដើម្បីបង្កើនទំនុកចិត្តពលរដ្ឋ លុះណាតែការអនុវត្តច្បាប់មានភាពប្រាកដប្រជា និងប្រសិទ្ធភាព៕