ឈ្វេងយល់ពីនិន្នាការនៃការជិះកង់នៅទីក្រុងភ្នំពេញ និងអត្ថប្រយោជន៍ពាក់ព័ន្ធលើសុខភាព។
នៅប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ការជិះកង់ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសាវតារអ្នកក្រីក្រពុំមានលទ្ធភាពទិញម៉ូតូឬឡាន ហើយជាធម្មតាកង់ត្រូវបានគេសំដៅទៅលើមធ្យោបាយធ្វើដំណើរដែលមានតម្លៃថោក។ ប៉ុន្តែទំនោរបែបនេះហាក់មានការផ្លាស់ប្ដូរនៅពេលដែលចំនួនមនុស្សជិះកង់មានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បុរស ស្ត្រី និងកុមារត្រូវបានគេមើលឃើញជិះកង់នៅតាមដងផ្លូវធំនានាក្នុងរាជធានីភ្នំពេញ ហើយជាពិសេសទៅទៀតនោះនៅម្តុំវិមានឯករាជ្យ និងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រក៏សម្បូរទៅដោយអ្នកជិះកង់ជាក្រុមៗផងដែរ។
ជាធម្មតា គេជិះកង់ជាក្រុមដែលមានគ្នាប្រហែលជា ៤ ទៅ ៥នាក់ ហើយពេលខ្លះគេឃើញមានរហូតទៅដល់ប្រហែល ១០នាក់ទៀតផង។ នៅថ្ងៃចុងសប្តាហ៍ អរិយក្សត្រដែលនៅមិនឆ្ងាយពីទីក្រុង ហើយអាចទៅបានតាមរយៈការឆ្លងសាឡាង ក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកជិះកង់ជាច្រើន ដោយសារតែសម្រស់និងខ្យល់បរិសុទ្ធនៅតំបន់នោះ។
ការជិះកង់មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដូចជាជួយពង្រឹងកម្លាំងជើង ជួយបង្កើនសុខភាពផ្លូវចិត្ត ជួយកាត់បន្ថយភាពតានតឹង ជួយបង្កើនប្រព័ន្ធភាពស៊ាំ ព្រមទាំងជួយបង្កើនការរំលាយអាហារ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយសម្រួលដល់ការរក្សាដងខ្លួនឱ្យត្រង់ និងលំនឹង។ ការជិះកង់មិនតម្រូវប្រើសាំងឬប្រេងឥន្ធនៈនោះទេ ដែលនេះអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងទីក្រុងក៏ដូចជាអាចកាត់បន្ថយសំឡេងរំខានផងដែរ។
ការកើនឡើងនៃការជិះកង់ បានធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងដល់អ្នករស់នៅទីក្រុងភ្នំពេញមួយចំនួន ថាតើមនុស្សចាប់ផ្តើមចូលចិត្តជិះកង់ច្រើន ឬជាក្រុមពីពេលណា។ ជាធម្មតា នៅទីក្រុងភ្នំពេញមាននិន្នាការជាច្រើនបានកើតឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះហើយគេចង់ដឹងថាតើការជិះកង់នេះគេអាចចូលចិត្តដល់ពេលណា។
អ្នករស់នៅភ្នំពេញម្នាក់គិតថា និន្នាការនេះកើតមានឡើងដោយសារបណ្ដាញផ្សព្វផ្សាយសង្គម។
លោក អ៊ុង បញ្ញាវឌ្ឍន៍ អាយុ ២៩ឆ្នាំ បាននិយាយថា៖ «ខ្ញុំជឿជាក់ថាមានមនុស្សជាច្រើនដែលបានចាប់ផ្តើមជិះកង់យូរមកហើយ។ ប៉ុន្តែពួកគេមិនបានបង្ហោះពីការជិះកង់នេះនៅលើបណ្ដាញផ្សព្វផ្សាយសង្គមនោះទេ ហើយខ្ញុំគិតថាមានតែអ្នកទើបតែចាប់ផ្តើមថ្មីទេដែលធ្វើអ៊ីចឹងនោះ។ ខ្ញុំគិតថាបណ្ដាញផ្សព្វផ្សាយសង្គមដើរតួសំខាន់នៅក្នុងទំនោរនៃការជិះកង់នេះ។ វាពិតជាល្អណាស់ប្រសិនបើគេបន្តចូលចិត្តជិះកង់រហូត ប៉ុន្តែខ្ញុំគិតថាវាមើលទៅមិនអ៊ីចឹងទេ»។
ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបិទច្រកចេញចូលប្រហែលជាអាចទាក់ទងទៅនឹងការកើនឡើងនៃការជិះកង់នៅរាជធានីភ្នំពេញក្នុងអំឡុងពេលនេះ។ ចំណែកនៅទ្វីបអឺរ៉ុបវិញ ពលរដ្ឋគេបានចាប់ផ្តើមប្រកាន់ខ្ជាប់ការជិះកង់ដើម្បីជំនួសមធ្យោបាយធ្វើដំណើរសាធារណៈដែលធម្មតាចង្អៀតណែនតាន់តាប់។
លោក ម៉េង ហាំង ជាពេទ្យធ្មេញមានអាយុ ២៧ឆ្នាំ បានចាប់ផ្តើមជិះកង់នេះនៅដើមខែកក្កដា ដោយជឿថាមនុស្សមួយចំនួនបានស្រឡាញ់ការជិះកង់នេះតាំងពីយូរណាស់មកហើយ។ ម៉េង ហាំង ចង់ផ្លាស់ប្ដូរជីវិតរបស់គាត់ឱ្យកាន់តែសកម្មជាងមុន និងគិតថាការចាប់ផ្តើមការជិះកង់នេះអាចជួយគាត់បាន។ គាត់ជឿជាក់ថាភាពធុញទ្រាន់ និងការយល់ដឹងអំពីបញ្ហាសុខភាពបានច្រើនជាងមុនរបស់ប្រជាពលរដ្ឋ អាចពន្យល់ពីការកើនឡើងនៃការជិះកង់អំឡុងពេលមានជំងឺរាតត្បាតនេះ។
លោក ហាំង បាននិយាយថា៖ «ខ្ញុំមិនគិតថាការជិះកង់នេះមិនមែនទើបតែល្បីនាពេលថ្មីៗនោះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថាវាបានចាប់ផ្តើមមានការពេញនិយមខ្លាំងក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ពីព្រោះប្រជាជនយើងចាប់ផ្តើមគិតគូរពីបញ្ហាសុខភាពរបស់ពួកគេច្រើនជាងមុន ហើយក៏មានពេលទំនេរជាងមុន ហើយមនុស្សយើងមិនមានអ្វីត្រូវធ្វើទេនៅក្នុងពេលមានជំងឺកូវីដ១៩។ ដូច្នេះហើយបានជាពួកគេព្យាយាមរកអ្វីធ្វើដើម្បីបន្សាបជាតិពុលចេញពីខ្លួនរបស់ពួកគេ»។
នៅពេលអ្នកជិះកង់ថ្មីត្រូវបានសួរថា ហេតុអ្វីបានជាចាប់ផ្តើមមានចំណង់ចំណូលចិត្តជិះកង់? ពួកគេភាគច្រើនបានលើកឡើងពីហេតុផលសុខភាព និងទំនាក់ទំនងសង្គម។ ម៉េង ហាំង បានបន្តទៀតថា មិនដូចម៉ូតូឬឡាននោះទេ ពេលជិះកង់អ្នកអាចជួបមិត្តភក្ដិ និងសួរសុខទុក្ខគ្នាបានច្រើនជាងមុន។ ម៉េង ហាំង បាននិយាយថា៖ «នោះគឺជាការផ្សារភ្ជាប់របស់សហគមន៍អ្នកជិះកង់»។
ថ្មីៗនេះគេសង្កេតឃើញថាមានតម្រូវការប្រើប្រាស់កង់កាន់តែច្រើនជាងមុន ដោយខ្លះត្រូវចំណាយរហូតដល់ ១.២០០ដុល្លារដើម្បីទិញកង់មួយគ្រឿង។ ដូច្នេះ កង់ប្រហែលជាលែងត្រូវបានគេយល់ឃើញថាជាមធ្យោបាយនៃការធ្វើដំណើរសម្រាប់អ្នកដែលពុំសូវមានលទ្ធភាព ប៉ុន្តែវាអាចក្លាយជាលក្ខណៈនៃភាពប្រណីតរបស់បុគ្គលនីមួយៗទៅវិញ។ វាហាក់បង្ហាញថា អ្នកដែលមានលទ្ធភាពទិញកង់ស្អាតៗ ឬកង់សម្រាប់ជិះលើភ្នំ មើលទៅទំនងជាអ្នកមានធនធានហើយ។ លោក ម៉េង ហាំង ក៏បាននិយាយទៀតដែរថា គាត់បានចំណាយប្រាក់ជាង ១.៥០០ដុល្លារពីប្រាក់ខែរបស់គាត់មួយផ្នែកលើការទិញ និងតុបតែងកង់របស់គាត់។
លោក ម៉េង ហាំង បានបន្ថែមទៀតថា៖ «សុខភាពសំខាន់ជាងទឹកប្រាក់ ដូច្នេះវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែខ្ញុំបារម្ភទៅលើសុវត្ថិភាពវិញ ពីព្រោះថាយើងមិនទាន់មានផ្លូវសម្រាប់តែកង់នៅឡើយ ដូច្នេះយើងត្រូវជិះចូលជាមួយផ្លូវរបស់ម៉ូតូ និងឡាន»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា លោកមានភាពរីករាយណាស់ដែលសាធារណជនចាប់ផ្តើមឱ្យតម្លៃ និងខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន។ លោកក៏បានពន្យល់ផងដែរថា នៅពេលដែលផ្លូវសម្រាប់អ្នកធ្វើដំណើរដោយកង់កំពុងត្រូវបានអាជ្ញាធរពិភាក្សាដើម្បីអភិវឌ្ឍ ចំណុចសំខាន់នោះគឺការផ្លាស់ប្ដូររបស់អ្នកធ្វើដំណើរនៅតាមដងផ្លូវជាមុនសិន។ លោកមានប្រសាសន៍ថា៖ «ចាំបាច់ត្រូវការបន្ថយការកកស្ទះចរាចរណ៍ជាមុនសិន ដើម្បីឱ្យមានផ្លូវសម្រាប់កង់បានត្រឹមត្រូវ ហើយនេះអាចធ្វើទៅបាននៅពេលដែលសាធារណជនយកចិត្តទុកដាក់ពីរបៀបនៃការបើកបររបស់ខ្លួន។ ផ្លូវសម្រាប់កង់យើងកំពុងធ្វើការពិភាក្សា ហើយយើងគ្រោងមានផ្លូវដាច់ដោយឡែកសម្រាប់ម៉ូតូ ឡាន និងសម្រាប់កង់ផងដែរ។ នេះយើងសង្ឃឹមថានឹងអាចជំរុញឱ្យមនុស្សចាប់ផ្តើមជិះកង់កាន់តែច្រើនឡើងៗ»៕