តើកូវីដ១៩បានជះឥទ្ធិពលអ្វីខ្លះដល់វិស័យបាល់ទាត់នៅកម្ពុជា?
សំឡេងហ៊ោកញ្ជ្រៀវកងរំពង និងការចាប់ដៃគ្នារវាងកីឡាករបាល់ទាត់គឺជាសំឡេង និងទស្សនីយភាពដែលធ្លាប់ឃើញពីមុនមកនៅពេលចាប់ផ្តើមការប្រកួតបាល់ទាត់។ សំឡេង និងទស្សនីយភាពនេះ បានអវត្តមានពីការប្រកួតបាល់ទាត់នាពេលចុងក្រោយនេះ ព្រោះអ្នកគាំទ្រក៏ដូចជាទស្សនិកជនមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីលានប្រកួតទេ ព្រោះតែបញ្ហាវិបត្តិកូវីដ១៩។
នៅខណៈនេះ ការប្រកួតបែបនេះគឺជាជម្រើសល្អបំផុតសម្រាប់កាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩ និងបន្តដង្ហើមរបស់កីឡាមួយនេះ។ ក៏ប៉ុន្តែទស្សនិកជននៅតែអាចទស្សនាការប្រកួតបានតាមរយៈការផ្សាយផ្ទាល់តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបណ្តាទូរទស្សន៍ជាតិនានាដដែល។
លោក ខ៉ណរ ណ៉េសស្តូរ (Conor Nestor) គ្រូបង្វឹកបង្គោលរបស់ក្លឹបបាល់ទាត់ព្រះខ័ណរាជស្វាយរៀង បានបង្ហាញថា៖ «ការទាត់បាល់ដោយគ្មានអ្នកគាំទ្រ គឺជារឿងមួយដែលប្លែក ហើយវាមិនមែនជាអ្វីដែលយើងចង់ឱ្យកើតឡើងនោះទេ»។ លោកបានបន្ថែមថា៖ «ក៏ប៉ុន្តែពួកយើងគោរពការសម្រេចចិត្តនេះ និងយល់អំពីស្ថានភាព»។ សម្រាប់លោក ណ៉េសស្តូរ នេះគឺជាភាពធម្មតាបែបថ្មីធំជាងគេនៅក្នុងវិស័យបាល់ទាត់ ដែលខ្លួនលោក និងក្រុមត្រូវតែសម្របខ្លួនតាម។ លោកប្រៀបធៀបវាទៅនឹងការដែលខ្លួនត្រូវសម្របតាមល្បិចថ្មីៗរបស់គូប្រជែង។
ប្រធានក្រុមរបស់ក្រុមព្រះខ័ណរាជស្វាយរៀង លោក សឿយ វិសាល បានឱ្យដឹងថា៖ «ការប្រកួតដែលមានអ្នកគាំទ្របង្កើនទំនុកចិត្តរបស់ខ្ញុំបានមួយកម្រិតធំ។ ឥឡូវនេះ អ្នកគាំទ្រមិនអាចចូលរួមបាន តែយើងដឹងថាពួកគាត់តែងតែផ្ញើកម្លាំងចិត្តពីផ្ទះមក។ វាមានភាពខុសគ្នាពិតមែន ប៉ុន្តែការគាំទ្រនៅដដែល»។
សម្រាប់ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម វិញ កាលហ្វឹកហាត់ជាប់ៗគ្នាសម្រាប់ការប្រកួតនីមួយៗដែលជាលទ្ធផលនៃការពន្យារពេលដ៏យូរ គឺជាអ្វីដែលលោកព្រួយបារម្ភជាងគេ ព្រោះវាមានភាពកៀកៗគ្នាពេក។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា៖ «វាពិតជាមានការពិបាកណាស់ក្នុងការហ្វឹកហាត់សម្រាប់ការប្រកួតជាប់ៗគ្នាបែបនេះ»។
សកម្មភាពកីឡាបាល់ទាត់ទាំងស្រុងត្រូវបានផ្អាកនៅក្នុងខែមីនា រួមមានការប្រកួត Metfone លីគកម្ពុជា ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់ Asian Football Confederation (AFC) ដែលក្នុងនោះការប្រកួតមួយចំនួនត្រូវអនុញ្ញាតឱ្យបន្តឡើងវិញនៅក្នុងខែកក្កដា។
សម្រាប់ការប្រកួតក្នុងតំបន់ពានរង្វាន់ AFC ដែលនឹងប្រព្រឹត្តធ្វើឡើងនៅក្រៅប្រទេសក្នុងខែសីហា ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជាកំពុងរង់ចាំការបញ្ជាក់ពីការសម្រេចចិត្ត។
ខណៈដែលពួកគេត្រូវបានរងគ្រោះដោយសារជំងឺរាតត្បាត ក្រុមបាល់ទាត់ក្នុងស្រុកមួយនេះមិនបានប៉ះពាល់ហិរញ្ញវត្ថុរបស់ក្លឹបនេះនោះទេ។
លោក ណ៉េសស្តូរ បាននិយាយថា៖ «ពួកយើងមានសំណាងល្អណាស់ដែលជំងឺនេះមិនបានប៉ះពាល់ប្រាក់បៀវត្សរបស់យើង។ ក៏ប៉ុន្តែវាប៉ះពាល់ប្រាក់ឧបត្ថម្ភ ឬរង្វាន់របស់យើង ព្រោះពេលដែលមិនបានប្រកួត យើងមិនបានឈ្នះ។ នៅពេលមិនបានឈ្នះ យើងមិនបានប្រាក់ឧបត្ថម្ភនោះទេ»។
នៅដើមខែកក្កដា ការប្រកួតដោយគ្មានអ្នកទស្សនាបានចាប់ផ្តើម។ សម្រាប់ក្លឹបព្រះខ័ណរាជ លោក ណ៉េសស្តូរ បានផ្អាកការហ្វឹកហាត់ទាំងស្រុងនៅពេលមានវត្តមានជំងឺកូវីដ១៩ពីដំបូងម្ល៉េះ ដើម្បីធានាសុវត្ថិភាពរបស់សមាជិកនៅក្នុងក្រុម។ លោកបានប្រាប់ថា៖ «ពួកយើងមិនបានហ្វឹកហាត់នោះទេតាំងពីដំបូង ព្រោះយើងខិតខំសិក្សាពីស្ថានភាពនៅពេលនោះ។ យើងឱ្យកីឡាករយើងនៅផ្ទះ»។
ដូចគ្នានឹងអាជីពមួយចំនួនដែរ ការទាក់ទងគ្នាតាមកម្មវិធី Zoom គឺជាវិធីចម្បងមួយដើម្បីបន្តការងារ។ មុនពេលដែលរាជរដ្ឋាភិបាលបន្ធូរបន្ថយការរឹតបណ្តឹងលើសកម្មភាពកីឡា គ្រូបង្វឹករូបនេះ និងគ្រូបង្វឹកកាយសម្បទារបស់ក្លឹបព្រះខ័ណរាជ បន្តបង្រៀនកីឡាកររបស់ខ្លួនតាមផ្ទះដោយប្រើប្រាស់កម្មវិធីទំនាក់ទំនងខាងលើ។
ដោយហេតុថាកីឡាបាល់ទាត់គឺជាកីឡាមួយដែលចាំបាច់ត្រូវការការជួបគ្នាដោយផ្ទាល់ និងស្មារតីក្រុមច្រើន ការបង្រៀនអនឡាញមិនសូវជួយបានច្រើនប៉ុន្មាននោះទេ។ ប៉ុន្តែពួកគេបង្ខំចិត្តប្រើប្រាស់ឧបករណ៍នេះដើម្បីធ្វើយ៉ាងណាឱ្យកីឡាករបាល់ទាត់អាចថែរក្សាសុខភាព និងរាងកាយរបស់ខ្លួននៅពេលដែលមិនអាចធ្វើការប្រកួត។
គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះគិតថាខ្លួនមានសំណាងដែលបានបង្វឹកក្លឹបនេះ។ លោកនិយាយថា៖ «ពួកគេទាំងអស់គ្នាថែរក្សាសុខភាព និងរាងកាយរបស់ខ្លួនបានល្អ។ ខ្ញុំសប្បាយចិត្តដែលបានបង្វឹកកីឡាករដែលប្រកបដោយវិជ្ជាជីវៈបែបនេះ។ ដោយសារតែពួកគេស្រឡាញ់អាជីពរបស់ខ្លួន វាធ្វើឱ្យការងាររបស់ខ្ញុំមានភាពងាយស្រួលតាមនោះដែរ»។
សារ៉េត គ្រីយ៉ា ខ្សែការពាររបស់ក្លឹបនេះបានបង្ហាញចំណាប់អារម្មណ៍អំពីការហ្វឹកហាត់ដោយខ្លួនឯងថា៖ «វាមានភាពពិបាកច្រើនក្នុងការហ្វឹកហាត់តែម្នាក់ឯង ព្រោះកីឡាបាល់ទាត់គឺជាកីឡាមួយដែលលេងជាក្រុម»។
ពេលសុំឱ្យផ្ញើសារចុងក្រោយទៅកាន់អ្នកគាំទ្រ គ្រូបង្វឹករូបនេះបានឱ្យដឹងថា ក្លឹបរបស់ខ្លួនរង់ចាំថ្ងៃដែលពួកគេអាចប្រកួតដែលមានអ្នកទស្សនាច្រើនកុះករជាថ្មីម្តងទៀតនៅពេលសមស្របមួយនៅថ្ងៃអនាគត។ «យើងនឹកអ្នកគាំទ្ររបស់យើង ហើយយើងកំពុងរង់ចាំថ្ងៃដែលពួកគាត់អាចចូលមកទស្សនានៅក្នុងទីលានប្រកួតវិញ និងផ្តល់កម្លាំងចិត្តឱ្យយើងវិញ ព្រោះវាគឺការប្រកួតដែលយើងចង់ឃើញម្តងទៀត»៕